ប្រធាន​បក្សភ្លើងទៀន​ខេត្តប៉ៃលិន ត្រូវបាន​តុលាការ​កោះហៅ​ជាលើក​ទី២​ក្នុង​សំណុំរឿង​ញុះញង់

លោក ខឹម មុនីកុសល អតីតមន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាល​ខេត្តប៉ៃលិន និងបច្ចុប្បន្នជាប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តប៉ៃលិន។ (ហ្វេសប៊ុក៖ Monykosal Khem)

តុលាការខេត្តប៉ៃលិន បានចេញដីកាកោះហៅប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តនេះម្នាក់ជាលើកទី២ ដើម្បីចូលឆ្លើយបំភ្លឺពាក់ព័ន្ធសំណុំរឿង «ញុះញង់» ប៉ុន្តែមន្ត្រីបក្សក្រៅរដ្ឋាភិបាលមួយនេះហៅការកោះហៅនោះជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។

​ក្នុងដីកាកោះហៅជាលើកទី២ ចុះថ្ងៃទី២៦ ខែមេសា របស់ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោក ជា សា បានតម្រូវឱ្យលោក ខឹម មុនីកុសល ចូលបំភ្លឺនៅតុលាការនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដើម្បីសាកសួររឿង «ញុះញង់ឱ្យមានការរើសអើង» ដែលប្រព្រឹត្តទៅនៅមន្ទីរឬស្នាក់ការបក្សខេត្តប៉ៃលិន។

អតីតមន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាល​ខេត្តប៉ៃលិន និងបច្ចុប្បន្នជាប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុនីកុសល បានអះអាងនៅថ្ងៃចន្ទនេះថា ​លោកទើបបានទទួលដីកាកោះហៅនោះពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរតាវ៉ៅ ​នៅព្រឹកថ្ងៃទី៩ ខែឧសភានេះ។ លោកបញ្ជាក់ថា ​នឹងចូលទៅបំភ្លឺតាមដីកាកោះហៅរបស់តុលាការ ប៉ុន្តែក៏ត្រូវពិភាក្សាជាមួយមេធាវីអំពីរឿងនេះដែរ។

ប្រធានគណបក្សភ្លើងទៀនខេត្តជាប់ព្រំដែនថៃរូបនេះយល់ថា ការប្ដឹងផ្ដល់និងចោទប្រកាន់លោក គឺជារឿងនយោបាយ ការគំរាមកំហែង ច្រើនជាងការអនុវត្តច្បាប់។

លោក ខឹម មុនីកុសល មានប្រសាសន៍ថា៖ «ជារឿងនយោបាយដដែល ហើយជាចេតនាចង់រារាំងសកម្មភាពរបស់ខ្ញុំ ព្រោះពេលវេលានៃការបោះឆ្នោតកាន់តែខិតជិតមកហើយៗ ដីកាចេញមកថែមទៀត ហើយវាក៏មិនបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្ស [ភ្លើងទៀន] ដែលខំជួបខាង គ.ជ.ប ជួបខាងក្រសួងយុត្តិធម៌ទៀត។ តែផ្ទុយទៅវិញ វានៅតែមានរឿងហ្នឹង[កោះហៅ]កើតឡើង ហើយយើងទាំងអស់គ្នាដឹងហើយថា រឿងហ្នឹងជារឿងនយោបាយទេ វាមិនមានអីពាក់ព័ន្ធទៅនឹងអ្វីផ្សេងទៀតទេ បាទ! ដោយសារតែខ្ញុំជាមន្ត្រីរបស់គណបក្សភ្លើងទៀនតែប៉ុណ្ណឹងឯង»។

លោក ខឹម មុនីកុសល ​ត្រូវបានអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បណ្ដេញចេញពីក្របខណ្ឌជាមន្ត្រីសុខាភិបាល​នៃមន្ទីរសុខាភិបាលខេត្តនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីលោកបានបង្ហោះសារនៅលើហ្វេសប៊ុករិះគន់មន្ត្រីស្ថាប័នពាក់ព័ន្ធដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័កក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន។

កាលពីពេលកន្លងមក លោក ខឹម មុនីកុសល ត្រូវបានតុលាការខេត្តនេះកោះហៅឱ្យចូល​​ខ្លួន​​ទៅឆ្លើយបំភ្លឺម្ដងរួចមកហើយ ក្នុង​សំ​ណុំ​​រឿង​​២ផ្សេងទៀត។ សំណុំរឿងទី១ តុលាការតម្រូវឱ្យលោកចូលឆ្លើយបំភ្លឺនៅថ្ងៃទី៨ ខែ​មេសា ក្រោយ​រង​ការ​​​​​ចោទ​​​​ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទចោទ​មួយករណី​ទៀត ត្រូវចូល​ខ្លួនឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​២០ ខែ​មេ​សា ពី​បទ «ញុះញង់ឱ្យមានការរើសអើង» ប៉ុន្តែត្រូវបានលោកស្នើសុំពន្យារពេល ក្រោមហេតុផលថា គ្មានពេលវេលាគ្រប់គ្រាន់ និងគ្មានមេធាវី។

យ៉ាងណា លោក កុសល បានចោទជាសំណួរថា ការដកលោកពីក្របខណ្ឌលោកហើយ ហើយប្ដឹងលោកទៅតុលាការទៀត តើវាជាការសងសឹក និងព្យាបាទមែនទេ? តើយុត្តិធម៌ក្នុងសង្គមនេះមានដែរឬទេ?៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ