ដីជិត​១ពាន់ហិកតា​នៅ​ភ្នំតាម៉ៅ​ត្រូវបាន​ស្នើ​កាត់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ការ​អភិវឌ្ឍ

បុរសអ្នកថែទាំសត្វម្នាក់ កំពុងយកចំណីទៅឱ្យសត្វតោដែលត្រូវបានជនជាតិចិនចិញ្ចឹមតាំងពីតូច អំឡុងពេលរស់នៅក្រោមការមើលថែពីមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ (ហ៊ន ថូវ៉ាន)

ទីតាំងដី១ពាន់ហិកតារបស់ភ្នំតាម៉ៅ ស្ថិតក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបានទីស្ដីការគណៈរដ្ឋមន្ត្រីស្នើសុំកាត់ទៅឱ្យក្រុមហ៊ុនឯកជនមួយធ្វើការអភិវឌ្ឍផ្សេង ខណៈអង្គការអន្តរជាតិមួយ និងប្រជាពលរដ្ឋ​​​​​​​បារម្ភពីផលប៉ះពាល់ដល់សត្វព្រៃនៅទីនោះ។

លិខិតចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលវីអូឌីទើបទទួលបាននៅថ្ងៃពុធសប្ដាហ៍នេះ បានឱ្យដឹងថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យមានការដោះដូរដី៣០០ហិកតា របស់ស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ និងដី៥០០ហិកតារបស់រដ្ឋបាលព្រៃឈើភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុន «ខ្មែរ ហ្វ្រេស មីល ឯ.ក» ហើយអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិឱ្យក្រុមហ៊ុន និងដៃគូសហការ មុនធ្វើការអភិវឌ្ឍ។

លិខិតដដែលនេះបញ្ជាក់ថា ដី៣០០ហិកតារបស់ស្ថានីយចញ្ចឹមគោពូជភ្នំតាម៉ៅ ជាថ្នូរមកវិញ ដោយទទួលបានដីទំហំ៤០០ហិកតានៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានអគាររដ្ឋបាល ទំហំ១១ម៉ែត្រ គុណ ២១ម៉ែត្រ ២ជាន់ ចំនួនមួយខ្នង, អាគារស្នាក់នៅ ទំហំ១៦ម៉ែត្រ គុណ ៣៦ម៉ែត្រ ចំនួន១ខ្នង, ក្រោលគោទំហំ៣២ម៉ែត្រ គុណ ៤៥ម៉ែត្រ ចំនួន២ខ្នង, ឃ្លាំងចំណីសត្វទំហំ១៥ម៉ែត្រ គុណ ២៥ម៉ែត្រ ចំនួន២ខ្នង និងសម្ភារផ្សេងៗទៀត។

ចំណែក៥០០ហិកតារបស់រដ្ឋបាលព្រៃឈើភ្នំតាម៉ៅ ជាថ្នូរមកវិញ ដោយទទួលបានជាការបង្កើតសួនសត្វ Salan Angkor លើផ្ទៃដីទំហំ២៥០ហិកតា ស្ថិតក្នុងស្ថានីយស្ដារ និងអភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី និងស្រុកស្វាយលើខេត្តសៀមរាប រួមមាន ការសាងសង់អគាររដ្ឋបាល អគារចត្តាឡីស័ក អគារព្យាបាលសត្វព្រៃ សាងសង់របងព័ទ្ធជុំវិញ សាងសង់ផ្លូវ និងរៀបចំទីតាំងអភិវឌ្ឍន៍ផ្សេងទៀត។

ប្រភពដដែលបន្តទៀតថា ក្រុមហ៊ុននឹងធ្វើសួនភូតគាមមណ្ឌលគិរី មានផ្ទៃដីជិត ៥ សែនហិកតា (៤៧២,៨០៩) នៅស្រុកអូររាំងខេត្តមណ្ឌលគិរី រួមមាន ការសាងសង់សួនផ្កាទំហំ២០ហិកតា រៀបចំប្រព័ន្ធផ្លូវ ប្រព័ន្ធស្រោចស្រព និងការផ្ដល់ឡានម៉ូតូជាច្រើនគ្រឿងទៀតផង។

លិខិតបន្ថែមថា ក្រុមហ៊ុននឹងរៀបចំផ្ដល់ដីកម្មសិទ្ធិឯកជនទំហំ៩,៨ហិកតា ស្ថិតនៅភូមិត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលអាចសង់ផ្ទះស្នាក់នៅអចិន្ត្រៃយ៍ជូនមន្ត្រី បុគ្គលិក និងកម្មករចំនួន៨៥នាក់នៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

វីអូឌី មិនសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្តតាកែវ លោក អ៊ូច ភា បានទេ ពាក់ព័ន្ធករណីនេះ។ ចំណែកនាយករដ្ឋបាលខេត្តលោក មាស អ៊ុយ ទទួលស្គាល់ថា ពិតជាមានការស្នើសុំដោះដូរដីភ្នំតាម៉ៅពិតមែន ដោយមានការប្រជុំសម្រេចពីអាជ្ញាធរពាក់ព័ន្ធ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ ប៉ុន្តែលោកមិនដឹងថា ការដោះដូរនោះជាមួយក្រុមហ៊ុនណាខ្លះនោះទេ ដោយថា លោកមិនបានចូលរួមក្នុងកិច្ចប្រជុំនេះ។

លោកបន្ថែមថា៖ «រឿងនេះ វាពាក់ព័ន្ធជាមួយក្រសួងកសិកម្មខ្លាំង យើងជាម្ចាស់ស្រុកគ្រាន់តែមានចូលរួមប្រជុំជាមួយក្រសួងកសិកម្មដែរ។ តែខ្ញុំអត់ដឹងថាក្រុមហ៊ុនណាដែរ។ អ្នកដែលគេចូល ប្រហែលជាគេដឹង។ បើខ្ញុំៗអត់ដឹងដែរ ព្រោះអត់បានចូលរួមប្រជុំហ្នឹងដែរ»

ចំណែកប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ​ខេត្តតាកែវ លោក ញិប ស្រ៊ន និង​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ លោក វេង សាខុន ទូរសព្ទចូល គ្មានអ្នកទទួល។

ចៅអធិការនៅអាស្រមថ្មអន្ទោង ស្ថិតក្នុងតំបន់ភ្នំតាម៉ៅ ព្រះតេជព្រះគុណ សុទ ផល្លី មានសង្ឃដីកាថា តាមព័ត៌មានដែលព្រះអង្គទទួលបាន គឺដីនៅតំបន់ភ្នំតាម៉ៅនោះ មួយផ្នែកគ្រោងបែងចែកទៅឱ្យក្រុមហ៊ុនឧកញ៉ាលោក ឡេង ណាវ៉ាត្រា និងមួយផ្នែកគ្រោងឱ្យទៅក្រុមហ៊ុន ជីបម៉ុង។

ព្រះអង្គមានសង្ឃដីកាបន្តថា ព្រះអង្គបារម្ភពីការបាត់បង់ព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់ភ្នំតាម៉ៅ ក្រោយទទួលបានព័ត៌មានជុំវិញគម្រោងដោះដូរភ្នំតាម៉ៅនេះ។

ព្រះអង្គមានសង្ឃដីកាថា៖ «ព័ត៌មានដែលយើងដឹងហ្នឹង វា៣ខែហើយ! ប្លង់គេកាត់ឱ្យលោក ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុន ជីបម៉ុង ហ្នឹងមែន។ គេចង់ឈូសឆាយ អ៊ីចឹងយើងព្រួយបារម្ភដែរ។ ចិត្តយើងហ្នឹងវាស្មុគស្មាញ។ យើងខំការពារសត្វព្រៃ និងព្រៃឈើនៅទីនេះឱ្យមានក្ដីសុខច្រើនឆ្នាំ ដល់ឮគេថាគ្រោងឈូសឆាយ យើងស្ដាយព្រៃឈើ និងសត្វព្រៃ»

អ្នកប្រកបរបរលក់បាយម្ហូបនៅក្នុងសួនសត្វភ្នំតាម៉ៅ អ្នកស្រី ឡេង ផល្លី និយាយថា អ្នកស្រីទទួលបានព័ត៌មានខ្លះៗជុំវិញគម្រោងដោះដូរដីសួនសត្វភ្នំតាម៉ៅនេះ។ អ្នកស្រីបន្តថា អ្នកស្រីមិនចង់ឱ្យមានការដោះដូរឬឈូសឆាយដីនៅតំបន់ភ្នំតាម៉ៅនេះទេ ដោយបារម្ភពីការបាត់បង់មុខរបររកស៊ី និងការអាស្រ័យផលពីព្រៃក្នុងតំបន់ភ្នំតាម៉ៅ ដូចជា រកឧស និងបន្លែ ជាដើម។

អ្នកស្រីបន្ថែមថា ៖«យើងមានការព្រួយបារម្ភ ប៉ុន្តែយើងមិនដឹងជាធ្វើយ៉ាងម៉េច។ ឥលូវយើងមានព្រៃ មានសត្វ នៅក្នុងហ្នឹង យើងមានអារម្មណ៍សប្បាយ អាចចូលមកលក់ដូរនៅទីនេះ។ ប្រជាជនច្រើនដែលមានជីវភាពធូរធារដោយសារកន្លែងនេះ    ខណៈពីមុន គ្នាអត់ណាស់ ដល់ពេល[មានដំណើរការ]ទេសចរណ៍ [យើងអាច]លក់ដូរ អ៊ីចឹងយើងមានជីវភាពធូរធារជាងមុន»

នាយកកម្មវិធីនៅអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance )​ លោក នីច ម៉ាក (Nick Marx) មានប្រសាសន៍ថា ភ្នំតាម៉ៅទំហំ២ ៣០០ហិកតា ក្នុងនោះ ៤០០ហិកតាជាកន្លែងសួនសត្វ។ លោកថា ភ្នំតាម៉ៅមានសត្វព្រៃជាច្រើន និងច្រើនប្រភេទកំពុងរស់នៅ ការបង្កកំណើត និងជួយសង្គ្រោះ ដោយសារព្រៃឈើនៅជុំវិញភ្នំមួយនេះជាកន្លែងល្អសម្រាប់សត្វព្រៃរស់នៅ។

 លោក នីច ម៉ាក បន្តថា តំបន់ភ្នំតាម៉ៅក៏ជាកន្លែងល្អមួយនៅជិតរាជធានីភ្នំពេញ សម្រាប់ប្រជាពលរដ្ឋទៅលេងកម្សាន្ត ឬសម្រាកលំហែកាយ និងទស្សនាសត្វព្រៃនៅទីនោះផងដែរ។

បើតាមអ្នក​ជំនាញ​អភិរក្ស​សត្វព្រៃរូបនេះ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ លោកបានចេញវីដេអូមួយដោយអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យពិចារណាឡើងវិញចំពោះការដោះដូរតំបន់ភ្នំតាម៉ៅទៅឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍ដោយលោកបារម្ភពីផលប៉ះពាល់ និងការបាត់បង់សត្វព្រៃនៅតំបន់នេះ។

លោកបន្ថែមថា៖ «បានសុំសម្ដេច ហ៊ុន សែន សុំឱ្យប្ដូរគំនិតឈូសឆាយព្រៃភ្នំតាម៉ៅនេះ ព្រោះវាមានសត្វព្រៃច្រើនប្រភេទរស់នៅភ្នំតាម៉ៅ និងព្រៃជុំវិញភ្នំតាម៉ៅជាកន្លែងល្អសម្រាប់សត្វព្រៃនៅក្នុងព្រៃ ជាកន្លែងសត្វព្រៃដែលយើងដោះលែងខ្លះ និងជាកន្លែងល្អសម្រាប់ប្រជាជនទៅសម្រាក អត់មានកន្លែងផ្សេងទៀតដែលល្អនៅជិតភ្នំពេញ ដែលជាកន្លែងធម្មជាតិដូចនៅទីនេះ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ