សមត្ថកិច្ច​ខេត្តបាត់ដំបង បញ្ជូន​ខ្លួន​ជនសង្ស័យ​៣នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​អាវុធ​ឆ្លងដែន

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រទះឃើញអាវុធលាក់ទុកមួយចំនួន នៅចំណុចអូរព្រំដែន ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

កងរាជអាវុធហត្ថខេត្តបាត់ដំបង បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​៣នាក់ដែល​​ជាប់ពាក់ព័ន្ធនឹងបទ​​ ​«​ជួញ​​ដូរ​អាវុធ» ទៅតុលាការ ក្រោយ​សមត្ថកិច្ចមានភស្តុតាងដាក់បន្ទុក​គ្រប់គ្រាន់ក្នុង​​ការ​​​​ចោទ​ប្រកាន់អំពីការជួញដូរអាវុធឆ្លងដែននេះ។

ប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការ​​ដ្ឋាន​​​កងរាជអាវុធហត្ថខេត្តបាត់ដំបង លោក សូ ឌី បានប្រាប់ ​វីអូឌី យ៉ាង​​ខ្លី​នៅ​ថ្ងៃ​ពុធ​នេះ​ថា សមត្ថកិច្ចជំនាញបាន​បញ្ជូន​ខ្លួនជនសង្ស័យ​ទាំង​៣នាក់នេះទៅ​សាលាដំបូង​​ខេត្តបាត់ដំបង​ នៅរសៀល​​ថ្ងៃនេះ​​។ ​​​លោក​​​បន្តថា ការបញ្ជូនខ្លួនជនសង្ស័យក្នុង​សំណុំរឿង​ជួញ​ដូរ​អាវុធ​នេះ ក្រោយពីសមត្ថកិច្ចបាន​​ប្រ​មូលភស្តុតាងដាក់បន្ទុក និងចម្លើយសារភាពពីជន​សង្ស័យ គឺមាន​ភាពស៊ីសង្វាក់គ្នា បន្ទាប់​​ពី​​ស​​ម​ត្ថ​​កិច្ច​នៃកង​​រាជ​​អា​​​វុធ​​ហត្ថចាប់ខ្លួនបាន។

លោកបន្តថា​៖ «បញ្ជូនហើយ បញ្ជូននៅល្ងាចហ្នឹង។ ពួកគេត្រូវចោទប្រកាន់ពីបទជួញដូរនិង​ផលិត​​​ផល​​​​​អាវុធខុសច្បាប់ »។

បើតាម​លោក សូ ឌី ជនសង្ស័យទាំង៣នាក់នេះ គឺ​​ជា​​ជនស៊ីវិល មានបំណងជួញដូរ​អាវុធឆ្លង​ដែន​ទៅប្រទេសថៃ ហើយសមត្ថកិច្ចកំពុងបន្តស្វែងរកអ្នក​ពាក់ព័ន្ធដទៃទៀត។

ជុំវិញសំណុំរឿងនេះ កាលពីថ្ងៃទី​២ ខែ​ឧសភា សមត្ថកិច្ចចម្រុះ​​នៃក​ងរាជអាវុធ​ហត្ថ​​ខេត្ត​​​បន្ទាយ​​មាន​​​​ជ័យ និងខេ​ត្ត​បាត់ដំបង ចាប់​ខ្លួ​នជន​សង្ស័យ៣នាក់ នៅ​ចំណុចរង្វង់មូលយាជីច្រូតស្រូវ ស្ថិត​ក្នុង​​ស្រុកមង្គល​​បុរី ខេត្ត​​បន្ទា​​យ​​​​មានជ័យ ដោយ​រកឃើញ​នូ​វ​​ភស្តុតាង​​​​មួយ​ចំ​​នួន​​។

កាសែតក្នុងស្រុកបាន​ចុះផ្សាយថា ភស្តុតាងដែលសមត្ថកិច្ចរឹប​អូស​បាន​ក្នុង​ពេលដែល​​​ចាប់​ខ្លួន​​​​នោះ មាន​ដូច​ជា កាំភ្លើង​អាកា៤៧ ចំនួន១ ០០០ដើម, គ្រាប់បែកដៃ ៥០គ្រាប់, គីបបំបែក ៥​កំ​​​ប៉ុង ​ស្មើនឹង​​៥១គីប, កាំភ្លើងខ្លី ចំនួន​២​ដើម, សំបក​កេស​ដែក ដែល​មានគ្រាប់​អាកា៤​៧ ចំនួន​​៣កេស, សំបកកេសស្នោសម្រាប់វេចខ្ចប់ចំនួន ៥កញ្ចប់ និងទូរសព្ទចំនួន១គ្រឿង។

យោងតាមប្រភព​ដដែលបន្ថែម​ថា ​ជន​សង្ស័យ​ទាំង​៣​នាក់ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ចោទជួញ​ដូរ​អាវុធ​​​នេះ មានឈ្មោះ​ ថន ម៉េងគង់ ហៅ វីន ភេទប្រុស​ អាយុ១៩​ឆ្នាំ, ឈ្មោះ​ សោម ចាន់ណា ភេទ​ប្រុស អាយុ១៧​ឆ្នាំ និង​​ម្នាក់​​ទៀតឈ្មោះ សម្បត្តិ ស្រីលីន ភេទស្រី អាយុ៣១ឆ្នាំ។ អ្នកទាំង៣ រស់នៅឃុំឫស្សីក្រោក ស្រុក​​មង្គល​បុរី ខេត្តបន្ទាយមានជ័យ។

វីអូឌី មិនទាន់អាចស្នើសុំការបញ្ជាក់បន្ថែមបាននៅឡើយទេ ពីអ្នកនាំពាក្យអយ្យការអម​សាលា​​ដំ​​បូ​ង​​​​​​​ខេត្តបាត់ដំបង លោក ដួង សារ៉ន នៅថ្ងៃពុធនេះ។

យ៉ាងនេះក្ដី អ្នកសម្របសម្រួល​អង្គការលីកាដូ​ប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត យល់​​ឃើញ​​ថា នេះជារឿងដែលគួរឱ្យមានការសង្ស័យច្រើន មិនត្រឹមតែ​ជនជាប់ចោទទេ សូម្បី​សមត្ថកិច្ច​ដែលគ្រប់គ្រង​អាវុធជាតិផ្ទុះនៅតាមច្រកព្រំដែន ក៏​អាចមានការសង្ស័យ​ដែរ​ ថាតើ​មូល​ហេតុ​អ្វី​បានជា​បណ្ដោយ​ឱ្យ​​មាន​ករណីជួញដូរ​អាវុធឆ្លងដែននេះ​កើតឡើង។

លោកបន្តថា៖ «យើងឃើញថា នៅតាមច្រកព្រំដែនអីហ្នឹង គឺសមត្ថកិច្ចគយអីហ្នឹងច្រើនស្អេកស្កះណាស់ ដែលចាំត្រួតពិនិត្យ និងវាយតម្លៃទៅលើទំនិញដែលបង់ពន្ធបង់អីហ្នឹង។ គាត់ជាអ្នកត្រួតពិនិត្យមុនគេហើយ»។

បើតាមលោក អ៊ិន គង់ជិត បញ្ហានេះ គួរមានការត្រួតពិនិត្យ​ឱ្យបា​ន​ម៉ត់ចត់នៅតាម​ច្រក​ព្រំ​ដែន​ ដើម្បី​ប្រាកដ​ថា បញ្ហាដ៏ធំបែបនេះនឹងលែងកើតឡើងតទៅទៀត។

មាត្រា២០ នៃច្បាប់ស្ដីពី «ការគ្រប់គ្រងអាវុធ​ជាតិ​ផ្ទុះ និងគ្រាប់រំសេវ» ចែងថា ជនណា​​ដែល​​បំ​ពាក់​តាម​ខ្លួន កាន់​កាប់ ប្រើប្រាស់ លក់ ទិញ ឱ្យខ្ចី ផ្ទេរ ចែក​ចាយ ជួល កែឆ្នែ ដំឡើង និងជួស​​ជុល នូវ​អាវុធជាតិផ្ទុះនិង​គ្រាប់រំសេវគ្រប់ប្រភេទ ត្រូវ​​ផ្ដន្ទាទោសដាក់ពន្ធនាគារ​ពី ៦ខែ ដល់២ឆ្នាំ និង​​ពិន័យ​​ជាប្រាក់ចន្លោះពី ៥០ម៉ឺនរៀល​ ដល់២លានរៀល ដោយមិនទាន់​​គិតដល់ទោស​​ព្រហ្ម​​ទណ្ឌ​​ដទៃ​​ទៀត​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ