​ពលរដ្ឋ​​នៅ​​ខេត្ត​​កំពង់​ស្ពឺ ដាក់​ញត្តិ​ស្នើ​ក្រសួង​​រៀបចំ​​​ដែន​​ដី​​​ទប់​ស្កាត់​​ការ​ទន្ទ្រាន​​ដី​ព្រៃ និង​​​ដោះ​ស្រាយ​​​វិវាទ​​​ដីធ្លី

ពលរដ្ឋរាប់រយនាក់មកពីខេត្តកំពង់ស្ពឺ ប្រមូលផ្តុំគ្នាមុខ ក្រសួងរៀបចំដែនដី នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២២ ដើម្បីដាក់ញត្តិស្នើ​​ឱ្យ​មាន​​ដោះស្រាយវិវាទដីធ្លី និង​ដីព្រៃសហគមន៍។ (រូបថត៖ ហ៊ាន រង្សី)

ប្រជាសហគមន៍​ប្រមាណ ៧០០នាក់ នៅ​​​ស្រុក​​ឱរ៉ាល់ និងស្រុក​ថ្ពង​ ​ខេត្ត​កំពង់​ស្ពឺ បានប្រមូលផ្តុំ​គ្នា​​នៅ​មុខក្រសួង​រៀបចំដែនដី នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីដាក់ញត្តិ​​ស្នើឱ្យក្រសួង​ជួយអន្តរា​គមន៍​​​​​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​​នៅ​ព្រៃសហគមន៍ «ឧត្តមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» និងដោះស្រាយ​បញ្ហាដីធ្លី​របស់ពួកគាត់ជាមួយក្រុម​ហ៊ុន​ឯកជន​មួយ​។

ពលរដ្ឋម្នាក់​រស់នៅ​ឃុំពោធិ៍មាស ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក សយ សាត បាន​ឱ្យដឹងថា ការស្នើសុំឱ្យក្រសួងរៀបចំដែនដី ជួយអន្តរាគមន៍ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅ​ព្រៃ​សហគមន៍ឧត្តមស្រែខ្ពស់នេះ ដោយសារតែ​បច្ចុប្បន្ន ព្រៃមួយនេះ​បានរងនូវការ​កាប់បំផ្លាញ និងឈូស​ឆាយដី​​ស្ទើ​ររាល់ថ្ងៃ ពីសំណាក់ក្រុម​ទាហាន និងពលរដ្ឋ​មួយចំនួន​តូច ដែលធ្វើឱ្យព្រៃមួយ​នេះកាន់តែ​អស់ទៅៗ។

លោកថា៖ «សូមអង្វរ សូមឈប់កាប់បំផ្លាញព្រៃឈើទៅ ពួកខ្ញុំធ្វើនេះ មិនមែន​​ចង់បានជាដីជា​ឯកជន​ទេ តែចង់បាន​​ទុកព្រៃ​នេះទុក​ជាទីសក្ការៈរបស់វត្ត និងទុកសម្រាប់សហគមន៍[កូនចៅជំនានក្រោយ​] ទុកជាសម្បត្តិរដ្ឋ»។

ចាប់តាំងពីចុងឆ្នាំ២០២១មក អ្នកភូមិរាប់​រយ​នាក់ បាន​នាំគ្នា​តវ៉ាប្រឆាំងក្រុមទាហាន​នៃបញ្ជាការដ្ឋាន​រថក្រោះ​កង​ទ័ពជើងគោក មិនឱ្យកាប់បំផ្លាញព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ដោយពលរដ្ឋ​ទាំងនោះ​អះ​អាង​ថា បានការពារជាង២០ឆ្នាំមកហើយ។

សមាជិកសហគមន៍ម្នាក់ទៀត អ្នកស្រី ឃន ខន រស់នៅឃុំត្រពាំងជោរ ឱ្យដឹងថា អ្វីដែលអ្នកភូមិនាំគ្នា​​តវ៉ា​នោះ គឺ​គ្រាន់តែចង់រក្សាព្រៃឈើនេះ​​​ឱ្យគង់វង្ស​ទុក​ ខណៈព្រៃសហគមន៍មួយ​នេះ​​មាន​​​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​កំពុងរស់នៅ និងផ្តល់នូវផលអនុផលព្រៃឈើ​ជាច្រើន សម្រាប់​​ផ្គត់​​ផ្គង់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​​សហគមន៍​ជាដើម។

អ្នកស្រីថា៖ «យើងការ​ពារ​ទុកព្រៃ​សម្រាប់ឱ្យ​​ក្មេងជំនាន់ក្រោយ​ មានតែប៉ុណ្ណឹង»។

បើតាមអ្នកស្រី ឃន ខន ក្រៅពីការ​ស្នើ​ឱ្យ​ក្រសួង​ជួយ​ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីព្រៃនេះ ពលរដ្ឋខ្លះទៀត ក៏បានស្នើឱ្យក្រសួង​ដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគាត់ជាមួយ​ក្រុម​ហ៊ុនលីយ៉ុងផាត់ ដែលបានអូសបន្លាយរយៈពេលប្រមាណ ១២ឆ្នាំមក​ហើយ​ផងដែរ។

តំណាងក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​មក​ទទួលញត្តិរបស់ពល​រដ្ឋ ដោយ​សន្យា​ថា នឹង​​យក​ញត្តិនោះទៅពិនិត្យមើល ដើម្បីរកដំណោះ​ស្រាយ។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង ២៦០ហិកតា (២៦២,២៤ហិកតា​) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រ​ភូមិ​ពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋាន​​រថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន ៤១គ្រួសារ សម្រាប់​ធ្វើលំនៅឋាន និងបង្កបង្កើនផល។

អភិបាលខេត្តកំពង់ស្ពឺលោក វី សំណាង ធ្លាប់​អះអាងថា តំបន់ដីដែលកាត់ទៅឱ្យគ្រួសារកងទ័ពនេះ មិន​ប៉ះពាល់ដល់​ដី​សហគមន៍ឡើយ។ លោក​​​បាន​ចោទ​ពលរដ្ឋដែល​នាំគ្នាតវ៉ា​នោះថា​ ជា​ក្រុម​បក្សប្រឆាំង ហើយថា​ ការតវ៉ានោះមានការញុះញង់​​​ពី​មេខ្យល់ និងក្រុមអង្គការសង្គមស៊ីវិល​មួយចំនួន។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន ដែលចុះពិនិត្យករណីនេះ ប្រាប់វីអូឌីកាលពីថ្ងៃ​ទី២៤ខែ​កុម្ភៈ​ថា ការ​កាត់​ដីចេញ​ពី​ដែនជម្រក​សត្វព្រៃភ្នំឱរ៉ាល់​រប​ស់​ក្រសួងបរិស្ថាន ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ព​នៅ​ឃុំត្រពាំង​ជោរ​នោះ គឺ​មាន​ភាពមិន​ប្រក្រតី​ជាច្រើន និងបានប៉ះពាល់ដល់ដីសហគមន៍។

ពាក់ព័ន្ធនឹងជម្លោះដីធ្លីរវាងប្រជាសហគមន៍ និងក្រុមទាហាននេះដែរ ក៏​មានពលរដ្ឋ​ចំនួន ១០នាក់ កំពុង​​រង​បណ្តឹង​​នៅតុលាការផងដែរ​។

បើតាមក្រុម​សមាជិកសហគមន៍ កាលពីដើមឡើយសហគមន៍​«ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» មាន​ផ្ទៃដីព្រៃទំហំជាង២ ០០០ហិកតា ប៉ុន្តែក្រោយមក មានក្រុមហ៊ុន​ឯកជន និង​ក្រុម​ទាហាន​បានចូលទៅរំលោភយក​ជា​បន្ត​បន្ទាប់ ដោយបច្ចុប្បន្ន សហគមន៍នេះសល់ដីតិចតួចប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ