អតីតអភិបាលរាជធានីភ្នំពេញ និងខេត្តតាកែវ លោក កែប ជុតិមា ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី៤ ជំនួសតំណែងលោក ហ៊ុន ណេង ដែលទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា។
ការបោះឆ្នោតឱ្យលោក កែប ជុតិមា ជាប់ជាប្រធានគណៈកម្មការទី៤ ដែលជាគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនេះ បានធ្វើឡើងក្នុងសម័យប្រជុំ នៅព្រឹកថ្ងៃទី១១ ខែឧសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភាចំនួន១០៦រូប ក្រោមអធិបតីភាពប្រធានរដ្ឋសភាលោក ហេង សំរិន។
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នៅថ្ងៃពុធនេះ បានឱ្យដឹងថា លោក កែប ជុតិមា ដែលជាអនុប្រធានគណៈកម្មការទី៩ ឬ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី៤ ជំនួសតំណែងលោក ហ៊ុន ណេង។
ការបោះឆ្នោតជ្រើសរើសនេះ ធ្វើឡើងក្រោយពេលគណបក្សប្រជាជនកម្ពុជាបានស្នើលោក កែប ជុតិមា ដែលជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សកាន់អំណាច ជាបេក្ខជនប្រធានគណៈកម្មការទី៤ ដើម្បីឱ្យរដ្ឋសភាបោះឆ្នោតគាំទ្រសម្រាប់ជំនួសតំណែងលោក ហ៊ុន ណេង។
ប្រភពដដែលបន្តថា រដ្ឋសភាក៏បានសម្រេចបោះឆ្នោតឱ្យលោក ពេជ្រ គឹមស៊្រាង ជាអនុប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជំនួសតំណែងលោក កែប ជុតិមា។ បន្ថែមពីនេះ រដ្ឋសភាក៏បានផ្តល់សុពលភាពទៅលោក ស្លេះ ពុនយ៉ាម៉ីន ក្នុងអាណត្តិជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួសលោក ហ៊ុន ណេង ផងដែរ។
ដោយឡែក រដ្ឋសភាក៏បោះឆ្នោតជ្រើសតាំងលោក ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។
អតីតអភិបាលខេត្តកំពង់ចាម និងជាបងប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ណេង បានចូលនិវត្តន៍នៅឆ្នាំ២០១៣ និងបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។ លោកត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាជាតិ រហូតមកដល់លោកទទួលមរណភាពដោយជំងឺគាំងបេះដូង កាលពីថ្ងៃទី៥ ខែឧសភា៕