ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ទទួល​បណ្ដឹង​ពី​ការ​រំលោភ​សិទ្ធិមនុស្ស ជុំវិញ​កម្ចីឥណទាន​ខ្នាតតូច​នៅ​កម្ពុជា

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។ (គុណ ចិន្ដា)

អង្គការសង្គមស៊ីវិលចំនួន២ ​អះអាង​ថា ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិមួយ​បាន​ទទួល​យកពាក្យបណ្ដឹង​ ​និង​បន្ត​ដំណើរ​ការពិនិត្យ​មើល​បណ្ដឹង​ចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ ​​ដែល​ប្រព្រឹត្ត​ដោយ​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ ​ចំនួន​ប្រាំមួយ​ ​ដែល​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​​​កម្ពុជា​។​

​ក្នុងសេចក្ដីថ្លែងការណ៍រួមចេញដោយអង្គការការពារសិទ្ធិមនុស្សលីកាដូ និងអង្គការសមាគមសមធម៌​កម្ពុជា នៅថ្ងៃអង្គារនេះបានលើកឡើងថា បណ្ដឹង​នេះ​ត្រូវ​បាន​ដាក់​ក្នុងនាម​ជា​អ្នក​ខ្ចីប្រាក់​ដែល​រង​ផល​ប៉ះពាល់​ ​តំណាងដោយ​អង្គការ​ទាំងពីរ។​ ​

ប្រភពដដែលបន្តថា បណ្ដឹងរបស់ពួកគេត្រូវបានការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​​​ ទទួលយក​ ​និង​បន្ត​ដំណើរ​ការពិនិត្យ​មើល​បណ្ដឹង​ចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​ការរំលោភ​លើ​បទដ្ឋាន​អនុវត្ត​ស្តង់​ដារ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ដែល​ប្រព្រឹត្ត​ដោយ​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ ​ចំនួន​ប្រាំមួយ​ នៅ​​កម្ពុជា​។​

បណ្ដឹង​នេះ រៀបរាប់​លម្អិត​អំពី​របៀប​ដែល​​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បរាជ័យ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ​ដើម្បី​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដោយ​ហ្មត់ចត់​ ​និង​ត្រួតពិនិត្យ​គម្រោង​នានា​ ​ដើម្បី​ធានា​បាន​នូវ​ការ​អនុលោម​តាម​បទដ្ឋាន​អនុវត្ត​ស្តង់​ដារ​។​

សេចក្ដីថ្លែងការណ៍បន្ថែមថា ​ជា​លទ្ធផល​ ​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បណ្ដាលមកពី​ការ​វិនិយោគ​ទុន​ ​និង​ក​ម្ចី​ឥណទាន​របស់​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​និង​ធនាគារ​ ​ចំនួន​ប្រាំមួយ​ ​ដែល​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស ​ដូចជា​ ​ធនាគារ​អេ​ស៊ី​លីដា​ ​ធនាគារ​ហត្ថា​ ​ធនាគារ​ស្ថាបនា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ដែល​រួមគ្នា​កាន់កាប់​ប្រមាណ​​ ​៧​៥​ភាគរយ​ ​នៃ​ក​ម្ចី​ឥ​ទាន​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​ទាំងមូល​។​ ​

សេចក្ដីថ្លែងការណ៍​បន្តថា ស្ថាប័ន​ទាំង៦នោះ ​ទទួល​បានការ​អនុម័ត​ទឹកប្រាក់​ច្រើនជាង​ ៤​០​០​លាន​ដុល្លារ​ ​ពី​មូលនិធិ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​ ​រួម​មាន ​ក​ម្ចី​ឥណទាន​ដោយ​ផ្ទាល់​ ​ក​ម្ចី​បញ្ចូល​គ្នា​ ​ក​ម្ចី​ឥណទាន​និង​ការ​វិនិយោគ​ផ្អែកលើ​សមភាព​ពី​មូលនិធិ​ដែល​គាំទ្រ​ដោយសាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​​។​ ជាមួយគ្នានេះ ​ម្ចាស់​បណ្ដឹង​អំពាវនាវ​ឱ្យ​ការិយាល័យ​​​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​​មួយនេះ ចាប់ផ្ដើម​ស៊ើប​អង្កេត​ជាបន្ទាន់​ទៅលើ​ការខូចខាត​បង្កឡើង​ដោយ​ការ​វិនិយោគ​ទាំងនេះ​​។​

​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​​​ អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក មានប្រសាសន៍ថា​ ​​ម្ចាស់​បណ្ដឹង​ទាំងនេះ​ ​ប្រឈម​នឹង​ហា​និ​ភ័យ​ក្នុង​ការ​ចែករំលែក​បទពិសោធន៍​របស់​ពួកគេ​ ​ដើម្បី​លាតត្រដាង​អំពី​ការខូចខាត​ ​និង​ការ​រំលោភបំពាន​ដែល​ប្រព្រឹត្ត​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ ​នៅ​កម្ពុជា​​។​

​អ្នកនាង​បន្ថែម​ថា​៖ «​ការ​វិនិយោគ​ប្រកបដោយ​គ្រោះថ្នាក់​ ​និង​ខ្វះ​ការ​ចាត់វិធានការ​ចាំបាច់​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ពាក់ព័ន្ធ​នឹង​គម្រោង​ក​ម្ចី​ឥណទាន​ខ្នាត​តូច​របស់​ខ្លួន​ ​បាន​បំផ្លិចបំផ្លាញ​ការរស់នៅ​ ​និង​ខូចខាត​ដល់​សហគមន៍​ជាច្រើន​នៅ​ក្នុង​ប្រទេស​ ​ហើយ​ពួកគេ​ត្រូវតែ​ចាត់វិធានការ​ ​ដើម្បី​ផ្ដល់​ការ​អនុគ្រោះ​ពិតប្រាកដ​សម្រាប់​អ្នក​ខ្ចីប្រាក់​ទាំងនេះ​»។​

​ដោយឡែក ក្នុងសេចក្ដីថ្លែងការណ៍នោះ ​ក៏បានស្រង់ប្រសាសន៍របស់នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា លោក​ ​អៀង​ ​វុទ្ធី​ ​ថា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បង្កឡើង​ដោយ​វិ​ស័​យ​នេះ​ ​បាន​បន្ត​កើតមានឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ​។ លោកសង្ឃឹម​ថា​ ​ព័ត៌មាន​លម្អិត​ដែល​បាន​ផ្ដល់​នៅ​ក្នុង​បណ្ដឹងនោះ​ ​នឹង​ដើរតួនាទី​ជា​ការ​អំពាវនាវ​រម្លឹក​ដល់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​។​

​លោក​បាន​បន្ត​ថា៖ «​ពួកគេ​ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់​ ​ដើម្បី​ស៊ើប​អង្កេត​ការ​រំលោភបំពាន​ទាំងនេះ​ដោយ​ឯករាជ្យ​ ​និង​ផ្ដល់​សំណង​សមរម្យ​ដល់​ជនរងគ្រោះ​ដែល​រង​ការខូចខាត​ដោយ​ការ​វិនិយោគ​ខ្វះ​ការប្រុងប្រយ័ត្ន​របស់​ពួកគេ​ ​ព្រមទាំង​ពង្រឹង​ការ​ការពារ​អ្នកប្រើប្រាស់​ ​ក៏ដូចជា​បង្កើត​ប្រព័ន្ធ​ឃ្លាំមើល​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ដើម្បី​បញ្ចៀស​ការខូចខាត​ដែល​បង្ក​ដោយ​ការ​វិនិយោគ​នៅ​ថ្ងៃ​អនាគត​ទៀត»។​

ក្នុងសេចក្ដីថ្លែងការណ៍ដដែលលើកឡើងថា ក​ម្ចី​ឥណទាន​ខ្នាត​តូច​ចំនួន​​ជិត​៣​លាន​ក​ម្ចី ​សរុប​ជា​ទឹកប្រាក់​ជាង​ ​១​៤​ពាន់​លាន​ដុល្លារ​ ​គឺ​កំពុង​ជាប់ជំពាក់​ដោយ​ប្រជាពលរដ្ឋ​តាម​គ្រួសារ​ ​ហើយ​នេះ​តម្រូវ​ឱ្យ​មាន​សវនកម្ម​ទាំងស្រុង​ជាបន្ទាន់​លើ​វិ​ស័​យក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​ ​ដើម្បី​កំណត់​ពី​វិសាលភាព​ ​និង​​​​ការខូចខាតធ្ងន់ធ្ងរ​ ​ពាក់ព័ន្ធ​នឹង​ក​ម្ចី​ឥណទាន​ទាំងនេះ​នៅ​ទូទាំង​ប្រទេស​។

​​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​​​ ​អង្គការ​លី​កា​ដូ ​និង​ ​អង្គការ​សមធម៌​កម្ពុជា ក៏​បាន​សហការ​គ្នា​ ​ចេញផ្សាយ​របាយការណ៍​រួម​មួយ​ស្ដីពី ​«សិទ្ធិ​ទទួល​បានការ​អនុគ្រោះ​ ​សំឡេង​សហគមន៍​ដីធ្លី​ដែល​ជាប់ជំពាក់​បំណុល»។

របាយការណ៍រួមពេលនោះ​​ ​​បង្ហាញ​ពី​កា​រំលោភ​សិទ្ធិមនុស្ស​ទាក់ទង​នឹង​បំណុល​ឥណទាន​ខ្នាត​តូច​នៅ​ក្នុង​សហគមន៍​ចំនួន​ ​១៤​​ នៃ​ខេត្ត​ចំនួន​៩ ​​​ក្នុង​ប្រទេស​កម្ពុជា​​។​ ​​

​របាយការណ៍​នេះ​បាន​ចងក្រង​ការ​រំលោភបំពាន​ជាច្រើន​​ទាក់ទង​​​បំណុល​ឥណទាន​ខ្នាត​តូច​ ​ក្នុង​នោះ​រួម​មាន​ ​ការ​អនុវត្ត​ការ​ផ្ដល់​ប្រាក់​ក​ម្ចី​បែប​កេង​ប្រ​វ័ញ្ច​ ​កា​រលក់​ដីធ្លី​ដោយបង្ខំ​ ​ការ​គំរាមកំហែង​ ​ពលកម្ម​កុមារ​ ​និង​ការ​បង្កើន​បន្ទុក​បំណុល​សម្រាប់​អ្នក​ខ្ចីប្រាក់​ ជាដើម៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ