លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយករណីឧកញ៉ា ៥រូប គប់គិតគ្នាដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចចាប់នារីម្នាក់ឃុំខ្លួន ហើយស៊ីសំណូកជាមួយមេធាវីលោក និងបំបិទមាត់អ្នកសារព័ត៌មានមិនឱ្យផ្សាយថែមទៀត ខណៈលោកចាត់ទុកថាជារឿងអយុត្តិធម៌។
ការទម្លាយនេះធ្វើឡើងក្នុងជំនួបសំណេះសំណាល ផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ សរុបជិត២ពាន់នាក់ (១ ៧៥៣) នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។
លោក ហ៊ុន សែន ថ្លែងថា លោកមានការភ្ញាក់ផ្អើលជាខ្លាំង ករណីឧកញ៉ាម្នាក់បានរំលោភបំពានលើរូបរាងកាយរបស់និស្សិតស្រីមួយរូប ហើយក្រោយមកនារីរូបនោះបែរជាត្រូវបានឃុំខ្លួនទៅវិញ។
លោកថា៖ «ខ្ញុំឱ្យមេធាវីរបស់ខ្ញុំសិក្សាមើល តើក្មេងស្រីកំពុងនៅឯណា! ក្មេងស្រីនេះនៅមន្ទីរឃុំឃាំង ដោយសារការប្ដឹងរបស់ឧកញ៉ា ដែលថាចាក់ចំពោះមនុស្សនេះ។ បន្ទាប់ទៅ កូនប្រសារបស់ឧកញ៉ាហ្នឹងទៅទិញ[សូកប៉ាន់]រហូតដល់មេធាវីរបស់ខ្ញុំទៅទៀត។ ប្រធានក្រុមមេធាវីរបស់ខ្ញុំរាយការណ៍ហើយ ដោយ [កូនប្រសារបស់ឧកញ៉ានោះ] លើកឡើងថា នាយករដ្ឋមន្ត្រីនៅខាងឧកញ៉ាហើយ»។
បើទោះបីជាលោកនាយករដ្ឋមន្ត្រីមិនបញ្ចេញឈ្មោះឧកញ៉ាទាំងនោះក៏ដោយ ប៉ុន្តែសារព័ត៌មានស្និទ្ធរដ្ឋាភិបាល ហ្វ្រេសញូវ (Fresh News) បានអះអាងថា រឿងរ៉ាវដែលលោក ហ៊ុន សែន រម្លឹកឡើងនោះជាករណីឧកញ៉ា ហេង សៀ ដែលរំលោភបំពានលើកញ្ញា មាន ពេជ្ររីតា ជាអតីតពិធីការិនីទូរទស្សន៍ MYTV និងជានិស្សិតម្នាក់ ដែលបានកើតឡើងកាលពីខែឧសភា ឆ្នាំ២០២១។
លោកនាយករដ្ឋមន្ត្រីបន្តថា បើករណីនេះជារឿងស្នេហា គ្មានការបំពាន លោកមិនលូកដៃទេ តែនេះលោកថាដោយសារជារឿងអយុត្តិធម៌ ខណៈឧកញ៉ាទាំងនោះបានប្រព្រឹត្តអំពើពុករលួយឬស៊ីសំណូកជាមួយមេធាវីលោក ដើម្បីប្រើកម្លាំងសមត្ថកិច្ចចាប់នារីឃុំឃាំង បំបិទមាត់អ្នកសារព័ត៌មានមិនឱ្យផ្សាយ ទើបលោកមិនអាចនៅស្ងៀមបាន។
លោក ហ៊ុន សែន បន្តថា៖ «ខាងផ្នែកជួញដូរមនុស្ស ជួញដូរផ្លូវភេទនេះ គេធ្វើការហើយ! ក៏ប៉ុន្តែរឿងនេះបង្ខំឱ្យនាយករដ្ឋមន្ត្រីត្រូវធ្វើអន្តរាគមន៍បន្ទាន់ គឺដោះលែងឱ្យនៅក្រៅឃុំ។ […] អាងអ្នកមានលុយទៅបំពាន ឧកញ៉ា៥រូបបានចូលរួមព្រឹត្តិការណ៍នេះ។ […] បណ្ដឹងរបស់ឧញ៉ា ប៉ូលិសចាប់ឃុំបណ្ដោយ! ផ្អើលដល់តុលាការទៀត បើសិនជាខ្ញុំធ្វើរឿងនេះឱ្យធំ»។
បើតាមលោក ហ៊ុន សែន ក្នុងទូរសព្ទរបស់កូនប្រសាឧកញ៉ា ហេង សៀ ដែលលោកសំដៅនោះ មានសុទ្ធតែរូបភាពកាត់តអាសអាភាសរវាងឧកញ៉ា និងនារីរងគ្រោះ។
លោកទទួលស្គាល់ថា ប្រសិនបើគ្មានការអន្តរាគមន៍ទាន់ពេលវេលាពីលោកនោះទេ នារីរូបនោះនឹងរងភាពអយុត្តិធម៌ ដោយត្រូវជាប់ពន្ធនាគារបន្តទៀត។
អគ្គស្នងការរងនគរបាលជាតិ លោក ឆៃ ស៊ីណារិទ្ធ ប្រាប់ VOD នៅថ្ងៃអង្គារនេះថា នៅពេលឃើញមានភស្តុតាង និងភាពមិនប្រក្រតីច្រើនលើសំណុំរឿងឧកញ៉ា ហេង សៀ ទើបលោកនាយករដ្ឋមន្ត្រីអន្តរាគមន៍រឿងនេះឡើងវិញ។
យ៉ាងណា លោក ស៊ីណារិទ្ធ បដិសេធបញ្ជាក់ពីឈ្មោះឧកញ៉ា ៤រូបផ្សេងទៀត និងជនពាក់ព័ន្ធ ក្រៅពីឧកញ៉ា ហេង សៀ ដោយលោកអះអាងថា ដើម្បីរក្សានូវសិទ្ធិរបស់ពួកគេ។
លោកបញ្ជាក់ថា ឧកញ៉ាទាំងនោះបានផ្ដល់ជាប្រាក់កាស ឬសគុណដល់មេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្ត្រី ក្នុងន័យបញ្ចុះបញ្ចូលកុំឱ្យមេធាវីទាំងនោះការពារនារីរងគ្រោះ។
លោក ឆៃ ស៊ីណារិទ្ធ ថា៖ «[សម្រាប់ឧកញ៉ាទាំង ៥ និងអ្នកពាក់ព័ន្ធ ប្រឈមនឹងផ្លូវច្បាប់ ឬទោសទណ្ឌយ៉ាងណាហើយ?] អត់ទេ! អត់មានត្រូវជាប់ទោសទណ្ឌអីទេ។ ជារួម វាអត់មានជាប់ទោសទណ្ឌអីទេ! គ្រាន់តែថា រឿងនៅពេលដែលយើងស្រាវជ្រាវ ធម្មតារឿងមួយៗ វាតែងតែជំពាក់នឹងអាភាពច្បាស់លាស់ហ្នឹង ហ្នឹងហើយ វាមិនច្បាស់លាស់ហ្នឹងទេ តែគ្មាននរណាឈានដល់ជាប់ទោសទណ្ឌអីទេ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា សំណុំរឿងឧកញ៉ា ៥រូបគប់គិតគ្នាចាប់នារីម្នាក់ឃុំខ្លួននេះ គឺកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ។
លោកតបយ៉ាងណាខ្លីថា៖ «សំណុំរឿងនេះកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនឆ្លើយតបនឹងសំណួររបស់ VOD នៅពេលសួរអំពីនីតិវិធីរបស់តុលាការលើឧកញ៉ាទាំង ៥រូប និងជនពាក់ព័ន្ធ។
យ៉ាងណា លោកតបយ៉ាងខ្លីថា៖ «ករណីនេះ ជនត្រូវចោទ [នារីរងគ្រោះ] ត្រូវបានចៅក្រមសម្រេចលើកលែងចោទប្រកាន់ហើយ»។
នាយិកាអង្គការក្លាហាន អ្នកនាង បុណ្យ រចនា បង្ហាញការព្រួយបារម្ភថា បើសិនថ្នាក់កំពូលលើកពីបញ្ហាអយុត្តិធម៌នេះហើយ ប៉ុន្តែសំណុំរឿងនៅតែអូសបន្លាយ ដោយអាជ្ញាធរមិនអនុវត្តឱ្យមានប្រសិទ្ធភាពទេនោះ ស្ត្រីទន់ខ្សោយផ្សេងទៀតក៏រងនូវភាពអយុត្តិធម៌ដែរ នៅពេលមានបញ្ហាជាមួយជនមានអំណាច។
អ្នកនាងថា ការអនុវត្តច្បាប់នៅកម្ពុជានៅមានស្តង់ដារខុសគ្នារវាងជនរងគ្រោះនិងជនសង្ស័យ អ្នកមានអំណាចនិងជនទន់ខ្សោយ។ ជាក់ស្ដែង ករណីស្ត្រីដែលមានបញ្ហាជាមួយជនមានឥទ្ធិពលដូចជាឧកញ៉ា កម្រនឹងបានយុត្តិធម៌ពីប្រព័ន្ធច្បាប់ណាស់។
លោកស្រី៖ «តើនារីប៉ុន្មាននាក់នៅកម្ពុជាដែលមានសំណាងទទួលបាននូវកិច្ចអន្តរាគមន៍ផ្ទាល់ៗពីសម្ដេច ឬក៏ក្រុមការងារសម្ដេច? ភាគតិចណាស់! ព្រោះនៅក្នុងប្រទេសរបស់យើងមានស្ត្រីដល់ទៅជាង ៥០%។ ហើយសម្ដេចក៏មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីផ្ដល់នូវកិច្ចអន្តរាគមន៍ទៅដល់គ្រប់ករណីនោះទេ។ ហើយមួយទៀត លោកក៏មិនទទួលបានដឹងឮរឿងទាំងអស់ដែរ។ អ៊ីចឹងអ្វីដែលសំខាន់នោះ គឺត្រូវធ្វើយ៉ាងម៉េចដើម្បីឱ្យប្រព័ន្ធច្បាប់របស់យើងហ្នឹងវាដំណើរការ ហើយវាមានយុត្តិធម៌សម្រាប់ទាំងជនរងគ្រោះ និងសម្រាប់ទាំងជនល្មើសនៅចំពោះមុខច្បាប់ដូចគ្នា»។
អ្នកនាង បុណ្យ រចនា យល់ឃើញថា ដើម្បីមានយុត្តិធម៌ពិតប្រាកដ រដ្ឋាភិបាលមានកាតព្វកិច្ចផ្ដល់នូវការការពារដល់ពលរដ្ឋរងគ្រោះ ពង្រឹងការអនុវត្តច្បាប់ ចាត់វិធានការលើមន្ត្រីរបស់ខ្លួន នាំខ្លួនមន្ត្រី និងអ្នកមានអំណាចដែលប្រព្រឹត្តខុសមកទទួលទោស ដោយថា ដរាបណាអ្នកមានអំណាចនៅតែរួចខ្លួនពេលប្រព្រឹត្តខុសច្បាប់ នោះការអនុវត្តច្បាប់នៅតែរងការរិះគន់បន្តទៀត៕