ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen បានឱ្យដឹងនៅថ្ងៃសុក្រនេះដោយមានជំនឿថា សហភាពអឺរ៉ុបនឹងអនុម័តកញ្ចប់ដាក់ទណ្ឌកម្មថ្មីមួយចំនួនបន្ថែមទៀតទៅលើប្រទេសរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងសន្និសីទមួយដែលរៀបចំឡើងដោយកាសែតរបស់ប្រទេសអាល្លឺម៉ង់ លោកស្រី Ursula Von der Leyen បានថ្លែងដោយភាពជឿជាក់ថា៖ «យើងនឹងធ្វើឱ្យកញ្ចប់នៃការដាក់ទណ្ឌកម្មថ្មីទាំងនេះអាចត្រូវបានអនុវត្តក្នុងពេលឆាប់ៗ។ បើទោះបីជាយើងត្រូវចំណាយពេលធ្វើការលើរឿងនេះ ប៉ុន្តែវានៅតែដំណើរការទៅមុខ និងកំពុងតែដើរលើផ្លូវមួយដែលត្រឹមត្រូវ»។
សហភាពអឺរ៉ុប បច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងការពិភាក្សា ដើម្បីសម្រេចដាក់ទណ្ឌកម្មថ្មីមួយចំនួនទៀតលើប្រទេសរុស្ស៊ី ទាក់ទងនឹងសង្គ្រាមឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ដែលក្នុងនោះគេសង្កេតឃើញមានការផ្តោតសំខាន់លើឧស្សាហកម្មប្រេងរបស់រុស្ស៊ីផងដែរ។
ទោះជាយ៉ាងណា មន្ត្រីមួយរូបរបស់ក្រសួងការបរទេសរុស្ស៊ី ធ្លាប់បានឱ្យដឹងកាលពីពេលកន្លងទៅថា ប្រទេសរបស់ខ្លួនមិនមានគម្រោងក្នុងការស្នើសុំឱ្យសហភាពអឺរ៉ុប (EU) បញ្ចប់ការដាក់ទណ្ឌកម្មទាំងឡាយមកលើខ្លួននោះទេ ដោយលោកអះអាងថា សហភាពអឺរ៉ុបមិនមែនជាមជ្ឈមណ្ឌលនៃសកលលោក [ដែលមិនអាចខ្វះបាន] ឡើយ។
ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ បានចាប់ផ្ដើមកើនឡើងខ្លាំងបន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់ពីការប្រកាសសង្គ្រាមមួយដោយប្រធានាធិបតី លោក វ្លាឌីមៀរ ពូទីន៕












