អាមេរិក និងចិន អបអរ​ប្រធានាធិបតី​ហ្វីលីពីន​ជាប់ឆ្នោត​ថ្មី

លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) ។ (ហ្វេសប៊ុក៖ Bongbong Marcos)

មេដឹកនាំនៃប្រទេសមហាអំណាច​សេដ្ឋកិច្ច​ចំនួន២ ក្នុងពិភពលោក បានអបអរសាទរដល់ប្រធានា​ធិបតី​ជាប់​ឆ្នោត​ថ្មីរបស់​ហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បន្ទាប់ពីកូនប្រុសអតីតមេដឹកនាំផ្ដាច់ការហ្វីលីពីនរូបនេះបានប្រកាសពីជ័យជម្នះរបស់ខ្លួន និងបានសន្យាថានឹងក្លាយជាមេដឹកនាំមួយរូបសម្រាប់ប្រជាជនហ្វីលីពីនទាំងអស់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera

សេតវិមានបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការថ្លែងអបអរសាទរ​របស់អាមេរិកនេះត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតី ចូ បៃឌិន តាមរយៈទូរសព្ទ ដោយលោក​ក៏បានបញ្ជាក់ពីជំហរក្នុងការបន្តធ្វើការជាមួយប្រធានាធិបតីជាប់ឆ្នោត​ថ្មីរូបនេះផងដែរ​ ដើម្បីបន្តពង្រឹងទំនាក់ទំនងជាមួយហ្វីលីពីន។

លោក ចូ បៃឌិន បន្តថា រូបលោកមានបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាជាច្រើនដែលទាក់ទងនឹងជំងឺកូវីដ-១៩ វិបត្តិអាកាសធាតុ កំណើនសេដ្ឋកិច្ច និងការគោរពសិទ្ធិមនុស្ស ជាដើម។

យោងតាមទូរទស្សន៍រដ្ឋចិនបានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃពុធកន្លងទៅ ក៏បានទាក់ទងដោយផ្ទាល់ទៅកាន់លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ ផងដែរ ខណៈមេដឹកនាំរូបនេះបានបញ្ជាក់ថា ប្រទេសទាំង២ គឺជាដៃគូដ៏ល្អ មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។

លោកបន្តថា៖ «ខ្ញុំឱ្យតម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ហ្វីលីពីន ហើយមានឆន្ទៈក្នុងការបន្តបង្កើតទំនាក់ទំនងការ​ងារ​ដ៏​ល្អជាមួយ​ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ ដោយប្រកាន់ខ្ជាប់នូវភាពជាអ្នកជិតខាងនិងមិត្តភាពល្អ»។

យោងតាមលទ្ធផលបោះឆ្នោត លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ ទទួលបានសំឡេងគាំទ្រជាង ៣០លាន​សំឡេង ដែលចំនួននេះច្រើនជាងគូប្រជែងរបស់លោក គឺលោកស្រីអនុប្រធានាធិបតី ឡេនី រ៉ូប្រេដូ (Leni Robredo) ដល់ទៅ២ដង ខណៈលទ្ធផលបោះឆ្នោតផ្លូវការត្រូវបានពឹងថានឹងត្រូវចេញផ្សាយនៅចុងខែឧសភាខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ