មនុស្ស​៧នាក់​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រទះឃើញអាវុធលាក់ទុកមួយចំនួន នៅចំណុចអូរព្រំដែន ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

មនុស្សចំនួន៧នាក់ត្រូវបានចោទប្រកាន់និងឃុំខ្លួនក្នុងពន្ធនាគារ ពាក់ព័ន្ធ​សំណុំរឿង​ជួញដូរ​អាវុធ​ឆ្លងដែនចេញពីប្រទេសដោយខុសច្បាប់ ខណៈអាជ្ញាធរបច្ចុប្បន្ន​កំពុង​តាមស្វែងរកចាប់ខ្លួនមេខ្លោងដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ​។

ប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការ​​ដ្ឋាន​​​កងរាជអាវុធហត្ថខេត្តបាត់ដំបង លោក សូ ឌី ​បានអះអាង​​កាលពី​ថ្ងៃ​ចន្ទ​​ថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៧នាក់​ ក្នុងនោះ ៤នាក់ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១ ខែឧសភា និង ៣នាក់​ទៀតចាប់ខ្លួននៅ​ថ្ងៃ​ទី២ ខែ​ឧសភា។

ជាមួយគ្នានេះ សមត្ថកិច្ចក៏​កំពុង​​តាម​ចាប់ខ្លួន​មេ​ខ្លោងដែលត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនៅក្នុងករណីនេះផងដែរ។

ប្រធានមន្ទីរយុត្តិធម៌ដដែលបន្ថែមថា៖ «សមត្ថកិច្ចបាន​កំណត់​អត្តសញ្ញាណពួកគេ [មេខ្លោង] រួចរាល់ហើយ ដែលបច្ចុប្បន្នយើងកំពុងតែតាមចាប់ខ្លួន​ពួកគេ»។

លោក ដួង សារ៉ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានឱ្យដឹង​ថា ជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ពីបទ «ផលិត នាំចេញ-ចូលអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ»។ យោងតាមក្រមព្រហ្មទណ្ឌ បទ​ចោទ​នេះ​អាចប្រឈម​ការ​ជាប់​ពន្ធនាគារ​​ពី ៥ ទៅ ១០ឆ្នាំ។

ទាក់ទិន​​ករណីនេះ លោក Jeremy Douglas មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុក​ការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់​អាស៊ី បានថ្លែង​កាលពីថ្ងៃសុក្រសប្ដាហ៍មុន​ថា ការជួញដូរអាវុធទៅកាន់ប្រទេសមីយ៉ាន់ម៉ាហាក់មានការកើនឡើងខ្លាំងនៅក្នុងតំបន់។

លោកថា៖ «ការ​ជួញ​ដូរ​អាវុធ​ចេញពីក្នុង ​និង​ជុំវិញ​ខេត្ត​បាត់ដំបង ​ក្បែរ​ព្រំដែន​ថៃ​ មិន​មែន​ជា​រឿងដែលគួរឱ្យ​ភ្ញាក់​ផ្អើលនោះ​ទេ ខណៈតម្រូវការអាវុធធុនតូច និងគ្រឿងផ្ទុះនៅក្នុងប្រទេសមីយ៉ាន់ម៉ា បច្ចុប្បន្នមានការកើនឡើងខ្លាំង។ ដូច្នេះហើយ សកម្មភាពនៃការជួញដូរអាវុធយ៉ាងសកម្មឆ្ពោះទៅកាន់ប្រទេសនេះ គឺត្រូវបានធ្វើឡើងចេញពីទិសដៅជាច្រើន»។

គួរបញ្ជាក់ថា គ្រាប់បែកដៃ៥០គ្រាប់ កាំភ្លើង​អាកា៤៧ ចំនួន១ ០០០ដើម កាំភ្លើងខ្លីចំនួន​២​ដើម រួមនឹងអាវុធជាតិផ្ទុះមួយចំនួន​ទៀត ត្រូវបានរឹបអូសកាលពីដើមខែនេះ នៅក្នុងប្រតិបត្តិការរួមគ្នាមួយរវាងក​ងរាជអាវុធ​ហត្ថ​​ខេត្ត​​​បន្ទាយ​​មាន​​​​ជ័យ និងខេត្តបាត់ដំបង។ នេះបើយោងតាមការ​ចុះផ្សាយដោយកាសែតក្នុងស្រុក៕

បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Authorities Hunt for Weapons-Trafficking Ringleaders, Seven in Jail

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ