សង្គមស៊ីវិល​និង​រដ្ឋាភិបាល​រួមគ្នា​បង្កើត​កម្មវិធី​ទូរសព្ទដៃ​ឱ្យ​ពលរដ្ឋ​រិះគន់​កែលម្អ​សេវា​ថ្នាក់ក្រោមជាតិ

ប្រធានអង្គការតម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ផ្ដល់បទសម្ភាសន៍អំពីកម្មវិធីទូរសព្ទដែលមានឈ្មោះថា «មតិយើង» ក្នុងពិធីផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តសាកល្បង «កម្មវិធីទូរសព្ទដៃសម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ អំពីការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ» នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សង្គមស៊ីវិល និងរដ្ឋាភិបាល បានសហការគ្នាបង្កើតកម្មវិធីទូរសព្ទដៃ ឬ App ដែលមានឈ្មោះថា «មតិយើង» ដើម្បីឱ្យពលរដ្ឋបញ្ចេញមតិ រិះគន់ កែលម្អ លើការផ្ដល់សេវា ឬអាកប្បកិរិយាខ្វះខាតរបស់មន្ត្រីមូលដ្ឋាន ជាពិសេសអំពើពុករលួយ ដោយរក្សាការសម្ងាត់ និងលាក់អត្តសញ្ញាណអ្នករាយការណ៍។

ការសហការនេះត្រូវបានប្រកាសក្នុងពិធីផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តសាកល្បង «កម្មវិធីទូរសព្ទដៃសម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ អំពីការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ» នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ។

ប្រធានអង្គការតម្លាភាព​កម្ពុជា លោក ប៉ិច ពិសី លើកឡើងថា គោលបំណងនៃការបង្កើត App នេះ គឺដើម្បីលើកកម្ពស់សេវាសាធារណៈឱ្យកាន់តែប្រសើរ តាមរយៈការលើកទឹកចិត្តឱ្យពលរដ្ឋផ្ដល់ព័ត៌មានតាមកម្មវិធីទូរសព្ទដៃ ការដាក់ពាក្យបណ្ដឹង ក៏ដូចជាការឆ្លងឆ្លើយនូវបញ្ហាផ្សេងៗ។

លោកថា៖ «បញ្ហាផ្សេងៗ ឧទាហរណ៍ថា ពលរដ្ឋគាត់ត្រូវបានគេបង្ខំឱ្យបង់លុយបន្ថែមក្រៅសេវា ក្រៅចំនួនថវិកាដែលកំណត់ដោយរដ្ឋ គឺពលរដ្ឋអាចមានសិទ្ធិប្ដឹង។ កាលណាពលរដ្ឋចង់ដឹងព័ត៌មានអំពីសេវាផ្សេងៗ អំពីពេលវេលានីតិវិធី នៃការទទួលសេវាផ្សេងៗ គាត់អាចសាកសួរបាន ហើយគាត់មិនចាំបាច់មកការិយាល័យផ្ទាល់ទេ»។

បើតាមលោក ពិសី ការរាយការណ៍ពីសំណាក់ពលរដ្ឋ គឺមានសារៈសំខាន់ ដោយសារពលរដ្ឋផ្ទាល់ជាអ្នករស់នៅប្រឈមនូវស្ថានភាពតាមមូលដ្ឋាន ខណៈមានតែពួកគាត់ទេដែលដឹងថានៅមានខ្វះខាតអ្វី ហើយចង់ទាមទារអ្វី ដើម្បីឆ្លើយតបនឹងកង្វល់របស់ខ្លួន។

មន្ត្រីសង្គមស៊ីវិលរូបនេះថា App មួយនេះអាចកាត់បន្ថយនូវឧបសគ្គជាច្រើនរបស់ពលរដ្ឋ ដូចជា សម្រួលដល់អ្នកដែលមិនហ៊ានរាយការណ៍ផ្ទាល់ ព្រោះបារម្ភខ្លាចអាជ្ញាធរស្គាល់អត្តសញ្ញាណ និងមិនមានពេលវេលាទៅរាយការណ៍នៅការិយាល័យ​ផ្ទាល់ជាដើម។ លោកថា ក្នុងនោះ ពលរដ្ឋអាចចុះឈ្មោះប្រើ App ដោយមិនបាច់បញ្ជាក់អត្តសញ្ញាណ ហើយផ្ដោតលើភាពសម្ងាត់ជាចម្បងដោយប្រើលេខកូដ។

ប្រធានគ្រប់គ្រងគម្រោងសាលាអភិបាលកិច្ច នៃអង្គការតម្លាភាព ដែលសម្របសម្រួលលើកិច្ចការនេះជាមួយក្រសួងមហាផ្ទៃ លោក ឈាវ ណាក់ ថ្លែងថា App នេះត្រូវបានដាក់ឱ្យប្រើសាកល្បងចាប់ផ្ដើមពីថ្ងៃនេះតែម្ដង នៅរាជធានីភ្នំពេញ និងខេត្ត៨ទៀត ដូចជា ខេត្តសៀមរាប កំពង់ចាម កំពត រតនគិរី កំពង់ធំ ជាដើម។ ក្នុងនោះ ស្ថាប័នពាក់ព័ន្ធបានពិចារណា និងសម្រេចចិត្តជ្រើសយកទីតាំងនៅប្រជុំជនសិន។

លោកថា៖ «ជាមូលដ្ឋាន គេយកនៅតាមតំបន់ទីប្រជុំជន [សាកល្បងកម្មវិធី App នេះ] សិន ដោយសារគិតថា អ្នកដែលមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា ផ្នែកបច្ចេកវិទ្យាថ្មី ព័ត៌មានហ្នឹង អាចប្រើប្រាស់កម្មវិធីហ្នឹងបានល្អប្រសើរជាងយើងយកតំបន់នៅឆ្ងាយ​ ដាច់ស្រយាល ឬក៏មិនទាន់មាន [បច្ចេកវិទ្យា] ជាពិសេសនៅទីប្រជុំជន មានអ៊ីនធឺណិតសម្រាប់ប្រើប្រាស់កម្មវិធីហ្នឹងបានល្អប្រសើជាងនៅតំបន់ឆ្ងាយអ៊ីចឹង»។

តំណាងអង្គការអាក់សិនអេដ (ACTIONAID) លោក ស៊ីយ៉ុន សុធារិទ្ធ បញ្ជាក់ថា កម្មវិធីទូរសព្ទនេះមានសារៈសំខាន់សម្រាប់ការរួមចំណែករបស់ពលរដ្ឋ លើកកម្ពស់សេវាសាធារណៈមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានកាន់តែ​សកម្មជាងមុន។

ការបង្កើត App នេះ ក្រោយមើលឃើញថា ការចូលរួមរបស់ពលរដ្ឋក្នុងការផ្ដល់យោបល់ រាយការណ៍ពីភាពអសកម្ម និងកង្វះខាតរបស់អាជ្ញាធរមូលដ្ឋាន នៅមានកម្រិតនៅឡើយ។

លោកថា៖ « App មួយនេះ គឺបានន័យថា ប្រជាពលរដ្ឋគាត់អាចផ្ដល់មតិយោបល់តាមរយៈហ្នឹង មិនចាំបាច់ទៅផ្ដល់កន្លែងដែលគាត់ទទួលសេវាហ្នឹងទេ បានន័យថា គាត់ផ្ដល់កន្លែងណាក៏បានដែរ។ ហើយនៅក្នុង App នេះ សឹងតែមិនបាច់ប្រាប់ថាគាត់ជានរណាផង។ អ៊ីចឹងគោលដៅសំខាន់កន្លែងនេះ គឺព័ត៌មាន ដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់សេវាសាធារណៈ។ អ៊ីចឹងខ្ញុំគិតថា វាមានសារៈសំខាន់ណាស់ដែលបានព័ត៌មានពិតពីប្រជាជន»។

ប្រធាននាយកដ្ឋានមុខងារ និងធនធាន ក្រសួងមហាផ្ទៃ លោក បួន ហេង អះអាងថា ការសហការជាមួយម្ចាស់ជំនួយនិងសង្គមស៊ីវិលបែបនេះ គឺចង់ឱ្យមានបច្ចេកវិទ្យាទំនើបសម្រាប់ពលរដ្ឋកាន់តែងាយស្រួលដើម្បីរាយការណ៍ពីបញ្ហានៅមូលដ្ឋាន ពោលគឺដើម្បីឱ្យពលរដ្ឋមានជម្រើស ដូចជា ចង់ទៅរាយការណ៍ផ្ទាល់ក៏បាន ឬតាមប្រព័ន្ធអនឡាញក៏បាន។

យ៉ាងណា លោកថា ការរាយការណ៍នេះ គឺផ្ដោតតែសេវារដ្ឋបាលដែលជាតម្រូវការចាំបាច់នៅមូលដ្ឋាន ដូចជា សេវាលិខិតស្នាមនានាប៉ុណ្ណោះ។

ប្រធាននាយកដ្ឋានមុខងារ និងធនធាន ក្រសួងមហាផ្ទៃ លោក បួន ហេង ផ្ដល់បទសម្ភាសន៍អំពីកម្មវិធីទូរសព្ទដែលមានឈ្មោះថា «មតិយើង» ក្នុងពិធីផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តសាកល្បង «កម្មវិធីទូរសព្ទដៃសម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ អំពីការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ» នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
ប្រធាននាយកដ្ឋានមុខងារ និងធនធាន ក្រសួងមហាផ្ទៃ លោក បួន ហេង ផ្ដល់បទសម្ភាសន៍អំពីកម្មវិធីទូរសព្ទដែលមានឈ្មោះថា «មតិយើង» ក្នុងពិធីផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តសាកល្បង «កម្មវិធីទូរសព្ទដៃសម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ អំពីការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ» នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកថា៖ «ប្រជាពលរដ្ឋ កុំឱ្យគាត់មានការយល់ច្រឡំថា គ្រប់ពាក្យបណ្ដឹងទាំងអស់ គាត់ត្រូវដាក់តាមហ្នឹងទាំងអស់ ពីព្រោះវាមានយន្តការផ្សេងៗគ្នា។ អ៊ីចឹងយើងផ្ដោតទៅលើសេវា ដែលជាការផ្ដល់ដោយយន្តការច្រកចេញចូលតែមួយ នេះរឿងសំខាន់។ រឿងទី២ គឺអាកប្បកិរិយាមន្ត្រីរបស់យើងនៅក្នុងការផ្ដល់សេវាទាំងហ្នឹង។ ហើយបណ្ដឹងទៅសមត្ថកិច្ចណាខ្លះដែលត្រូវដោះស្រាយបាន ក៏មានព័ត៌មាននៅក្នុង App ហ្នឹងដែរ។ អ៊ីចឹងទាមទារឱ្យប្រជាពលរដ្ឋរបស់យើងហ្នឹង គាត់សិក្សាស្វែងយល់ខ្លួនឯងដែរ»។

ពលរដ្ឋដែលចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ ឬ App នេះ កញ្ញា សួន សុរី ចាត់ទុកថា ការបង្កើត App នេះបានផ្ដល់ប្រយោជន៍ដល់នាង និងពលរដ្ឋផ្សេងទៀត ដើម្បីបានស្វែងយល់ ក៏ដូចជារាយការណ៍ពីកង្វះខាតនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

កញ្ញា សុរី ថា៖ «ពិតជាមានសារៈសំខាន់មែនទែន ដែលប្រជាពលរដ្ឋគួរតែបន្លឺសំឡេងរបស់គាត់។ បើសិនជាពួកគាត់អត់បានបន្លឺឡើងនូវសំឡេងរបស់គាត់ ដែលគាត់ទទួលរងនូវកង្វះខាតផ្សេងៗទាក់ទងជាមួយសេវាសាធារណៈ នឹងធ្វើឱ្យអាជ្ញាធរដែនដី ឬក៏រដ្ឋាភិបាល មិនបានដឹងអំពីកង្វះខាតរបស់ប្រជាជន ធ្វើឱ្យភាពសហការ ក៏ដូចជាការអនុវត្តនៅក្នុងប្រទេសរបស់យើងហ្នឹងវាមានភាពយឺតយ៉ាវទៅតាមការដែលរាជរដ្ឋាភិបាលហ្នឹងអត់ដឹងពីអ្វីដែលប្រជាពលរដ្ឋខ្លួនឯងចង់បាន»។

យុវតីរូបនេះចង់ឃើញពលរដ្ឋមានភាពសកម្មនៅក្នុងការរាយការណ៍ពីភាពខ្វះខាតនៅតាមមូលដ្ឋាន ដើម្បីឱ្យមានតម្លាភាព គណនេយ្យភាព និងជំរុញឱ្យអាជ្ញាធរមានការទទួលខុសត្រូវលើកាតព្វកិច្ចរបស់ខ្លួន។

កិច្ចសហការរវាងសង្គមស៊ីវិលនិងរដ្ឋាភិបាលនេះ ធ្វើឡើងក្រោមជំនួយពីសហភាពអឺរ៉ុប និងស៊ុយអែត ក្នុងគោលបំណងចូលរួមបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដោយធ្វើយ៉ាងណាឱ្យពលរដ្ឋអាចដាក់ពាក្យបណ្ដឹង សួរព័ត៌មាន ចូលរួមផ្ដល់មតិយោបល់ផ្សេងៗ ជាពិសេសបញ្ហាពាក់ព័ន្ធនឹងអំពើពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ