នាយក​រដ្ឋមន្ត្រី​ថា លោក សម រង្ស៊ី បន្ត​បាត់បង់​ឱកាស​ដើម្បី​វិល​ចូល​ស្រុក

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោក សម រង្ស៊ី បន្តបាត់បង់ឱកាសក្នុងការវិលត្រលប់ចូលមកក្នុងប្រទេសកម្ពុជាវិញ ដោយសារតែលោកមិនចេះគ្រប់គ្រងឱកាស។

តាម​រយៈវីដេអូឃ្លីបនៅក្នុងជំនួបជាមួយក្រុមអ្នកវិភាគ​​តាមបណ្ដាញសង្គមរស់នៅ​សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ថា លោក សម រង្ស៊ី នឹងរុញលោកឱ្យចូលកៀនជញ្ជាំង ប្រសិនបើលោក សម រង្ស៊ី ផ្ញើលិខិតចូលរួមមរណទុក្ខបងប្រុសរបស់លោក ដែលទទួលមរណភាពកាលពីរសៀលថ្ងៃទី៥ ខែឧសភា។ លោកបន្តថា លោក សម រង្ស៊ី គឺជាអ្នកនយោបាយមិនចេះគ្រប់គ្រងឱកាស។

លោកថា៖ «រង្ស៊ី ភ្លាត់ស្នៀត! […] អ្នកនយោបាយបាត់ឱកាស ប្រសិនបើបងខ្ញុំ​ ពេល​គាត់ស្លាប់ រង្ស៊ីធ្វើលិខិតចូលរួមមរណទុក្ខ រុញខ្ញុំចូលកៀនជញ្ជាំងតែម្ដង រង្ស៊ីនេះមិនចេះគ្រប់​គ្រង​ឱកាស ថោក​អី​នឹង​ដៃ​ ថ្លៃអីនឹងមាត់ ធ្វើលិខិតតែបន្តិច រុញខ្ញុំ​ចូល​ដល់ស្ថានភាពដ៏លំបាក។ ឥលូវខ្ញុំគួរអរគុណរង្ស៊ី ព្រោះឥលូវនេះ បើសិនជាទទួលឬមិនទទួលក៏មិនកើត ដល់តែទទួល ខ្ញុំត្រូវតែជំពាក់ឆ្លើយ ដល់តែឆ្លើយទៅ អាអ្នកនៅក្នុងស្រុកមានសង្ឃឹមថា អូមេអញនឹង​វិលត្រលប់ចូលស្រុកវិញហើយ ព្រោះនាយករដ្ឋមន្ត្រីឆ្លើយហើយ»។

លោក ហ៊ុន ណេង បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាពកាលពីរសៀលថ្ងៃទី៥ ខែឧសភា ដោយសាររោគាពាធ។ បន្ទាប់ពីទទួលបានដំណឹងមរណភាពនេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានសរសេរសារចូល​រួមរំលែកមរណ​ទុក្ខទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបណ្តាញសង្គម។

បន្ថែម​លើនេះ លោក កឹម សុខា ក៏បានដឹកនាំគណៈប្រតិភូទៅគោរពសពលោក ហ៊ុន ណេង ដោយ​ផ្ទាល់នៅឯខេត្តកំពង់ចាម ហើយនៅក្នុងឱកាស​នោះ លោក កឹម សុខា ក៏​បានជួប​ពិភាក្សា​ជាង​៤ម៉ោង​ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

ផ្ទុយពីលោក កឹម សុខា គេមិនបានឃើញលោក សម រង្ស៊ី ផ្ញើសារចូលរួមរំលែកទុក្ខលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីលោក សម រង្ស៊ី អតីត​ស្ថាបនិក​គណបក្សសង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ បាននៅឡើយទេ នៅថ្ងៃនេះ។

ក៏ប៉ុន្តែ​លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ​ បានថ្លែងប្រាប់ វីអូឌី តាមទូរសព្ទ​ពីសហរដ្ឋអាមេរិកថា លោកស្រី​ចូល​រួម​មរណទុក្ខចំពោះ​ការបាត់បង់សាច់ញតិនេះ ក៏ប៉ុន្តែ​បញ្ហាជាតិ គឺជាបញ្ហា​​សំខាន់ ដែលអ្នក​នយោបាយត្រូវអង្គុយដោះស្រាយជាមួយគ្នា។

លោកស្រីថា៖ «ចំពោះរឿងគ្រួសារផ្ទាល់ខ្លួន ហើយរហូតទៅដល់មានមរណភាពនេះ យើងក៏ចូលរួមនៅក្នុងការចែករំលែកទុក្ខជាមួយគ្រួសារដែរ ក៏ប៉ុន្តែរឿងជាតិ យើងត្រូវតែដាក់ជាអាទិភាព រួមគ្នាអង្គុយជជែកគ្នា ទើបឃើញថាយើងមានឆន្ទៈពិតប្រាកដនៅក្នុងការដោះស្រាយបញ្ហាជាតិ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងស្ថិតនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល​​ពិសេសអាស៊ាន-អាមេរិក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

គួរជម្រាបជូនថា លោក សម រង្ស៊ី កំពុងរស់នៅប្រទេសបារាំង បានបរាជ័យក្នុងការវិលត្រលប់ចូលមកក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ចាប់តាំងពីមានជម្លោះនយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង កាលពីចុងឆ្នាំ២០១៧មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ