សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ​ពន្យារពេល​សវនាការ​សំណុំរឿង​យុវជន​ខ្មែរថាវរៈ​និង​សកម្មជន​សិទ្ធិមនុស្ស

លោក ហ៊ុន វណ្ណៈ ចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចពន្យារពេលសវនាការលើបណ្ដឹងសាទុក្ខសំណុំរឿង «ញុះញង់» របស់យុវជនខ្មែរថាវរៈ និងសកម្មជនសិទ្ធិមនុស្ស ៧រូប ទៅថ្ងៃក្រោយវិញ ដោយថា ជនជាប់ចោទមិនទាន់ទទួលបានដីកា។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីសហមេធាវីការពារក្ដីឱ្យយុវជនខ្មែរថាវរៈ និងសមាគម​សម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដាក់សំណើទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីស្នើសុំពន្យារពេលសវនាការនាថ្ងៃព្រហស្បតិ៍នេះ ទៅថ្ងៃក្រោយវិញ ដោយថា កូនក្ដីរបស់លោកមិនទទួលបានដីកាកោះពីតុលាការឡើយ។

ឆ្លើយតបនឹងសំណើនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ងួត រតនា បានសម្រេចពន្យារពេលតាមការស្នើសុំរបស់ក្រុមមេធាវី។

បើតាមសំណើរបស់លោក សំ ចំរើន មេធាវីការពារក្ដីឱ្យយុវជនខ្មែរថាវរៈ និងសមាគម​សម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលដាក់ទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានឱ្យដឹងថា មូលហេតុដែលក្រុមមេធាវីសុំលើកពេល ដោយសារចង់ឱ្យកូនក្ដីចូលរួមតតាំងក្ដី ខណៈសវនាការនាថ្ងៃនេះ កូនក្ដីរបស់លោកទាំងអស់មិនទាន់ទទួលដីកាកោះពីតុលាការឡើយ។

យុវជនខ្មែរថាវរៈ ក្នុងនោះរួមមាន លោក ថា ឡា​វី, កញ្ញា អេង ម៉ាឡៃ, លោក កើត សារ៉ាយ, កញ្ញា ឈឿន ដារ៉ា​វី និងលោក ហ៊ុន វណ្ណៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ រួមមាន លោក មាន ព្រហ្មមុនី និងលោក មួង សុភ័ក្ត្រ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ដោយពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។

ការចោទប្រកាន់របស់​តុលាការធ្វើឡើងបន្ទាប់ពីពួកគេបានចូលរួមតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីពលេចធ្លោមួយរូប និងរៀបចំការជួបជុំដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ​អំឡុងខែសីហា និងកញ្ញា ឆ្នាំ២០២០​។

ក្រុមយុវជនខ្មែរថាវរៈមួយរូប កញ្ញា ឈឿន ដារ៉ាវី លើកឡើងថា មូលហេតុកញ្ញាប្ដឹងសាទុក្ខទៅឧទ្ធរណ៍នេះ ដោយសារមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលបានចោទប្រកាន់និងឃុំខ្លួនពួកគាត់នៅក្នុងពន្ធនាគារអស់រយៈពេលជាង១ឆ្នាំទាំងអយុត្តិធម៌។

កញ្ញាស្នើដូច្នេះថា៖ «តុលាការត្រូវតែទម្លាក់ចោលបទចោទប្រកាន់ ព្រោះយើងឃើញថា វាអយុត្តិធម៌ ដែលពួកខ្ញុំរងគ្រោះ មិនសមនឹងទទួល ដែលយើងជាយុវជនឈឺឆ្អាលសង្គមជាតិ បញ្ហាអយុត្តិធម៌សង្គមជាតិ បែរជាត្រូវរងគ្រោះបែបហ្នឹង។ អ៊ីចឹងវាជារឿងដែលឈឺចាប់មួយ ហើយសូមឱ្យពិចារណាឡើងវិញចំពោះតុលាការសព្វថ្ងៃហ្នឹង»។

កញ្ញា ឈឿន ដារ៉ាវី បន្តថា បើសិនជាតុលាការមិនទម្លាក់ចោលបទចោទប្រកាន់លើពួកគាត់ទៀត វាមិនមែនជាការបំបាក់ស្មារតីយុវជនទេ ផ្ទុយទៅវិញ វាជាការធ្វើឱ្យមនុស្សកាន់តែឈឺចាប់ដោយសារអំពើអយុត្តិធម៌ ដែលជំរុញឱ្យពួកគាត់ងើបឡើង តស៊ូមតិកាន់តែច្រើនជាងមុនទៀត។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កន្លងមក ក្រុងអង្គការសង្គមស៊ីវិលតែងតែទទូចឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើក្រុមយុវជនខ្មែរថាវរៈ និងសកម្មជនសិទ្ធិមនុស្ស រួមទាំងអ្នកផ្សេងទៀត ដោយថា អ្នកទាំងអស់នេះមិនបានប្រព្រឹត្តបទល្មើសទេ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែអនុវត្តសិទ្ធិសេរីភាពស្របច្បាប់តែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «ទាក់ទងសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពជួបជុំប្រមូលផ្ដុំដោយសន្តិវិធី ដែលធានាដោយរដ្ឋធម្មនុញ្ញ ដោយបទដ្ឋានអន្តរជាតិដែលកម្ពុជាយើងបានផ្ដល់សច្ចាប័ន។ អ៊ីចឹងការកាត់ទោសកន្លងមក និងការឃុំខ្លួនកន្លងមកទៅលើយុវជនខ្មែរថាវរៈហ្នឹង វាជាការគំរាមកំហែង ការបំភិតបំភ័យ និងជាការធ្វើទុក្ខបុកម្នេញសម្រាប់យុវជនដែលចង់ចូលរួមការពារសិទ្ធិមនុស្ស ចង់ចូលរួមលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋាន​នៅក្នុងប្រទេសកម្ពុជាយើង»។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសឱ្យយុវជនខ្មែរថាវរៈ និងសមាគម​សម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដាក់ពន្ធនាគារម្នាក់ៗ ២០ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល (២ ០០០ ០០០រៀល) ប៉ុន្តែតុលាការបានបង្គាប់ឱ្យពួកគេអនុវត្តទោសក្នុងពន្ធនាគារជាង១ឆ្នាំ ខណៈទោស​ដែល​នៅសល់​ត្រូវបាន​ព្យួរ​សាកល្បងរយៈពេល២ឆ្នាំ។ ពួកគេត្រូវបានសមត្ថកិច្ចដោះលែងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ