លោក ហ៊ុន ម៉ាណែត ថា​នឹង​ពិនិត្យ​មើល​របាយការណ៍​ស្ដីពី​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​ដើម្បី​កែលម្អ​បន្ថែម​ទៀត

លោក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ ក្រោមប្រធានបទ “សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល” ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Hun Manet)

អគ្គមេបញ្ជាការរង​​កង​យោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​កងទ័ពជើងគោក អះអាងថា រដ្ឋាភិបាលមិនបានច្រានចោលនូវរាល់របាយការណ៍ដែលរកឃើញពីការធ្លាក់ចុះនូវសេរីភាពសារព័ត៌មាន​ ឬសេរីភាពបញ្ចេញមតិនៅកម្ពុជាឡើយ ប៉ុន្តែរដ្ឋាភិបាលនឹងពិនិត្យមើលរបាយការណ៍ទាំងនោះ ដើម្បីកែលម្អឱ្យកាន់តែប្រសើរ​ថែមទៀត។

កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាអគ្គមេបញ្ជាការរង​​កង​យោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​កងទ័ពជើងគោក​ ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​ឪពុកផងដែរ​។

ក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ លើកទី២៩ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នាថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា របាយការណ៍ធ្លាក់ចុះឬកើនឡើងនូវសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន ពេលខ្លះមិនសុក្រឹតនោះឡើយ តែអ្វីដែលសំខាន់នោះគឺទិដ្ឋភាពជាក់ស្ដែងក្នុងប្រទេស​។

លោកបានចោទជាសំណួរថា តើសេរីភាពសារព័ត៌មាន និងសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាធ្លាក់ចុះឬទេ ខណៈកម្ពុជាមានអ្នកសារព័ត៌មានអាជីពជាង៥ ០០០នាក់ ហើយពលរដ្ឋជាង១០លាននាក់កំពុងប្រើប្រាស់ហ្វេសប៊ុក ហើយប្រើទូរសព្ទឆ្លាតវៃ (Smart Phone) ដើម្បីឆ្លងឆ្លើយគ្នាដោយសេរីនោះ?

​យ៉ាងណា លោកថា រដ្ឋាភិបាលមិនបានច្រានចោលនូវរាល់របាយការណ៍ទាំងនោះឡើយ ដោយថានឹងយកមកពិនិត្យមើលពីចំណុចខ្សោយនិងចំណុចខ្លាំង ដើម្បីកែលម្អឱ្យកាន់តែប្រសើរឡើង។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ប៉ុន្តែសួរថាតើយើងបដិសេធចោលទេ? យើងអត់បដិសេធនូវរបាយការណ៍ យើងនឹងយកមកពិនិត្យចំណុចខ្លាំង ចំណុចខ្សោយ យើងកែទម្រង់។ ហ្នឹងបានគេហៅថាការអភិវឌ្ឍប្រទេស! ហើយការដឹកនាំរបស់រដ្ឋាភិបាលជាង៤០ឆ្នាំនេះ គឺយើងធ្វើរបៀបហ្នឹង។ យើងទទួលស្គាល់ចំណុចខ្សោយ យើងពង្រឹង ប៉ុន្តែចំណុចខ្សោយដែលមានហេតុផលច្បាស់លាស់។ ដើម្បីអ្វី? ​លំហ? ខ្ញុំជឿថាបងប្អូនប្រាកដជាចង់ការពារខ្លួនឯង ការពារគ្នាយើង»។

លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «ហើយបើគ្នាយើងមានសិទ្ធិគ្រប់គ្រាន់ត្រឹមត្រូវ គាត់ធ្វើអីត្រឹមត្រូវច្បាប់ ច្បាប់នឹងការពារ។ យើងនឹងខិតខំដោះស្រាយ បើការអនុវត្តយ៉ាងម៉េច យើងតតាំងគ្នាទៅ […] លំហនៃការដោះស្រាយបញ្ហាដោយប្រើផ្លូវច្បាប់ ដើម្បីឱ្យគ្រប់គ្នាមានសិទ្ធិសេរីភាព ជញ្ជីងតែមួយ កុំឱ្យជញ្ជីងពីរ។ រដ្ឋាភិបាល មន្ត្រី និងពលរដ្ឋ នេះគឺជាគោលការណ៍ដែលយើងត្រូវធ្វើ»។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី មើលឃើញថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត បង្ហាញពី​ឆន្ទៈក្នុងការផ្លាស់ប្ដូររបៀបធ្វើការរបស់មន្ត្រីរដ្ឋាភិបាល ដោយសារតែកន្លងមកមានការបដិសេធទាំងស្រុងតែម្ដងនូវរបាយការណ៍ដែលអង្គការសង្គមស៊ីវិលរកឃើញ ដោយពួកគេមិនទាន់ពិនិត្យ ឬស្រាវជ្រាវទៅលើរបាយការណ៍ទាំងនោះផង។

លោក ណុប វី មានប្រសាសន៍ថា៖ «ការលើកឡើងរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត នៅក្នុងទិវាសេរីភាពសារព័ត៌មានក្នុងឆ្នាំនេះ វាដូចការផ្ដល់ក្ដីសង្ឃឹមមួយដែរ ទោះជាមិនទាន់មានការចាត់វិធានការផ្លូវការនៅឡើយ ដែលនោះគឺជាចំណុចវិជ្ជមាន»។

លោក ណុប វី សង្កេតឃើញថា ការប្រារព្ធទិវាសេរីភាពសារព័ត៌មានសកលលោកឆ្នាំនេះ មានសកម្មភាពផុសផុល គឺដោយសារតែមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដែលហាក់ដូចជាចាប់អារម្មណ៍​ពីស្ថានភាពនិងតួនាទី ព្រមទាំងឥទ្ធិពលរបស់សារព័ត៌មាន ​ពិសេសក្នុងយុគសម័យ ឌីជីថល (Digital)​។

លោក ណុប វី បន្ថែមថា៖ «ជារួម យើងមានសុទិដ្ឋិនិយម បើសិនរដ្ឋាភិបាលផ្លាស់ប្ដូរនូវរបៀបនៃការធ្វើការនិងការទទួលយកយោបល់ ហើយយើងនឹងពង្រឹងគុណភាពនៃការផ្ដល់យោបល់បន្ថែមទៀតទៅដល់រដ្ឋាភិបាល យើងមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ខ្ញុំសង្ឃឹមថាសេរីភាពសារព័ត៌មាននឹងអាចជំរុញឱ្យមានការល្អប្រសើរឡើងសម្រាប់ឆ្នាំក្រោយបន្តទៀត»។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា  អ្នកស្រី ចក់ សុភាព  បានលើកឡើងថា ក្នុងនាមជាសង្គមស៊ីវិល ពេលបានឮនូវការយកចិត្តទុកដាក់និងឆន្ទៈបែបនេះ ពិតជាមានសេចក្ដីរីករាយ ត្បិតកន្លងមក រដ្ឋាភិបាលតែងច្រានចោលនូវរបាយការណ៍ ដោយលើកឡើងថា របាយការណ៍ធ្វើឡើងក្នុងចេតនាទុច្ចរិត ជាដើម។

អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថាជំហាននេះ នឹងយកចិត្តទុកដាក់សេរីភាពសារព័ត៌មានឱ្យកាន់តែមានសេរីភាព និងរួចផុតពីការផ្ដន្ទាទោសនានា»។ 

អ្នកស្រី ចក់ សុភាព បន្ថែមថា៖ «ការអបអរសាទរទិវាសេរីភាពសារព័ត៌មានតែមួយ គឺមិនគ្រប់គ្រាន់ទេ ចាំបាច់បំផុតគឺវិធានការជាក់ស្ដែង ដោយធានាថា អ្នកសារព័ត៌មានអាចបំពេញកាតព្វកិច្ចបានដោយសេរី មិនមានការភ័យខ្លាចឬធ្វើទុក្ខបុកម្នេញនានា រួមទាំងផ្លូវតុលាការ ជាដើម»។

អ្នកស្រីយល់ឃើញថា នាពេលអនាគតសេរីភាពសារព័ត៌មានអាចមានភាពប្រសើរឡើងឬយ៉ាងណានោះ គឺអាស្រ័យលើអ្នកសារព័ត៌មានអាចបំពេញការងារដោយគ្មានការយាយី គួបផ្សំនឹងការចូលរួមរបស់អ្នកផ្ដល់បទសម្ភាសឬផ្តល់ព័ត៌មានដោយគ្មានការភ័យខ្លាច។

កាលពីថ្ងៃទី១០ ខែមីនា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ CCIM បានចេញរបាយការណ៍​ស្តីពី «ការប្រឈមរបស់អ្នកសារព័ត៌មានឯករាជ្យប្រចាំឆ្នាំ២០២១» ​ បានរកឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កាលពីឆ្នាំមុន កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់ត្រាពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានចំនួន៥១ករណី ឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះចំនួន៩៣នាក់ (មាន៥នាក់ជាស្ដ្រី) ក្នុងនោះ អ្នកសារព័ត៌មានចំនួន៣២នាក់ត្រូវបានចាប់ឃាត់ខ្លួន ហើយ២៤នាក់ប្រឈមបណ្ដឹងផ្លូវច្បាប់ និង១៨នាក់ទៀតអះអាងថាបានទទួលរងការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញ។

ដោយឡែក កាលពីចុងខែមេសា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញសេចក្ដីថ្លែងការណ៍​មួយ ​បានអះអាងថា សេរីភាពសារព័ត៌មានកម្ពុជាបានរងការរំលោភបំពានធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ ហើយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបាន​ដៅជាមុខសញ្ញា។ ប្រភពដដែលបន្តថា អ្នកសារព័ត៌មានដែលធ្វើការនៅ​កម្ពុជាតែង​រងការបំភិតបំភ័យ ឃ្លាំមើល គំរាម និងយាយីតាមប្រព័ន្ធតុលាការ ចំពោះការបំពេញការងារស្របច្បាប់របស់ខ្លួន។

​​ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់ត្រាទុកថា មានអ្នកសារព័ត៌មានយ៉ាងហោចណាស់ចំនួន ៩នាក់​ បានប្រឈម​ការយាយីតាមប្រព័ន្ធតុលាការ រួមមាន ការគំរាមកំហែង និងការកោះហៅពីតុលាការ រហូតដល់ការចាប់ខ្លួនតាមអំពើចិត្ត និងការផ្ដន្ទាទោសដោយហេតុផលនយោបាយ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ