ជនជាតិ​វៀតណាម​២០០នាក់​ត្រូវបាន​បញ្ជូន​យ៉ាង​អាថ៌កំបាំង​ចេញ​ពី​អគារ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បើក​ប្រតិបត្តិការ​មួយ​នៅ​ទីតាំងអគារ «ជីងកាង» ក្នុង​ខេត្ត​ព្រះសីហនុ ​ដោយអះអាងថា ពួកគេអនុវត្តវិធានការ​រដ្ឋបាល​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ (ម៉ិច ដារ៉ា)

អាជ្ញាធរ​កម្ពុជា ​​កាលពី​សប្ដាហ៍​មុន ​បានបើក​ប្រតិបត្តិការ​មួយ​នៅ​ទីតាំងអគារ «ជីងកាង» ក្នុង​ខេត្ត​ព្រះសីហនុ ​ដោយអះអាងថា ពួកគេអនុវត្តវិធានការ​រដ្ឋបាល​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់។

ប៉ុន្តែអស់រយៈពេលជាងមួយសប្ដាហ៍មកនេះ វីដេអូជាច្រើនត្រូវបានបែកធ្លាយចេញពីអ្នកដែលស្នាក់នៅក្នុងទីតាំងខាងលើដោយពួកគេហាក់បង្ហាញជាក្ដីសង្ឃឹមថាខ្លួននឹងមានសេរីភាពក្នុងពេលឆាប់ៗនេះ។

យោងតាមវីដេអូដកស្រង់ចេញពីអ្នកប្រើប្រាស់មួយនៃបណ្ដាញ​សង្គម​ទីកតុក (TikTok) ជា​ភាសា​វៀតណាម បានរៀបរាប់ថា៖​ «លា​ហើយក្រុងព្រះសីហនុ​ យើងលែងបាន​ជួប​គ្នា​ទៀតហើយ»។

វីដេអូមួយផ្សេងទៀតនៃអ្នកប្រើបណ្ដាញ​សង្គមដដែលបានឱ្យដឹងដែរថា៖ ​«​រង់ចាំ​ថ្ងៃ​វិលត្រលប់​ [ទៅស្រុកកំណើតវិញ]​»។

អ្នក​បង្ហោះ​វីដេអូ​ខាងលើនេះ​បានបន្ត​ឱ្យដឹងនៅ​ក្នុង​ការ​អត្ថាធិប្បាយ​ថា ពួក​គេ​ត្រូវ​បាន​ចាញ់បោក​ឱ្យ​មក​កាន់ខេត្ត​ព្រះសីហនុ ហើយសមត្ថកិច្ចនិង​ស្ថានទូត​វៀតណាម​បាន​ជួយសង្គ្រោះពួក​គេ។ វីដេអូមួយចំនួនផ្សេងទៀតក៏បានរៀបរាប់ទាក់ទងនឹងការជួយសង្គ្រោះ ដោយពួកគេរំពឹងថា វិធានការនេះអាចនឹងត្រូវបានអនុវត្តនៅទូទាំងទីក្រុងឆ្នេរសមុទ្រមួយនេះ។

ទាក់ទិននឹងករណីនេះ អ្នកសារព័ត៌មានក៏សង្កេតឃើញមានវីដេអូជាច្រើនផ្សេងទៀតជាភាសាវៀតណាម ដែលត្រូវបានបង្ហោះតាំងពីចុងខែមេសា ចេញពីបរិវេណទីតាំងអគារជីងកាងនេះផងដែរ។ នៅ​ក្នុងវីដេអូទាំង​នោះ យើងឃើញមានមនុស្ស​ម្នា​ជាច្រើនបានប្រមូលផ្ដុំគ្នាជាមួយនឹង​អីវ៉ាន់របស់ពួកគេរៀងៗខ្លួន ​ក្រោមការឃ្លាំមើលដោយសមត្ថកិច្ច។

នៅក្នុងវីដេអូមួយដែលដាក់ចំណងជើងថា «សេរីភាពក្នុងពេលឆាប់ៗ» ដែលបានបង្ហោះកាលពីមួយសប្ដាហ៍មុន ក្នុងនោះមានបុរសនិងស្ត្រីរាប់សិបនាក់ត្រូវបានមើលឃើញថា កំពុងតែអង្គុយនៅលើឥដ្ឋ ដោយមានអ្នកខ្លះពាក់ស្បែកជើងផ្ទាត់ និងអ្នកខ្លះជើងទទេ។ នៅក្នុងវីដេអូនោះ យើងក៏សង្កេតឃើញមានមន្ត្រី​ម្នាក់​ក្នុង​ឯកសណ្ឋាន​ពណ៌​បៃតង​ឈរ​ទល់មុខ​ពួកគេផងដែរ ដោយហាក់ដូចជាកំពុងតែធ្វើការណែនាំពីសេចក្ដីជូនដំណឹងអ្វីមួយ។

ម្ចាស់គណនីដែលបង្ហោះ​វីដេអូ​​នោះបានបន្តឱ្យដឹងនៅក្នុង​ការ​អត្ថាធិប្បាយ​ថា ពួកគេ​មិន​ត្រូវបង់ប្រាក់​​ដើម្បី​ជាថ្នូរនឹងការជួយសង្គ្រោះឱ្យចាកចេញឡើយ បន្ទាប់​ពី​សមត្ថកិច្ចចូលមកអន្តរាគមន៍ក្នុងទីតាំងនេះ។

ទោះជាយ៉ាងណា ម្ចាស់គណនីដែលបង្ហោះវីដេអូទាំងនេះ មិនអាចទាក់ទងដើម្បីសុំការអធិប្បាយបន្ថែមតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេបានទេ។

ស្រ្តីម្នាក់ដែលមានតូបនៅក្បែរទីតាំងអគារ ជីងកាង កាលពីសប្ដាហ៍មុន បានប្រាប់ វីអូឌី ឱ្យដឹងថា លោកស្រីនិងប្តីរបស់ខ្លួនកាលពីពេលកន្លងទៅ ធ្លាប់ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងបរិវេណអគារ [ជីងកាង]ខាងលើ ដើម្បីលក់របស់របរមួយចំនួន ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ​ សកម្មភាពនេះត្រូវបានហាមឃាត់បន្តិចម្ដងៗ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មនុស្ស​ដែល​ស្នាក់នៅក្នុងបរិវេណអគារនោះដូចជាមាន​ការ​ផ្លាស់​ប្ដូរពី​ជនជាតិ​ថៃ​ទៅ​ជា​ជនជាតិ​វៀតណាម ខណៈសកម្មភាពនានានៅក្នុងទីតាំងក៏ត្រូវបានរឹតត្បិតកាន់តែខ្លាំងផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងដោយស្ត្រី​ខាងលើ។

ស្ត្រី​រូប​នេះ​បន្ត​អះអាងថា ខ្លួនក៏ធ្លាប់​បាន​ឃើញ​មនុស្សចំនួន៣នាក់ ក្នុងករណីផ្សេងៗគ្នា លោត​ចុះ​ពី​លើអគារ​ គិតចាប់តាំង​ពី​ឆ្នាំ​មុន ដែលករណីចុងក្រោយនេះទើបតែកើតឡើងកាលពី​ខែ​មេសាថ្មីៗនេះ។

ទាក់ទិននឹងសំណួរអំពីករណីមនុស្សធ្លាក់ពីលើអគារទាំងនេះ មន្ត្រីរដ្ឋបាលភូមិមួយរូបបានឱ្យដឹងថា រឿងនេះគឺជាករណីទូទៅដែលកើតឡើងនៅក្នុងតំបន់នេះទៅហើយ ដោយលោកមិនបានបញ្ជាក់លម្អិតថាតើករណីនេះធ្លាប់កើតឡើងនៅអគារ ជីងកាង ឬយ៉ាងណានោះទេ។

យោងតាមការយល់ឃើញដោយប្រភពដដែល ការបញ្ជូនមនុស្សចេញពីអគារនាពេលថ្មីៗនេះ គឺត្រូវបានចាប់ផ្ដើមធ្វើឡើងបន្ទាប់ពីមានករណីមនុស្សរាប់សិបនាក់ប្រដាប់ដោយអាវុធកែច្នៃនៅក្នុងទីតាំងនោះ បានវាយប្រហារលើក្រុមសន្តិសុខរបស់ខ្លួន ដែលបង្កឱ្យមានជាការប៉ះទង្គិចគ្នា។ ទោះជាយ៉ាងណា ករណីនេះ​មិន​អាចសុំការ​បញ្ជាក់​បានពី​អាជ្ញាធរនោះទេ។

ស្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះរូបនេះបន្ថែមថា បើទោះបីជាខ្លួនមិនបានឃើញហេតុការណ៍ខាងលើនេះដោយផ្ទាល់ ប៉ុន្តែខ្លួន​នៅពេលនោះបាន​ជួយ​នាំ​សាច់ញាតិដែលបម្រើការជា​សន្តិសុខ​ទៅកាន់​មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​មើលរបួសផងដែរ។

ស្ត្រី​រូបនេះបន្តថា៖ «នៅ​ពេលដែល​យើង​សួរ​សំណួរ​ច្រើន​ គាត់ [ជនរងគ្រោះជាសន្តិសុខ] ​បានត្រឹម​តែ​ងក់​ក្បាល​ហើយ​យំប៉ុណ្ណោះ​»។

បន្ទាប់ពីមានហេតុការណ៍នោះកើតឡើង ប្រភពដដែលបន្ថែមថា ខ្លួនចាប់ផ្ដើមសង្កេតឃើញមានមនុស្សរាប់រយនាក់បានបង្ហាញខ្លួនចេញពីអគារ ហើយត្រូវបានគេបញ្ជូនចេញពីបរិវេណទីតាំងនោះ។

គួរបញ្ជាក់ថា ទីតាំងនៃអគារនេះមានចម្ងាយប្រមាណជា ២ គីឡូម៉ែត្រ ពីតំបន់​ឆៃណាថោន និងនៅកៀកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ​ឆៃណាថោន គឺជាតំបន់មួយដែលល្បីឈ្មោះទាក់ទងនឹងការប្រព្រឹត្តសកម្មភាពខុសច្បាប់នានា ដែលរួមមានការឃុំឃាំង និងបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ ជាដើម។

ជនរងគ្រោះទាំងឡាយធ្លាប់បានអះអាងថា ពួកគេត្រូវបានចាញ់បោកឱ្យមកធ្វើការនៅកម្ពុជា ហើយត្រូវបានឃុំឃាំងនៅក្នុងអគារ ដោយពួកគេអាចចាកចេញពីទីតាំងបាន លុះត្រាតែបង់ប្រាក់រាប់ពាន់ដុល្លារជាថ្នូរនឹងការដោះលែង។

មន្ត្រីនគរបាលដែលធ្វើការយាមកាមនៅអគារ ជីងកាង បានចង្អុលមកអ្នកកាសែតដែលកំពុងថតសកម្មភាពខាងក្នុងបរិវេណអគារ ជីងកាង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ (ម៉ិច ដារ៉ា)

កាលពីថ្ងៃសុក្រសប្ដាហ៍មុន អ្នកយកព័ត៌មានមួយរូបរបស់ វីអូឌី ក៏ត្រូវបាននាំខ្លួនចូលទៅក្នុងបរិវេណអគារ ជីងកាង និងត្រូវបានប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួនពីបទថតរូបភាពលើផ្លូវសាធារណៈផងដែរ។

ស្ថិតក្នុងបរិវេណអគារនោះ ​អ្នកយកព័ត៌មានខាងលើបានសង្កេតឃើញមាន​មន្ត្រី​ប៉ូលិស​ប្រមាណជា​៥០​នាក់ ដែលភាគច្រើន​មក​ពីខាង​អន្តោប្រវេសន៍ ព្រម​ទាំង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​មួយ​ចំនួនផងដែរ។ ជាមួយគ្នានេះ អ្នកយកព័ត៌មានដដែលក៏ប្រទះឃើញមានមនុស្សប្រមាណជា២០០នាក់ ដែលកំពុងតែរង់ចាំបុរសម្នាក់ពាក់អាវពណ៌សដើម្បីហៅឈ្មោះរបស់ពួកគេ។

ពួកគេទាំងអស់នោះ បន្ទាប់មកបានដើរឆ្ពោះទៅកាន់​ឡានក្រុង​ចំនួន៤គ្រឿង ហើយ​បាន​ចេញពី​បរិវេណ​អគារនៅម៉ោងប្រមាណជា៩ព្រឹក ថ្ងៃដដែល។ មន្ត្រី​អន្តោប្រវេសន៍​មួយរូបនៅពេលនោះបាន​​ប្រាប់ទៅកាន់​មន្ត្រីនានារបស់ខ្លួន​ថា ប្រតិបត្តិការ​ត្រូវបាន​បញ្ចប់ហើយ​។

ទាក់ទិននឹងសំណួរអំពីការបញ្ជូន​ជនជាតិ​វៀតណាមចេញពីបរិវេណទីតាំងនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានធ្វើការបញ្ជាក់យ៉ាងខ្លីថា ប្រតិបត្តិការនេះគឺជាករណីធម្មតា ខណៈសមត្ថកិច្ច​តែងតែ​ធ្វើការ​និរទេស​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ចេញពីប្រទេស។

លោកថា៖ «ពេល​ដែលពួកគេ​មក​ធ្វើ​ការ​ដោយខុស​ច្បាប់ ហើយយើង​​រក​ឃើញពីករណីនេះ ​យើងនឹង​បញ្ជូន​ពួក​គេ​ត្រលប់ទៅវិញ។ ប្រសិន​បើ​យើងរកឃើញថាពួក​គេ​ស្រប​ច្បាប់ យើង​នឹងអនុញ្ញាត​ឱ្យ​ពួក​គេ​បន្ត​ស្នាក់​នៅ។ យើង​កំពុង​តែពិនិត្យ​មើល​ថា​តើពួកគេប៉ុន្មាននាក់​មាន​លិខិតឆ្លងដែន​»។

ជាមួយគ្នានេះ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ​ឃាង ភារម្យ​ ក៏បានឱ្យដឹងកាលពីសប្ដាហ៍មុនថា អាជ្ញាធរគ្រាន់តែធ្វើការបញ្ជូនជនអន្តោប្រវេសន៍ដែលធ្វើការខុសច្បាប់ចេញតែប៉ុណ្ណោះ។

លោក​ថា​៖ «​វាគឺជា​ការអនុវត្តវិធានការ​រដ្ឋបាល​ចំពោះ​ជនបរទេស និង​ស្វែងរក​ថាតើពួកគេណា​ខ្លះ​ជា​ជនជាតិ​វៀតណាមដែល​ឆ្លង​ចូលតាម​ខេត្ត​ព្រះសីហនុ​ដោយ​ខុស​ច្បាប់»។

ស្ថានទូតវៀតណាមប្រចាំកម្ពុជា មិនបានធ្វើការឆ្លើយតបទៅនឹងសំណួរដែលដាក់តាមរយៈអ៊ីម៉េល (Email) ឡើយ។

អាជ្ញាធរខេត្តជាប់មាត់សមុទ្រមួយនេះ កាលពីពេលកន្លងមក ក៏ធ្លាប់បានចាត់ទុកករណីនៃការឃុំខ្លួន និងការធ្វើទារុណកម្មនៅបរិវេណប្រតិបត្តិការឆបោកទាំងឡាយ ថាជាការបំផ្លើសការពិតផងដែរ។

ទាក់ទិននឹងសំណួរអំពីប្រតិបត្តិការនៅអគារ ជីងកាង ដដែល អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ​លោក កែវ វ៉ាន់ថន ក្នុងសប្ដាហ៍នេះ បានទទួលស្គាល់ថា សមត្ថកិច្ចពិតជាមានការចូលទៅកាន់ទីតាំងអគារនេះ ដោយថាជនជាតិវៀតណាមចំនួន២០៣នាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែមេសា និងត្រូវបានបញ្ជូនចេញនៅថ្ងៃទី ១ ខែឧសភា។

យោងតាមលោក ​ឃាង ភារម្យ​ ទីតាំងអគារ ជីងកាង នេះមិន​ត្រូវ​បាន​បិទនោះ​ទេ ខណៈអភិបាលរងខេត្តព្រះសីហនុ លោក លៀម សូដា ក៏បានបញ្ជាក់ថា គ្មាន​អ្នក​ណាម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការឡើយក្នុងករណីនេះ។

The Jin Gang compound in Sihanoukville’s Buon commune on April 29, 2022. (Mech Dara/VOD)
អគារ ជីងកាង ស្ថិតនៅសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ (ម៉ិច ដារ៉ា)

មេភូមិ​៤ ក្នុង​សង្កាត់លេខ៤ ក្រុងព្រះសីហនុ លោក ហេង ប៊ុនលី បាន​ឱ្យដឹងថា ខ្លួន​មិន​បាន​ដឹង​ថាមាន​អ្វី​​កើត​ឡើង​នៅ​ក្នុង​អគារនោះ មុនពេលសមត្ថកិច្ចចុះទៅធ្វើប្រតិបត្តិការឡើយ។

លោក​ថា​៖ «​យើង​មិន​ដឹង​ថា ​ពួកគេ[ជីងកាង]​ធ្វើ​អាជីវកម្ម​អ្វី​នៅ​ក្នុង​អគារ​របស់​ពួកគេ​ឡើយ ​ដោយសារតែយើង​មិន​អាច​ចូល​ទៅ​ក្នុង​អគារ​របស់​ពួកគេ​បាន​។ យើង​មិន​ដឹង​ថាតើ​មាន​អ្វី​នៅ​ខាង​ក្នុង​នោះ​ទេ។ យើង​មិន​ដែល​ចូលក្នុងអគារសូម្បីតែម្ដង ខណៈទីតាំងនោះត្រូវបានយាមកាមយ៉ាងតឹងរ៉ឹងដោយសន្តិសុខ។ បើទោះបីខ្ញុំប្រើប្រាស់នាមជាមេភូមិសុំ​គេ​[ក្រុមហ៊ុន]ចូល​ ក៏​គេ​មិន​អនុញ្ញាតឱ្យ​យើង​ចូល​ដែរ។»

សមាជិក​រដ្ឋបាល​ភូមិមួយរូបដែលសុំមិនបញ្ចេញឈ្មោះបាន​ឱ្យដឹងថា នៅក្នុង​តំបន់នោះក៏មានករណី​​​មនុស្ស​បាន​យក​វាំងននមកចងជាប់គ្នា​ ដើម្បី​ព្យាយាម​តោងឡើង​ចេញពីអគារមួយចំនួននៅក្នុងតំបន់ផងដែរ។

លោកបន្ថែមថា ក្នុងតំបន់នោះមានករណីអំពើហិង្សា ហើយក្នុងនោះក៏មានមនុស្សធ្លាក់ពីលើអគារមួយចំនួនផងដែរ ។

លោកថា៖ «ក្នុងចំណោមករណីធ្លាក់មនុស្សពីលើអគារ ក្នុងនោះមានមួយចំនួនត្រូវបានយកទៅ​ទុក​ចោល​នៅ​មន្ទីរពេទ្យ ខណៈ​ខ្លះទៀត​ត្រូវ​បាន​គេចាប់យកមកវាយដំបន្ថែម ហើយ​បញ្ជូន​ត្រលប់​ទៅកាន់​អគារ​វិញ»។

លោកបន្តថា​៖ «ពួកគេ​ទាំងអស់នោះភាគច្រើន​ជំពាក់​បំណុល​គេ​។ ថៅកែ​របស់​ពួកគេ​បាន​ចាប់ចាក់សោ​ពួកគេទុក​មិន​ឱ្យ​ចេញ​ទៅ​ក្រៅ ដោយ​ខ្លាច​ពួកគេ​ធ្វើឱ្យបែកធ្លាយ​ព័ត៌មានចេញក្រៅ»៕

បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Behind Closed Gates: 200 Vietnamese Quietly Removed From S’ville Compound

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ