វិភាគ៖ បើអ្នកសារព័ត៌មានរងការយាយី តើបញ្ហាអ្វីខ្លះនឹងបន្តកើតឡើងក្នុងសង្គម?

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ (Matt Surrusco​)

​អ្ន​​​កសា​​រព័ត៌​មានត្រូ​វបា​​ន​គេឱ្យតម្លៃ​​​ថា ​​ជាកញ្ច​ក់ឆ្លុះបញ្ចាំងសង្គ​ម​ និងបានរួម​ចំណែ​កកែ​ទម្រ​ង់ស្ថាប័​ន​​រ​ដ្ឋ ដើម្បីជំរុញដំ​ណើរការលទ្ធិ​ប្រជា​ធិបតេ​យ្យ ​តបតាមរដ្ឋធ​ម្មនុញ្ញ​។

​រដ្ឋ​ធម្មនុ​ញ្ញដែ​លប្រកា​សឱ្យ​ប្រើជិ​ត៣០ឆ្នាំ​មកនេះ បា​​នចែ​ងថា​ ​កម្ពុ​ជាអ​នុ​វ​ត្ត​នយោ​បាយ​ប្រជា​ធិ​ប​តេ​យ្យ ​សេ​​រីពហុបក្ស​​​។

មាត្រា​​៤១​​ នៃច្បាប់កំពូលនេះ​ ​ចែងថា​៖ ​«ប្រជាព​លរ​ដ្ឋខ្មែ​រមាន​សេរី​ភាព​ខា​ងការបញ្ចេញម​តិ​​រ​បស់ខ្លួន​ សេ​រីភា​ព​ខាង​សា​រព័​​ត៌​មាន ​សេរី​ភា​ព​ខា​ង​កា​រ​បោះពុម្ពផ្សាយ​ សេរី​ភា​ព​ខាង​កា​រ​ជួ​បប្រ​ជុំ »។

​ក៏​ប៉ុន្តែ​​អ្នកឃ្លាំមើល​កត់សម្គាល់ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​​​ អ្ន​កសា​រព័ត៌មា​នដែ​លហ៊ាន​​រាយ​ការ​ណ៍​ពី​ចំណុចអវិ​​ជ្ជ​​មាន​រប​ស់មន្ត្រី​​ រួ​​​ម​​ទាំ​ងអំពើពុករលួយជាដើម​​នោះ ​បាន​បន្តរង​ការវា​យ​ប្រហារ​ និ​ងគំ​រាមកំ​​ហែ​ងច្រើន​រូបភា​ព​​។

ប​ញ្ហា​ទាំង​​នេះប​​ង្កើ​​​​​ត​ជាកា​រចោ​ទសួ​រជុំ​វិញកា​រប្ដេជ្ញាចិត្ត​​​រ​​ប​​​ស់​រដ្ឋាភិបាលលើវិធានលើក​កម្ពស់សេរីភា​​ពអ្ន​ក​សា​​រព័ត៌​មាននៅកម្ពុជា ដែលភ្ជាប់​កាតព្វកិច្ចអនុវត្តតបតាមរដ្ឋធម្មនុញ្ញ​។

​​លោកនា​យករ​ដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ទិវា​សេរី​ភាព​សារ​ព័ត៌​មានពិភ​ពលោក​ លើក​ទី២​៩ ​​ឆ្នាំ២០​២២ បា​ន​លើ​ក​ឡើងក្នុ​ងសារលិខិ​ត​​​ចុះ​​ថ្ងៃ​ទី​៣ ខែ​​ឧ​សភា​នេះថា ជាថ្មីម្ដងទៀត ​រដ្ឋា​ភិបាលនៅ​តែចា​ត់ទុ​ក៖ ​«អ្ន​​​​​ក​សា​​រ​ព័​​ត៌មានជាដៃ​​គូមិ​នអា​ចខ្វះបា​ន ក្នុងកា​រចូល​រួមប្រ​​យុ​​ទ្ធ​​​ប្រ​​​ឆាំ​​ង​អំពើពុក​រលួយ កែ​ទម្រង់ប្រ​ព័ន្ធ​​​​​យុត្តិ​ធម៌ រដ្ឋ​​បា​​​​លសា​ធារណៈ និង​លើកស្ទួយ​លទ្ធិ​ប្រជា​ធិប​តេយ្យ»។

សា​រលិខិត​នោះក៏បា​នក្រើន​រម្លឹកអ្ន​កសារព័ត៌មាន​​ឱ្យប​ង្កើនសមត្ថភាពស្របគ្នានឹងការកើនឡើងបច្ចេកវិទ្យា​​ ​​និង​​វិជ្ជា​ជីវៈ​ ​ដើម្បីផ្ដល់ព័​​​​ត៌មា​នពិ​តជូ​នព​លរ​ដ្ឋ​ និង​ជំរុ​ញត​ម្លាភា​ពស​ង្គ​ម​ ដែលថា​ជាច​ក្ខុវិស័យ​រ​បស់​រ​ដ្ឋា​ភិបា​ល។​ 

​ដោ​យ​ឡែក ក្នុង​ទិវា​សកល​នេះ​ដែរ​​ ក្រុម​អង្គការ-​សមាគម​ចំនួន​២៣​ស្ថាប័ន ដែល​​ធ្វើកា​រលើ​កក​ម្ពស់​សិទ្ធិ​​ទទួ​លព័ត៌​មា​​ន សេ​រីភាពសារ​ព័ត៌មា​ន ​និងសេរី​ភាពប​ញ្ចេញម​តិនៅកម្ពុជា បានចេញសេច​ក្ដីថ្លែ​​​ង​​​​​​​កា​​​​រណ៍រួ​ម បង្ហាញ​ការព្រួ​​យ​​បារម្ភ​អំពីការ​បន្ត​យាយី​ទៅលើ​អ្នក​សារ​ព័ត៌មាន។

ក្រុមអ្នក​ការ​ពារ​សិទ្ធិទាំង​​នោះបានទា​ម​ទារទៅរដ្ឋាភិបាលចាត់វិធា​នកា​រឱ្យ​មាន​ប្រសិ​ទ្ធភា​ព​​ ដើ​ម្បីប​​​ញ្ចប់​​និ​ទណ្ឌ​ភាព​​ចំ​ពោះ​​​​​រាល់​បទ​ឧក្រិ​ដ្ឋទាំ​​ងឡាយប្រ​​ឆាំង​នឹង​​អ្នកសារ​​ព័ត៌​មាន​ ដោ​យនាំ​យ​កជ​នដៃ​ដល់​ និ​​ង​អ្ន​​ករួ​ម​​ប្រព្រឹត្តឃា​តក​ម្ម​ កា​រ​វា​យ​ប្រ​ហារ​ កា​រគំរាម​កំហែង ​ការ​បៀ​ត​បៀ​ន​រូប​រា​ងកា​យ​និងផ្លូវភេទ ជា​ដើម មកផ្ដន្ទាទោស​ទៅតា​មច្បា​ប់ ដើម្បី​​​​ផ្ដល់យុ​ត្តិធ​ម៌​ដល់ជនរងគ្រោះនិងសាច់ញាតិ។

ក្រៅពីនេះ ​ពួក​គេ​ក៏​បាន​ជំរុញដល់​​ក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រដ្ឋាភិបាល ផ្ដល់សុពលភាពអា​ជ្ញា​បណ្ណ​ព័ត៌មាន ដល់​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួនឡើងវិញ ដែលក្រសួងបា​ន​ដកអំឡុងឆ្នាំ២០​១៧ រហូ​​​​ត​មកដល់​បច្ចុប្បន្ន ដើម្បី​ឱ្យពួកគេបានបន្តចូលរួមកែលម្អសង្គមបន្តទៀត។ បន្ថែ​​មពីនេះ ពួកគេរម្លឹកដែរថា អាជ្ញាធររដ្ឋត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព​នូវការលើកឡើងរបស់រដ្ឋាភិបាល ដើ​ម្បី​ជំរុញគណនេយ្យភាពសង្គម លុប​បំបាត់អំពើពុករលួយ និងធ្វើឱ្យប្រសើរឡើងនូវសិ​​ទ្ធិ​ទ​ទួលបា​ន​ព័ត៌មាន។

ប​ញ្ហាទាំង​នេះ​បង្កើត​ជាសំណួរ​ថា ​បើអ្នកសារព័ត៌មាន​រង​ការយាយី តើ​បញ្ហាអ្វីខ្លះនឹងបន្តកើតឡើងក្នុងសង្គម?

​​នាយកប្រ​តិបត្តិស​ម្ព័ន្ធ​អ្នកសារ​ព័ត៌មា​ន​​​ក​ម្ពុជា ​(ខេមបូចា)​​ ​លោ​ក ​ណុប វី មើលឃើញ​ថា​​ អ្ន​​កសារព័​ត៌មា​ន​ជាភ្នាក់​ងារ​សំខា​ន់ ក្នុងការ​​​​​ជំរុ​ញសេរីភា​ព​បញ្ចេ​ញមតិ ​​បន្លឺសំឡេង​​​ជ​ន​ងាយរង​គ្រោះ ចូ​ល​​រួម​​ទ​ប់ស្កាត់​​​អំពើ​ពុករលួ​យ និង​ជំរុ​ញត​ម្លាភាព​សង្គម។ ប៉ុន្តែលោកថា នៅ​​ពេលដែ​លអ្នក​សារព័ត៌មានត្រូវ​បានគេ​​​គំរា​​ម​កំហែងឬយាយី ​ភាពជា​ដៃគូ​​​សហការជាមួយរដ្ឋាភិបាលក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ កែទម្រង់ប្រព័ន្ធច្បាប់ នឹងមិនអាចធ្វើទៅបានជោគជ័យទេ។

បញ្ហានេះ លោកមើលឃើញថា ភាពអសកម្មក្នុងសង្គម​នៅតែបន្តកើតឡើង រួមទាំងការធ្វើកំណែទម្រង់ច្បា​​ប់ និងយន្តការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ហើយថា ទីបំផុត ជំងឺសង្គមនេះនឹងក្លាយជាជំងឺម​​ហា​​រីក បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍជាតិ និងអស្ថិរភាពសង្គមទៀតផង ។

​​លោកថា៖ «​ហើ​យនៅទីបំ​ផុ​ត សូ​ម្បី​តែស​ន្តិ​ភាព​​ហ្នឹង​ក៏មិ​នអា​ចធា​នាបា​​នដែ​​រ​​ វា​​នឹង​ធ្វើឱ្យ​មាន​អ​ស្ថិរ​ភាពនៅ​​ក្នុង​សង្គ​ម វា​បង្កឱ្យមា​នភា​ពអយុ​ត្តិធម៌នៅ​ក្នុងស​ង្គម​​។ ជា​រួម​ សង្គ​មហ្នឹង ​វាមិនមាននិរន្តរភាពទេ មិនមានការអភិវឌ្ឍទេ បើសិនជាតួនាទី អំណាចអ្នកសារព័ត៌មានដែលជាអំណាចទី៤ហ្នឹង មិនត្រូវបានផ្ដល់ការការ​ពារ​ឱ្យ​មាន​ប្រសិទ្ធិភាព​ទេ​នោះ»។

យ៉ាងណា លោកបង្ហាញការយល់ឃើញថា មានកត្តាចម្បង៤ ​​ដែលអាច​ជំរុញយន្តការលើកកម្ព​ស់​​សេរីភាពអ្នកសារព័ត៌​មាន​ប្រកបដោយប្រសិទ្ធភាព ក្នុងនោះ ​រដ្ឋាភិបាល​ត្រូវចាប់​ជន​ដៃ​ដល់​ដែល​​បាន​យាយី​ឬ​វាយប្រហារ​លើ​អ្នក​សារ​ព័ត៌​​មាន យក​​មក​ផ្ដន្ទា​ទោសតាមច្បាប់, ត្រូវ​ធានា​ថា​ គ្មានការ​គំរាម​កំហែងនិងចាប់​ចង​​អ្នកសារព័ត៌មាន តាមរយៈ​​ការ​ប្រើប្រាស់ច្បា​​​​ប់ក្រ​​មព្រ​ហ្ម​ទណ្ឌ តែត្រូវប្រើច្បាប់​ស្ដីពីរបបសារព័ត៌មាន, ត្រូវបើកឱកាស​​ឱ្យមាន​ការ​​ចូលរួម​ពី​គ្រប់​ភាគី ដើម្បីតាមដានមន្ត្រីអនុវត្តច្បាប់ និងត្រូវធានាសន្តិសុ​ខ សុ​វត្ថិ​​ភាព ដល់អ្នកសារព័ត៌​មា​ន។

មាត្រា២០ នៃច្បាប់ស្ដីពីរបបសារព័ត៌មានដែលប្រកាសឱ្យប្រើអំឡុង​ឆ្នាំ១៩៩៥ បាន​ចែង​ថា៖ «អំពើប្រ​ព្រឹត្ត​របស់និ​យោជក និពន្ធនាយក ឬអ្នកនិពន្ធអត្ថបទ ដែលរំលោភច្បាប់ព្រហ្មទណ្ឌ ត្រូវទទួលទោសតា​ម​ច្បាប់ព្រហ្មទណ្ឌ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏គ្មានជនណាម្នាក់ត្រូវចាប់ចងឬជាប់ពន្ធនា​គារ​​ដោយ​សារ​ការ​បញ្ចេញ​មតិ​ឡើយ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា អ្នកសារព័ត៌មាន​ដែលមានវិជ្ជាជីវៈ បានដើរតួនាទីសំខាន់ក្នុងការចូលរួមកែលម្អសង្គម។ ប៉ុន្តែលោកថា​ បើសិទ្ធិនេះត្រូវ​​គំរាមកំហែង​ នោះ​ជា​ឱកាស​សម្រាប់​មន្ត្រី​ខិលខូច​​ ជំរុញ​ឱ្យមានបទល្មើសជាច្រើន រួម​ទាំ​​ងបទល្មើសបំផ្លាញធ​​ន​ធាន​​ធម្មជាតិ។

លោក គិម​អេង កត់​សម្គាល់​ថា វិធាន​ការ​របស់​រដ្ឋាភិបាលក្នុងការរឹបអូសយកដីព្រៃលិចទឹករាប់ម៉ឺនហិកតា​នៅតំបន់បឹងទន្លេសាប មកធ្វើជាសម្បត្តិរដ្ឋវិញ នាពេលកន្លងមកនេះ  គឺបានធ្វើឡើងក្រោយពីមានអ្ន​កសា​រ​ព័ត៌​មាន​រាយការណ៍បញ្ហានេះរួចមក។

លោកថា៖ «បើសិនជាអត់មានការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយទេ ដីបឹងទន្លេសាបហ្នឹងនឹងនៅរួមតូចមែ​នទែ​​ន ស្ទើរតែបាត់បង់ ព្រោះមានអ្នកចាក់ដីលុបបំពេញអីជាហូរហែ ដែលធ្វើឱ្យខូចបឹងធម្មជាតិដ៏សំ​ខា​ន់​ដែល​​មានភាពល្បីល្បាញនៅលើពិភពលោក»។

ប៉ុន្តែលោកមើលឃើញថា ការយាយីអ្នកសារព័ត៌មានអាចមកពីរដ្ឋាភិបាល​ខ្វះប្រព័ន្ធតាមដានទៅលើការអនុវត្តច្បាប់ប្រកបដោយឯករាជ្យ ដើម្បីចាត់វិធានការមន្ត្រីខិលខូច។ លោក​បន្ត​ថា ភាព​ទន់​​​ខ្សោយ​​នៃ​​ការ​​​អនុវត្តច្បាប់ ជាឱកាសឱ្យ​មន្ត្រីខិលខូច​ធ្វើការវាយបកទៅលើ​អ្នក​សារ​ព័ត៌​មានដែលហ៊ាននិយាយការពិត តាម​គ្រប់រូបភាពដែលអាចធ្វើបាន ដើម្បីបិទបាំងភាពអសកម្មរបស់ពួកគេក្រោមឥទ្ធិព​​លអំណាច ព្រោះតែប្រយោជន៍​ផ្ទាល់ខ្លួន។

របាយ​ការណ៍​របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែល​បានចេញផ្សាយរួមគ្នា កាលពីថ្ងៃទី១០ ខែមីនា បានរកឃើញថា ស្ថានភាពសេរីភាព​សារព័ត៌​មា​ន​​​នៅកម្ពុជា កាលពីឆ្នាំមុន កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០។ របាយការណ៍នោះបានកត់ត្រា​ពី​ការធ្វើ​ទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានចំនួន៥១ករណី ឬស្មើនឹងអ្នករងគ្រោះចំនួន៩៣នាក់ (មាន៥នាក់ជាស្ដ្រី) ក្នុងនោះ អ្នកសារព័ត៌មានចំនួន៣២នាក់ត្រូវបានចា​ប់​ឃាត់ខ្លួន ហើយ២៤នាក់ប្រឈមបណ្ដឹងផ្លូវច្បាប់ និង១៨នាក់ទៀតអះអាងថាបានទទួលរងការគំរា​ម​កំ​ហែងនិងការធ្វើទុក្ខបុកម្នេញ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា អ្នកសារព័ត៌មាន​ជាតួអង្គសំខាន់ទី​​៤ (អំណាចទី៤)​ដែល​ដើរតួនាទីត្រួតពិនិត្យអំណាច និង​តាមដានការអនុវត្ត​​ច្បាប់របស់​អាជ្ញាធរ ដើម្បីប​ម្រើប្រ​យោ​ជន៍​​​​​សា​ធារណៈ។ ក៏ប៉ុន្តែលោកថា បើតួនាទីនេះ​ត្រូវបានយាយី គឺជាការរារាំងដល់ដំណើរការប្រជាធិ​​ប​តេយ្យ ហើ​យអ្នកដែល​ខាតបង់ធំជាងគេ គឺពលរដ្ឋ និង​រដ្ឋាភិបាល។

ក្នុងន័យនេះ លោកពន្យល់ថា រដ្ឋាភិបាលមានកាតព្វកិច្ចបម្រើប្រជា​ពលរដ្ឋ​ ក្នុងករណីដែលភ្នាក់ងាររដ្ឋមិ​នបានបំពេញតួនាទី ពួកគេនឹងបាត់បង់ប្រជាប្រិយភាពលើសមរភូមិ​​​ប្រកួតអំណាចតាមយន្តការប្រ​ជា​ធិបតេយ្យ។ លោកមើលឃើញថា ក្នុងសង្គមមួយ បើមានការយាយី​ទៅលើវិជ្ជាជីវៈអ្នកសារព័ត៌មាន រដ្ឋាភិបាលនឹងមិនអាចទប់ស្កាត់បទល្មើសបាន ព្រោះរដ្ឋាភិបាលបានបាត់បង់តួអង្គឆ្លុះបញ្ចាំងសង្គមដោយឯករាជ្យ។

លោកថា៖ «បើសិនជាអត់មានអ្នកសារព័ត៌មាន ធ្វើការផ្សព្វផ្សាយព័ត៌មាន ឬស៊ើបអង្កេតព័ត៌មានឱ្យ​សា​ធារណជនដឹងទេ គឺនៅក្នុងប្រទេសហ្នឹងៗ ប្រាកដជាមានការរំលោភបំពានអំណាចហ្នឹងច្រើន ព្រោះអ្ន​​ក​ដែលបំពានអំណាចដើម្បីប្រយោជន៍ឯកជនខ្លួនឯងហ្នឹង អាចធ្វើអីស្រេច​តែ​ចិត្ត ព្រោះគាត់អត់ភ័យបា​រម្ភ​​ខ្លា​ច​មានអ្នកសារព័ត៌មាន ឬអ្នកណាស៊ើបអង្កេតគាត់ទេ»។

បន្ថែមពីនេះ លោកមើលឃើញថា បើក្នុងប្រទេសមួយគ្មានប្រព័ន្ធត្រួតពិនិត្យអំណាចជាក់លាក់ ឬសសរស្តម្ភរបស់ជាតិ និងថែមទាំងមានរដ្ឋាភិបាល រដ្ឋសភា និងតុលាការដែល​មិនមែនជាស្ថាប័នឯករាជ្យ នឹងធ្វើឱ្យដំ​ណើ​រ​ការប្រជាធិបតេយ្យដើរថយក្រោយ ហើយ​​របត់នេះ អ្នកដែលពលរដ្ឋបោះឆ្នោតឱ្យ​ដើម្បីបម្រើរាស្ត្រ នឹង​ប្រើ​ប្រាស់​អំណាចខុស ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ព្រោះគ្មានតួអង្គតាមដាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ