អ្នកឃ្លាំមើលសង្គមមួយចំនួនយល់ឃើញថា ជំនួបដ៏កម្រជាថ្មីទៀតរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា ក្នុងពិធីបុណ្យសពបងប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រី មិនមែនជាដើមចមដល់ការពន្លឿនដំណោះស្រាយនយោបាយនោះទេ តែជាសញ្ញាវិជ្ជមានផ្នែកគុណធម៌ ព្រោះថាបានបង្ហាញពីគំរូចេះស្វែងរកការជជែកគ្នា ទោះមានវិវាទនយោបាយ។
ការបង្ហាញទស្សនៈនេះ បន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ បានជួបពិភាក្សាបិទទ្វារ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយប្រើពេលប្រមាណជា៤ម៉ោង ក្នុងពិធីបុណ្យសពបងប្រុសនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ណេង។
ក្រោយជំនួបនោះ លោក កឹម សុខា បានបង្ហោះសារខ្លីនៅលើហ្វេសប៊ុករបស់លោកថា លោក និងលោក ហ៊ុន សែន បានជួបពិភាក្សាគ្នាអំពីបញ្ហាជាច្រើន ជាពិសេសបញ្ហាប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។
តែយ៉ាងណា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា ជំនួបនេះគ្មានឥទ្ធិពលជំរុញដំណោះស្រាយបញ្ហានយោបាយដែលបានអូសបន្លាយច្រើនឆ្នាំមកនេះទេ ដោយថា ពេលនេះគណបក្សប្រឆាំងលែងមានតម្លៃនយោបាយក្នុងការដាក់សម្ពាធឱ្យដៃគូពិចារណាទៅលើការទាមទាររបស់ខ្លួនទៀតហើយ លើកលែងតែមានការដាក់សម្ពាធពីសហគមន៍អន្តរជាតិ។
លោកថា៖ «ប៉ុន្តែប្រសិនបើសហគមន៍អន្តរជាតិដាក់សម្ពាធកាន់តែច្រើន ខ្ញុំគិតថា រដ្ឋាភិបាលនឹងពិចារណា ព្រោះផលប្រយោជន៍បានពីសហគមន៍អន្តរជាតិ ពីសហគមន៍អឺរ៉ុប ពីសហរដ្ឋអាមេរិកហ្នឹង បានលើសលុប។ អ៊ីចឹង[បក្សកាន់អំណាច]មិនអាចបោះបង់ចោលទាំងនយោបាយការបរទេស ហើយនិងប្រយោជន៍ខាងពាណិជ្ជកម្មបានទេ»។
តែយ៉ាងណា លោកយល់ថា ជំនួបនេះជាគំរូមួយបង្ហាញពីគុណធម៌ ដែលមេដឹកនាំចេះរកពេលជួបគ្នា ដើម្បីស្វែងរកដំណោះស្រាយនយោបាយជុំវិញបញ្ហាសង្គមដែលបានកើតឡើង ក្រោយគណបក្សប្រឆាំងធំមួយត្រូវបានរំលាយ។
លោក ឯម សុវណ្ណរ៉ា សម្អាងបែបនេះ ដោយថា អំឡុងឆ្នាំ២០២០ មេដឹកនាំទាំងពីរបានជួបពិភាក្សាទល់មុខគ្នាម្ដងហើយ ចំពេលដែលលោក កឹម សុខា ទៅចូលរួមគោរពវិញ្ញាណក្ខន្ធម្ដាយក្មេករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចូលរួមរំលែកទុក្ខ។ ប៉ុន្តែលោកថា មកដល់បច្ចុប្បន្ន ស្ថានការណ៍នយោបាយនៅតែបន្តតានតឹងដដែល។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មានប្រសាសន៍ដែរថា ជំនួបនេះមិនមានសញ្ញាវិជ្ជមានពីដំណោះស្រាយនយោបាយទៅលើសំណុំរឿងចោទប្រកាន់លោក កឹម សុខា ទេ បើទោះបីលោកមើលឃើញថា ជំនួបនេះជាឱកាសរបស់អ្នកនយោបាយនិយាយគ្នាពីបញ្ហាដែលបានកើតឡើងក៏ដោយ។
លោកថា៖ «ខ្ញុំក៏នៅតែជឿជាក់ថា ជំនួបនេះវាមិនមានអ្វីប្លែកទេសម្រាប់រឿងក្ដីលោក កឹម សុខា។ ខ្ញុំគិតថា វានៅក្នុងដៃតុលាការ ដូច្នេះភាគីម្ខាងទៀតនៅតែប្រកាន់ជំហរមិនមានការលើកលែងណាមួយទេ ទោះបីជាមានជំនួបរវាងឯកឧត្ដម កឹម សុខា និងនាយករដ្ឋមន្ត្រីក៏ដោយ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា ជំនួបនេះជាការបង្ហាញនូវគំរូដ៏ល្អមួយ បើទោះអ្នកនយោបាយមានទស្សនៈខុសគ្នា តែនៅតែអាចស្វែងរក និងអាចអង្គុយពិភាក្សាគ្នាពីបញ្ហាជាតិបាន បើទោះលោកមិនទាន់ដឹងពីលទ្ធផលនៃជំនួបនេះក្ដី។ យ៉ាងណា លោកគិតថា ដំណោះស្រាយនយោបាយអាចរកច្រកចេញរួច បើអ្នកនយោបាយប្រើពេលជួបសន្ទនាគ្នាឱ្យបានញឹកញាប់ ហើយមិនចាត់ទុកដៃគូប្រជែងអំណាចជាសត្រូវនោះ។
លោកថា៖ «ជារឿងមួយសំខាន់ដែលខ្ញុំគិតថាជារឿងមួយល្អ ដែលគួរតែជួបជជែកគ្នាឱ្យបានច្រើន ហើយយើងអាចនឹងរកដំណោះស្រាយនយោបាយទៅថ្ងៃខាងមុខបានដែរ»។
លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយជាង៤ឆ្នាំមកហើយ គិតពីថ្ងៃដែលសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនលោកទាំងកណ្ដាលអធ្រាត្រ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថា «គប់គិតជាមួយសហរដ្ឋអាមេរិកចង់ផ្ដួលរំលំរដ្ឋាភិបាល» ខណៈគណបក្សនេះមានសំឡេងឆ្នោតគាំទ្រប្រហាក់ប្រហែលបក្សកាន់អំណាចដែរនោះ។
វិធានការផាត់គណបក្សប្រឆាំងចេញពីឆាកនយោបាយនេះ ត្រូវបានក្រុមប្រទេសលោកសេរីចាត់ទុកថា របត់នយោបាយនៅកម្ពុជាបានដើរចេញពីគន្លងប្រជាធិបតេយ្យ និងជំរុញឱ្យរដ្ឋាភិបាលស្ដារស្ថានភាពនេះឡើងវិញ។
បញ្ហានេះ សមាជិកសភាអឺរ៉ុប កាលពីថ្ងៃទី៥ ខែឧសភានេះ បានព្រមានពីការដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ក្រោមវិធានការដកប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុង ប្រសិនបើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០២៣ ត្រូវបានគេរកឃើញថា គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕












