ក្រុមហ៊ុនចែកចាយសេវាអ៊ីនធឺណិត Opennet បានផ្ទេរអតិថិជនរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង គ្រប់គ្រងចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសក្ស័យធន និងជាប់បំណុលរដ្ឋជាង៦លានដុល្លារអាមេរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អភិបាលបណ្ដោះអាសន្ននៃក្រុមហ៊ុន King Technologies (Opennet) នៅថ្ងៃទី៥ ខែឧសភានេះ បានបញ្ជាក់ថា អតិថិជនទាំងអស់របស់កូនបំណុលក្រុមហ៊ុន King Technologies (Opennet) ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ។
សេចក្តីសម្រេចនេះបានយោងលើកិច្ចព្រមព្រៀងរវាងអភិបាលបណ្ដោះអាសន្ននៃក្រុមហ៊ុន King Technologies និងក្រុមហ៊ុន Ezecom នៅថ្ងៃទី៥ ខែឧសភានេះ និងយោងតាមសេចក្តីសម្រេចបើកសំណុំរឿងក្ស័យធនរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះបិទក្រុមហ៊ុន King Technologies (Opennet) ជាបណ្ដោះអាសន្នកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីក្រុមហ៊ុនដែលផ្ដល់សេវាអ៊ីនធឺណិតនៅកម្ពុជាដ៏ធំមួយនេះមិនព្រមចូលទៅទូទាត់បំណុលប្រមាណជា ៦,៦លានដុល្លារអាមេរិក។
ក្រសួងបានរកឃើញថា ក្រុមហ៊ុន King Technologies (Opennet) បានជំពាក់បំណុលរដ្ឋជាង៦លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ និងជំពាក់ប្រាក់វិភាគទានបន្ថែមចូលមូលនិធិ USO និង CBRD សរុបជាង១លាន៨សែនដុល្លារអាមេរិក ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០៕