ទស្សនៈអ្នកនយោបាយក្រៅរដ្ឋាភិបាលនិងសហជីពពីជំហរសភាអឺរ៉ុបព្រមានផ្ដាច់ EBA ពីកម្ពុជា

សន្តិសុខត្រួតពិនិត្យអ្នកចូលរោងចក្រ ឃែនធើរេន អីភែរឹល (ខេមបូឌា) ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ (រួន រី)

អ្នកនយោបាយនៅគណបក្ស​​ក្រៅ​រដ្ឋាភិបាល និង​​សហជីព​ដែលមានជំហរកណ្ដាល បង្ហាញ​ជំហរ​គាំទ្រ​​​ចំពោះ​​​សេចក្ដីសម្រេចចិត្តរបស់សភា​អឺរ៉ុបនៅក្នុងជំហានបន្ទាប់​ទៀត​នេះ ដែល​ព្រមាន​ពី​​ការ​ផ្ដាច់​​​ប្រ​ព័ន្ធ​​​​អនុ​គ្រោះពន្ធ ប្រសិនបើរកឃើញថា ដំណើរការបោះឆ្នោត​​នាពេល​ខាង​មុខ​ ប្រព្រឹត្តទៅ​​ដោយ​​​គ្មាន​ភាព​​​សេរី ត្រឹម​ត្រូវ និង​​យុត្តិធម៌។

ការបង្ហាញជំហរ​របស់ក្រុមអ្នកនយោបាយ និងសហជីពនេះ ធ្វើ​ឡើង​​ក្រោយ​ពេល​សមាជិក​​​សភា​​អឺរ៉ុប​​ កាល​​ពី​​ថ្ងៃទី៥ ខែឧសភា ​​ឆ្នាំ២០២២ ស្នើ​ឱ្យ​​ប្រទេស​​ដែលជាសមាជិក​​សភា​អឺរ៉ុប​​ទាំង២៧ ដាក់​​​ទណ្ឌកម្ម​​លើ​​ប្រទេស​​កម្ពុជាជាថ្មីទៀត តាមរយៈ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ (EBA) ​បន្ថែម​​ទៀត​ពី​កម្ពុជា។

សញ្ញា​នៃ​ការ​ឈាន​ទៅ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះពន្ធ​​ដោយ​សភា​អឺរ៉ុប និយាយដោយត្រង់​អំពី​​​ការ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​​ឃុំ​សង្កាត់​ឆ្នាំ​២០២២ និងការ​បោះឆ្នោតជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០២៣ បើ​រក​​​ឃើ​​ញ​​​​​ថា ការបោះឆ្នោតទាំងពីរលើកនេះ មិនសេរី ត្រឹមត្រូវ និង​យុត្តិ​ធម៌​ទេ​នោះ។

អនុ​ប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឯកភាព និងគាំទ្រ​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​​របស់​​សភា​អឺរ៉ុប ដែល​មាន​គម្រោងដក​ប្រព័ន្ធ​អនុគ្រោះពន្ធបន្ថែម​ទៀត​ចេញ​​​ពី​​កម្ពុជា​។ ​​​បើ​​​ទោះជា​​​​​​បែបណា អ្នកនយោបាយចាស់វស្សារូបនេះនៅមិនទាន់បានកៀរគរ​គណបក្ស​​​​ន​​​យោ​​​​​បាយ​ដទៃ​ទៀត ដែល​មាន​ជំហរ និងគោលការណ៍ប្រជាធិបតេយ្យ ធ្វើសេចក្តីថ្លែងការណ៍​​រួមជា​​ចំ​​ហនៅឡើយទេ ដោយ​សារ​ម្នាក់ៗរវល់​កិច្ចការបោះឆ្នោត។

លោកបន្តថា៖ «យើងគាំទ្រដោយនូវអ្វីដែលសហគមន៍អឺរ៉ុបគាត់ធ្វើហ្នឹង មានចេតនាចង់ឱ្យកម្ពុជា​យើង​ស្តារនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សត្រឹមត្រូវពេញលេញ ដូចមានចែង​នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងដែរ»។

ក្រោយលែងផ្ដល់ការអនុគ្រោះពន្ធ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ចូលជាធរមាន កាលពី​​ដើម​​ខែ សីហា ឆ្នាំ២០២០ កន្លងទៅ ទំនិញប្រមាណ ៤០មុខ ដែលភាគច្រើន​ជា​សម្លៀកបំពាក់ និង​​​ស្បែ​ក​​​ជើង ដែល​ត្រូវនាំចូលទៅកាន់ទីផ្សារអឺរ៉ុប គឺកម្ពុជាត្រូវបង់លុយប្រមាណ ១០០​លាន​ដុល្លារ​​អាមេរិក ជា​​​រៀង​​​រាល់​​ឆ្នាំ។ ការដក EBA ២០% នេះជាជំហានដំបូងហើយ ដែល​សហ​ភាព​អឺរ៉ុបបាន​ដាក់​​ទណ្ឌ​កម្ម​​​ចំ​​​​ពោះ​កម្ពុជា តែយ៉ាងណា គណៈកម្មការអឺរ៉ុបនេះក៏នៅបើកផ្លូវ​សម្រាប់​កម្ពុជា​​ដែរ ប្រសិន​បើ​​រដ្ឋា​​ភិ​​បាលឆ្លើយតបទៅតាមអ្វីដែល EU ចង់បាន។

ចំណែក ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បង្ហាញការគាំទ្រដែរ ចំពោះជំ​​ហររ​​បស់​​ស​​ភា​​អឺរ៉ុប​ជាថ្មីទៀតនៅពេលនេះ។ លោកបន្តថា វិធានការបន្តទៀត​នេះ ជាការបើកផ្លូវ​ដែល​ជួយ​​​​ឱ្យ​កម្ពុជាអាចងាកមករកគន្លងប្រជាធិបតេយ្យឡើងវិញ ដូចអ្វីដែលសហគមន៍​​អន្តរជាតិ​រិះ​គន់​​​ពី​​កា​រ​​​​​ធ្លាក់ចុះ​នៃប្រព័ន្ធប្រជាធិបតេយ្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបន្តថា៖ «ខ្ញុំយល់ថាជាការមួយ​ល្អដែ​រ ក្នុងន័យឈានទៅពង្រឹងស្ថានភាពប្រជាធិបតេយ្យ ឬ​ក៏​លំហ​ប្រជាធិតេយ្យនៅកម្ពុជាហ្នឹងឱ្យកាន់តែប្រសើរឡើង បន្ទាប់​ពីដើរថយក្រោយកាលពីឆ្នាំ​២០១៧ ​កន្លង​មក​ហ្នឹង។ អ៊ីចឹងក្នុងនាមគណបក្សនយោបាយ យើងគាំទ្រនូវការលើកឡើងរបស់​សហគមន៍​អឺរ៉ុ​ប​ហ្នឹង ហើយយើងក៏ចង់ឃើញសហគមន៍អឺរ៉ុបអនុវត្តបានប្រសិទ្ធភាពបន្ថែម​ទៀត ចំពោះអ្វីខ្លួនបានប្តេជ្ញាចិត្តនេះ»។

បើតាមលោក គង់ មុនីកា បើទោះជាសភា​អឺរ៉ុបបានចេញសេចក្តីសម្រេចចិត្តបែបនេះក្តី ស​​ម្រាប់​​​​អ្នក​នយោបាយវ័យក្មេងរូបនេះ ហាក់នៅមានភាពស្ទាក់ស្ទើរ ដោយ​ថា វិធានការនេះមិនសូ​​វ​​​មាន​ប្រសិទ្ធភាព។ ក្នុងន័យនេះ លោក គង់ មុនីកា មើលឃើញថា ត្រឹមការ​ចេញ​សេច​ក្ដីថ្លែង​ការណ៍ ដោយ​​​មិ​​​​ន​​មានយន្តការត្រួតពិនិត្យ និងតាមដាន ជាពិសេសការ​អនុ​វត្ត​ជាក់​​ស្តែង នឹង​មិន​​មាន​​ឥទ្ធិពល​​​ណា​​​មួយដែល​នាំទៅដល់ការ​ដកថយ​របស់​រដ្ឋាភិ​បាល​ទេ។

បើទោះជាបែបណា ក្នុងញត្តិរបស់សមាជិកសភាអឺរ៉ុបដែលចេញកាលពីថ្ងៃទី៥ ខែឧសភានោះ ពួក​គេ​បាន​ស្នើទៅកាន់គណៈកម្មការអឺរ៉ុបឱ្យ​ប្រើប្រាស់​រាល់​មធ្យោបាយ​ដែល​មាន ក្នុងនោះ​មាន​​ទាំង​ការ​ដក​ចេញ​ទាំងស្រុង​នូវប្រព័ន្ធអនុគ្រោះពន្ធ​ EBA ព្រមទាំង​ទណ្ឌកម្ម​ផ្សេង​ទៀត។

សេចក្តីស្នើនេះ តាមរយៈការបោះឆ្នោតគំាទ្រពីសមាជិកសភាអឺរ៉ុប ចំនួន៥២៦​សំឡេង ក្នុងចំ​​ណោ​​​ម​សមាជិក៥៩៤នាក់ នៅស្នាក់ការកណ្តាលសភាអឺរ៉ុប។

មិនខុសគ្នាដែរ ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឫទ្ធិ យល់ឃើញថា អ្វី​​​ដែល​សភា​​អឺរ៉ុប​​បានប្រកាសនេះ ជា​​​ជម្រើ​សមួយ​​ដ៏​​ប្រ​​សើរ​បំផុត​សម្រាប់កម្ពុជា ហើយ​​ការ​ស្តារនូវ​វិបត្តិ​នយោ​បាយ​​​តាម​រយៈ​​​យន្ត​ការ​អន្តរជាតិ ក្រោ​​យ​​ពីរំលាយគណបក្សសង្រ្គោះជាតិនេះ​ គួរ​ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​វិញ ដើម្បី​​ធានា​​​ថា ការបោះឆ្នោតខាងមុខនេះប្រព្រឹត្តទៅដោយ​សេរី ត្រឹម​ត្រូវ​ និងយុត្តិធម៌។

លោកបន្តថា៖ «យើងយល់ឃើញថាជាការសម្រេចចិត្តមួយជួយជំរុញឱ្យមានការអនុវត្តកិច្ចព្រម​ព្រៀង២៣តុលា​ឱ្យបានពេញលេញ ក៏ដូចជាឱ្យមានការគោរពសិទ្ធិមនុស្សឱ្យបានពិតប្រាកដ។ យើងយល់ឃើញថា នេះជារឿងមួយដែលយើងអាចធ្វើបាន ហើយយើងគាំទ្រនូវសេចក្តីសម្រេចចិត្តនេះ»។

ផ្ទុយពីការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ហាក់​​​មិន​គាំទ្រទេចំ​ពោះការព្រមាន​​ដាក់ទណ្ឌកម្មជាថ្មីទៀត​របស់សភាអឺរ៉ុប​ ​​តាមរយៈការដក​​​ប្រព័ន្ធ​​អនុ​​គ្រោះ​​​​​ពន្ធនេះ ប៉ុន្តែគណបក្សនេះ​ឯកភាព​ចំពោះ​សភាអឺរ៉ុប ដែលខ្វល់​​ខ្វាយ​​​អំពីបញ្ហាសិទ្ធិមនុស្ស និង​សិទ្ធិនយោបាយ ដែលកម្ពុជាកំពុងប្រឈមដូចសព្វថ្ងៃ។

លោកបន្តថា៖ «ខ្ញុំមិនគាំទ្រទៅដល់ផែនការរបស់សភា​អឺរ៉ុប ក្នុង​ការ​ដក​ហូត​ពន្ធ​អនុគ្រោះ​នេះទេ ប៉ុន្តែខ្ញុំគាំទ្រ​អឺរ៉ុប​ដែល​ជួយឈឺឆ្អាលអំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សិទ្ធិសេរីនយោ​បាយ និងសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ»។

ចំណែក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាញឹកញាប់ បានប្រកាសជំហរម្តងហើយម្តងទៀត​ថា ​កម្ពុជា​នឹង​​​​មិន​​​ធ្វើ​តាមការបង្គាប់បញ្ជា ដែលធ្វើឱ្យបាត់តម្លៃក្នុងនាម​​ជារដ្ឋអធិប​​​តេយ្យមួយ​នោះ​​ទេ​​​។​​ ជាង​​​​នេះទៅទៀត លោកនាយករដ្ឋមន្រ្តី ថែមទាំងបានព្រមានពីការមិនចរចា​ដើម្បី​រក្សា​​ឱ្យ​​មាន​​ EBA នេះ​ដែរ ប្រ​​សិន​​បើការស្វែងរកដំណោះស្រាយ​លើយន្តការនេះធ្វើឱ្យបាត់បង់​ភាព​ឯករាជ្យ​​​របស់​​​ខ្លួន​​ ហើយកម្ពុជាក៏បានត្រៀមដើម្បីដោះស្រាយចំពោះវិបត្តិនេះដែរ។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា យល់ឃើញ​ថា ប្រសិនបើ​​ទណ្ឌ​​កម្ម​​ថ្មី​​ទៀតនេះត្រូវកើតឡើងមែន នឹងធ្វើឱ្យវិស័យរោងចក្រកាត់ដេរ​ប៉ះពាល់ខ្លាំងជាងគេ​​។ លោក​បន្ត​​​ថា ចំពោះវិស័យពាក់ព័ន្ធដទៃទៀតដែលមិនផ្ទាល់​​ក៏នឹងត្រូវរងឥទ្ធិពល​ពីទណ្ឌកម្ម​នេះ​​​ដូ​ច​​គ្នា​​ដែរ​​ ហើយលទ្ធផលកាន់តែអាក្រក់ថែមទៀត។

លោកបន្តថា៖ «ខ្ញុំមើលឃើញថា ប្រសិនបើសភាអឺរ៉ុបឈានទៅរកការសម្រេចដកប្រព័ន្ធអនុ​គ្រោះ​ពន្ធ EBA មែន ខ្ញុំគិតថា ផលប៉ះពាល់វានឹងជះឥទ្ធិពលអាក្រក់មកកាន់កម្ពុជាយើង។ អ្នកដែល​ប៉ះពាល់មុនគេហ្នឹង គឺអ្នកធ្វើការនៅក្នុងរោងចក្រកាត់ដេរ ដេរស្បែកជើង រួមទាំងអ្នកទទួល​ផលដោយប្រយោលទៀតផង»។

ផ្ទុយពីការលើកឡើងនេះ រដ្ឋសភាកម្ពុជា នៅ​ថ្ងៃទី៩ ខែឧសភា ម្សិលមិញ បានចេញសេចក្តី​ថ្លែង​​​​ការណ៍​​​​​ថ្កោ​​ល​​​​​ទោស និងបង្ហាញការខកចិត្ត ដោយចាត់ទុក​ចំណាត់ការជាថ្មី​ទៀត​របស់​សភា​​អឺរ៉ុប​​នេះ​ថា ជាផ្នែកមួយដែល​​រុក​​​កួន​​​​កម្ពុជា​​មិនឈប់ឈរ។ សេច​ក្តី​​ថ្លែង​​​​ការណ៍កម្រាស់៤ទំព័ររបស់រដ្ឋសភាកម្ពុជា ក៏បានលើកឡើងពីភាពមិនស្របច្បាប់ និង​បទ​​​ដ្ឋា​ន​​​​ជាអន្តរ​ជាតិ​នានា ដែលសហភាពអឺរ៉ុប កំពុងតែអនុវត្តមកលើកម្ពុជា នៅពេល​នេះ។

បើតាមលោក ប៉ាវ ស៊ីណា ប្រធានសហជីព ដែលមានជំហរកណ្តាល ឱ្យដឹងថា ប្រសិនបើដូច​​អ្វី​ដែល​​​សភា​អឺរ៉ុបព្រមានដកប្រព័ន្ធអនុគ្រោះពន្ធនេះកើតឡើងពិតមែន​នោះ កម្ពុជា​នឹង​ត្រូវ​ប្រឈម​​​វិបត្តិ​​ការ​ងារ​កាន់​តែ​ធ្ងន់​ធ្ងរថែមទៀត។ លោកបន្តថា ចំពោះវិស័យ​​​រោង​​​​​ចក្រកាត់ដេរដែលកំពុង​ស្រូប​កម្លាំង​ពលកម្មកក្នុង​ទីផ្សារ​ការ​ងារ​ប្រមាណ ១លាន​​​នាក់ នឹង​ត្រូវប៉ះពាល់​​ដោយ​​ផ្ទាល់ ហើយប្រមាណ ២​​លា​​ន​​​​នាក់ផ្សេងទៀត នឹង​ត្រូវ​ប៉ះ​ពាល់​ដោយ​ប្រយោល​ពីការព្រមាន​ដាក់​ទណ្ឌកម្មនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ