វិភាគ៖ តើ​សម្ពាធ​អឺរ៉ុប​មាន​ឥទ្ធិពល​ដល់​ការ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ?

លោក សម រង្ស៊ី លោក កឹម សុខា និងលោក ហ៊ុន សែន

​​ភាពច​ម្រូង​ចម្រាស​នៃ​វិ​ធា​​ន​ការបិ​ទខ្ទ​ប់គ​ណ​បក្សប្រ​ឆាំ​ងដែលមានសក្ដានុពលចេញពី​ឆាក​នយោបាយ ស្របគ្នានឹងផែ​​ន​​កា​​រផ្ទេ​​​​​រអំណា​ច ​ត្រូវ​បា​នគេ​មើ​លឃើ​ញថា​ ជា​ដើ​មហេតុ​ចម្បងមួយយាយីដល់ដំណើរការប្រជាធិបតេយ្យ​នៅ​​​កម្ពុជា។

បញ្ហានេះ សហភាពអឺរ៉ុបបានព្រមានជាថ្មីទៀតពីវិធានការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ទាំងស្រុងពីក​ម្ពុជា បើស្ថាន​ការណ៍ន​​យោ​​​បាយមិ​នវិលទៅស្ដារប្រជាធិបតេ​យ្យឡើ​ងវិញ តា​​មរ​​​​យៈការបើកផ្លូវឱ្យមេដឹកនាំគណបក្សប្រឆាំងបានចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញទេនោះ។

ស​មាជិ​ក​​សភា​​​អឺរ៉ុប ​​កាល​​ពី​​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានស្នើសមាជិករបស់ខ្លួនចំនួន២៧ប្រ​ទេសឱ្យ​ដាក់​​ទណ្ឌកម្មទៅលើរដ្ឋាភិបាល​កម្ពុជា លើវិធានការដក​​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទាំង​ស្រុង ​​ប្រសិន​បើ​កា​រ​​​បោះ​​ឆ្នោត​ជ្រើសរើ​ស​​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និង​ការ​បោះឆ្នោត​ជ្រើ​ស​តាំ​ង​តំណាងរាស្រ្ត​នៅ​​​​ឆ្នាំ២០២៣ ត្រូវ​បាន​គេ​រកឃើញថា គ្មាន​ភាព​សេរី ត្រឹម​ត្រូវ និង​យុត្តិធ៌ម។

បណ្ដុំប្រទេសលោកសេរីមួយនេះបានលើកឡើងថា ខ្លួនព្រួយបារម្ភយ៉ាងខ្លាំងអំពីការដើរថយក្រោ​យ​នៃការគោ​រព​សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបានថ្កោលទោសចំពោះការរំលាយគណប​ក្ស​​សង្រ្គោះជាតិដោយតុលាការកំពូ​ល​របស់កម្ពុជា។

ប​​ញ្ហានេះ ពួកគេទាមទារឱ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់មកលើលោក កឹម សុខា ប្រ​​ធា​ន​គណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ និង​ថ្នាក់ដឹកនាំមួយចំនួនទៀត រួមមាន លោក សម រង្ស៊ី និងអ្នកស្រី​ មូរ សុខហួរ ជាដើម។

លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយជាង៤ឆ្នាំមកហើយ គិតចាប់ពីថ្ងៃដែលសមត្ថកិ​ច្ច​ឆ្មក់ចូលចាប់ខ្លួនលោកទាំងកណ្ដាលយប់ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។

រដ្ឋាភិ​បាលដែលជាដើមបណ្ដឹង បានចោទប្រកាន់លោក កឹម សុខា ថាគប់គិតជាមួយសហរដ្ឋអាមេរិកចង់ផ្ដួលរំលំរដ្ឋាភិបាល ដែលការចោទប្រកាន់នេះ ចំពេលគណបក្សប្រឆាំងមួយនេះមានអ្នកគាំទ្រជាង៤​៣​ភាគរយ ប្រហាក់ប្រហែលគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចដែរ។

​របត់នយោបាយនេះ សមាជិកសភាអឺរ៉ុបបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់នូវរាល់ទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការសម្លុតបំភ័យ គំរាមកំហែងទៅលើអ្នកនយោបាយប្រឆាំង។

ជាការកត់សម្គាល់នៃមុំនយោបាយ ក្រោយរំលាយគណបក្សប្រឆាំងចេញពីឆាកន​យោ​​​​​​បា​​យជិត៤ឆ្នាំ រួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៤០ឆ្នាំមកនេះ បានប្រកាសពីផែនការផ្ទេរអំណាច ឬយន្តការបន្តវេន ទៅ​ឱ្យ​កូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត។

ការថ្លែងសារដ៏កម្រពីផែនការបន្តវេនរបស់លោក ហ៊ុន សែន នេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៧ខ្សែ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

លោកថា៖ «ហ៊ុន ម៉ាណែត មួយជាបេក្ខភាព ក្នុងចំណោមបេក្ខភាពជានាយករដ្ឋមន្ត្រី មិនមែន​មាន​តែ​ម្នា​​​​ក់​ទេ ប៉ុន្តែបានទទួល​ការគាំទ្រពីឪវា​ពេញលេញ​ គឺ ហ៊ុន សែន! […] ហ៊ុន សែន វា​មាន​ថ្ងៃងាប់ ​ថ្ងៃចា​​ស់​ណា​​! ហើយចុះបើមានកូន ម៉េចមិនឱ្យវាធ្វើតទៅ តាមរយៈបោះឆ្នោត»។

បញ្ហាទាំងនេះបង្កើតជាចម្ងល់ថា តើសម្ពាធអឺរ៉ុបមានឥទ្ធិពលដល់ការជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឬទេ?

សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោ​បាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា សម្ពាធសហភាពអឺរ៉ុប ដែលព្រមានពីការដកប្រព័ន្ធអនុគ្រោះពន្ធ ៨០ភាគរយបន្ថែមទៀតនេះ ពិតជាមានឥទ្ធិពលទៅលើការតម្រង់ទិសនយោបាយទៅរកគន្លងប្រជាធិបតេយ្យវិញ តែមិនមាន​ឥ​​ទ្ធិ​ពលក្នុងរយៈពេលខ្លីទេ អាច៣ឬ៤ឆ្នាំទៀត។

ការសម្អាងបែបនេះ លោកកត់សម្គាល់ថា ដោយសារគណបក្សកាន់អំណាច ត្រូវការពេលដើម្បីរក្សាស្ថិរ​ភាពបន្តវេន ដែលចរន្តនយោបាយបែបនេះ នឹងមិនបើកលំហប្រជាធិបតេយ្យពេញលេញ ដូចការទាមទាររបស់ក្រុមប្រទេសលោកសេរីទេ ព្រោះវាជាហានិភ័យ​ដល់យន្តការផ្ទេរអំណាច។

លោ​​កថា៖ «កាលណាលំហប្រជាធិបតេយ្យបើកពេញទូលាយដូចបណ្ដា​ប្រទេសលោកសេរីអីពេញលេ​ញ អ៊ីចឹងវាធ្វើឱ្យរង្គោះរង្គើទៅលើ [យន្តការ] បន្តវេន។​​ អ៊ីចឹងអាហា​និភ័យហ្នឹង ​គណបក្សកាន់​អំ​ណាច​អត់​ចង់ឱ្យមានទេ»។

លោក​មើលឃើ​ញថា ដើម្បីសម្រេចបាននូវយន្តការបន្តវេននេះ របត់នយោបាយនឹងមិនបើកលំហប្រជាធិបតេយ្យពេញលេញដូចការចង់បានរបស់សហគមន៍អន្តរជាតិទេ រីឯដំណើរការដឹកនាំរដ្ឋនឹងប្រើប្រាស់ធនធានជាតិនៅក្នុងស្រុក និងជំហរគាំទ្រពីមហាអំណាចចិន សម្រាប់ទប់ទល់ទៅនឹងសម្ពាធពីក្រុមប្រទេសលោកខាងលិច។

តែយ៉ាងណា​​ លោក​គិត​ថា ​ស្ថាន​ការ​ណ៍ន​យោបាយ​អាច​នឹងប្រសើរឡើងវិ​ញក្នុង​រយៈ​ពេលខ្លី ​ដរា​បណាក្រុមប្រ​​ទេសជា​ហ​ត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្រុះគ្នាប្រើវិធានការច្បាប់បង្កកទ្រព្យសម្ប​​ត្តិជា​​លក្ខណបុគ្គល ចំពោះអ្នក​​ដែលរារាំងដំណើរការប្រជាធិ​បតេយ្យ។

​​ប៉ុន្តែលោក​គិតថា វិ​ធានកា​ររួមគ្នានេះពិបាកនឹងកើតឡើង ព្រោះថ្មីៗនេះ បន្ទាត់នយោបាយរបស់រដ្ឋាភិបា​លកម្ពុជាបានឈរលើបន្ទាត់នយោបាយអន្តរជាតិ តាមរយៈការគាំទ្រសេចក្តីសម្រេចមហាសន្និបាតអង្គកា​រសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការថ្កោលទោស​រុស្ស៊ីឈ្លា​នពា​នអ៊ុយក្រែន។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា វិស័យកាត់ដេរបានចំណេញពីប្រព័ន្ធអនុគ្រោះពន្ធនេះចន្លោះពី «៣ភាគរយ» ទៅជិត«៣០ភាគរយ» តែថា បើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះទាំងស្រុង វានឹងបង្កផលប៉ះធ្ងន់ធ្ងរដល់កម្មករច្រើនម៉ឺននាក់។

លោកបាន​គូ​សប​ញ្ជាក់​ថា បើ​ការ​បោះឆ្នោតខាងមុខ​ធ្វើឱ្យកម្ពុ​ជាបាត់បង់ប្រព័​ន្ធអ​នុគ្រោះ​ពន្ធ​នេះទាំ​​ង​ស្រុ​​​​ងពិតមែន​ វានឹងបង្កើត​ជាសំណួរថា តើរដ្ឋាភិបាលដែលកើតចេញពីការបោះ​ឆ្នោតបានតម្កល់ប្រ​យោ​​​​ជន៍សា​ធារណៈ​​កម្រិតណា?។

​​លោកថា៖ «២០ឆ្នាំហើយ ប្រជាធិបតេយ្យនៅកម្ពុជា វាគួរតែមានការបោះឆ្នោតប្រកួ​តប្រជែងដោយត្រឹមត្រូ​​​​វ​ ដោយតម្លាភាព ដោយយុត្តិធម៌ ដែលអាចទទួលយកបានហើយ វាមិនគួរឆ្នាំណាក៏ឮតែអ៊ីចឹង ពួកយើ​ង​​ក៏ឈឺក្បាលដែរ។ មិនសំខាន់ទេថាតើអ្នកណាឈ្នះចាញ់ សំខាន់នៅត្រង់ថា [អ្នក]ឈ្នះហ្នឹងត្រឹមត្រូវអត់? អាហ្នឹ​ងរឿងទី១។ ទី២ ថាឈ្នះហើយហ្នឹង បា​នធ្វើអ្វីខ្លះដែលបម្រើសេវាកម្មសាធារណៈឱ្យពលរដ្ឋបា​​ន​​​ពេ​ញចិត្តហ្នឹង?»

តែយ៉ាងណា លោកយល់ឃើញថា ការរៀបចំទីលានប្រកួតនយោបាយដោយសុចរិត ធានាបាននូវភាពត្រឹមត្រូវនិងយុត្តិធម៌តាមគមន្ល​ងប្រជាធិបតេយ្យ ដើម្បីការពារប្រយោជន៍ជាតិ មិនមែនជារឿងលំបាកនោះទេ បើអ្នកនយោបាយមានមនសិការជាតិនោះ។

តែយ៉ាងណា រដ្ឋសភាកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៩ ខែឧសភានេះ ចាត់ទុក​ចំណាត់ការជា​​ថ្មី​ទៀត​របស់​សភា​​អឺរ៉ុប​​នេះ​ ថាជាផ្នែកមួយ​​រុក​​​កួនកម្ពុជា​​មិនឈប់ឈរ និងចោទប្រកាន់វិញថា វិធានការ​មិនស្របច្បាប់ទៅនឹង​បទ​​​ដ្ឋា​ន​​​​ជាអន្តរ​ជាតិ​។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មើលឃើញថា ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនៅតែបន្តដើរតួនាទីសំខាន់ក្នុងវិស័យកាត់ដេរ ហើយជួយជ្រោមជ្រែងចរន្តសេដ្ឋកិច្ចនិងសង្គម ដែលវិស័យនេះបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណ​១លាននាក់ ហើយ៨០ភាគរយជាស្ត្រី ។

លោកយល់ថា បើប្រព័ន្ធអនុគ្រោះពន្ធនេះត្រូវបានដកហូតទាំងស្រុង វានឹងរង្គោះរង្គើដល់វិស័យកាត់ដេរ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រ​ជា​ពលរដ្ឋច្រើនលានទៀត ដែលបញ្ហានេះ អ្នកនយោបាយគួរពិចារណា។

មួយវិញទៀត លោកគិតថា សារព្រមានជាថ្មីទៀតរបស់សហភាពអឺរ៉ុបបែបនេះ ជាការផ្តល់សញ្ញាថា ពួកបស្ចិមប្រ​ទេសនៅតែតាមដានបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា និងបន្តលើកទឹកចិត្តឱ្យមេដឹកនាំកម្ពុជាត្រល​ប់ម​ករកការដឹកនាំបែបប្រជាធិបតេយ្យ ធានាបាននូវការបោះឆ្នោតមួយដែលឆ្លុះបញ្ចាំងអំពីឆន្ទៈពលរដ្ឋពិតប្រាកដ។

លោកថា៖ «វេទិកានៃការឈ្លោះគ្នានៅក្នុងសង្គមប្រជាធិបតេយ្យ គេប្រើយន្តការនៃការបោះឆ្នោត ការប្រកួតប្រជែងគោលនយោបាយ ការប្រកួតប្រជែងប្រសិទ្ធភាពប្រសិទ្ធផលនៃការដឹកនាំ។ អ៊ីចឹងបើយើងបំបាត់សំឡេងបក្សប្រឆាំងចោល បានន័យថា យើងបានបំផ្លាញសង្វៀនប្រជាធិបតេយ្យមួយហើយ»។

សម្រាប់លោក ប៉ិច ពិសី មិនចង់ឃើញកម្ពុជារងសម្ពាធណាមួយពីសហគមន៍អន្តរជាតិទេ តែលោកចង់ឃើ​ញអ្នកនយោបាយការពារប្រយោជន៍កម្មករ និង​អត្ថប្រយោជន៍សេដ្ឋកិច្ចដែលគេឱ្យទេ។

ប​ន្ថែមពីនេះ លោកថា លក្ខខណ្ឌរបស់សហភាពអឺរ៉ុបដែលលើកទឹកចិត្តមេដឹកនាំកម្ពុជាគោរពលលទ្ធិប្រជា​ធិបតេយ្យ ការជំរុញនីតិរដ្ឋ យុត្តិធម៌សង្គម ជាដើម សុទ្ធសឹងជាប្រយោជន៍របស់កម្ពុជា ហើយក៏ជាការ​ចង់បានរបស់ប្រជាពលរដ្ឋ និងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ