គ.ជ.ប នឹង​បញ្ចប់​ការ​បោះពុម្ព​សន្លឹកឆ្នោត​នៅ​ចុងខែនេះ ខណៈ​រោងពុម្ព​ដេញថ្លៃ​បាន​ជា​រោងពុម្ព​ចាស់

អ្នកនាំពាក្យ គ.ជ.ប លោក ពង្ស ពុទ្ធា (កណ្ដាល) ថ្លែងក្នុងពិធីផ្សព្វផ្សាយអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោង​នឹង​បញ្ចប់​ការ​បោះ​ពុម្ពសន្លឹក​ឆ្នោតបម្រើ​ឱ្យ​​​ការ​​បោះ​​​​​​​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅ​ចុង​ខែ​ឧសភានេះ ខណៈ​​​រោង​​ពុម្ពដែល​ដេញ​ថ្លៃ​បានក្នុង​ការផលិតសន្លឹកឆ្នោតនេះ គឺជារោងពុម្ពចាស់ដដែល​។

អគ្គលេខាធិការរង​ គ.ជ.ប លោក សោម សូរីដា បាន​ប្រាប់ ​វីអូឌី ​នៅ​ថ្ងៃ​​សុក្រ​​នេះ​​ថា មកដល់ពេលនេះ សន្លឹកឆ្នោតដែលកំពុងតែផលិត គឺបាន១៨រាជធានី-ខេត្ត​​ហើយ ហើយ​​ក្នុង​​ដំ​ណាក់កាលនៃការបង្ហាញពីសង្វាក់ផលិតនេះ គឺក្រុមការងាររោងពុម្ពកំ​​ពុង​​ផ​​លិតសន្លឹកឆ្នោតសម្រា​​​ប់​រាជ​​ធានី-ខេត្ត​​ទី១៩។

បើតាមអគ្គលេខាធិការរងរូបនេះ ជាផែនការនៃការផលិតសន្លឹកឆ្នោត ឬសន្លឹកឆ្នោតដែល​​បោះ​​ពុម្ពនេះ នឹងត្រូវបិទបញ្ចប់ទាំងស្រុងនៅចុងខែឧសភាខាងមុខនេះ។

អគ្គលេខាធិការរង​ គ.ជ.ប លោក សោម សូរីដា ថ្លែងក្នុងពិធីផ្សព្វផ្សាយអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។
អគ្គលេខាធិការរង​ គ.ជ.ប លោក សោម សូរីដា ថ្លែងក្នុងពិធីផ្សព្វផ្សាយអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកបន្តថា៖ «តាមការរំពឹងទុក ហើយក្នុងផែនការនៃការរៀបចំផលិតសន្លឹកឆ្នោតនេះ គឺសន្លឹក​​ឆ្នោ​​ត​​​​នេះ​​នឹង​​ត្រូវបញ្ចប់ត្រឹមថ្ងៃទី២៧ ឬទី២៨ ខែឧសភា។ អ៊ីចឹងទេ! គ.ជ.ប មានពេល​​វេលាគ្រប់​​គ្រាន់​​ដើម្បី​​​​បញ្ជូនសន្លឹកឆ្នោតនេះទៅកាន់រាជធានី-ខេត្តរៀបចំការបោះឆ្នោត ដើម្បីបន្តទៅគណៈ​​កម្មកា​​រ​​ឃុំ​​​​​សង្កាត់រៀបចំការបោះឆ្នោត និងបែងចែកទៅតាមការិយាល័យចំណុះឱ្យឃុំសង្កាត់នីមួយៗ »។

ការថ្លែងដូច្នេះរបស់លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ធ្វើឡើងក្រោយពេលបិទ​បញ្ចប់ការ​បង្ហាញពី​​សង្វាក់​​ផលិត​​សន្លឹក​ឆ្នោតនៅរោងពុម្ពមួយ​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌ​​ទួល​​គោក នៅព្រឹកថ្ងៃទី៦ ខែឧសភានេះ។

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានចូលរួម​​​នៅក្នុង​ពិ​ធី​​បង្ហាញពីសង្វាក់ផលិតដែរ ឱ្យដឹងថា សន្លឹកឆ្នោតនេះ គឺត្រូវផលិតចំនួន ១ ៦៥២ ប្រភេទ។​​ សន្លឹក​​ឆ្នោត​​​​ដែលបានផលិតក្នុងទំហំដ៏ច្រើនបែបនេះ បើតាមលោក ប្រាជ្ញ ចន្ទ គឺដើម្បីធៀបទៅ​​នឹង​​ឃុំ​​សង្កា​​ត់​​​​ដែលកម្ពុជាមានដូចក្នុងពេលបច្ចុប្បន្នដែរ។

អ្នកនាំពាក្យ គ.ជ.ប លោក ពង្ស ពុទ្ធា ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបិទបញ្ចប់​​​​ដំ​ណើរ​​ទស្ស​​​ន​​កិច្ច និងការពិនិត្យពីសង្វាក់ផលិតនៅក្នុងរោងពុម្ព ថាគិតត្រឹមថ្ងៃទី៦ ខែឧសភានេះ សន្លឹក​​​ឆ្នោត​ដែល​បានផលិត គឺបាន១៨រាជធានី-ខេត្តហើយ។ ហើយចំនួនរាជធានី-ខេត្តដទៃទៀតដែល​​នៅ​​សេស​​​​សល់ ដូចជា ខេត្តកែប ព្រះសីហនុ កំពង់ធំ និងរាជធានីភ្នំពេញ ជាដើម គ.ជ.ប កំពុង​​បន្ត​​ពន្លឿ​​នសង្វាក់នៃការផលិត។

លោក ហង្ស ពុទ្ធា អះអាងថា ជាផែនការ មុន១​​​សប្ដាហ៍​​នៃ​​ថ្ងៃ​​បោះ​​ឆ្នោត គឺ​​សន្លឹក​​ឆ្នោតដែលនៅសេសសល់ត្រូវតែបោះពុម្ពឱ្យបានចប់​រួចរាល់។

ដោយឡែក សន្លឹកឆ្នោតដែលបោះពុម្ពបម្រុងពេលខូចខាតជាង១លានសន្លឹក គឺមានលក្ខណៈ​​ពិ​​សេសដែលមិនអាចយកទៅបោះឆ្នោត ដើម្បីបន្លំបានទេ។ តែយ៉ាងណា មន្ត្រី គ.ជ.ប មិនបាន​​លម្អិត​​ពី​​លក្ខណៈពិសេសអំពីសន្លឹកឆ្នោតបម្រុងនេះទេ។ ការបង្ហាញលក្ខណៈពិសេសនៃសន្លឹក​​​ឆ្នោត​បម្រុងនេះត្រូវបានលោក សោម សូរីដា អះអាងថា វាលែងជាការសម្ងាត់នៃ​​សន្លឹក​​ឆ្នោត​​បម្រុង​​​ហើយ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ គ.ជ.ប គ្រោងចំណាយ​​ថវិកា​​​ប្រ​មា​​ណ ២លាន ៥០ម៉ឺនដុល្លារអាមេរិក ក្នុងការបោះពុម្ពសន្លឹកឆ្នោត។

បើតាម គ.ជ.ប ជាផែនការសន្លឹកឆ្នោតដែលត្រូវបោះពុម្ពសម្រាប់អាណត្តិទី៥នេះ មា​​ន​​​ចំ​​នួនជាង ១១​​លាន ៦សែនសន្លឹក ខណៈសន្លឹកឆ្នោតដែល​ផលិតបម្រុងទុកមានជាង ១លាន ២០​ម៉ឺន​​សន្លឹក​​។

អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា ឱ្យដឹងថា ការ​បង្កើនតួលេខនៃការបោះពុម្ពសន្លឹក​​ឆ្នោតដែលមានទំហំច្រើនជាងអាណត្តិទី៤ ដោយសារចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបន្ត​​កើនឡើង។ ផ្អែកទិន្នន័យដែលចេញដោយ គ.ជ.ប បង្ហាញថា អ្នកមានឈ្មោះក្នុងបញ្ជី​បោះ​​ឆ្នោត​​ឆ្នាំ២០២២នេះ មានជាង ៩លាន ២០ម៉ឺននាក់ បើធៀបនឹងបញ្ជីបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា​​ឃុំ​​សង្កាត់ដែលមានកាល​​ពីឆ្នាំ​​២០​​១​​៧ មានតែជាង ៧លាននាក់។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឯកភាពចំពោះសេចក្ដីសម្រេ​ច​​របស់ គ.ជ.ប ដែលផលិតសន្លឹកឆ្នោតក្នុងទំហំដ៏ធំបែបនេះ។ លោកបន្តថា ការបោះពុម្ពលើស គឺដើម្បី​បម្រុ​​ង​​ទុកក្នុងការបង្ការពេល​​សន្លឹក​​ឆ្នោតខូចខាតកើតឡើង នៅអំឡុងដាក់ឱ្យដំណើរការ។

លោកបន្តថា៖ «គម្រោងសន្លឹកឆ្នោតលើសពីសេចក្ដីត្រូវការនៃចំនួនប្រជាពលរដ្ឋដែលជាអង្គបោះឆ្នោតហ្នឹង ខ្ញុំយល់ឃើញថា វាជាការត្រឹមត្រូវហើយ ដើម្បីត្រៀមទុកបម្រុងពេលដែលសន្លឹកឆ្នោត​​​មួយ​​ចំនួន​​ខូច។ អាហ្នឹងយើងមាន​​លក្ខណៈ​​សម្បត្តិ ដើម្បី​​យើងយកសន្លឹកឆ្នោត​​ដែលត្រៀមហ្នឹង​​យកទៅ​​បម្រើ​​[ចំពោះ]អ្នកដែលគូសខុសហ្នឹងឱ្យគូសឡើងវិញ »។

ចំណែកអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ហាក់មានភាពស្ទាក់ស្ទើរក្នុងការផ្ដល់​​យោ​បល់អំពីសន្លឹកឆ្នោតនេះ ដោយលោកបញ្ជាក់ថា គណបក្សភ្លើងទៀន មិនបានចូល​​រួម​​អង្កេត​​ដោយ​​ផ្ទាល់ទេ នៅព្រឹកថ្ងៃស្រុកនេះ។

លោកបន្តថា អ្វីដែលគណបក្សចាស់វស្សាមួយនេះអាចឆ្លើយ​​បាន​​នោះ គឺមានតែត្រូវរង់ចាំមើលលទ្ធផលចុងក្រោយនៃដំណើរការបោះឆ្នោតប៉ុណ្ណោះ តាមរយៈ​ការ​​​​ផ្ទៀងផ្ទាត់ចំនួនអ្នកបោះឆ្នោតជាមួយនឹងសន្លឹកឆ្នោតដែលមានស្រាប់។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ (ហេង វិចិត្រ)

លោកបន្តថា៖ «មែនទែនទៅ! សន្លឹកឆ្នោតដែលបោះនោះ គឺគេយោងទៅលើចំនួនអ្នកបោះឆ្នោត ហើ​យ​​​​យើងក៏មិនដឹងប្រាកដប្រជាថា អ្នកបោះហ្នឹងមានចំនួនប៉ុន្មាន ហើយមានការត្រួតពិនិត្យ​​ពេល​​​​​ណា​​អី យើងវាអត់មាន។ ដូច្នេះ យើងវាអត់ច្បាស់អំពីរឿងហ្នឹង មិនដឹងថាតួលេខនៃចំនួន​​​សន្លឹក​​​ឆ្នោ​​តហ្នឹងគេបោះបែបណា »។

បើតាមលោក ថាច់ សេដ្ឋា ខាងគណបក្សភ្លើងទៀន មិនបានទទួលសេចក្ដីជូនដំណឹងណាមួយពី ​​គ​​.ជ.ប អំពីការចូល​​រួម​​​​ពិនិត្យពីសង្វាក់ផលិតសន្លឹកឆ្នោតនេះទេ។

ប្រតិកម្មទៅនឹងព័ត៌មានអំពីការពិនិត្យពីសង្វាក់ផលិតសន្លឹកឆ្នោតនៅនឹងរោងពុម្ពជាក់ស្ដែង​​នេះ​​ដែរ តំណាងគណបក្សខ្មែរស្រឡាញ់ជាតិ លោក ខឿយ ស៊ីនឿន បញ្ជាក់ថា ស្ថាប័នជាតិរៀប​​ចំ​ការ​​បោះ​​ឆ្នោតគួរផ្ដល់ព័ត៌មានឱ្យបានគ្រប់គ្រាន់ទៅតំណាងគណបក្សនយោបាយ ដើម្បីអាចឱ្យពួក​​គេ​​បាន​​​​ចូលរួមអង្កេត។

ឆ្លើយតបចំពោះមុខ លោក ហង្ស ពុទ្ធា សន្យាថានឹងយកកង្វល់និងការរិះគន់នេះទៅកែលម្អនៅ​​ពេលដំណើការលើក​​ក្រោយទៀត។

ដោយឡែក នាយកប្រតិបត្តិនៃអង្គការនិចហ្វិក លោក សំ គន្ធាមី យល់ស្របថា ចំនួនអ្នកចុះឈ្មោះ​បោះ​​ឆ្នោតដែលមាននៅក្នុងបញ្ជីបោះឆ្នោតសម្រាប់អាណត្តិថ្មីនេះ មានចំនួនកើនឡើង។ ប៉ុន្តែបើ​​ទោះ​បែបណា អ្នកជំនាញកិច្ចបោះឆ្នោតរូបនេះនៅមិនទាន់ជឿជាក់ ថាតើដំណើរការនៃការ​​បោះ​​​​ឆ្នោត​​ខាងមុខនេះនឹងប្រព្រឹត្តទៅបែបណានៅឡើយនោះទេ។

បើតាមលោក សំ គន្ធាមី មានតែការអង្កេតនិងតាមឃ្លាំមើលពីដំណើការបោះឆ្នោតមួយគត់ពី​​គ្រប់​​ភាគីពាក់ព័ន្ធ រួមទាំងអ្នកបោះឆ្នោតផង ទើប​​អាច​​សន្និដ្ឋានបានថាតើចំនួនសន្លឹកឆ្នោត​​ដែល​​បោះ​​ពុម្ព​រួចហើយនេះ​ វាស៊ីគ្នាទៅនឹងចំនួនអ្នកបោះឆ្នោតកម្រិតណា។

លោកបន្តថា៖ «បើសិនជាចំនួនអ្នកបោះឆ្នោតភាគរយច្រើន យើងចង់អំពាវនាវ​​ឱ្យម្ចាស់ឆ្នោត​​ហ្នឹង​​ជួយ​​តាមដានសង្កេតមើលពីដំណើរការបោះឆ្នោតពីការិយាល័យបោះឆ្នោតនេះផង»។

បើទោះជាបែបណា គេសង្កេតឃើញថា ស្ទើរគ្រប់អាណត្តិនៃការបោះឆ្នោត មានតែរោងពុម្ព ណា​​វីន ព្រីងធីង ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក តែមួយគត់ ដែលអាច​ដេញ​​ថ្លៃ​​បានក្នុ​​ង​​ការ​​ផលិត​សន្លឹកឆ្នោតនេះ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឱ្យដឹងថា តាមពិតទៅ មានរោងពុម្ពយ៉ាងហោចណាស់ក៏៤​​​រោង​​​ពុម្ពដែរ ដែលបានចូលធ្វើលទ្ធកម្មដេញថ្លៃនេះ។ ហើយការដេញថ្លៃត្រូវធ្វើឡើងជាសាធារណៈនិងដោយតម្លាភាព ដែល​​កំ​ណត់​ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមពីលើនេះ លោក សោម សូរីដា ថ្លែងថា មូលហេតុដែល គ.ជ.ប ជ្រើសរើសរោងពុម្ពនេះ ដើម្បីបើក​​ផ្លូវ​​​​ឱ្យ​ផ​លិ​ត​​​​សន្លឹកឆ្នោត គឺផ្អែកទៅលើ​ដំ​​ណើ​​រការនិងសុវត្ថិភាព រួមទាំងការរក្សាការសម្ងាត់នៃ​​សន្លឹក​​​​​​ឆ្នោត​​ផង។ ជាងនេះទៀត រោងពុម្ពនេះ គឺ​​មា​​​ន​បទពិសោធន៍ចាស់វង្សាណាស់មកហើយក្នុង​​ការ​​​ផ​លិត​​​​​សន្លឹក​ឆ្នោត​​​នេះ គិតចាប់តាំងពី​​​ឆ្នាំ១៩​​៩​​​​៨ មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ