លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រង​ការ​គប់​ស្បែកជើង​ពេល​កំពុង​ជួប​អ្នកគាំទ្រ

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ មានប្រសាសន៍ទៅកាន់បងប្អូនខ្មែរអាមេរិកាំង​ និងបងប្អូនខ្មែរមកពីប្រទេសកាណាដា​ នៅមុខសណ្ឋាគារ​ Willard Intercontinental Hotel ទីក្រុងវ៉ាស៊ីនតោន រសៀលថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន / Screenshot)

បុរសពលរដ្ឋខ្មែរអាមេរិកាំងម្នាក់បានយកស្បែកជើងគប់សំដៅ​ទៅ​លើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងចំណោមហ្វូងអ្នកគាំទ្រ​របស់​លោក នៅឯរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

តាមរយៈវីដេអូឃ្លីបដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញ​សង្គម​នានា បាន​បង្ហាញ​ពី​បុរស​វ័យ​ជាង​៦០​ប្លាយ​ឆ្នាំ​ម្នាក់ ពាក់​អាវ​ធំ ក្រវាត់ក បានដោះស្បែកជើងប៊ូ​របស់​ខ្លួន គប់​សំដៅទៅ​កាន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអ្នកគាំទ្រកំពុងថតហ្សែលហ្វី (Selfie) ជាមួយលោក។ ប៉ុន្តែជាសំណាងល្អ ស្បែកជើងនេះមិនត្រូវចំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ដោយធ្លាក់ចំទូរសព្ទដៃរបស់អ្នកគាំទ្រស្ទើរតែជ្រុះចេញពីដៃ។

ហេតុការណ៍នេះបានធ្វើឱ្យអ្នកគាំទ្រ រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ផង ស្រឡាំង​កាំង ហើយក្រោយ​មកបុរសគប់ស្បែកជើង​រូបនោះ​ត្រូវបានសមត្ថកិច្ចអាមេរិក​បង្គាប់ឱ្យចាកចេញពីកន្លែង​កើត​ហេតុ​ភ្លាមៗ។

តាមរយៈវីដេអូឃ្លីបមួយផ្សេងទៀត បុរសអាមេរិកាំងដែលអះអាងថាបានគប់ស្បែកជើងទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា ខ្លួនពិតជាមានបំណងគប់ស្បែក​ជើងទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតប្រាកដមែន។ បុរសរូបនោះបានអះ​អាង​ថា ខ្លួនមានឈ្មោះ អ៊ុក ទូច ជាអតីតទាហានសម័យសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដែល​បច្ចុប្បន្នកំពុងរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ពលរដ្ឋខ្មែរអាមេរិកាំងរូបនេះបញ្ជាក់ថា មូលហេតុដែលលោកគប់ស្បែកជើងនេះ ដោយ​សារ​លោក​ខឹង​សម្បា​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែលបានសម្លាប់គ្រួសារគាត់និង​ពលរដ្ឋខ្មែរជាច្រើននាក់ អំឡុងពេលដែលលោកដឹកនាំប្រទេស។

លោកថា៖ «បានជាខ្ញុំយកស្បែកជើងគប់ក្បាល[លោក] ហ៊ុន សែន ព្រោះ ហ៊ុន សែន ​ជា Dictator [មេដឹកនាំផ្ដាច់ការ] They Kill My Families in Cambodia [ពួកគេបានសម្លាប់គ្រួសាររបស់ខ្ញុំនៅកម្ពុជា] ហើយ ហ៊ុន សែន ហ្នឹង ​ខ្ញុំគ្រាន់តែយកស្បែកជើងគប់ក្បាលគាត់ទេ ប៉ុន្តែគាត់យក Grenade [គ្រាប់បែកដៃ] យកគ្រាប់បែកគប់បាតុករងាប់មិនចេះតិចនៅស្រុកខ្មែរ។ តើខ្ញុំមានកំហុសដែរឬអត់បើធ្វើអ៊ីចឹង?»

ទោះជាយ៉ាងនេះក្ដី ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន មិនបានបង្ហាញការខឹងសម្បាទៅកាន់បុរសរូបនេះឡើយ ហើយផ្ទុយទៅវិញ លោកបានអំពាវនាវឱ្យអ្នកគាំទ្ររបស់លោកនៅសហរដ្ឋអាមេរិក អត់ធ្មត់ និងមិនតបតចំពោះជនដែលបង្ក​ហេតុ និងអ្នកដែលប្រឆាំង​លោក​ដោយ​ហិង្សា ដែលនាំឱ្យខុសនឹងច្បាប់សហរដ្ឋអាមេរិកនោះទេ។

លោកថា៖ «ខ្ញុំសូមផ្ដាំផ្ញើជូនបងប្អូនទាំងអស់ឱ្យមានការអត់ធ្មត់ចំពោះមុខ ការញុះញង់ ការបង្កហេតុពីជនដែលមិនចូលចិត្តរូបខ្ញុំ ប៉ុន្តែបានមកបំផ្លាញទឹកចិត្តបងប្អូននៅទីនេះ។ បើទោះ​បី​ជា​គេ​ញុះញង់ក៏ដោយ យើងពុំគួរមានសកម្មភាពតបតណាមួយចំពោះពួកគេទេ។ យើងត្រូវ​ប្រកាន់យកឥរិយាបថថ្លៃថ្នូរ ក្នុងឋានៈជាអ្នកគាំទ្រព្រះរាជាណាចក្រកម្ពុជា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ឬរហូតគាំទ្រគណបក្សប្រជាជនកម្ពុជា»

ប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាលបានផ្សព្វផ្សាយជាបន្តបន្ទាប់ពីការទទួលស្វាគមន៍របស់ពលរដ្ឋខ្មែរអាមេរិកាំង ចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភានេះ។ ក៏​ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានពលរដ្ឋខ្មែរអាមេរិកាំងមួយក្រុមទៀតបានធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទទួលស្គាល់ថា នេះគឺជាសេរីភាពនៃការបញ្ចេញមតិ​សម្រាប់ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ តែលោកនៅតែ​ទទូចឱ្យ​អាជ្ញាធរអាមេរិកចាត់វិធានការច្បាប់លើជនបង្កហេតុ ហើយ​នាំយក​មក​ទទួល​ខុស​ត្រូវចំពោះ​មុខ​ច្បាប់​របស់អាមេរិក។

លោកថា៖ «ទេ! នៅទីណាក៏ដោយឱ្យតែធ្វើផ្ដេសផ្ដាស ដែលបង្ក អុកឡុក ឬមួយនាំឱ្យមានអំពើអនាធិបតេយ្យនៅក្នុងអង្គប្រជុំ អាហ្នឹងគឺថាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ មិនថានៅស្រុកខ្មែរ មិនថានៅអាមេរិក នៅបារាំងទេ សមត្ថកិច្ចគេមិនបណ្ដែតបណ្ដោយឱ្យជនចំនួនភាគតិចលើលោកហ្នឹង គឺធ្វើអ្វីផ្ដេសផ្ដាសបង្កបរិយាកាសមិនល្អទេ»។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា បានលើកឡើងពីបរិបទនៅប្រទេសបស្ចិមលោកថា សកម្មភាពបែបនេះគឺជាការបង្ហាញឥរិយាបថមួយដែលពលរដ្ឋរបស់ពួកគេមិនពេញចិត្តចំពោះថ្នាក់ដឹកនាំប្រទេសណាមួយ។ ជាឧទាហរណ៍ ករណីគប់ស្បែកជើងទៅលើអតីតប្រធានាធិបតីអាមេរិក លោក ចក ដាប់ប៊ែលយូ ប៊ូស នៅក្នុងប្រទេសអ៊ីរ៉ាក់, ករណីយុវជនម្នាក់ទះកំផ្លៀងលោក អេម៉ានូអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងករណីបាញ់ថ្នាំក្រហមទៅលើមុខរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសប៉ូឡូញ កាលពីពេលថ្មីៗនេះ ជាដើម។

លោកថា៖ «ជាឥរិយាបថមួយនៅលោកខាងលិច ការគប់ស្បែកជើង ការគប់ពងមាន់ គប់ប៉េងប៉ោះ វាជាឥរិយាបថមួយនៃការមិនពេញចិត្ត យើងអាចថាជាការប្រមាថក៏ថាបានដែរ រហូតដល់ការគប់ស្បែកជើងនេះទៅថ្នាក់ដឹកនាំកម្ពុជាកន្លងមក ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា វាអត់ដែលមានទេ។ អ៊ីចឹង នៅក្នុងបរិបទនៃការបញ្ចេញមតិ សម្ដែងមតិ បើមានទោស ក៏អត់មានទោសអីធំដុំទេ បើយើងនិយាយឱ្យមែនទែន។ ក៏ប៉ុន្តែនៅក្នុងបរិបទកម្ពុជា ជារឿងមួយផ្សេងទៀត យើងមិនថាទេ! តែនេះវាកើតនៅលើទឹកដីអាមេរិក»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងស្ថិតនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន-អាមេរិក តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន។ កិច្ចប្រជុំនេះធ្វើឡើងចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ដោយពិភាក្សាទៅលើប្រធានបទសំខាន់ៗ ​រួម​មាន ការឆ្លើយតបនឹងជំងឺកូវីដ-១៩ បញ្ហាសន្តិសុខសុខភាពសកល បម្រែបម្រួលអាកាសធាតុ និងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងគ្នា។ ជាមួយគ្នានេះ ភាគីទាំងសង​ខាង​ក៏នឹងជជែកគ្នាលើបញ្ហាតំបន់​និងអន្តរជាតិដែលជាប្រយោជន៍និងកង្វល់រួមផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ