អភិបាលក្នុងតំបន់របស់រុស្ស៊ីចំនួន៤រូប បានប្រកាសលាលែងចេញពីតំណែងកាលពីថ្ងៃអង្គារម្សិលមិញ ខណៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមួយនេះបច្ចុប្បន្នកាន់តែធ្វើទុក្ខបុកម្នេញ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មេដឹកនាំក្នុងតំបន់ដែលប្រកាសចាកចេញពីតំណែងនោះ រួមមាន អភិបាលក្រុង Tomsk Saratov Kirov និងតំបន់ Mari El ខណៈការបោះឆ្នោតជ្រើសរើសអភិបាលថ្មីក្នុងតំបន់ទាំងនេះគ្រោងនឹងធ្វើឡើងក្នុងខែកញ្ញាខាងមុខ។
ទោះជាយ៉ាងណា ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍនយោបាយក្នុងតំបន់ (Centre for the Development of Regional Politics) លោក Ilya Grashchenkov បានថ្លែងឱ្យដឹងទាក់ទិននឹងករណីនេះថា វិមានក្រឹមឡាំង បាននិងកំពុងដកអភិបាលខេត្តទន់ខ្សោយនានា ស្របពេលដែលទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ បន្ទាប់ពីមានការដាក់ទណ្ឌកម្មដោយបណ្ដាប្រទេសលោកខាងលិច។
លោកថា៖ «វាមានការចាំបាច់ក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ជាពិសេសនៅក្នុងតំបន់ទាំងឡាយណាដែលរងឥទ្ធិពលសេដ្ឋកិច្ចធ្ងន់ធ្ងរពីប្រទេសលោកខាងលិច។ អភិបាលក្រុង និងតំបន់ទាំងនេះ ត្រូវតែជំនួសដោយអ្នកវ័យក្មេងដែលមានសមត្ថភាពជាង»។
យោងតាមក្រសួងសេដ្ឋកិច្ចរុស្ស៊ី បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានរំពឹងថានឹងធ្លាក់ចុះ ៨,៨% ក្នុងឆ្នាំ២០២២។
រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនទៅលើអ៊ុយក្រែនតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលធ្វើឡើងបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលក្នុងនោះក៏បានធ្វើឱ្យបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកសម្រេចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់លើរុស្ស៊ីផងដែរ។
ទាក់ទិននឹងករណីនេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក៏ធ្លាប់បានលើកឡើងឱ្យដឹងកាលពីពេលថ្មីៗនេះថា ទណ្ឌកម្មទាំងឡាយដែលដាក់លើរុស្ស៊ីជាការឆ្លើយតបចំពោះការឈ្លានពានលើអ៊ុយក្រែន នឹងមិនដកចេញឡើយ លុះត្រាតែរុស្ស៊ីឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន៕