លោក ហ៊ុន សែន៖ ការ​បោះបង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​សម្រេច​បាន​៩០%​ហើយ

លោក ហ៊ុន សែន និង ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណ​​រដ្ឋសង្គមនិយមវៀតណាម ក្នុងសន្និសីទ​ និងពិធីចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

​នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងពីការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមដែលសម្រេចបានជាផ្លែផ្កា​កើនដល់៩០ភាគរយហើយ ដោយនៅសល់១០ភាគរយទៀត ភាគីទាំងពីរកំពុងចរចាគ្នាដើម្បីធ្វើការងារនេះបន្តទៀត។ 

ក្នុងពិធីជួបសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា ក្នុងឆ្នាំ២០១៩ កម្ពុជាបោះបង្គោលព្រំដែនជាមួយវៀតណាមបានតែ៨៤ភាគរយប៉ុណ្ណោះ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែន​កើនឡើង​៦ភាគរយទៀត។ 

លោកបញ្ជាក់ថា បង្គោលចំនួន៦ភាគរយដែលបានបោះរួចនោះ ប្រទេសទាំងពីរបានឯកភាពគ្នាថានឹងចុះហត្ថលេខាទទួលស្គាល់នៅឆ្នាំ២០២២នេះ។

លោកថា៖ «ការចរចារវាងគណៈកម្មការព្រំដែនទាំងពីរ បានសម្រេចចំនួន៦ភាគរយបន្ថែមទៀត បូកទៅវាបាន៩០ភាគរយ។ អ៊ីចឹងក្នុងចំណុចនេះ  ខ្ញុំគួរតែ​និយាយបន្តិចថា បើ​គង់តែឱ្យដីគេដដែល ចាំបាច់ចរចាយូរឆ្នាំម្ល៉េះ! យើងត្រូវតែច្បាស់ត្រង់ហ្នឹង ​ចាំបាច់អីទៅចុះហត្ថលេខាម្ដងបានតែ៨៤ភាគរយ។ ឥលូវសម្រេចបាន៦ភាគរយទៀត ​ហើយយើងឯកភាពគ្នាថានឹងទៅចុះហត្ថលេខានៅឆ្នាំ២០២២ អា៦ភាគរយ! យើងត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ បោះបង្គោលឱ្យបានត្រឹមត្រូវ ហើយបង្គោលនីមួយៗសុទ្ធតែមានចាប់តាមផ្កាយរណប។ អ៊ីចឹងគេចេះតែថា ហ៊ុន សែន លក់ដីៗ ឥលូវដីនៅកន្លែងណាដែល ហ៊ុន សែន លក់? បើគង់តែថាឱ្យដីគេដដែល ចាំបាច់ចរចា ១តឹក ១ផឹង ធ្វើអី?»

លោក ហ៊ុន សែន បន្តថា បច្ចុប្បន្ន ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមដែលនៅសល់១០ភាគរយនោះ គឺនៅតំបន់ដាក់ដាំ និងដាក់ហ៊ូត ក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែបញ្ហានេះ ភាគីទាំងពីរកំពុង​ចរចាគ្នាបន្ថែមទៀត ដើម្បីឈានទៅបោះសម្រេចតែម្ដង។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ដោយទូរសព្ទចូល គ្មានអ្នកទទួល។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវេស លោក ម៉ែន ណាត លើកឡើងថា ទោះបីរដ្ឋាភិបាលកម្ពុជាបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមបាន១០០ភាគរយក្ដី ប៉ុន្តែបញ្ហាព្រំដែនប្រទេសទាំងពីរមិនអាចបញ្ចប់បានទេ ដោយសារការបោះបង្គោលព្រំដែនកន្លងមកនេះ កម្ពុជានៅមិនទាន់មានការឯកភាពជាតិនៅឡើយ។  

លោកចាត់ទុកការបោះបង្គោលព្រំដែនបច្ចុប្បន្ន ធ្វើឡើងផ្ទុយពីមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ​​កម្ពុជា រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីសផងដែរ។ 

លោកថា៖ «ប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរណាស់ បញ្ហាទឹកដីជាតិ! លោក ហ៊ុន សែន ធ្វើអ៊ីចឹងខុសប្រវត្តិសាស្ត្រហើយ ហើយបន្លំប្រវត្តិសាស្ត្រហើយ។ ដូច្នេះ វាមិនចប់សព្វគ្រប់ទេ គាត់បោះបាន១០០ភាគរយ បើរដ្ឋាភិបាលណាមួយគេស្រឡាញ់ជាតិ គេនឹងសើរើឡើងវិញ។ ទោះបីជាគាត់បោះត្រឹមត្រូវក៏ដោយ ក៏គេត្រូវតែសើរើដែរ ពីព្រោះការបោះបង្គោលហ្នឹង វាមានភាពមិនប្រក្រតី ហាមប្រាមមិនឱ្យសកម្មជននិងពលរដ្ឋកម្ពុជាទៅមើល។ ទី២ ប្រើប្រាស់ផែនទីខុសច្បាប់​ ១លើ៥០ ០០០។​ ហើយទី៣ ប្រើសន្ធិសញ្ញាខុសច្បាប់​ ឆ្នាំ១៩៨៥ ​គ្រាន់តែប៉ុណ្ណឹង ខុសច្បាប់ទៅហើយ។ វាមានភាពមិនប្រក្រតីរួចទៅហើយ។ ដូច្នេះ ទោះបីជាគាត់ព្យាយាមបោះបង្គោល១០០ [ភាគរយ] យ៉ាងណា ក៏វានៅតែខុសដដែលហ្នឹង»។​

លោក ម៉ែន ណាត បន្តថា បើការបោះបង្គោលព្រំដែនមានភាពមិនប្រក្រតីនេះ កម្ពុជាអាចមានសិទ្ធិក្នុងការសើរើឡើងវិញ ដោយនិរាករណ៍ឯកសារច្បាប់ទាំងឡាយដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀមសន្តិភាពទីក្រុងប៉ារីស រួចដាក់បណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។

មាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ ដែល​មាន​កំណត់​​លើ​ផែនទីមាត្រដ្ឋាន​ខ្នាត​ ១/១០០ ០០០​ ដែល​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ ១៩៦៣-១៩៦៩។

ចំណែកមាត្រា៥៥ ចែងថា សន្ធិសញ្ញា​និង​កិច្ច​ព្រមព្រៀង​ទាំងឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​ អព្យាក្រឹត្យភាព​ និង​ឯកភាព​ជាតិ​របស់​​​​កម្ពុជា​ ត្រូវ​លុប​ចោល។

កម្ពុជា​មានផ្ទៃដីសរុបទំហំ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ដែលមាន​ព្រំដែនគោក​ជាប់​ប្រទេស​វៀតណាម​ប្រវែង១ ២៧០គីឡូម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ