អាវុធហត្ថ​ខេត្តមណ្ឌលគិរី កោះហៅ​ជនជាតិដើមភាគតិច​៣នាក់​ឱ្យ​ចូលបំភ្លឺ​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី

ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី ដែលពាក់ព័ន្ធនឹងបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន «ឌីវេឡុបមេន ខូអិលធីឌី» ចូលបំភ្លឺ​នៅតុលាការ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បាន​​កោះហៅតំណាង និង​ជនជាតិដើមភាគតិចពូនង​​ចំនួន​៣នាក់ ដែល​សកម្ម​ក្នុង​ការ​​​ការ​ពារ​ដីធ្លី និងធនធានធម្ម​ជាតិ ឱ្យចូលបំភ្លឺនៅដើមសប្ដាហ៍ក្រោយនេះ ក្រោមបទចោទចំនួន៤។

ក្នុងលិខិតកោះហៅចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ប្រធានមន្ទីរ​ស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃអង្គភាព​កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី​ លោក អៃ ចំណាប់ បាន​តម្រូវឱ្យអ្នកស្រី ផ្លឹក ភីរុំ, អ្នកស្រី ផ្លឹក ណារី និងលោក ​ខ្លើង ទុំ ដែលជាជនជាតិដើមភាគតិច​ ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​​នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ពាក់ព័ន្ធបទចោទ «មិនគោរព​ដីកា​សម្រេច, គំរាមសម្លាប់, ប្រើហិង្សានៅលើអ្នកកាន់កាប់អចលនវត្ថុអ្នកដទៃ និង​បទកំហែងយក» ដើម្បី​ឆ្លើយបំភ្លឺ។

លិខិតកោះហៅ បញ្ជាក់​ថា ការ​កោះ​ហៅ​តំណាង​និងជនជាតិដើមភាគតិចទាំង៣នាក់ឱ្យចូលបំភ្លឺនេះ គឺ​ធ្វើឡើងតាម​បណ្ដឹងរបស់អ្នកស្រី ត្រឿង យុន រស់នៅរាជធានី​ភ្នំពេញ និង​តាម​ចំណាររប​ស់​ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា។

អ្នកសម្រប​សម្រួលជន​ជាតិ​ដើម​ភាគ​តិច​ពូនង​នៅ​ខេត្ត​មណ្ឌល​គិ​រី អ្នកស្រី ផ្លឹក ភីរុំ ប្រាប់ ​​​វីអូឌី នៅ​ថ្ងៃចន្ទនេះ​ថា ពួក​គាត់នឹង​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​​កោះហៅរបស់កងរាជអាវុធហត្ថ ខណៈ​ពួកគាត់មិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ។

អ្នកស្រី ផ្លឹក ភីរុំ ចាត់ទុកករណីកងរាជអាវុធហត្ថកោះហៅនេះថាជារឿងអយុត្តិធម៌មួយ ដោយថា ពួកគាត់ជាជនជាតិដើមភាគតិច ខិតខំការពារដីព្រៃរបស់រដ្ឋ និងដីអាស្រ័យផលខ្លួនឯង បែរជាត្រូវបានរងបណ្ដឹង និងត្រូវ​បានកោះហៅដោយកងរាជអាវុធហត្ថទៅវិញ។

ជនជាតិដើមភាគតិចពូនងរូបនេះ​បានចោទ​អ្នកស្រី ត្រឿង យុន រស់នៅរាជធានី​ភ្នំពេញ​ ដែល​ជា​ដើម​បណ្ដឹង ថា​​​បានគប់គិត​គ្នា​ជា​មួយ​អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ​ផ្សេង​ទៀត លួច​ធ្វើប​ណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋ និងដី​អាស្រ័យផលរបស់ជនជាតិដើមភាគតិច ហើយ​បានប្ដឹងតំណាងជនជាតិដើមភាគតិចទៅតុលាការ និងកងរាជអាវុធហត្ថថែមទៀត ក្រោយពលរដ្ឋ​​នាំគ្នាតវ៉ាប្រឆាំងការឈូសឆាយដីធ្លីនោះ។

អ្នកស្រីបន្ថែមថា៖ «ប្លង់ដែលចេញពីភូមិឃុំលួចធ្វើនិងស៊ីញ៉េ [ចុះហត្ថលេខា] ​​លើដីព្រៃដែលពួកខ្ញុំខំការពារនេះ វាជារឿងអយុត្តិធម៌មួយទៅហើយ ហើយប្ដឹងពួកខ្ញុំជាម្ចាស់ស្រុកម្ចាស់ដីដែលខំការពារដីធ្លីខ្លួន និងដីព្រៃ​របស់រដ្ឋនេះ ទៅតុលាការថែមទៀត។ អស់ពីប្ដឹងទៅតុលាការ ឥលូវប្ដឹងពួកខ្ញុំទៅកងរាជអាវុធហត្ថថែមទៀត។ តើទាំងអស់នេះវាសមស្របនឹងនីតិវិធីដែលសមត្ថកិច្ចទាំងអស់ហ្នឹងអនុវត្តអត់? ទាំង​តុលាការ និងអាជ្ញាធរ​ គួរតែដោះស្រាយរឿង ព្រោះយាយហ្នឹង [អ្នកស្រី ត្រឿង យុន] លួចធ្វើប្លង់ដីហ្នឹង»

បើតាមអ្នកស្រី ផ្លឹក ភីរុំ គឺមានពលរដ្ឋជនជាតិដើមភាគតិចប្រមាណ១០នាក់ជាប់បណ្ដឹងនៅតុលាការ ក្រោយនាំគ្នាតវ៉ាប្រឆាំង អ្នកស្រី ត្រឿង យុន ឈូស​ឆាយ​ដី​ព្រៃរបស់​រដ្ឋ។

វីអូឌី មិនអាចសុំការឆ្លើយតប​ពីដើមបណ្ដឹង អ្នកស្រី ត្រឿង យុន បានទេ ពាក់ព័ន្ធការចោទប្រកាន់នេះ។

មេឃុំសុខដុម លោក ពៅ សុផាត មានប្រសាសន៍ថា អ្នកស្រី ត្រឿង យុន បានទៅទិញ​ដី​ពី​ប្រជាពលរដ្ឋ​ជនជាតិ​ដើមភាគតិច ដោយ​​មានឯកសារទិញលក់ត្រឹមត្រូវ។ មេឃុំរូបនេះបានចោទតំណាងជនជាតិដើមភាគតិចថា បានញុះញង់​​ពលរដ្ឋឱ្យទៅសាងសង់​លំនៅឋានលើដីរបស់អ្នកស្រី ត្រឿង យុន​ ដោយខុសច្បាប់។

លោកបន្ថែមថា៖ «ដីគេ [អ្នកស្រី ត្រឿង យុន]​ តាំងពីយូរហើយ គាត់ទិញពីបងប្អូនជនជាតិដើមភាគតិចហ្នឹង​តែ​ម្ដង។ គាត់លក់ឱ្យគេ ហើយគាត់នាំកម្លាំងឱ្យទៅសង់ផ្ទះលើដីគេវិញ»

មន្ត្រីកម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា មានករណី​​ច្រើន​ណាស់​​ដែល​អាជ្ញាធរមូលដ្ឋាន​បានគប់គិតគ្នាចេញលិខិតបញ្ជាក់ការទិញលក់ដីរដ្ឋទៅឱ្យឈ្មួញ និងអ្នកមានលុយមានអំណាច ហើយពលរដ្ឋដែលតវ៉ាប្រឆាំងករណីនេះតែងតែរងបណ្ដឹងនៅតុលាការ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ករណីប្ដឹង​​​ពលរដ្ឋទៅតុលាការ ដោយសារ​​ការ​តវ៉ានិង​ការ​ការពារដីរដ្ឋនេះ ជាការគំរាមកំហែង និងរំលោភសិទ្ធិពលរដ្ឋ​​ធ្ងន់ធ្ងរ។ យ៉ាងណា លោក ប៉ែន ប៊ុណ្ណារ៍ បានលើកទឹកចិត្តពលរដ្ឋឱ្យហ៊ានប្ដឹងបរិហារ​ទៅតុលាការចំពោះ​ករណីអាជ្ញាធរគប់គិត​លក់​ដី​ព្រៃ ដី​ភ្នំ និង​ដីបឹង​របស់រដ្ឋ។

លោកបន្ថែមថា៖ «អ្វីដែលពួកគាត់ខំការពារដីព្រៃរបស់រដ្ឋ មិនមែនមានគោលបំណងយកមកធ្វើឯកជនទេ។ ​អ៊ីចឹងយើងឃើញថា ការ​កោះរបស់​កង​រាជ​អាវុធ​ហត្ថ និង​តុលាការ ទៅលើពលរដ្ឋនោះ ជាការគំរាមកំហែងបំបាក់ស្មារតី ខណៈដែលដីព្រៃរបស់រដ្ឋកំពុងរងការទន្ទ្រានយកយ៉ាងអនាធិបតេយ្យ។ អ៊ីចឹង​គួរណាស់​មន្ត្រីអាជ្ញាធរពាក់ព័ន្ធយកដីរដ្ឋដែលបាត់បង់មកវិញ»

គួររម្លឹកថា នៅចុងខែមិថុនា ឆ្នាំ២០២២​នេះ តុលាការខេត្តមណ្ឌលគិរី បាន​កោះហៅតំណាង និងជនជាតិដើមភាគតិចពូនង​ចំនួន​៤រូប ឱ្យ​ចូល​ឆ្លើយបំភ្លឺផងដែរ ក្នុងនោះ​ក៏​មាន​អ្នកស្រី ផ្លឹក ភីរុំ, អ្នកស្រី ផ្លឹក ណារី​, លោក ខ្លើង ទុំ និង​លោក គ្រើង តុលា ទៅ​​តាម​​បណ្ដឹង​របស់​នាយិកា​​ក្រុមហ៊ុន​វីឡា «ឌីវេឡុបមេន ខូអិលធីឌី» ពាក់ព័ន្ធ​បទ «បរិហារកេរ្តិ៍ជាសាធារណៈ និង​ញុះញង់​ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ដើម្បី​សាកសួរជា​លើកទី២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ