លោក ពូទីន នឹង​ត្រូវ​ផ្ទេរអំណាច​គ្រប់គ្រង​ក្នុង​រយៈពេល​ខ្លី ដើម្បី​ព្យាបាល​ជំងឺ​មហារីក

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ (ធ្វីតទ័រ៖ President of Russia)

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន នឹងត្រូវទទួលការព្យាបាលជំងឺមហារីក ដោយរូបលោកក៏នឹងត្រូវ​ប្រគល់​អំណាច​គ្រប់​គ្រង​ប្រទេស​ជា​បណ្ដោះអាសន្ន​ទៅឱ្យអតីតប្រធានប៉ូលិស​សហព័ន្ធមួយរូបផងដែរ។ នេះបើតាមសារព័ត៌មាន New York Post ដែលបានស្រង់ការលើកឡើងចេញពីគណនីមួយនៃប្រព័ន្ធតេឡេក្រាម (Telegram)។

ប្រភពដដែលបានបន្តថា ការគ្រប់គ្រងរដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី នឹងត្រូវផ្ទេរទៅកាន់លេខាធិការ​នៃក្រុម​ប្រឹក្សា​សន្តិ​សុខ​រុស្ស៊ី លោក Nikolai Patrushev។

ទោះជាយ៉ាង​ណា ការផ្ទេរអំណាចនេះ​នឹងត្រូវធ្វើឡើងសម្រាប់រយៈពេលខ្លីតែប៉ុណ្ណោះ ពោលគឺស្ថិតនៅក្នុងអំឡុងពេលដែលលោក ពូទីន ព្យាបាលជំងឺ។ នេះបើយោងតាមការបង្ហោះដោយគណនីមួយនៃប្រព័ន្ធ​តេឡេក្រាម (Telegram) ដែលដាក់ឈ្មោះថា General SVR។

គណនីដែលត្រូវបានដឹងថាគ្រប់គ្រងដោយអតីតឧត្ដមសេនីយ៍ឯក​មួយ​រូប​ផ្នែក​ចារកម្ម​របស់​ក្រសួង​ការបរទេសរុស្ស៊ី បានរាយការណ៍ថា លោក ពូទីន ត្រូវតែទទួលការវះកាត់ជាចាំបាច់ដែលណែនាំដោយវេជ្ជបណ្ឌិត។

គួរបញ្ជាក់ថា សំណួរទាក់ទងនឹងសុខភាពរបស់លោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន ត្រូវបានចោទសួរជាច្រើនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ជាពិសេសបន្ទាប់ពីរូបលោកត្រូវបានគេសង្កេតឃើញថាមានសភាពទ្រុឌទ្រោម ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី​ការពារ​​ជាតិ​ លោក Sergei Shoigu កាលពីខែមុន។

គិតរហូតមកដល់ពេលនេះ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងតែឈានចូលមកដល់សប្ដាហ៍ទី​១០​ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះគឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះ ត្រូវបានបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ​ចាត់ទុកថាជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ