ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន អះអាងថា លោកទើបនឹងបានចុះហត្ថលេខាលើអនុក្រឹត្យតម្រូវឱ្យរើសកងទ័ពជាង៣០០នាក់ សម្រាប់តែផ្នែកការពារអាកាស ដោយថាកម្ពុជាមិនត្រូវការប្រើយន្តហោះចម្បាំងឡើយ។
ការអះអាងនេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា២០២០-២០២១ សរុប១ ៧៥៣នាក់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កន្លងទៅមានការអត្ថាធិប្បាយខ្លះលើកឡើងថា កម្ពុជាខ្វះយន្តហោះចម្បាំង ខ្វះនាវាមុជទឹក។ យ៉ាងណា លោក ហ៊ុន សែន ថាកម្ពុជាមិនចាំបាច់ប្រើយន្តហោះចម្បាំងនោះទេ ព្រោះមិនមានការចាំបាច់ត្រូវបាញ់នរណា ប៉ុន្តែលោកថាអ្វីដែលគួរមានគឺសំណាញ់មេឃ ឬកម្លាំងការពារអាកាសកម្ពុជា។
លោកថា៖ «ឥលូវនិយាយឱ្យច្បាស់ ខ្ញុំទើបនឹងចុះហត្ថលេខាលើអនុក្រឹត្យបង្កើតឱ្យរើសកងទ័ពចំនួនជាង៣០០ សម្រាប់តែផ្នែកបំពេញបន្ថែមឱ្យការពារអាកាស។ កម្ពុជាអត់ត្រូវការចាំបាច់យកយន្តហោះទៅបាញ់គ្នាលើអាកាសទេ [តែ] ត្រូវការកម្លាំងការពារអាកាស ដែលខ្ញុំហៅថាសំណាញ់មេឃ»។
លោក ហ៊ុន សែន បន្ថែមថា លោកធ្លាប់ដឹងហើយពីប្រសិទ្ធភាពរបស់យន្តហោះចម្បាំង ខណៈនៅសម័យរដ្ឋកម្ពុជាក៏មានដែរ តែមិនដែលប្រើឡើយ ស្របពេលតម្លៃយន្តហោះចម្បាំងនាពេលបច្ចុប្បន្ន លោកថាមានតម្លៃរាប់លានដុល្លារ៕