ក្រសួងសុខាភិបាលឱ្យដឹងថា កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះឡើយ កាលពីម្សិលមិញ ខណៈអ្នកស្លាប់ថ្មីដោយសារជំងឺនេះក៏មិនមាននោះដែរ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា កាលម្សិលមិញមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ នោះទេ។ ចំណែក អ្នកជាសះស្បើយថ្មីវិញ មានចំនួន ៤នាក់។
កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប ១៤ ៤៥៩ករណី គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ។
ការប្រកាសរបស់ក្រសួងសុខាភិបាលនេះ មួយថ្ងៃក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថ្ងៃទី៧ ខែឧសភាម្សិលមិញថា គឺជាកំណត់ត្រាលើកដំបូងនៅក្នុងរយៈពេលជាងមួយឆ្នាំ ដែលកម្ពុជារកមិនឃើញអ្នកឆ្លងជំងឺកូវីដ-១៩នោះទេ។
តាមរយៈសារសំឡេងនៅល្ងាចថ្ងៃទី៧ ខែឧសភា លោក ហ៊ុន សែន បានប្រកាសថា កាលពីម្សិលមិញ គឺជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំដែលកម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ-១៩ ពោលគឺចាប់តាំងពីមានព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ ឬព្រឹត្តិការណ៍ ២០ ខែកុម្ភៈ ឆ្នាំ២០២១ មក។
លោកបានចាត់ទុកថា នេះគឺជាជោគជ័យមួយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី៨ ខែឧសភានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៣៦ ២៦២នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ១៣៣ ១៨១ នាក់ និងអ្នកស្លាប់មានចំនួន៣ ០៥៦នាក់៕












