សកម្មជន​ដែល​ជាប់ឃុំ​ស្នើ​ចៅក្រម​ផ្ដល់​យុត្តិធម៌ ដោយថា​ខ្លួន​ជា​ជនរងគ្រោះ​នៃ​សង្គ្រាម​នយោបាយ

កញ្ញា សេង ធារី ឈរលើកជញ្ជីងច្បាប់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃសវនាការបទចោទ ​«ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សកម្មជនគណបក្សសង្គ្រោះជាតិ​ដែលកំពុងជាប់ពន្ធនាគារក្នុង​សំណុំ​រឿង «ញុះញង់ និង​រួមគំនិត​ក្បត់» បានទទូចទៅចៅក្រមឱ្យផ្ដល់​យុត្តិធម៌ដល់ខ្លួន ដោយថា ពួកគេ​ជាជនរងគ្រោះនៃសង្គ្រាម​នយោបាយរវាង​លោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការស្នើនេះ អំឡុង​ពេល​ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ​សាលាដំបូងរាជធានីភ្នំពេញ បាន​ឱ្យ​តំណាង​​អយ្យ​ការ និង​ក្រុម​មេធាវីការពារ រួមទាំងសកម្មជនបក្សសង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការរំលាយ ធ្វើសេចក្ដីសន្និដ្ឋាន និង​សំណូមពរចុងក្រោយ បន្ទាប់ពីសវនាការសួរដេញដោល​លើ​សំណុំរឿង​ «ញុះញង់ និងរួមគំនិតក្បត់» ត្រូវបានបិទបញ្ចប់។

ឈរនៅរង្វង់ក្រចកសេះក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ សកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការ​រំលាយ​​ លោក ទុំ ប៊ុន​ថត បាន​រៀប​រាប់​ថា កន្លង​មក ពួក​គាត់​លះ​បង់ ដើម្បីប្រទេស​ជាតិ​ មិនមែនរួមគ្នាក្បត់ជាតិឡើយ។ លោកបន្តថា ពួកគាត់បានជាប់ពន្ធនាគាររយៈពេល​ប្រមាណ២ឆ្នាំមក​ហើយ​ ដោយ​​បាន​​ព្រាត់​ប្រាសគ្រួសារ ព្រោះ​សង្គ្រាម​​នយោបាយ​រវាងលោក សម រង្ស៊ី ប្រធានគណបក្ស​ប្រឆាំង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ទុំ ប៊ុនថត ស្នើទៅ​ចៅក្រមផ្ដល់យុត្តិធម៌ ដោយទម្លាក់​ចោលបទចោទ​ប្រកាន់និង​ដោះលែង​ឱ្យ​ពួកគេ​មាន​សេរីភាព​​វិញ ដើម្បីឱ្យពួកគេ​​បាន​​ជួប​​​ជុំ​​គ្រួសារឡើងវិញ។

លោកថា៖ «ពួកខ្ញុំ​ជាប់​គុកដោយ​សារ​ជម្លោះ​រវាង​លោក សម រង្ស៊ី និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ខ្ញុំ​ស្នើឱ្យ​បញ្ចប់​សង្គ្រាម​នយោបាយ​នេះ​ទៅ បញ្ចប់​ទង្វើ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ឈឺចាប់​។ ហើយ​បើ​មិន​បញ្ចប់ការ​ធ្វើ​ឱ្យ​ពលរដ្ឋ​​ឈឺចាប់ទេ វាអាចនឹង​ធ្វើ​ឱ្យប្រជាពលរដ្ឋរើបម្រាសហើយ។ បង្កើតវប្បធម៌សន្ទនា ខ្ញុំនឹងបានទៅផ្ទះវិញ។ [ការសវនាការ] វេទិកានេះ គ្រាន់តែឆាកលោ្ខនមួយទេ»។

ចំណែក​សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ​ដែរ លោក ហេង ច័ន្ទ​សុធី បាន​លើកឡើង​ដែរ​ថា រូបលោក​មិន​ដែល​មាន​បំណង​ក្បត់​ប្រជាពលរដ្ឋ​ និង​ប្រទេសជាតិ​ឡើយ។

លោកស្នើ​ថា៖ «​ខ្ញុំសំណូមពរកាត់​ទោស​ឱ្យ​ទៅតាម​អ្វី​ដែល​លោកធ្វើសច្ចាប្រណិធានឡើងកាន់តំណែង»។

ដោយឡែក លោក កាក់ កុម្ភារ សកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរលាយ លើក​ឡើង​ថា តាំងពី​ដំណើរ​ការ​សវនាការ​ដំបូងរហូតដល់បញ្ចប់នាថ្ងៃនេះ គឺសំណុំរឿងនេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​​ឈ្មោះ រតនា មីនី ដែលបានចោទរូបលោក​ថាដឹកនាំកម្លាំងទៅទទួលលោក ​សម រង្ស៊ី ដែលមានគម្រោង​មកកម្ពុជា ​កាល​ពីថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ ខណៈលោក​មិនដែលស្គាល់ឈ្មោះនេះ​ឡើយ។ លោក​​បាន​ស្នើតុលាការ​​ឱ្យទម្លាក់ចោលបទ​ចោទប្រកាន់ទៅលើរូប​លោក​ ដោយថា ខ្លួន​មិនបាន​ប្រព្រឹត្ត​បទ​ល្មើស​ «ញុះញង់ និងរួមគំនិតក្បត់» នោះទេ។

លោកថា៖ «សួរថាតើ រតនា មីនី ជានរណា? […] ជាគេញ​របស់​គណបក្សប្រជាជនកម្ពុជា ហើយ​ទម្លាក់កំហុស​លើរូបខ្ញុំ។ ខ្ញុំអត់បានប្រព្រឹត្តបទល្មើសទេ។ ខ្ញុំស្នើឱ្យចៅក្រមវែកមុខអ្នកចោទប្រកាន់។ ដោយ​គ្មាន​ភស្តុតាងអ្វីសោះ ដាក់​គុកខ្ញុំលេងទាំង​អយុត្តិធម៌ណាស់»។

ខណៈអ្នកស្រី យស នាង សកម្មជនគណបក្សសង្គ្រោះជាតិ​ដែលតុលាការ​កំពូលរំលាយ ហើយ​​រូបគាត់​ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួននិង​​​បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក៏​បាន​ស្នើទៅចៅក្រម​អនុញ្ញាតឱ្យគាត់បាននៅក្រៅឃុំបណ្ដោះអាសន្ន ដោយ​ថា បច្ចុប្បន្នគាត់កំពុងមានជំងឺផងដែរ។

ទោះបីជាមានសំណូមពរបែបនេះ ប៉ុន្តែតំណាង​អយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ​បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យ​រក្សាប​ទ​ចោទ​ប្រកាន់​លើ​ថ្នាក់ដឹកនាំនិងសកម្មជនបក្សប្រឆាំង​ទាំង៦១រូប​ដដែល ដោយ​ថា អ្នកទាំងនេះ​បានចូលរួមចែកចាយ​សារ​លោក សម រង្ស៊ី លើបណ្ដាញសង្គមហ្វេសប៊ុក។

លោកចាត់ទុកការចែករំលែក​សារ​លោក សម រង្ស៊ី ធ្វើឡើងក្នុងគោលបំណងកៀរគរ​កម្លាំង​ឱ្យ​ចូល​​រួម​ផ្ដួល​រំលំ​រដ្ឋាភិបាល តាម​រយៈ​ការ​បំផុស​ឱ្យ​ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធប្រឆាំង​រដ្ឋាភិបាល។

ប៉ុន្តែក្រុម​មេធាវី​ការពារក្ដីឱ្យ​សកម្មជន​បក្សប្រឆាំង​ អះ​អាង​ថា ចាប់​តាំង​ពីថ្ងៃ​ដំណើរការ​សវនាការរហូ​ត​​មក​ដល់​ថ្ងៃ​បញ្ចប់សវនាការ​នេះ តំណាងអយ្យ​ការ​​​គ្មាន​ភស្តុតាង​ជា​ឯកសារ និងវីដេអូ​ផ្សេងៗមកដាក់បន្ទុក​លើ​កូន​ក្ដីរបស់​ពួកគាត់ ថាមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំបក្សប្រឆាំង​នៅខាងក្រៅប្រទេសឡើយ​​ ក្រៅតែ​ពី​យកសារ​និងបទស​ម្ភាស​របស់​លោក សម រង្ស៊ី រួមទាំងសម្ដីលោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​​បក្សប្រឆាំង ដែល​ធ្វើបទ​សម្ភាស​ មកចោទ​លើ​កូនក្ដីរបស់ខ្លួន។

ចំណែកកញ្ញា សេង ធារី អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្ត្រ​នយោបាយ ​ដែល​​ជា​ប់​ចោទ​ក្នុង​​សំណុំ​រឿង ​«ញុះញង់ និងរួមគំនិតក្បត់» នេះ​ដែរ​ បាន​​សម្រេច​ចិត្ត​​មិន​ចូល​ក្នុង​បន្ទប់​សវនាការ ដើម្បីធ្វើសំណូមពរឡើយ​ ប៉ុន្តែកញ្ញា​បាន​​ឱ្យ​មេធាវី​របស់​កញ្ញា គឺ​​​លោក ជូង ជូងី ចូលធ្វើសេចក្ដីសន្និដ្ឋាន។

យ៉ាងណាក៏ដោយ សំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងរួមគំនិតក្បត់» ដែលមានជនជាប់ចោទចំនួន៦១រូប​នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​ លោក រស់ ពិសិដ្ឋ បានលើកពេលប្រកាសសាលក្រម​ទៅថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ