ប្រជាសហគមន៍​ខេត្តកំពង់ស្ពឺ​ទាមទារ​ឱ្យ​ក្រសួង​ដោះស្រាយ​រឿង​បែងចែក​ដី​ឱ្យ​គ្រួសារ​កងទ័ព

ពលរដ្ឋរាប់រយនាក់មកពីខេត្តកំពង់ស្ពឺ ប្រមូលផ្តុំគ្នាមុខ ក្រសួងរៀបចំដែនដី នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២២ ដើម្បីដាក់ញត្តិស្នើ​​ឱ្យ​មាន​​ដោះស្រាយវិវាទដីធ្លី និង​ដីព្រៃសហគមន៍។ (រូបថត៖ ហ៊ាន រង្សី)

ប្រជាសហគមន៍​នៅ​​​ស្រុក​​ឱរ៉ាល់ និងស្រុក​ថ្ពង​ ​ខេត្ត​កំពង់​ស្ពឺ ស្នើឱ្យក្រសួងដែនដី ជួយអន្ដរាគមន៍កុំឱ្យមានការកាប់បំផ្លាញព្រៃឈើនៅព្រៃ «មេត្តាធម្មជាតិ» បន្ទាប់ពីរដ្ឋាភិបាលបានកាត់ដីជាង២០០ហិកតា បែងចែកទៅឱ្យគ្រួសារកងទ័ព និងមានវត្តមានក្រុមហ៊ុនឯកជនចូលកាប់ទន្ទ្រានជាបន្ដបន្ទាប់។

តំណាងសហគមន៍មេត្តាធម្មជាតិ លោក ​សយ សាត​ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ពលរដ្ឋប្រមាណ៧០០នាក់បាននាំគ្នាមកដាក់ញត្តិនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីខាងក្រសួងចេញមុខមកដោះស្រាយបញ្ហាវិវាទដីធ្លីជាមួយក្រុមទាហាន (ង៧០) និងជាពិសេសព្រៃឈើ«មាតាធម្មជាតិ» ដែលកំពុងត្រូវបានកាប់បំផ្លាញរាល់ថ្ងៃពីសំណាក់ឈ្មួញ។

លោកអះអាងថា មន្ដ្រីដែលចុះមកទទួលញត្តិបានសន្យាថា នឹងពន្លឿនការដោះស្រាយជូនប្រជាសហគមន៍ និងព្រៃឈើមាតាធម្មជាតិ ឱ្យបានលឿន មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មកដល់។ ទោះមានការសន្យាយ៉ាងនេះក្ដី លោកថា ប្រជាសហគមន៍នឹងឡើងមកតវ៉ាម្ដងទៀតនាសប្ដាហ៍ក្រោយ បើគ្មានដំណោះស្រាយ។

លោកបន្ថែមថា៖ «ពួកខ្ញុំមកមុនថ្ងៃឃោសនាមកដល់ ពីព្រោះគេអាចដោះស្រាយឱ្យពួកខ្ញុំបានឆាប់។ តែបើមិនដោះទេ គឺពួកខ្ញុំនៅតែតវ៉ាបន្ដទៀត។ ហើយការដាក់ញត្តិ គឺចង់ឱ្យដោះស្រាយរឿងព្រៃឈើក្នុងវត្តមាតាធម្មជាតិមុន បើមិនអ៊ីចឹងទេ គឺអស់ព្រៃហើយ ព្រោះកាប់រាល់ថ្ងៃ»

តំណាងសហគមន៍ឧត្ដមស្រែខ្ពស់ អ្នកស្រី ឃន ខន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ដោយសារតែជិតបោះឆ្នោតមកដល់ ហើយក៏ជាឱកាសល្អផងនោះ ក្រុមប្រជាសហគមន៍បានប្រមូលគ្នាឡើងមកដាក់ញត្តិនៅក្រសួងដែនដីតែម្ដង ដើម្បីឱ្យក្រសួងមួយនេះដោះស្រាយករណីបែងចែកដីឱ្យទៅគ្រួសារកងទ័ព ដែលធ្វើឱ្យមានជម្លោះកើតឡើងរ៉ាំរ៉ៃជាមួយប្រជាសហគមន៍ និងការកាប់បំផ្លាញព្រៃឈើឥតឈប់ឈរ ក្រោយមកក៏ឃើញមានវត្តមានក្រុមឈ្មួញ និងជនខិលខូចបានចូលរួមកាប់ទន្ទ្រាន។

អ្នកស្រីបន្ដថា៖ «ការឡើងមកដាក់ញត្តិនេះ ខាងក្រសួងគេព្រមទទួលយកហើយ។ ប៉ុន្ដែការដោះស្រាយយ៉ាងណា នៅមិនបានដឹងទេ។ បើគេចង់បានសន្លឹកឆ្នោត គេអាចនឹងយកចិត្តប្រជាពលរដ្ឋ តែបើគេមិនចង់បានទេ មិនដឹងថាត្រូវពន្យាបញ្ហាអស់ហ្នឹងដល់ពេលណាទៀតទេ។ ខ្ញុំសង្ឃឹមថា គេនឹងដោះស្រាយឱ្យពួកខ្ញុំឆាប់ៗ និងស្នើដល់រដ្ឋាភិបាលមេត្តាជួយដោះស្រាយជូនពួកខ្ញុំផង»

ប្រជាសហគមន៍ម្នាក់ទៀត លោក ឃន ​សារិទ្ធ គូសបញ្ជាក់ថា ទាំងសហគមន៍ឧត្ដមស្រែខ្ពស់ និងសហគមន៍មេត្តាធម្មជាតិ គឺចង់ឱ្យខាងក្រសួង និងរដ្ឋាភិបាលគិតគូរពីផលប៉ះពាល់ និងជម្លោះកើតឡើងចំពោះប្រជាសហគមន៍ទាំងពីរ និងបញ្ចៀសការកាប់បំផ្លាញធនធានធម្មជាតិ និងសត្វព្រៃនៅតំបន់នេះ។

លោកបញ្ជាក់ទៀតថា៖ «បើខាងក្រសួងមិនមានការឆ្លើយតបណាមួយនោះទេ ពួកខ្ញុំនឹងឡើងមកម្ដងទៀត»

​មន្ដ្រីសម្របសម្រួលធុរកិច្ចនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ លោក វណ្ណ  សូផាត លើកឡើងថា ការដែលប្រជាសហគមន៍ឡើងមកដាក់ញត្តិនៅមុនការបោះឆ្នោតមកដល់នេះ អាចនឹងមានលទ្ធផលខ្លះដែរ ដោយសារអាជ្ញាធរអាចពិចារណារកដំណោះស្រាយ និងទទួលបានការគាំទ្រពីពលរដ្ឋ។

លោកបន្ដថា បញ្ហាទំនាស់ដីធ្លីនៅតែជាបញ្ហាចម្បងធំជាងគេដែលប្រជាពលរដ្ឋតែងតែរងគ្រោះ និងមិនទទួលបានដំណោះស្រាយដោយយុត្តិធម៌និងសំណងសមរម្យឡើយ។

លោកមានប្រសាសន៍បន្ដថា៖ «ខ្ញុំគិតថា គ្រប់គណបក្ស ជាពិសេសបក្សកាន់អំណាច គួរតែពិភាក្សាពីបញ្ហាដីធ្លីជាប្រធានបទធំសម្រាប់ការដោះស្រាយជូនប្រជាពលរដ្ឋ»។​

CCIM បានព្យាយាមទាក់អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ដើម្បីសុំការបំភ្លឺ ប៉ុន្ដែទូរសព្ទចុចចូល គ្មានអ្នកទទួល។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា កន្លងមក អាជ្ញាធរខេត្តបានព្យាយាមដោះស្រាយជាហូរហែមក ប៉ុន្ដែលោកថា ការដោះស្រាយមានលក្ខណៈជាផ្នែក និងមិនអាចដោះស្រាយបានទាំងស្រុងនៅឡើយ។  

លោកបន្ដថា៖ «វាមិនពាក់ព័ន្ធនឹងរឿងបោះឆ្នោតទេ ហើយការឡើងដាក់ញត្តិ វាជាសិទ្ធិសេរីភាពរបស់ពួកគាត់ទេ»

កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅ កងកម្លាំងទាហាន ង៧០ បានចូល​កាប់ឈើនៅសហគមន៍ នាំឱ្យប៉ះទង្គិចជាមួយពលរដ្ឋប្រមាណជាង៥០នាក់ និងបណ្ដាលឱ្យរងរបួសពលរដ្ឋចំនួន៤នាក់ ក្នុងនោះ​មានស្រ្តីម្នាក់ និងប្រុស៣នាក់ ខណៈដែលប្រជាសហគមន៍ព្រៃឈើ«ឧត្ដមស្រែខ្ពស់»បានចេញមុខការពារព្រៃឈើសហគមន៍ជាង២០ឆ្នាំមកហើយ។

សូមរម្លឹកថា ក្នុងអនុក្រឹត្យមួយចេញកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា​) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រ​ភូមិ​ពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋាន​​រថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់​ធ្វើលំនៅឋាន និងបង្កបង្កើនផល៕ 


ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។