៤​ខែ​ឆ្នាំ​នេះ​ការ​នាំ​ចេញ​អង្ករ​​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​​កើន​ឡើង​ជិត​១៥​ភាគរយ​

អង្ករគ្រប់ប្រភេទដែលបានដាក់លក់នៅក្នុងហាងមួយកន្លែង ក្នុងក្រុងភ្នំពេញ។ រូបភាព៖ ណាត សុភាព

ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងជិត ១៥​% ឬស្មើនឹងចំនួនជិត ៣ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី៧ ខែឧសភា ថា  ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ​២០២២ ពោលគឺចាប់ពីខែមករា ដល់ខែមេសានេះ មានក្រុមហ៊ុន​ចំនួន៤៨ បាន​នាំចេញអង្ករកម្ពុជា  ទៅកាន់​គោល​ដៅ​ចំនួន៥៤ រួមមាន នាំចេញទៅកាន់ប្រទេសចិននិងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១១៥ ២៥៥ តោន ឬស្មើនឹង ៥២,១២%នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួន ៦២.៧៤ លានដុល្លារ​សហរដ្ឋ​អាមេរិក។​

ដោយឡែក ការនាំចេញអង្ករទៅតំបន់អឺរ៉ុប មានបរិមាណសរុបចំនួន ៦៨ ៥៥៥ តោន ឬស្មើនឹង ៣១% គិតជា​ទឹកប្រាក់មានចំនួន ៥១.០២ លានដុល្លារ​អាមេរិក ការនាំចេញទៅកាន់តំបន់សមាជិកអាស៊ានមានចំនួន ២១ ៨៧៦ តោន ឬស្មើនឹង ៩,៨៩ % គិតជាទឹកប្រាក់មានចំនួន ១៣.៩០លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗ ក្រៅពីតំបន់ខាងលើបានចំនួន ១៥ ៤៥២ តោន ឬស្មើនឹង ៦,៩៩% គិតជាទឹកប្រាក់មានចំនួន ១១.៧៤ លានដុល្លារសហរដ្ឋអាមេរិក។

បរិមាណនៃការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៤ខែនេះបង្ហាញថា  មានការកើនឡើងចំនួន ១៤,៨៨% ឬស្មើនឹងចំនួន ២៨ ៦៤៣ តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ប្រភេទអង្ករក្រអូបគ្រប់ប្រភេទ មានបរិមាណចំនួន ៦៧,១២% អង្ករស ចំនួន ៣០,១៣% អង្ករចំហុយចំនួន ១,០៧% និងអង្ករសរីរាង្គចំនួន ១,៦៨% ។

ប្រភពដដែលបញ្ជាក់ថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករបានសរុប ចំនួន ២២១ ១៣៨ តោន និងនាំចេញស្រូវបានចំនួន ១ ៦៤៨ ៤៧៤ តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន ៥១៦.២១លានដុល្លារសហរដ្ឋអាមេរិក ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ