លោក ហ៊ុន សែន ថា​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​អាស៊ាន​ផ្អែក​លើ​ស្មារតី​រួម ខណៈ​អាមេរិក​ឆ្លៀត​លើក​ឡើង​ពី​សិទ្ធិមនុស្ស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសម្ដែងការស្វាគមន៍ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅសហរដ្ឋអាមេរិក)។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាចិត្តនឹងធ្វើការដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន ដោយផ្អែកលើស្មារតីដែលអាស៊ានកំពុងខិតខំរួមគ្នា ដើម្បីរក្សាសន្តិភាពនិងស្ថិរភាព។

ការថ្លែងប្ដេជ្ញាចិត្តរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងជំនួបទទួលទានអាហារពេលល្ងាចជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងមេដឹកនាំអាស៊ានផ្សេងទៀត កាលពីថ្ងៃទី១២ ខែឧសភា។

លោក ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកនៅថ្ងៃសុក្រនេះថា កិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិក ត្រូវធ្វើការរួមគ្នា ដែលជាការខិតខំប្រឹងប្រែង ដើម្បីជួយពង្រឹងទំនាក់ទំនងអាស៊ានលើគ្រប់វិស័យ។ លោកបន្តថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទអាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដោយផ្អែកលើស្មារតីដែលអាស៊ានបាននិងកំពុងខិតខំរួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាព។

លោកថា៖ «ការលើកកម្ពស់ការអនុវត្តនូវវិបុលភាពប្រកបដោយចីរភាពនិងបរិយាបន្ន ជាការពិត ដោយទទួលស្គាល់តួនាទីប្រកបដោយភាពវិជ្ជមានរបស់ដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូលនេះ»។

លោកបញ្ជាក់ថា សហរដ្ឋអាមេរិកបានដើរតួនាទីសំខាន់នៅក្នុងពិភពលោក ហើយតួនាទីនេះ ប្រសិនជាសេដ្ឋកិច្ចសហរដ្ឋអាមេរិកល្អ នោះសេដ្ឋកិច្ចពិភពលោកក៏ល្អប្រសើរ​ ខណៈនៅឆ្នាំនេះ លោកថា ជាខួបលើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន-សហរដ្ឋអាមេរិក ដែលពេលនេះជាវិធីមួយដ៏ស័ក្តិសមសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានជួបជុំគ្នានៅក្នុងសេតវិមាន ដើម្បីរម្លឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃភាពជាដៃគូដ៏យូរអង្វែងផងដែរ។

លោកថា៖ «ជាការពិត កិច្ចសហប្រតិបត្តិការរបស់យើងដែលឈរលើមូលដ្ឋានមួយដ៏រឹងមាំនិងម៉ឺងម៉ាត់នៃការគោរពគ្នាទៅវិញទៅមក មានការរក្សានូវឧត្តមប្រយោជន៍រួម បានឆ្លងកាត់រយៈពេលមួយដ៏វែងឆ្ងាយ និងជាពិសេសបានជម្នះនូវឧបសគ្គប្រកបដោយភាពជោគជ័យ»។

បន្ទាប់ពីជួបជាមួយមេដឹកនាំអាស៊ាន ទទួលទានអាហារពេលល្ងាចនៅថ្ងៃទី១២ ខែឧសភា រួចនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានសរសេរលើហ្វេសប៊ុករបស់លោកថា ជំនួបជាមួយមេដឹកនាំអាស៊ាននៅសេតវិមានលើកដំបូងនេះ ក្នុងកិច្ចពិភាក្សាដែលមានសារៈសំខាន់នៃការធ្វើការរួមគ្នា ដើម្បីធានាសន្តិសុខ វិបុលភាព និងការគោរពសិទ្ធិមនុស្សសម្រាប់ប្រជាពលរដ្ឋរាប់លាននាក់។

លោកថា៖ «ល្ងាចនេះ ខ្ញុំបានស្វាគមន៍មេដឹកនាំអាស៊ានមកកាន់សេតវិមានជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអាស៊ីអាគ្នេយ៍។ យើងបានពិភាក្សាអំពីសារៈសំខាន់នៃការធ្វើការរួមគ្នា ដើម្បីធានាសន្តិសុខ វិបុលភាព និងការគោរពសិទ្ធិមនុស្ស សម្រាប់ប្រជាជនមួយពាន់លាននាក់របស់យើង»។

អ្នកស្រាវជ្រាវ​វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុន​​​ណា យល់ថា ក្នុងជំនួបរវាងមេដឹកនាំអាស៊ាន ជាមួយលោក ចូ បៃឌិន មិនអាចធ្វើឱ្យមានការប្រែប្រួលស្ថានភាពសិទ្ធិនៅតំបន់អាស៊ានច្រើនទេ ទោះបីជាសហរដ្ឋមេរិកឱ្យមេដឹកនាំបានបង្ហាញពីឆន្ទៈ និងទទូចឱ្យបណ្ដាប្រទេសទាំងអស់គោរពសិទ្ធិមនុស្សនិងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញក៏ដោយ។

ជាមួយគ្នានេះ លោកថា សហរដ្ឋអាមេរិកក៏មិនអាចដកខ្លួនចេញពីអាស៊ានដែរ បើសិនជាបណ្ដាប្រទេសទាំងអស់នៅតែមិនអាចស្តារស្ថានភាពសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យបាន។

លោកថា៖ «សហរដ្ឋអាមេរិកនៅតែត្រូវការអាស៊ាន ទោះបីជាអាស៊ាន​មិនមានចេតនាស្តារប្រជាធិបតេយ្យ ឬក៏សិទ្ធិមនុស្សមានការធ្លាក់ចុះ យ៉ាងណាក៏ដោយ ប៉ុន្តែអាមេរិកនៅតែត្រូវការវត្តមានអាស៊ាន។ រឿងមួយទៀត ដើម្បីបង្ហាញឥទ្ធិពលរបស់ខ្លួននៅក្នុងបណ្ដាប្រទេសអាស៊ាន ជាពិសេសនៅតំបន់អាស៊ីអាគ្នយ៍ ដោយសារការរះឡើងនៃចិន ហើយការរះឡើងនៃចិននេះធ្វើឱ្យសហរដ្ឋអាមេរិកពិបាកក្នុងការដកខ្លួនចេញពីអាស៊ាន ។ បើសិនជាអាមេរិកដកខ្លួនចេញពីអាស៊ាន ឬមិនចូលរួមកិច្ចប្រជុំជាមួយបណ្ដាប្រទេស​អាស៊ានផ្សេងទៀត នឹងធ្វើឱ្យចិនមានសក្ដានុពលខ្លាំងក្នុងការពង្រឹងដែនអំណាចរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។

លោក វណ្ណ ប៊ុន​​​ណា បន្តថា សហរដ្ឋអាមេរិកអាចជួយស្តារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ​នៅអាស៊ីអាគ្នយ៍ ដោយការផ្ដល់ជំនួយដល់ក្រុមអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ រួមទាំងបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដោយការផ្លាស់ប្ដូរគំនិតតាមរយៈយុវជនវ័យក្មេង។

យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានសន្យាផ្តល់ជំនួយ១៥០លានដុល្លារដល់បណ្តាប្រទេសអាស៊ាន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខលើដែនសមុទ្រ ការត្រៀមខ្លួនសម្រាប់ជំងឺឆ្លងសកល និងការផ្គត់ផ្គង់វិស័យថាមពល ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ