គណបក្សភ្លើងទៀន ចោទប្រកាន់អាជ្ញាធរសង្កាត់ទួលសង្កែទី១ ថាបានកាប់បំផ្លាញ និងផ្ដួលរំលំផ្លាកគណបក្សក្រៅរដ្ឋាភិបាលមួយនេះ ខណៈអាជ្ញាធរបានចេញគោលការណ៍បិទផ្លូវមិនឱ្យគណបក្សភ្លើងទៀនបន្តលើកផ្លាកនៅតាមទីតាំងសាធារណៈ បើទោះជាគណបក្សបានជូនដំណឹងរួចហើយក្ដី។
ប្រធានក្រុមការងារនៃគណបក្សភ្លើងទៀនរាជធានីភ្នំពេញ លោក ស ឡុងដេត បានប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា តំណាងគណបក្សភ្លើងទៀននៅសង្កាត់ទួលសង្កែទី១ ក្នុងខណ្ឌឫស្សីកែវ បានស្នើសុំគោលការណ៍ពីអាជ្ញាធរសង្កាត់ ដើម្បីលើកផ្លាកគណបក្ស កាលពីថ្ងៃទី៦ ខែឧសភា កន្លងទៅនេះ។
លោកបន្តថា ការស្នើសុំលើកផ្លាកនេះធ្វើឡើងនៅលើទីតាំងសាធារណៈ ហើយតំណាងគណបក្សអនុវត្តតាមគោលការណ៍ បទបញ្ជា និងនីតិវិធី ដូចមានកំណត់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
បើតាមលោក ស ឡុងដេត នេះជាការរើសអើងផ្នែកនយោបាយ និងជាការគំរាមកំហែង ហើយការអនុវត្តដូច្នេះមិនបានឆ្លុះបញ្ចាំងទៅនឹងគោលការណ៍សេរី ត្រឹមត្រូវ និងតម្លាភាពទេ។
លោកបន្តថា៖ «ឥរិយាបថចៅសង្កាត់នេះជាការខុសទៅនឹងច្បាប់ ទី១! ហើយទី២ទៀត គាត់គិតថានេះវាពាក់ព័ន្ធនឹងផលប្រយោជន៍នៃអំណាចនៃការគ្រប់គ្រងហ្នឹង ក្នុងនាមគាត់ជាចៅសង្កាត់។ ក្នុងនាមជាចៅសង្កាត់ គាត់មិនដើរតួជាអ្នកបម្រើសេវាសាធារណៈ មិនដើរតួជាអ្នកសម្របសម្រួលឱ្យគណបក្សនយោបាយធ្វើកិច្ចការតាមបែបលទ្ធិប្រជាធិបតេយ្យអីទេ»។
លិខិតមួយច្បាប់ដែលចេញដោយគណបក្សភ្លើងទៀន កាលពីថ្ងៃទី៦ ខែឧសភា បង្ហាញថា គណបក្សក្រៅរដ្ឋាភិបាលមួយនេះបានជូនដំណឹងទៅអាជ្ញាធរសង្កាត់ទួលសង្កែទី១ ស្តីពីការលើកផ្លាកគណបក្ស ដែលមានអ្នកចូលរួមប្រមាណ ១៥នាក់។ លិខិតបន្តថា សកម្មភាពនេះធ្វើតែមួយព្រឹកប៉ុណ្ណោះ ដែលមានទីតាំង២ផ្សេងគ្នា ក្នុងនោះទីតាំងទី១ នៅចំណុចមាត់ប្រឡាយបាក់ទូក ជិតស្ថានីយប្រេងតូតាល់ (Total) និងទីតាំងទី២ នៅមាត់ប្រឡាញបាក់ទូក ក្បែរអតីតផ្លូវរថភ្លើង។
ពាក់ព័ន្ធនឹងលិខិតជូនដំណឹងនេះ ចៅសង្កាត់ទួលសង្កែទី១ លោកស្រី រាជ ផាវឿន បានចេញគោលការណ៍បដិសេធក្នុងថ្ងៃតែមួយ ដោយចារនៅលើលិខិតនោះថា អាជ្ញាធរសង្កាត់មិនអនុញ្ញាតឱ្យគណបក្សលើកផ្លាកទៅតាមការស្នើសុំនេះទេ។
បន្ថែមលើការបដិសេធនេះ ចៅសង្កាត់ទួលសង្កែទី១ លោកស្រី រាជ ផាវឿន ឱ្យដឹងថា មូលហេតុដែលអាជ្ញាធរមិនឱ្យគណបក្សភ្លើងទៀនលើកផ្លាកគណបក្សនៅលើទីតាំងសាធារណៈនេះ ដោយសារទីតាំងស្នើសុំនេះនៅលើមាត់ប្រឡាយ។ លោកស្រីបន្តថា បើអាជ្ញាធរបើកផ្លូវឱ្យលើកផ្លាកនៅទីតាំងនោះ នឹងធ្វើឱ្យមានបញ្ហាទៅថ្ងៃក្រោយ នៅពេលអាជ្ញាធរកែសម្រួលផ្លូវទឹក ឬសម្អាតបរិស្ថានឱ្យបានល្អ។
លោកស្រីបន្តថា៖ «យើងបានចារក្រដាសទៅឱ្យគាត់វិញហើយ ថាមិនឱ្យគាត់ដាក់លើផ្លូវសាធារណៈទេ។ នេះជាប្រឡាយរបស់រដ្ឋហ្នឹង ហើយគាត់យកទៅដាក់នៅនឹងមាត់ប្រឡាយ អ៊ីចឹងពេលពួកខ្ញុំកាយប្រឡាយ ឬពួកខ្ញុំធ្វើប្រឡាយយ៉ាងម៉េចនឹងកើតថ្ងៃក្រោយ។ ពេលយើងចារទៅគាត់មិនព្រមយកចេញទេ អ៊ីចឹងក្នុងនាមជាអាជ្ញាធរ ខ្ញុំត្រូវតែមានសិទ្ធិយកចេញ ព្រោះអីគាត់ដាក់អត់ត្រូវតាមច្បាប់»។
បើតាមលោកស្រី រាជ ផាវឿន នៅចំពោះមុខនេះមានតែផ្លាកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មួយទេ ដែលដាក់នៅក្បែរប្រឡាយនេះ ប៉ុន្តែផ្លាកនេះបានលើកជាយូរឆ្នាំមកហើយ។
សម្រាប់លោក ស ឡុងដេត ជាប្រធានក្រុមការងារគណបក្សភ្លើងទៀនរាជធានីភ្នំពេញ ឱ្យដឹងថា ការផ្ដួលរំលំ និងកាប់បំផ្លាញផ្លាកគណបក្សភ្លើងទៀននេះ ជាលើកទី២ហើយ នៅបន្ទាប់ពីផ្លាកគណបក្សមួយនេះនៅក្នុងសង្កាត់ស្ទឹងមានជ័យ ក៏ត្រូវបានជនមិនស្គាល់មុខ កាប់បំផ្លាញ និងផ្ដួលរំលំដែរ កាលពីពេលកន្លងទៅ។
នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី យល់ឃើញថា នេះជាការអនុវត្តរំលោភលើគោលការណ៍ច្បាប់ ហើយក៏ជាការឆ្លុះបញ្ចាំងទៅនឹងសារនយោបាយរបស់មេដឹកនាំកំពូលៗកន្លងទៅ ថាគ្មានប្រសិទ្ធភាពដែរ។ លោកចាត់ទុកករណីនេះ ថាជាការរើសអើងផ្នែកនយោបាយមួយ ដែលអាចមានន័យថាមានស្ថានភាពធ្ងន់ធ្ងរ ហើយបរិយាកាសបែបនេះនឹងធ្វើឱ្យមានផលប៉ះពាល់ទៅដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ។
លោកបន្តថា៖ «សេចក្ដីណែនាំរបស់ថ្នាក់ដឹកនាំបានតែមាត់ គាត់អត់មានចាត់វិធានការផ្លូវច្បាប់ឱ្យវាឃើញជាក់ស្ដែងដើម្បីឱ្យវាមានការរាងចាល ដល់អ៊ីចឹងវាប៉ះពាល់ដល់ដំណើរការ Free and Fair election [ការបោះឆ្នោតដោយសេរី និងយុត្តិធម៌]។ បើគ្រាន់តែគណបក្សនយោបាយមិនអាចធ្វើសកម្មភាពបានផង គ្រាន់តែត្រឹមផ្លាកគណបក្សក៏គេទម្លាក់ចោល គេបំផ្លាញចោល ហើយទម្រាំដល់ថ្ងៃឃោសនាខាងមុខទៀត វានឹងអាចមានឧបសគ្គ មានការរាំងស្ទះ និងមានការរំខានដោយរបៀបណាមួយទៀត»។
អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ បញ្ជាក់ថា បច្ចុប្បន្ន ផ្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ ត្រូវបានគេដាក់តាំងបង្ហាញនៅលើផ្លូវសាធារណៈជាហូរហែ ហាក់មិនមានការខុសឆ្គងនោះទេ ប៉ុន្តែបើគ្រាន់តែសុំលើកផ្លាកគណបក្ស ដែលមានចែងនៅក្នុងបទបញ្ជា និងនីតិវិធី ស្ដីពីការបោះឆ្នោត ហើយបែរជារងការចោទថារំលោភគោលការណ៍ច្បាប់នោះ មានន័យថា អាជ្ញាធរនៅថ្នាក់ក្រោមជាតិ កំពុងអនុវត្តផ្ទុយទៅនឹងច្បាប់។
បើទោះជាបែបណា លិខិតផ្ញើទៅអភិបាលរាជធានី-ខេត្តរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេញកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់ក្រោមជាតិ ត្រូវបង្កលក្ខណៈងាយស្រួលឱ្យគ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីរួចហើយនៅក្រសួងមហាផ្ទៃ ហើយអាចធ្វើសកម្មភាពស្របតាមច្បាប់បាន។ លិខិតបន្ថែមថា ការអនុវត្តដូច្នេះ ដើម្បីប្រាកដថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ក្រៅពីនេះ ប្រសិនបើគណបក្សនយោបាយត្រូវការលើកផ្លាកគណបក្សនៅតាមទីសាធារណៈ ទីប្រជុំជន ឬតាមដងផ្លូវនានា សាម៉ីគណបក្សគ្រាន់តែធ្វើលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរឃុំសង្កាត់ អំពីការលើកផ្លាកគណបក្សនយោបាយ ជាការស្រេច៕