លោកស្រី ម៉ែន សំអន បញ្ជា​ទៅ​អភិបាល​ខេត្តកណ្ដាល​ដោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​រង​ប៉ះពាល់​ពី​គម្រោង​ព្រលាន​យន្តហោះ

ក្រុមពលរដ្ឋប្រហែល​៣០នាក់ តំណាងឱ្យ៨៤គ្រួសារ​ មកពីឃុំព្រែក​ស្លែង និង​ឃុំ​បឹង​ខ្យាង ស្រុក​កណ្ដាល​ស្ទឹង បាន​​​នាំ​​គ្នាប្រមូល​ផ្ដុំនៅ​មុខ​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដើម្បីដាក់ញត្តិសុំឱ្យស្ថាប័ននេះជួយ​ដោះ​ស្រាយ​បញ្ហាវិវាទដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី (OCIC) ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ៊ី ឆាយ)

ថ្នាក់ដឹកនាំ​ក្រសួង​​ទំនាក់​ទំនង​ជា​មួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បញ្ជា​ឱ្យអាជ្ញាធរ​ខេត្តកណ្ដាល​ដោះ​​ស្រាយ​សំណង​ជូនពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញ​ថ្មី ស្ថិត​ក្នុង​ស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្ដាល និង​ស្រុកបាទី ខេត្តតាកែវ។

ក្នុងលិខិតចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ លោក​ស្រី ម៉ែន សំអន បាន​បញ្ជាទៅអភិបាលខេត្តកណ្ដាល លោក គង់ សុភ័ណ្ឌ ឱ្យពិនិត្យនិងដោះ​ស្រាយ​សំណង​ជូន​ពលរដ្ឋចំនួន ​១២១គ្រួសារ រស់នៅឃុំបឹងខ្យាង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុន OCIC និងក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនម៉ៅការសាង​សង់​ព្រលាន​យន្តហោះភ្នំពេញថ្មី។

លិខិតដដែលបានបញ្ជាទៅលោក គង់ សុភ័ណ្ឌ ឱ្យពិនិត្យដោះស្រាយ និងផ្ញើរបាយការណ៍ស្ដីពីលទ្ធផលនៃការដោះស្រាយនោះមកក្រសួងវិញ ដើម្បីក្រសួងមួយនេះមានមូលដ្ឋានរាយការណ៍ជូនរដ្ឋាភិបាលបន្ត។

ក្នុងញត្តិរបស់អ្នកភូមិដាក់ទៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី១០​ ខែមីនា ឆ្នាំ២០២២ បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ១២១គ្រួសារដែលសុំអន្តរាគមន៍នោះ​មាន​ដី​សរុប ៦៣​ហិក​តា ៩២​អា។

លោក ទួន វណ្ណៈ ដែលអះអាងថាជាតំណាងពលរដ្ឋនៅឃុំបឹងខ្យាង ប្រាប់​វីអូឌី​នៅថ្ងៃអង្គារនេះថា គ្រួសាររបស់​លោកបានប៉ះពាល់ដីលំនៅឋាន និងដីស្រែទាំងស្រុង​ សរុបចំនួន ១ហិកតា ៩៨អា។ លោក​​ថា ការ​ពន្យា​រពេល​មិ​ន​ដោះស្រាយពីសំណាក់អាជ្ញាធរ បានធ្វើឱ្យគ្រួសាររបស់លោក និង​ពលរដ្ឋផ្សេងទៀត ជួប​ការ​​លំបាក​ក្នុងជីវភាព ដោយ​សារ​គ្មាន​ដី​សម្រាប់​បង្ក​បង្កើន​ផល និង​ជំពាក់​បំណុល​ធនាគារ​ទ្វេដង ខណៈពលរដ្ឋ​ខ្លះសម្រេចទទួលយកសំណងត្រឹម ៨ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ ទាំងបង្ខំចិត្ត ដោយសារជីវភាពខ្វះខាត។

លោកបន្ថែមថា៖ «ពួកយើងមានការលំបាកខ្លាំង ទី១ ​ជីវភាព​គ្រួសារ​ ដោយ​សារ​យើង​មិនបានធ្វើស្រែ ទី២ ខ្វះ​ខាត​លុយ​កាក់​ផ្តល់​ឱ្យកូនៗសម្រាប់ទៅរៀនសូត្រ។ ហើយមួយទៀត ព្រួយបារម្ភខ្លាចមិន​ទទួល​បានសំណង ខណៈក្រុមហ៊ុនដើរនិយាយថា បើមិនទទួល ៨ដុល្លារ [ក្នុងមួយម៉ែត្រការ៉េ] គេលែង[ដោះស្រាយ]ក្រោយបោះឆ្នោត​រួច។ ឥលូវនេះ​ ពលរដ្ឋខ្លះ គាត់ភ័យ គាត់ក៏សម្រេច​ទទួល​យក​សំណង​ត្រឹម ​៨ដុល្លារ​ ទាំង​បង្ខំ។ តែសម្រាប់​ពួកខ្ញុំប៉ុន្មាន​គ្រួសារដែលប៉ះពាល់ទាំងដីផ្ទះ និងដីស្រែ គឺមិនទទួលយកទេ»

តំណាង​ពលរ​ដ្ឋនៅឃុំបឹងខ្យាងម្នាក់ទៀត​ អ្នក​ស្រី ឃឹម ម៉ាលី ឱ្យដឹង​ថា រហូ​តមកដល់​ពេលនេះ អាជ្ញាធរនៅតែរក្សាជំហរផ្តល់សំណងត្រឹមតែ «៨ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ» ​​ដដែល ដែល​សំណង​នេះ​តិច​តួច​ពេក ពួកគាត់មិន​អាច​ទទួល​យក​បាន ដោយសារមិនអាចយកទៅទិញដីនៅក្បែរតំបន់ពួកគាត់រស់នៅបាន។

អ្នកស្រី ឃឹម ម៉ាលី ​បន្តថា អ្នកស្រីក៏ដូចជាអ្នកភូមិផ្សេងទៀត ទាមទារសំណងសមរម្យដែលអាចយកទៅទិញដីក្បែរៗនោះបាន ខណៈបច្ចុប្បន្នដីនៅក្បែរ​ព្រលាន​នោះមានតម្លៃចន្លោះពី​៥០ដុល្លារទៅជាង១០០ដុល្លារក្នុង១ម៉ែត្រការ៉េ។

អ្នកស្រីបន្ថែមថា៖ «ដឹងយកមកធ្វើអីត្រឹម៨ដុល្លារ? វាមិនមែនតិចពេកទេ ​វាតិចខ្លាំងមែនទែន វាខុសគ្នាឆ្ងាយ​ដូចមេឃនិងដី។ យើងបារម្ភចេះតែបារម្ភ​ហើយ តែបើយកមកនៅតែក្រដដែល អ៊ីចឹងយើងចាំមើលសិនទៅ»

អ្នកស្រី ឃឹម ម៉ាលី អះអាងថា មុនក្រុមហ៊ុនចូលមកឈូសឆាយ ដីរបស់អ្នកស្រីត្រូវបានឈ្មួញឱ្យតម្លៃ ៧០ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ​ ប៉ុន្តែកាលនោះ អ្នកស្រីមិនព្រមលក់នោះទេ ដោយរំពឹងថា នឹងទទួលបានតម្លៃខ្ពស់ជាង​នេះ នៅ​ពេលដែលក្រុមហ៊ុនចូលមកអភិវឌ្ឍ។

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តកណ្តាល​ លោក គង់ សុភ័ណ្ឌ បានទេ ពាក់ព័ន្ធករណីនេះ។

នាយករដ្ឋបាលសាលាខេត្តកណ្ដាល​ លោក គ្រុយ ម៉ាឡែន អះអាង​ថា លោក​នៅ​មិន​ទាន់ទទួល​បានលិខិត​របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ​សភា និងអធិការកិច្ច​ នៅឡើយទេ រហូតមក​ដល់​ម៉ោង​៤រសៀល​នេះ។

កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយដោយ​ផ្ដល់​​ដី​រដ្ឋ​ទំហំប្រមាណ២ ៦០០ហិ​កតា ដែល​លាតសន្ធឹង​លើ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ស្រុក​បាទី ខេត្តតាកែវ ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា ​(CAIC) ​វិនិយោគ​រួមគ្នាជាមួយ​សាជីវកម្ម​​​ក្រៅ​ប្រទេស និង​​លេខា​ធិការ​​ដ្ឋាន​​អាកាសចរណ៍​​ស៊ីវិល ដើម្បី​អភិវឌ្ឍ​​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​មួយ​​នេះ​។

កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ពលរដ្ឋបានចេញលិខិតចំហរមួយដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ និង​ដីទំហំជាង១លានម៉ែត្រការ៉េ ដែលភាគច្រើនជាដីមានបណ្ណកម្មសិទ្ធិស្របច្បាប់ ស្ថិតក្នុងឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ។

មន្ត្រីសម្របសម្រួលគម្រោង​ធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា តាមច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល និង​ច្បាប់អស្សាមិករណ៍ ​​គឺរដ្ឋអាចដកហូតដីពលរដ្ឋមានបណ្ណកម្មសិទ្ធិស្របច្បាប់ទៅអភិវឌ្ឍបាន លុះត្រាតែមានការផ្តល់​សំណង​សមរម្យ និងមានការយល់ស្របពីម្ចាស់អចលនវត្ថុ។

លោកថ្លែង​ថា៖ «ទាំងរដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល ច្បាប់អស្សាមិករណ៍ គឺ​បានចែងយ៉ាងច្បាស់ណាស់ថា ការដែលដកហូតអចលនទ្រព្យរបស់នីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ គឺត្រូវតែមានសំណងសមរម្យ និងមាន​ការយល់ព្រមពីម្ចាស់អចលនទ្រព្យហ្នឹងផងដែរ។ ហើយប្រសិនបើយកដោយពុំមានការយល់ព្រម គ្មានផ្ដល់សំណងសមរម្យអាចទទួលយកបានទេ អាហ្នឹងគឺជាការដកហូតដោយខុសច្បាប់ ហើយជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ ជាពិសេសមានដីធ្លី និងលំនៅឋានសមរម្យ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ