បឹងតាមោក​បាត់​ទៅ​បន្តិច​ម្ដងៗ​ក្រោម​រូបភាព​នៃ​ការ​អភិវឌ្ឍ​ដោយ​រដ្ឋាភិបាល

រូបភាពបង្ហាញពីការ​ចាក់​បំពេញដីផ្នែកខ្លះនៅ​បឹង​តាមោក រាជធានី​ភ្នំពេញ ក្នុង​ខែ​មីនា ឆ្នាំ​២០២២។ (Danielle Keeton-Olsen)

ថ្លែងនៅក្នុងពិធីសម្ពោធអចលនទ្រព្យថ្មីមួយកាលពីខែមីនាកន្លងទៅ ស្រ្តីម្នាក់ដែលត្រូវបានស្គាល់ថាជាភរិយារបស់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិមួយរូប បានថ្លែងលើកឡើងអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនានានៅក្នុងប្រទេស។

ជាមួយគ្នានេះ ស្រ្តីរូបនេះដដែលក៏បានបង្វែរចំណាប់អារម្មណ៍មកកាន់ការលក់ដីឡូត៍នៅក្នុងតំបន់បឹងតាមោក ដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញផងដែរ។

គួររំឭកថា ក្នុងរយៈពេលប្រមាណជា២ឆ្នាំមុន ដីផ្ទៃបឹងតាមោកមួយចំណែកទំហំ ៨,២ហិកតា ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយសហគ្រិនក្នុងស្រុកមួយរូបគឺ លោកស្រី អ៊ាន អេឡែន ត្រូវបានផ្ដល់ជាលើកដំបូងដល់គ្រួសារចំនួន២៣ ក្នុងខែសីហា ឆ្នាំ២០២០ ដោយចាត់ទុកថាជាសម្បទានដល់ម្ចាស់ដើមនៃផ្ទៃបឹង។

គិតរហូតមកដល់ពេលបច្ចុប្បន្ន ផ្ទៃដី១ ៨០០ហិកតា នៃទំហំសរុប៣ ២០០ហិកតារបស់បឹងនេះ ត្រូវបានផ្ទេរដោយអនុក្រឹត្យនានាទៅកាន់ភ្នាក់ងារ បុគ្គលដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនអចលនទ្រព្យ ខណៈអ្នករស់នៅក្នុងតំបន់នេះដែលសេសសល់ហាក់មិនទាន់ដឹងច្បាស់ថាតើពួកគេអាចរស់នៅក្នុងទីតាំងនេះបានយូរប៉ុនណាទៀតនោះទេ។

តាមរយៈរូបភាពផ្កាយរណបរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប (European Space Agency) វីអូឌី អាចធ្វើការប៉ាន់ប្រមាណបានថា បឹងតាមោកនៅសល់ផ្ទៃទឹកប្រមាណជា១ ៩០០ហិកតាប៉ុណ្ណោះ គិតត្រឹមខែមករា ឆ្នាំនេះ។

ទោះជាយ៉ាងណា យោងតាមផែនការអភិវឌ្ឍន៍ដែលដាក់ចេញដោយក្រុមហ៊ុនអចលនទ្រព្យបង្ហាញថា ផ្ទៃបឹងនៅពេលខាងមុខ គឺអាចនឹងនៅសល់តែប្រមាណជា១៥៧ហិកតាប៉ុណ្ណោះ ដោយសារតែសកម្មភាពចាក់ដីលុបបឹងដើម្បីធ្វើការអភិវឌ្ឍ។

ផ្អែកលើឯកសាររបស់ក្រុមហ៊ុនអចលនទ្រព្យ និងអនុក្រឹត្យជាច្រើនស្ដីពីការធ្វើឯកជនភាវូបនីយកម្ម ដីផ្ទៃបឹងនេះបច្ចុប្បន្នហាក់បង្ហាញឱ្យឃើញពីការអភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យលំដាប់ខ្ពស់ ដែលក្នុងនោះរួមមានគម្រោងក្នុងការសាងសង់អាគារស្ថាប័ន​រដ្ឋាភិបាលមួយចំនួនផងដែរ។

ការទិញដីពីរដ្ឋាភិបាល

ក្រៅតែពីការលើកផ្ទាំងប៉ាណូផ្សព្វផ្សាយពីរូបភាពគំរូនៃគម្រោងបុរី និងខុនដូថ្មីក្រុមហ៊ុនអចលនទ្រព្យ បច្ចុប្បន្នហាក់មិនផ្ដោតខ្លាំងលើការផ្សព្វផ្សាយទីផ្សារពីគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើទីតាំងដីឡើយ។

ក្នុងចំណោមគម្រោងខាងលើនេះ គេសង្កេតឃើញមានគម្រោងមួយដែលមានឈ្មោះថា តាមោក ស៊ីធីលែន (Tamork City Land)។ គម្រោង​នេះ​ត្រូវ​បានប្រកាស​ចាប់​ផ្តើម​កាលពី​ខែ​មីនា ដោយ​ផ្តល់​ជូន​នូវគម្រោងផ្ទះអាជីវកម្ម ដីលំនៅដ្ឋាន​ និងខុនដូ។ ពិធីសម្ពោធគម្រោងខាងលើនេះត្រូវបានសង្កេតឃើញថា មានការអញ្ជើញចូលរួមពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអតីតស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ។

នៅក្នុងព្រឹត្តិការណ៍នេះ បុគ្គលដែលទទួលបានការចាប់អារម្មណ៍ខ្លាំង គឺម្ចាស់ក្រុមហ៊ុន លោកស្រី អ៊ាន អេឡែន ដែលត្រូវបានគេស្គាល់ថាជាភរិយារបស់អគ្គនាយករងភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ លោក យិន សារ៉ាន់

ប្តីប្រពន្ធខាងលើនេះ កាលពីពេលកន្លងទៅ ធ្លាប់មានប្រវត្តិបរិច្ចាគ និងផ្ដល់អំណោយដល់រដ្ឋាភិបាល ដែលក្នុងនោះ រួមមាន ការបរិច្ចាគប្រាក់ចំនួន៥ម៉ឺនដុល្លារ ដើម្បីជួយគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ទូទាំងប្រទេស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឆ្នាំ២០២០ និងការដាក់សណ្ឋាគារមួយរបស់លោកស្រី អ៊ាន អេឡែន ឱ្យប្រើប្រាស់ជាមជ្ឈមណ្ឌលចត្តាឡីស័កបណ្តោះអាសន្នផងដែរ។

ជាមួយគ្នានេះ​ បុគ្គលខាងលើដដែលក៏ត្រូវបានរកឃើញថាធ្លាប់ទទួលបានអត្ថប្រយោជន៍ពីការដោះដូរដីធ្លីជាច្រើនផងដែរ។ ថ្លែងប្រាប់កាសែត ខេមបូឌា ដេលី ក្នុងឆ្នាំ២០១៦ លោកស្រីបានឱ្យដឹងថា ខ្លួនបានទទួលអាគារលើដីមួយកន្លែងដែលធ្លាប់ប្រើប្រាស់ជាទីស្ដីការក្រសួងបរិស្ថាន នៅក្នុងសង្កាត់ទន្លេបាសាក់។ យោងតាមរបាយការណ៍ ក្រុមហ៊ុន​របស់​ខ្លួន ​ដែល​មាន​ឈ្មោះ​ថា Ratana​ Cooperation​ and Construction បាន​ទទួលទីតាំង​អគារ​ក្រសួង​នេះជា​ថ្នូរ​នឹងការដោះដូរ​ដី​ក្នុងចម្ងាយ​ប្រមាណជា២០គីឡូម៉ែត្រ​ពី​កណ្ដាលរាជធានី។

គួរបញ្ជាក់ថា តាមោកស៊ីធីលែន បច្ចុប្បន្នកំពុងតែព្យាយាមទាញយកផលប្រយោជន៍ បន្ទាប់ពីប្រគល់ដីក្នុងខែសីហា ឆ្នាំ២០២០ ជូនប្រជាពលរដ្ឋត្រឹម២៣គ្រួសារ ដែលមានលោក ភឿន ភី និង ស៊ូ សុផល ជាតំណាង។

ថ្លែងតាមរយៈទូរសព្ទដៃ តំណាងពលរដ្ឋមួយរូប លោក ភឿន ភី បាន​ឱ្យដឹង​ថា រូបលោកបានលក់ដីរបស់ខ្លួននៅក្នុងតំបន់នេះតាំងតែពីមួយឆ្នាំមុនមកម្ល៉េះ ប៉ុន្តែ​លោក​មិន​ស្គាល់​ឈ្មោះ​អ្នក​ទិញ​ឡើយ ខណៈលោក​ក៏សុំមិនបញ្ជាក់​ពីតម្លៃដែលលោកទទួលបាន​ក្នុង​មួយ​ម៉ែត្រប៉ុន្មានផងដែរ ដោយគ្រាន់តែប្រាប់ឱ្យដឹងថា លោកទទួលបានក្នុងតម្លៃតិចតួចប៉ុណ្ណោះ។

លោកថា៖ «យើង​បាន​លក់​ដីនោះបាត់​ទៅហើយ យើង​មិន​ដឹង​ថា​តើ​តម្លៃ​ដែល​យើង​ទទួល​បាននៅពេលនោះ​ខ្ពស់​ឬ​យ៉ាងណានោះទេ។ យើង​បាន​សម្រេចលក់ដីទាំងនោះ ​​ដើម្បី​យក​ប្រាក់​ផ្ដល់ជូន​អ្នក​ទាំង​២០​គ្រួសារ»។

ទាក់ទិននឹងករណីនេះ រដ្ឋាភិបាល​ក៏ធ្លាប់បានអះអាងថា ខ្លួនបានសម្រេចផ្ដល់ដី​បឹងមួយផ្នែកតូចឱ្យ​ក្រសួង​នានា​លក់​ ដើម្បី​​ប្រើប្រាស់​ថវិកា​សម្រាប់ការចំណាយនានាដែលចាំបាច់នៅក្នុងក្រសួង​ ក្នុងនោះ ក្រសួងមហាផ្ទៃបានលើកឡើងថា ​ខ្លួន​នឹង​លក់​ចំណែក​របស់​ខ្លួន​ ដើម្បី​យកមកចំណាយ​លើ​ការ​ជួសជុល​ការិយាល័យក្រសួង។

បន្ទាប់ពីការចាក់ខ្សាច់បំពេញ

ការ​អភិវឌ្ឍ​នៅ​បឹង​តាមោក​កំពុង​ដំណើរ​ការទៅ​ដោយមិនមានការយកចិត្តទុកដាក់ខ្ពស់ឡើយ។ តាមរយៈការចុះ​ទៅ​មើល​តំបន់​នោះ​ដោយផ្ទាល់កាលពី​ចុង​ខែ​មីនា អ្នកយកព័ត៌មាន​បានសង្កេតឃើញមានគ្រោងអាគារ​ផ្សារ​ដែលត្រូវបានទុកចោលជាច្រើន។

នៅតាមដងផ្លូវឆ្ពោះទៅកាន់បឹងតាមោក យុវជនមួយក្រុមដែលកំពុងតែជួបជុំទទួលទានអាហារជុំគ្នា ហាក់មិនបានដឹងព័ត៌មានអ្វីអំពីការអភិវឌ្ឍនេះឡើយ។

ងាកមកកាន់តំបន់ខាងជើងក្នុងចម្ងាយប្រមាណជា២០០ទៅ៣០០ម៉ែត្រវិញ អ្នកនេសាទអាយុ៦៨ឆ្នាំម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ «កាលពីពេលកន្លងទៅ ខ្ញុំធ្លាប់ប្រាប់ឈ្មោះរបស់ខ្ញុំទៅកាន់មនុស្សពីរនាក់ [ដែលសួរនាំអំពីបឹង] ហើយខ្ញុំក៏ជួបបញ្ហាបន្ទាប់ពីនោះ»។

ប្រភពដដែលបានបន្ថែមឱ្យដឹងថា ខ្លួននឹងបន្តធ្វើសកម្មភាពនេសាទនៅទីតាំងនោះ [បឹងតាមោក] រហូតដល់លែងមានទឹកក្នុងបឹង។ ទោះជាយ៉ាងណា លោកថា បច្ចុប្បន្ន​ ខ្លួនអាចរកត្រីបានក្នុងចំនួនតិចតួចតែប៉ុណ្ណោះ។

លោកបន្ត​ថា​៖ «បច្ចុប្បន្ន ​គ្មាន​កន្លែង​សម្រាប់​នេសាទត្រីដូចពីមុននោះ​ទេ​។ ​​ខ្ញុំ​ធ្លាប់តែរក​ត្រីបានចំនួន ២០​គីឡូក្រាម។ ឥលូវ​ខ្ញុំ​អាចរកបានតែ​៥​គីឡូក្រាម ដោយលំបាក​»​។

អ្នកនេសាទរូបនេះបានបន្ថែមឱ្យដឹងទៀតថា ក្រៅពីការ​នេសាទ​ក្នុង​បឹង ក្នុងនោះក៏មានគ្រួសារមួយចំនួនបានយកដែនទឹក​ដែល​នៅ​សេសសល់​ខ្លះ​ដើម្បី​​ចិញ្ចឹម​ត្រីផងដែរ។

យោងតាមការបញ្ជាក់ឱ្យដឹងពីប្រភពដដែល តំបន់​នេះ​នឹង​ត្រូវ​ចាក់​បំពេញ​ទាំង​ស្រុង [បាត់បង់ផ្ទៃទឹក]​ ក្នុង​រយៈពេល​មួយ​ឆ្នាំខាងមុខ។

ពលរដ្ឋមួយរូបទៀតអាយុ៤០ឆ្នាំ ដែលរស់នៅក្បែរបឹងមួយនេះតាំងពីឆ្នាំ១៩៩៣ លោក ដំ ភារ័ត្ន បានឱ្យដឹងថា ខ្លួនមានបណ្ណកម្មសិទ្ធិដីធ្លីត្រឹមត្រូវដែលចេញដោយខណ្ឌព្រែកព្នៅ។

ខណៈ​អ្នក​សារព័ត៌មានចុះទៅ​ជួប​គាត់ដោយផ្ទាល់កាលពី​ថ្ងៃ​ទី២៣ ខែ​មីនា បុរសរូបនេះ​បាន​ចង្អុល​ទៅកាន់​ខ្លោង​ទ្វារ​វត្ត​មួយ​នៅ​ផ្លូវ​លេខ១៣០ ដោយនិយាយ​ថា ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ខាង​កើត​ខ្លោង​ទ្វារ​នេះ កំពុងតែតវ៉ាប្រឆាំង​នឹង​អ្នក​អភិវឌ្ឍន៍​ដែល​បង្ខំ​ឱ្យពួកគេ​ផ្លាស់​ទីលំនៅចេញពីទីតាំង។

លោក​ថា​៖ «ពួកគេទាំងអស់នោះអាចជាអ្នកចំណូលថ្មី ដែលទើបតែ​ផ្លាស់​មក​កាន់ទីនេះ»​។

លោក​​បន្ថែម​ថា៖ «អ្នក​ទាំង​អស់​នោះ​ជំពាក់​បំណុល​គេ ហើយប្រសិន​បើមាន​អ្នក​ហ៊ាន​ជំទាស់ [​នឹង​ការ​អភិវឌ្ឍ] ​ពួកគេ​នឹងត្រូវ​ជាប់​ពន្ធនាគារ»។

ទាក់ទិននឹងសំណួរថា​តើ​លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បណ្ដេញ​ចេញ​ឬ​យ៉ាងណា លោក ភារ័ត្ន ថ្លែងថា៖ «យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ។ យើង​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​នោះទេ [បើទោះបីជាមានបណ្ណកម្មសិទ្ធិដីធ្លីក្នុងដៃក៏ដោយ]»។

វត្តមានកងកម្លាំងយោធា

បើទោះបីជាមានករណីប្រជាពលរដ្ឋរស់នៅក្បែរបឹងតាមោកទាមទារដីរបស់ពួកគេដែលត្រូវបានរឹបអូសយ៉ាងណាក៏ដោយ ប៉ុន្តែការអភិវឌ្ឍថ្មីនេះហាក់មិនសូវឃើញមានការតវ៉ាទ្រង់ទ្រាយធំដូចទៅនឹងគម្រោងអភិវឌ្ឍន៍ផ្សេងទៀតក្នុងរាជធានីភ្នំពេញឡើយ [ប្រៀបទៅនឹងករណីចាក់ដីលុបបឹងកក់ជាដើម]។

កាលពីដើមខែមីនា ប្រជាពលរដ្ឋចំនួន១០០នាក់ តំណាងឱ្យ៨៨គ្រួសារ បានតវ៉ានៅខាងក្រៅសាលាសង្កាត់ ដោយអះអាងថា ដីរបស់ពួកគេបានធ្លាក់ចូលទៅក្នុងដៃរបស់ក្រុមហ៊ុនឯកជនមួយក្នុងឆ្នាំ២០២១ ប៉ុន្តែពួកគេមិនស្គាល់ឈ្មោះក្រុមហ៊ុននោះឡើយ។

ទាក់ទិននឹងករណីនេះ ចៅសង្កាត់​នៅ​ពេល​នោះ​បានថ្លែងឱ្យដឹងថា ដី​ដែល​ប្រគល់​ឱ្យ​ក្រុមហ៊ុននោះ គឺ​ជា​ដី​រដ្ឋ។

តាមរយៈការចុះទៅពិនិត្យទីតាំងដោយផ្ទាល់​ ក្នុង​ខែ​មីនា ​អ្នក​យក​ព័ត៌មានមិនសង្កេតឃើញមាន​ការ​តវ៉ាណាមួយត្រូវបានធ្វើឡើងនោះទេ។ ​ទោះជាយ៉ាងណា ពលរដ្ឋបឹងតាមោកអាយុ៥៧ឆ្នាំមួយរូប អ្នកស្រី គង់ តឿន ថ្លែងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការតវ៉ា ក្នុងករណីដែលអាជ្ញាធរមកបណ្តេញពួកគេ ឬគំរាមកំហែងបណ្តេញពួកគេចេញពីទីតាំង។

ជាមួយគ្នានេះ ពលរដ្ឋដែលអះអាងថាបានរស់នៅ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ១៩៩០ បានចោទឡើងជាសំណួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ឧកញ៉ា​អាចមាន​បណ្ណ​កម្ម​សិទ្ធិ​ដី ខណៈយើងជាអ្នករស់នៅផ្ទាល់បែរជាមិនមានសិទ្ធិទទួលបានទៅវិញ?»។

ពលរដ្ឋមួយរូប អ្នកស្រី យ៉ុន គឹមលឿន អាយុ៣២ឆ្នាំ បានឱ្យដឹងថា អ្នកស្រីបានជួសជុលផ្លាស់ប្ដូរដំបូលផ្ទះថ្មី បើទោះបីជាអាជ្ញាធរបានព្រមានមិនឱ្យជួសជុលអ្វីបន្ថែមលើផ្ទះដែលមានស្រាប់ក៏ដោយ។

អ្នកស្រីបន្ថែមថា៖ «​ពួកគេបាន​ដាក់ជា​លេខ​សម្គាល់​លើ​ផ្ទះរបស់យើង»។

ប្រភពដដែលនេះបានបញ្ជាក់ឱ្យដឹងដោយភាពក្លាហានថា៖ «យើង​ធ្លាប់បានប្ដេជ្ញាថានឹង​ស្លាប់​នៅ​លើ​ដីនេះ [បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ]។»

ប្រជាពលរដ្ឋបឹងតាមោកមួយរូបទៀតដែលត្រូវបានស្នើដោយមន្ត្រីមូលដ្ឋានឱ្យទទួលយកការដោះដូរដីធ្លីទំហំ ៤,២គុណ១៨ម៉ែត្រ នៅក្នុងទីតាំងផ្សេងលោក អ៊ុំ ពៅ ថ្លែងថា ការផ្ដល់ជូននេះ គឺមិនអាចទទួលយកបាននោះទេ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន បុរសរូបនេះអះអាងថា ខ្លួនបានរស់នៅលើដីនេះតាំងពីឆ្នាំ១៩៩៧ ដែលមកដល់ពេលនេះ រូបលោកមានទាំងចៅទៀតផង។

លោក អ៊ុំ ពៅ អះអាងថា គ្រួសាររបស់លោកធ្លាប់ប្រកបរបរជាអ្នកនេសាទ ប៉ុន្តែបច្ចុប្បន្ន លោកបានផ្លាស់ប្ដូរអាជីពមកជាអ្នកលក់ជីសម្រាប់ដាក់​ដើមឈើ​វិញ ខណៈអាជីវកម្មនេះអាចទទួលបានប្រាក់ចំណូលច្រើនជាង។

បុរសរូបនេះបន្ថែមថា សកម្មភាពនៃការចាក់ខ្សាច់ចូលទៅក្នុងបឹង គឺត្រូវបានធ្វើឡើងជា​រៀងរាល់ថ្ងៃ ដែលបានធ្វើឱ្យដែនទឹកកាន់តែរីងពីមួយថ្ងៃទៅមួយថ្ងៃ។

លោកថា​៖ «​កាលពីពេលកន្លងទៅ សកម្មភាព [ចាក់ខ្សាច់បំពេញ] នេះ​ហាក់​ដូច​ជាត្រូវបានធ្វើឡើងដោយលាក់លៀម ដោយពួកគេធ្វើការងានេះតែពេលយប់នោះទេ។ ប៉ុន្តែបច្ចុប្បន្ន ពួកគេធ្វើវាទាំងយប់ ទាំងថ្ងៃ ដោយមិនខ្លាចអ្វីទាំងអស់។»

យោងតាមលោក អ៊ុំ ពៅ ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ពឹង​ផ្អែក​លើ​បឹង​តាមោកនេះ​ ដែលបច្ចុប្បន្នពួកគេកំពុងតែប្រឈមនឹងបញ្ហាជីវភាពកាន់តែខ្លាំងដោយសារតែពួកគេមិនអាចរកត្រីបានច្រើនដូចមុន ហើយសកម្មភាពដាំដំណាំលើទឹកមួយចំនួនរបស់ពួកគេក៏ជួបប្រទះការលំបាកផងដែរ។

លោក​ថា​៖ «​វា​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់​គ្រួសារ​យ៉ាង​ខ្លាំង ក្នុងនោះមានអ្នកខ្លះត្រូវរស់​នៅ​តាម​ដង​ផ្លូវដោយគ្មានទីលំនៅច្បាស់លាស់។ សម្រាប់ខ្ញុំ វាមិនចោទជាបញ្ហាអ្វីប្រឈមធ្ងន់ធ្ងរនោះទេ ដោយសារថាយើង​អាច​មាន​លទ្ធភាព​ទិញ [​ម៉ូតូ​កង់​បី​] ឬ​រ៉ឺម៉ក [យកមកប្រកបមុខរបររកស៊ី]។ ប៉ុន្តែចំពោះអ្នកដែលគ្មានលទ្ធភាព ​វាពិតជាលំបាកខ្លាំងណាស់ចំពោះពួកគេ»។

ងាកមកកាន់ការិយាល័យតាំងបង្ហាញរបស់គម្រោង តាមោកស៊ីធីលែន ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់លោក អ៊ុំ ពៅ បុរសជាអាជីវកររូបនេះបានអះអាងថា ទីតាំងនេះហាក់ផ្ដល់ជាឱកាសសេដ្ឋកិច្ចច្រើន តាមរយៈ​ផ្ទះអាជីវកម្ម​នៅ​តាមដង​ផ្លូវ ខណៈនៅពេលខាងមុខ ​តំបន់នេះនឹង​មានមនុស្សម្នាបើកឆ្លងកាត់ច្រើន​ រួមជាមួយនឹង​ការិយាល័យ​រដ្ឋាភិបាល​មួយ​ចំនួន​​នៅ​ទី​នោះផងដែរ។

លោកបន្តថា គម្រោងក្នុងការសាងសង់អាគាររដ្ឋាភិបាលនៅក្នុងតំបន់នេះក៏អាចធានាឱ្យបានថា ផ្លូវនៅក្នុងតំបន់នឹងមានគុណភាពល្អ ខណៈអគ្គិសនី និងប្រព័ន្ធលូនឹងមានការថែទាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

លោក អ៊ុំ ពៅ ដែលជាអតីត​ទាហាន​​ប្រយុទ្ធតទល់នឹងពួក​ខ្មែរក្រហមមួយរូប បានថ្លែងប្រាប់អ្នកយកព័ត៌មាន វីអូឌី ឱ្យដឹងទៀតថា បច្ចុប្បន្ន រូបលោកហាក់មិនហ៊ានតស៊ូប្រឆាំងដណ្តើមយកដីរបស់ខ្លួនឡើយ។

លោក​ថា​៖ «​ខ្ញុំ​បាន​សង្កេតឃើញ​មានករណីមនុស្ស​ជា​ច្រើន [​បាត់បង់​ដី​]។ បើ​ទោះបី​ពួកគេ​ជា​សមាជិក​គណបក្សកាន់អំណាច ​​ក៏​​ដីរបស់ពួកគេត្រូវបានដកហូតដែរ​។ បើ​យើងហ៊ានតែតវ៉ា គេ​នឹង​យក​ដី​របស់​យើងជាក់ជាមិនខាន»។

លោកបន្ថែមថា​៖ «​យើង​មិនអាចធ្វើអ្វីបានក្រៅពីការស៊ូទ្រាំរស់នៅដោយភាពស្រពេចស្រពិលនៅទីនេះនោះទេ។ បើមិនដូច្នេះទេ យើងនឹងត្រូវបណ្តេញចេញពីទីតាំងនេះ»៕


បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Boeng Tamok Evaporates Under Government, Developers’ Gaze

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ