កូន​សកម្មជន​បក្សភ្លើងទៀន​នៅ​ខេត្តពោធិ៍សាត់​ត្រូវ​បាន​តុលាការ​ដោះលែង​ក្រោយ​ឃុំខ្លួន​ជិត១ខែ

រូបភាពកុមារា ពឹម ដារ៉ាន់ កំពុងស្ថិតនៅក្នុងការឃុំឃាំង ដែលត្រូវបានបង្ហោះលើផេកហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តពោធិ៍សាត់។

សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ បាន​ដោះលែង​កូន​ប្រុស​សកម្មជន​គណបក្ស​ភ្លើង​ទៀនដែល​ជា​អនីតិជន​​ ​ឱ្យ​នៅ​​​ក្រៅ​ឃុំបណ្ដោះអាសន្ន ដោយ​​ដាក់ឱ្យ​​ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ​​​​ ក្រោយ​ពីជាប់​​​ពន្ធនា​គារ​ជិត១​ខែ ពាក់​ព័ន្ធនឹង​បទ​​ចោទថាបានប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ ខណៈឪពុករបស់ក្មេងប្រុស​រូប​នេះ​នៅ​​បន្ត​ឃុំខ្លួននៅឡើយ​។

សកម្មជន​គណបក្ស​ភ្លើង​ទៀននៅខេត្តពោធិ៍សាត់​ លោក ហែម ឆិល និងកូនប្រុសរបស់គាត់​ឈ្មោះ​ ពឹម ដារ៉ាន់ ​អាយុ​​​១៥​​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​​ចាប់​​ខ្លួន​​​​ ដោយ​ចោទ​ពី​បទ​ «ប្រើ​ប្រាស់​ឧបករណ៍​​ឆក់​ត្រី​​ខុស​ច្បាប់»​ ​ប៉ុន្តែ​គ្រួសារ​​អះអាង​ថា ​​​ការ​ចាប់​ខ្លួន​នេះធ្វើឡើង​​ក្នុង​​ពេល​​ដែល​ពួកគេ​បូម​ទឹក​ចាប់​ត្រី​ក្នុង​ស្រះ​របស់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី​១២ ​ខែមេសា ឆ្នាំ​២០២២។

លោក សំ សុខគង់ ដែលជាមេធាវីការពារក្ដីឱ្យសកម្មជន​គណបក្ស​ភ្លើង​ទៀន លោក ហែម ឆិល និងកូនប្រុសឈ្មោះ ពឹម ដារ៉ាន់ អះអាងនៅថ្ងៃសុក្រនេះ​ថា តុលាការខេត្ត​ពោធិ៍សាត់​បានដោះលែងកុមារា​រូប​នេះឱ្យនៅក្រៅឃុំជា​បណ្ដោះអាសន្ន​ កាលពីល្ងាចថ្ងៃទី៤ ខែឧសភា​​ ដោយ​​តម្រូវ​ឱ្យស្ថិតក្រោមលក្ខខណ្ឌមួយចំនួន។

លោកប​ន្តថា៖ «លក្ខខណ្ឌហ្នឹងទី១ គឺមិនឱ្យចាកចេញទៅក្រៅប្រទេស ហើយទី២ បើប្ដូរលំនៅស្ថាន​ត្រូវជូនដំណឹងមកតុលាការ។ ទី៣ ត្រូវបង្ហាញវត្តមាននៅចំពោះមុខសមត្ថកិច្ច និងទី៤ ត្រូវតែឆ្លើយតបចំពោះ​កា​រ​កោះហៅរបស់តុលាការគ្រប់នីតិវិធីទាំងអស់។ អ៊ីចឹងលក្ខខណ្ឌមាន៤ ដែលឱ្យគាត់នៅក្រៅឃុំជាបណ្ដោះអាសន្ន»។

បើតាមលោក សុខគង់ ការដោះលែងកុមារារូបនេះ​ គឺតុលាការថា ធ្វើឡើង​ដើម្បីធានាឱ្យនីតិវិធីស៊ើបអង្កេតបន្តទៅមុខ ប៉ុន្តែតុលាការមិនបានបញ្ជាក់ក្នុងដីកាទេ ពីមូលហេតុជាក់លាក់ណាមួយនៅ​ពីក្រោយការ​ដោះលែងនេះ។

មេធាវីរូបនេះសាទរចំពោះការសម្រេចរបស់តុលាការ​ដែលដោះលែងកុមារារូបនេះឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែលោក​ក៏មាន​ការ​​ខកចិត្ត ដែលតុលាការគ្រាន់តែដោះលែងក្រោមការ​ដាក់​​លក្ខខណ្ឌ ហើយមិនបានទម្លាក់បទចោទប្រកាន់។

ដោយឡែក ឪពុករបស់កុមារា ពឹម ដារ៉ាន់​ គឺ​លោក ហែម ឆិល ដែល​ជា​បេក្ខជនឈរ​ឈ្មោះ​លេខ​រៀង​ទី​​២ ​នៃគណបក្ស​ភ្លើងទៀន​ នៅ​​ឃុំ​ស្យា ស្រុក​កណ្ដៀង ក្នុងការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់​ឆ្នាំ​២០២២នេះ​ ត្រូវបាន​តុលាការសម្រេច​​​បន្ត​ឃុំ​ខ្លួនដដែល​ ក្រោមហេតុផល​ថា ចៅក្រម​ស៊ើប​សួរ​កំពុងស៊ើប​អង្កេត​​ពាក់ព័ន្ធ​រឿងប្រើប្រាស់ឧបករណ៍នេសាទ​ខុស​ច្បាប់។

វីអូឌី​ មិន​អាចសុំការបញ្ជាក់បន្ថែម​ពី​​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ​​លោក ហេង ដូនីន និងព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ លោកស្រី ផាន់ សុគន្ធថង ​បាន​ទេ​ នៅ​ថ្ងៃសុក្រនេះ។

ពាក់ព័ន្ធនឹងករណីនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ធ្លាប់បានគូសបញ្ជាក់ថា មួយរយៈកាលចុងក្រោយនេះ លោក​សង្កេត​ឃើញ​សមត្ថ​កិច្ចតែងតែ​ធ្វើ​ទុក្ខបុកម្នេញលើសកម្មជនគណបក្ស​ភ្លើងទៀន​ជាបន្ត​បន្ទាប់ ដោយសារតែគណបក្សនេះហាក់មានប្រជាប្រិយភាពក្នុងការត្រៀមខ្លួនប្រកួតប្រជែងក្នុង​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខនេះ។

លោក សំអាត យល់ថា ប្រសិនបើការចាប់ខ្លួននោះមានជាប់​ពាក់ព័ន្ធនឹងរឿងនយោបាយ​ច្រើនជាង​ការ​អនុវត្ត​ច្បាប់ នោះ​កម្ពុជានឹងរងការរិះគន់ពីមជ្ឈដ្ឋានជាតិ​និងអន្តរជាតិ ជុំវិញបញ្ហាទាំងនេះ​បន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ