រថយន្ត​គេចពន្ធ​ជ្រកក្រោម​ស្លាកលេខ​រដ្ឋ​ជាង​៧ពាន់​គ្រឿង​បាន​ទៅ​បង់ពន្ធ បើគិត​ជា​ថវិកា​បានជិត​៦០លាន​ដុល្លារ

ពលរដ្ឋធ្វើចរាចរណ៍នៅម្ដុំស្ពានជ្រោយចង្វារ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម អះអាងថា ក្នុង​រយៈពេល​៨ខែ​ចុង​ក្រោយ​នេះ អាជ្ញាធរប្រមូលពន្ធពីរថយន្ត​គេច​ពន្ធ​ជ្រកក្រោម​ស្លាក​លេខ​រដ្ឋ ន.ប ​(នគរបាល) និង​ខ.ម ​(ខេមរភូមិន្ទ)​ ជាដើម បានជាង៧ ០០០​គ្រឿង បើ​គិតជា​ថវិកា​ប្រមាណជិត​៦០​លាន​ដុល្លារអាមេរិក។

ការអះអាងនេះធ្វើឡើង​នៅ​​ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករ​នាំចូលដែលមានស្រាប់ក្នុងប្រទេស» នៅថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងសន្និសីទនោះ លោក គុណ ញឹម ថ្លែង​ថា ការ​ប្រមូល​​ពន្ធ​រយៈពេល​៨ខែ​នេះ គឺធ្វើឡើង​​ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០២១ ដល់​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ លោកបន្តថា ការ​ប្រមូល​ពន្ធ​លើ​រថយន្ត​ក្រោម​ស្លាកលេខ​រដ្ឋ​ដែលមានស្រាប់ក្នុងប្រទេសហើយគ្មានពន្ធនេះ គឺ​បែងចែកដោយឡែករវាងរថយន្តចង្កូតឆ្វេង និងចង្កូតស្ដាំ។

អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម ថ្លែង​​ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករ​នាំចូលដែលមានស្រាប់ក្នុងប្រទេស» នៅថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០២២។ (
អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម ថ្លែង​​ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករ​នាំចូលដែលមានស្រាប់ក្នុងប្រទេស» នៅថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០២២។ (ប៉ា សុខេង)

លោកថា៖ «ត្រឹមតែ៤ខែ [កញ្ញា-ធ្នូ] ឆ្នាំ២០២១ គឺយើងប្រមូលបានទាំង[រថយន្ត]ឆ្វេង ​ប្រមាណ​ជាង៥ ០០០​គ្រឿង។ បើគិតជាប្រាក់ពន្ធអាករដែលប្រមូលបាន ហើយនិងប្រាក់កក់ហ្នឹង សម្រាប់រថយន្តចង្កូតឆ្វេង គឺបានប្រមាណជាជិត២៧​លានដុល្លារ។ ហើយសម្រាប់រថយន្តចង្កូតស្ដាំ ដែលម្ចាស់កក់ប្រាក់ហ្នឹង គឺបានប្រមាណជា២០លានដុល្លារ […] ៤ខែទៀត ​[ពី​ខែមករា ដល់ខែ​មេសា] ឆ្នាំ២០២២ គឺយើងឃើញថា ទាំង​ឆ្វេង ទាំងស្ដាំ បានប្រមាណជាជិត២ ០០០គ្រឿង ហើយបើគិតជាប្រាក់ពន្ធអាករ និងប្រាក់កក់​ទៅ វា​បាន​ប្រហែល​ជា​ជិត១៣​លាន​ដុល្លារ»។

លោក គុណ ញឹម បន្ត​ថា វិធានការទប់ស្កាត់ការនាំចូលរថយន្ត និងទំនិញគ្មាន​ពន្ធ នឹងធ្វើជាប្រចាំ ក្នុងន័យ​បង្ក្រាបអំពើគេចពន្ធ ដើម្បីប្រមូលចំណូល មានសមធម៌លើធុរកិច្ច គោរពច្បាប់ដោយស្មើភាព បង្កើត​​បរិយាកាស​វិនិយោគល្អប្រសើរ ខណៈលោក​ថា​ ជន​មួយ​ចំនួនមានចេតនាទុច្ចរិត គេច​វេះការបង់ពន្ធ ដែល​ទាមទារឱ្យអាជ្ញាធរទប់ស្កាត់ មិនថា​ជារថយន្ត និងទំនិញផ្សេងទៀត។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានតម្រូវឱ្យរថយន្តអត់ពន្ធចង្កូតឆ្វេងនិងស្ដាំ (កែចង្កូតទៅឆ្វេង រួចបង់ពន្ធ) អាចចូលបង់ពន្ធបាន ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ដោយឡែក ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ យានយន្តគ្មានពន្ធដែលអាជ្ញាធរបង្ក្រាប នឹងតម្រូវឱ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្ដាំដែលជាប្រភេទរថយន្តហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះជាគ្រឿងបន្លាស់។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម​កម្ពុជា លោក សន ជ័យ សាទរ​ចំពោះ​ការប្រមូលពន្ធ​ពីរថយន្តគេចពន្ធជ្រកក្រោមស្លាកលេខរដ្ឋនេះ​ ដែលជាការ​​ផ្ដល់ចំណូលដល់ជាតិ។ យ៉ាងណា លោកសង្កេត​ឃើញ​ថា រថយន្តស្ថិតក្រោមស្លាកលេខ​រដ្ឋ​​ ហើយ​គេច​ពី​ការបង់​ពន្ធ​ជូន​រដ្ឋនេះ នៅតែមាន ដែលទាមទារឱ្យរដ្ឋបន្តបង្ក្រាបឱ្យ​មាន​ប្រសិទ្ធភាព។

លោកថា៖ «ហើយរថយន្តទំនើបៗមួយចំនួនដែលយើងមើលឃើញថា ពួកគេមិនទំនងជាសម្បត្តិរដ្ឋ ត្រូវបានប្រើប្រាស់ក្រោមស្លាកលេខ ខ.ម ន.ប និងរដ្ឋ ជាដើម។ អ៊ីចឹងវាអាចជាករណីរថយន្តគេចពន្ធនៅតែមាន ហើយឈរក្រោមស្លាកលេខនេះ។ អ៊ីចឹងសូមស្ថាប័នគយ និងសមត្ថកិច្ច គួរបន្តកិច្ចការនេះបន្ថែមទៀត»។

ប្រធានអង្គការតម្លាភាព​កម្ពុជា លោក ប៉ិច ពិសី យល់​ថា ការ​​គេច​ពន្ធ​ដោយ​​ប្រើ​ប្រាស់​រថយន្តរដ្ឋ​ក្រោម​ស្លាក​លេខ​រដ្ឋ​​មិន​មែន​ជា​រឿង​ថ្មី​ទេ ខណៈមានការលើកឡើងច្រើន​ពីពលរដ្ឋ និងសូម្បីថ្នាក់ដឹកនាំកំពូលរបស់ជាតិ។ លោកថា រឿងនេះមិនគួរបណ្ដែតបណ្ដោយឱ្យអូសបន្លាយយូរឆ្នាំឡើយ ដោយគួរចាត់ការលើជនប្រព្រឹត្ត អ្នកកេងបន្លំ ហើយអនុវត្តឱ្យត្រឹមត្រូវ ដើម្បី​កុំឱ្យបញ្ហានេះ​កើត​ឡើងដដែលៗ។

លោកថា៖ «ពលរដ្ឋដែលជាទូទៅប្រើប្រាស់រថយន្ត​ដែល​គាត់​យក​លុយ​ពេញ​ទៅ​ទិញ គឺ​គាត់​ប្រើប្រាស់លុយ​ខ្លួន​ឯងពេញ​លេញ។ ទន្ទឹមនឹងគាត់បង់ពន្ធតាមកាតព្វកិច្ចដើម្បីចូលរដ្ឋ ចំណែកឯអ្នកមានសិទ្ធិអំណាចបែរទៅជាកេងបន្លំ ហើយគេចពន្ធទៅវិញ។ ខ្ញុំគិតថា បញ្ហានេះនឹងបង្កើននូវបរិយាកាសនៃការរស់នៅអត់ស្មើគ្នា»។

លោក ប៉ិច ពិសី យល់ថា​ មិនមែន​ជារឿងពិបាកទេ ​ក្នុងការពិនិត្យ​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​លើ​ការគេ​ច​ពន្ធក្រោមស្លាកលេខរដ្ឋទាំងនោះ ព្រោះនៅក្រសួងមានទិន្នន័យទាំង​អស់ ដែល​គយអាចមកដាក់សម្ពាធឱ្យពួកគេទៅ​បង់ពន្ធ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ២០២២ បាន​ចេញបញ្ជាផ្ទាល់មាត់​ឱ្យ​មន្ត្រី និង​អ្នកមានទ្រព្យមួយចំនួន បំពេញកាតព្វកិច្ចបង់ពន្ធតាមច្បាប់កំណត់ ដើម្បីបញ្ចៀសមហន្តរាយជាតិ ខណៈលោក​​​ថា ប៉ុន្មានឆ្នាំជាប់គ្នាមកនេះ រដ្ឋបានចំណាយច្រើនជាងប្រាក់ចំណូលដែល​រក​បាន។

លោកបន្ត​ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនគួរបណ្ដែតបណ្ដោយឱ្យវប្បធម៌គេចពន្ធបន្តរស់រានមាន​ជីវិ​ត​តទៅទៀត​នោះ​ទេ។ ករណីនេះ លោក​ចេញ​បញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាធ្វើយុទ្ធនាការគាំទ្រ​អង្គភាពប្រមូលពន្ធ ទាំងផ្នែកគយ និងពន្ធដារ ដើម្បីទប់ស្កាត់ហានិភ័យជាតិ។

បើតាមលោកនាយករដ្ឋមន្ត្រី រថយន្តគេចពន្ធមានប្រមាណ ១ម៉ឺន​គ្រឿង គិត​ជាប្រាក់ពន្ធ​ប្រហែល១០០លាន​ដុល្លារ តែមកពេលនេះ មានម្ចាស់រថយន្ត​៥០ភាគរយហើយបានទៅ​បង់ពន្ធ ក្រោយពីលោកបាន​ចេញបទបញ្ជាម៉ឺងម៉ាត់កន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ