មេធាវី​ការពារក្ដី​ឱ្យ​អតីត​ស្ថាបនិក​គណបក្ស​បេះដូងជាតិ​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​ការឃុំខ្លួន

លោក សៀម ភ្លុក និងមេធាវី ជូង ជូងី ធ្វើដំណើរចាកចេញពីតុលាការកំពូល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (អ៊ូច សូនី)

មេធាវីការពារក្ដីឱ្យ​អតីត​​ស្ថាប​និក​គណបក្សបេះដូងជាតិ បានដាក់បណ្ដឹង​​​ឧទ្ធរ​​ណ៍​រួ​ចរាល់ហើយ តវ៉ា​ការ​ឃុំខ្លួន ដើម្បី​ស្នើ​តុលាការថ្នាក់កណ្ដាលនេះដោះ​​លែង​​​​​​​​កូន​ក្ដីរបស់ខ្លួនឱ្យ​មានសេរីភាពវិញ។

លោក ជូង ជូងី ដែលជាមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ សៀម ភ្លុក អតីត​ស្ថាប​និក​គណបក្ស​បេះដូងជាតិ បាន​ប្រាប់​ វីអូឌី​ នៅ​​ថ្ងៃ​​​ព្រហស្បតិ៍នេះ​ថា ក្រោយ​ពី​បាន​ជួប​កូន​ក្ដីនៅ​ក្នុង​ពន្ធនា​គាររួ​​ចមក លោកបាន​ដាក់​​បណ្ដឹង​​​ឧទ្ធរណ៍រួចហើយ កាលពីថ្ងៃសុក្រ​ សប្ដាហ៍មុន ដើម្បី​ស្នើ​ដល់​តុលាការ​ដោះលែងកូនក្ដីរបស់លោកឱ្យ​មាន​សេរីភាពវិញ។ លោកបន្តថា ក្រឡា​​​បញ្ជី​​ នៃ​​សា​​​លា​​ដំបូង​​​​រាជធានីភ្នំពេញ ទើបឆ្លើយតបមក​លោកនៅព្រឹកថ្ងៃទី៥ ខែ​ឧសភា​នេះ​ថា បណ្ដឹង​​​​នេះ ​​​តុលា​ការ​​នឹងបញ្ជូនទៅឧទ្ធរណ៍ឆាប់ៗ​នេះ ក្រោយពីពិនិត្យរួចរាល់។

បើតាមលោកមេធាវី ជូង ជូងី យល់​ឃើញថា នេះជាភាពយឺតយ៉ាវមួយរបស់តុលាការ​​ក្រុង​​​ភ្នំពេញ ដែលមកដល់ពេលនេះ មានរយៈពេលជិត១អាទិត្យទៅហើយ តែបណ្ដឹងរបស់លោក តុ​លា​​ការនៅ​មិនទាន់បានចាត់ការនៅឡើយ។

លោកបន្តថា៖ «ព្រឹកមិញនេះ ខ្ញុំបាន​ជួប​ក្រឡា​បញ្ជី​ដែលកាន់​រឿង​ហ្នឹង​ហើយ ​ខ្ញុំសុំ​ឱ្យគាត់​ឆាប់​បញ្ជូន​ទៅ​ឧទ្ធរណ៍ ហើយ​​គាត់​​ឆ្លើយ​តប​ថា គាត់កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅ។ ហើយខ្ញុំដូចជា​ចាប់អារម្មណ៍​ហាក់​ដូច​ជា​យឺតយ៉ាវ​ ព្រោះ​ថ្ងៃ​នេះ គឺជាថ្ងៃព្រហស្បតិ៍​ទៅ​​ហើយ គឺជិត១សប្ដាហ៍ទៅ​​ហើយ ​​​​គាត់អត់ទាន់បញ្ជូនទៅ! ព្រោះរឿងហ្នឹង​បណ្ដឹង​ត្រូវ​បញ្ជូន​ទៅ​ភ្លាមៗ ហើយចាត់ការភ្លាមៗ ​​ពាក់​​​​​ព័ន្ធការឃុំខ្លួនអ៊ីចឹង»។

លោក សៀម ភ្លុក ត្រូវបានតុលាការចោទ​​​ប្រកាន់​​​ពី​​បទ ​«ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង» កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ និង​ត្រូវបានសមត្ថកិច្ច​​ចាប់​ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅ​ពន្ធនាគារ​ព្រៃស​ភ្លាមៗ​នៅ​ថ្ងៃដដែល​នោះ។ នេះបើតាម​​ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា។

តុលាការកំពូល កាលពីខែធ្នូ ឆ្នាំ២០២១ បើកសវនាការលើ​​បណ្ដឹង​​ទាស់របស់លោក សៀម ភ្លុក ប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលបដិ​​សេធ​​មិន​​​ចុះបញ្ជី​ឱ្យ​គណបក្ស​ថ្មី​ថ្មោង​មួយ​នេះក្លាយជា​គណបក្ស​ស្របច្បាប់។ ទន្ទឹមនឹងនេះ តុលា​កា​​រ​​​កំពូលក៏បាន​តម្កល់​សេចក្ដីសម្រេច​របស់​ក្រសួង​មហាផ្ទៃដែលច្រានចោលការចុះបញ្ជីនេះ ទុក​​ជា​​បាន​ការ។

វីអូឌី មិន​អាច​ស្នើសុំការបញ្ជាក់ជុំវិញរឿងនេះពីអ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ​បាន​​​​នៅឡើយទេ នៅថ្ងៃព្រហស្បតិ៍​នេះ។

លោក សៀម ភ្លុក ត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការក្លែងស្នាមមេដៃ ដើម្បីបង្កើត​​គណ​​​បក្ស​​បេះដូងជាតិ កាលពីខែ​មិថុនា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ ​លោក ស ខេង ផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែ​វិច្ឆិកា ឆ្នាំ​២០២១។

របាយការណ៍ដដែលបង្ហាញថា លោក ស ខេង បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវ​​​ស្រាវ​​​ជ្រាវ​​​​​រក​​បុគ្គល​​​​ដែល​មាន​​ចេត​​នា​​ទុច្ច​​​រិត ក្នុងការផ្ដិតមេដៃជំនួស និងការ​​ក្លែ​ង​​អត្ត​សញ្ញាណ​​​បុគ្គល ​​​​ជា​​​​​ដើម។

ចំណែកលោក សៀម ភ្លុក ធ្លាប់ប្រាប់​វីអូឌី​ថា បើស្ថិតក្នុងមន្ទិលសង្ស័យ​​ស្នាម​​មេ​​​​ដៃ​​ក្លែង​​ក្លាយ និងស្នាមមេដៃខូច​​គុណ​​​ភាព ឬមានស្នាម​មេដៃ​​ស្ទួនមែន ក្រសួងមហាផ្ទៃអាច​​មាន​​សិទ្ធិ​​​​បដិ​សេធឬ​​​ទាត់​​​​​​ចោលបាន ដោយ​មិនត្រូវចាត់​​ទុកស្នាម​​មេ​ដៃទាំងនោះ ​​ប្រែក្លាយ​​ទៅ​​​​ជាបទល្មើស​​​ព្រហ្ម​​ទណ្ឌនោះ​ទេ។

អ្នកសម្រប​សម្រួល​គម្រោង​បង្កើន​ការ​គោរព​សិទ្ធិ​មនុស្សនៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិ​​មនុស្ស​​កម្ពុ​​​ជា (CCHR) លោក រស់ សារ៉ាត់ លើកឡើងថា នឹង​​​ធ្វើឱ្យ​​​ប៉ះ​​​ពាល់​​​​​ទៅ​​​លើ​សិទ្ធិសេរីភាពរបស់ពួកគេ ជាពិសេសសិទ្ធិទទួលបានការជំនុំជម្រះដោយ​ឆាប់​រហ័ស​​ និង​​​សេ​​រី​​ភាព​​​នៃការដើរហើរ ជាដើម។

បើតាមលោក រស់ សារ៉ាត់ បើទោះជាជនសង្ស័យចេញពីប្រភពណាមួយ​ក៏ដោយ តុលាការក្នុង​​នាម​​ជា​​អ្នកផ្ដល់នូវយុត្តិធម៌សង្គម ត្រូវអនុវត្តនូវគោលការណ៍ នីតិ​​វិធី និងគតិយុត្តដទៃទៀត ដើម្បី​​ធា​​​​នា​ថា ជនសង្ស័យ ឬជនជាប់ចោទ អាចនឹងទទួលបាន​​នូវ​​យុត្តិ​​ធម៌​​ដោយស្មើភាពគ្នានៅ​ចំពោះ​​​មុខ​​​ច្បាប់​។

លោកបន្តថា៖ «ជនជាប់ចោទ គាត់មាននិន្នាការមកពីគណបក្សណាក៏ដោយ មិនថាប្រឆាំង ឬមក​​ពី​​គ​​ណ​បក្ស​​​ប្រជា​ជន​កម្ពុជា​ក៏​ដោយ តុលាការត្រូវតែផ្ដល់​យុត្តិធម៌ដល់គាត់ ដើម្បីធា​​នាថា ប្រ​ទេស​​កម្ពុ​​​ជា​​​​​យើង​គឺ​ជា​ប្រទេស​ដែល​មាន​នីតិ​រដ្ឋ​ពិត​ប្រាកដ»។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ​ដែលជាច្បាប់កំពូលរបស់ជាតិ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមាន​​សិទ្ធិ​​ចូល​​​​​រួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់​​ប្រទេស​ជាតិ។

ដោយ​ឡែក ច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា​៩ ចែង​ថា ប្រជាពលរដ្ឋខ្មែរ​​ចំនួន​​​យ៉ាង​តិច៨​​​០​នាក់ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ ហើយដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុង​​ប្រទេស​កម្ពុជា មា​​ន​​​​សិទ្ធិផ្ដើមបង្កើតគណបក្សនយោបាយមួយបាន ដោយគ្រាន់តែជូនដំណឹងជា​​លាយ​​លក្ខណ៍អក្ស​​រ​​ទៅ​​​ក្រ​សួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរវិញថាបាន​​ទ​ទួ​​ល​​​​សេ​ចក្ដីជូនដំណឹងនេះ ក្នុងរយៈ​​ពេលយ៉ាងយូរ១៥ថ្ងៃ។ បើហួស​ការ​កំណត់​១៥​ថ្ងៃ​នេះ ត្រូវ​ចាត់​​ទុក​ថា​​​​បា​ន​​ទទួលសេចក្ដីជូន​​ដំ​ណឹង​​​​​នេះហើយ៕

កែតម្រូវ៖ «អ្នកសម្រប​សម្រួល​គម្រោង​បង្កើន​ការ​គោរព​សិទ្ធិ​មនុស្សនៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិ​​មនុស្ស​​កម្ពុ​​​ជា (CCHR) លោក រស់ សារ៉ាត់ ចាត់ទុក​ការឃុំខ្លួនជនណាម្នាក់ ប្រាកដណាស់ថា​នឹង​​​ធ្វើឱ្យ​​​ប៉ះ​​​ពាល់​​​​​ទៅ​​​លើ​សិទ្ធិសេរីភាពរបស់ពួកគេ ជាពិសេសសិទ្ធិទទួលបានការជំនុំជម្រះដោយ​ឆាប់​រហ័ស​​ និង​​​សេ​​រី​​ភាព​​​នៃការដើរហើរ ជាដើម។» ទៅជា «អ្នកសម្រប​សម្រួល​គម្រោង​បង្កើន​ការ​គោរព​សិទ្ធិ​មនុស្សនៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិ​​មនុស្ស​​កម្ពុ​​​ជា (CCHR) លោក រស់ សារ៉ាត់ លើកឡើងថា នឹង​​​ធ្វើឱ្យ​​​ប៉ះ​​​ពាល់​​​​​ទៅ​​​លើ​សិទ្ធិសេរីភាពរបស់ពួកគេ ជាពិសេសសិទ្ធិទទួលបានការជំនុំជម្រះដោយ​ឆាប់​រហ័ស​​ និង​​​សេ​​រី​​ភាព​​​នៃការដើរហើរ ជាដើម។»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ