សហជីព​កាស៊ីណូ​ណាហ្គាវើលដ៍​ថា​អាជ្ញាធរ​វាយ​ធ្វើបាប​និង​បំបែក​កូដករ​កាន់តែ​អាក្រក់​ឡើង

សមត្ថកិច្ចរាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍មិនឱ្យប្រមូលផ្ដុំតវ៉ានៅក្បែរក្រុមហ៊ុន ក្នុងខណ្ឌចំការមន ដោយបានចាប់សែងពួកគេដឹកក្នុងរថយន្តក្រុង ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ អះអាងថា កងកម្លាំងអាជ្ញាធរចម្រុះក្រុងបានបង្ក្រាបពួកគេកាន់តែអាក្រក់ឡើងៗ ដោយវាយធ្វើបាប ទាត់ធាក់ បំបែកចេញពីក្រុមកូដករផ្សេងទៀត ខណៈពួកគេមានវិវាទជាមួយក្រុមហ៊ុនណាហ្គា ហើយគ្រាន់តែធ្វើកូដកម្មទាមទារឱ្យថៅកែចេញមុខមកដោះស្រាយវិវាទការងារប៉ុណ្ណោះ។

ការអះអាងនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍ស្ដីពីស្ថានភាពនៃការធ្វើកូដកម្មរបស់កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ ចុះថ្ងៃទី១១ ខែឧសភា កន្លងមកនេះ។

សេចក្ដីថ្លែងការណ៍អះអាងថា កាលពីថ្ងៃទី១១ ខែឧសភា កូដករដែលជាកម្មករនិយោជិត និងសមាជិកសហជីពនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ប្រមាណ១៣០នាក់ ក្នុងនោះ ១១៦នាក់ជាស្ត្រី បានបន្តចេញធ្វើកូដកម្ម ដើម្បីទាមទាររកដំណោះស្រាយពីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ដោយសន្តិវិធី។ យ៉ាងណា ពួកគេថា កងកម្លាំងអាជ្ញាធរចម្រុះក្រុង បានរារាំង ហើយថែមទាំងប្រើអំពើហិង្សា ជេរប្រមាថ និងមានការបៀត​បៀនគ្រប់រូបភាពទៀតផង។

ពួកគេអះអាងថា ក្រុមកូដករត្រូវកងកម្លាំងអាជ្ញាធរចម្រុះក្រុងប្រើហិង្សាបង្ខំឱ្យឡើងឡាន ដោយវាយធ្វើបាប ទាត់ធាក់ មួលក្ដិច ហើយក៏ព្យាយាមទាញកូដករចេញពីក្នុងឡានមកវាយបន្ថែមទៀត។

តំណាងកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាបន្ថែមថា៖ «នៅក្នុងនោះមានកូដករដែលជាស្ត្រីម្នាក់ត្រូវបានក្រុមកងកម្លាំងអាជ្ញាធរទាញពីក្នុងឡានយកមកវាយដំ និងធ្វើបាប រួចបំបែកចេញពីក្រុមកូដករផ្សេងទៀត»។

ក្រុមកូដករថា ការធ្វើកូដកម្មនេះជាវិវាទការងាររវាងកម្មករនិយោជិតជាមួយថៅកែក្រុមហ៊ុនណាហ្គាតែប៉ុណ្ណោះ។

យ៉ាងណា ពួកគេមើលឃើញថា ថៅកែណាហ្គាបែរជាមិនមានឆន្ទៈនិងជំហរក្នុងការដោះស្រាយជាមួយបុគ្គលិកកម្មករនោះទេ ដោយថា រហូតមកដល់ពេលនេះមានតែភាគីខាងសាលាក្រុងតែប៉ុណ្ណោះដែលចេញមុខមករារាំង គំរាមកំហែង រហូតប្រើប្រាស់ហិង្សាមកលើក្រុមកូដករថែមទៀត។

កូដករចាត់ទុកការរារាំង គំរាមកំហែង ប្រើហិង្សាមកលើកូដករក្នុងគោលបំណងមិនឱ្យធ្វើកូដកម្ម ថានេះមិនមែនជាដំណោះស្រាយឡើយ ពោលដំណោះស្រាយពិតប្រាកដមិនមែនការគំរាមកំហែង បៀតបៀន និងការប្រើប្រាស់ហិង្សាមកលើក្រុមកូដករនោះទេ។

ពួកគេទាមទារឱ្យថៅកែណាហ្គាចេញមុខមកដោះស្រាយវិវាទការងារនេះជាមួយកម្មករនិយោជិត ត្រូវបញ្ឈប់ការរើសអើងសហជីព ហើយទទួលយកបុគ្គលិកដែលកំពុងធ្វើកូដកម្ម ទាំងមានឈ្មោះកាត់ និងមិនមានឈ្មោះកាត់ ព្រមទាំងបុគ្គលិកហាត់ការ (ETP) ឱ្យចូលធ្វើការងារវិញ និងចរចាជាមួយតំណាងរបស់បុគ្គលិកកម្មករ។

កូដករដែលអះអាងថាត្រូវបានអាជ្ញាធរប្រើហិង្សា និងបំបែកចេញពីក្រុមកូដករផ្សេងទៀត កញ្ញា ពៅ រស្មី លើកឡើងថា អាជ្ញាធរបានប្រើកម្លាំងបាយទាត់ធាក់ រុញច្រានគាត់យ៉ាងដំណំ និងបំបែកចេញពីក្រុមកូដករដទៃ ព្រមទាំងដណ្តើមទូរសព្ទមិនឱ្យថតសកម្មភាពអាជ្ញាធរ ជាដើម។

កញ្ញាថា៖ «មុនដំបូង នៅក្នុងក្រុមក៏គាត់ប្រើ [ហិង្សា] ដែរ! ហើយបន្ទាប់មក គាត់ហែកចេញទៅប្រើ [ហិង្សា] ម្នាក់ឯងហ្មង។ គាត់អូសយើង ទាញទៅម្នាក់ឯងហ្នឹង គឺធ្ងន់ហ្មង! ដោយសារអី យើងអត់មានទូរសព្ទក្នុងការថតផ្តិតយករូប ហើយគាត់បានឱកាសដែលយើងអត់ទូរសព្ទ គឺគាត់វ៉ៃ[វាយ]យើងយកបណ្ដោយ»។

កញ្ញាចាត់ទុកសកម្មភាពរបស់អាជ្ញាធរថាមានចេតនាគំរាមកំហែង បំបាក់ស្មារតីឱ្យកម្មករមានការភ័យខ្លាច បោះបង់ការតវ៉ាជាមួយក្រុមហ៊ុនល្បែងរបស់ជនបរទេសដែលកំពុងរំលោភសិទ្ធិកម្មករខ្មែរ។ បែបនេះក្តី កម្មករណាហ្គារូបនេះបង្ហាញជំហរធ្វើកូដកម្មបន្ត ដើម្បីទាមទារដំណោះស្រាយ បើទោះអះអាងថា អាជ្ញាធរបានព្យាយាមតាមគ្រប់រូបភាពរារាំងមិនឱ្យពួកគេទៅជិតក្រុមហ៊ុនបង្កវិវាទក៏ដោយ។

អ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ច្រានចោលការចោទប្រកាន់របស់តំណាងកូដករ ដែលថាអាជ្ញាធរប្រើហិង្សាលើកូដករកាន់តែអាក្រក់ឡើង ដោយអះអាងថា តាមពិតមានតែក្រុមកូដករទាំងនោះទេដែលព្យាយាមបង្ករបួសស្នាមមកលើសមត្ថកិច្ច។

លោកចាត់ទុកការលើកឡើងរបស់សហជីពណាហ្គាថាជារឿងដដែលៗ។ យ៉ាងណា លោកជំរុញឱ្យកូដករប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ បើសិនមានករណីរងហិង្សាមែននោះ។

លោកថា៖ «បើសិនជាមានការយល់ឃើញអ៊ីចឹង សូមដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចអីរបស់យើងតាមសន្តិវិធីអីធម្មតា។ ប្រជាជនយើង នរណាបង្ករបួសស្នាមបង្កអី យើងទៅដាក់ពាក្យបណ្តឹងទៅ គេស្រាវជ្រាវ គេធ្វើការងារជូនពលរដ្ឋធម្មតា»។

លោក ម៉េត មាសភក្តី ថាសកម្មភាពរបស់កូដករជាការធ្វើបាតុកម្មខុសច្បាប់ ប៉ះពាល់ដល់អ្នកដទៃ បង្កការកកស្ទះលើផ្លូវសាធារណៈ ជាដើម ខណៈជំរុញឱ្យពួកគេទៅសម្តែងមតិនៅទីលានប្រជាធិបតេយ្យ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងថា ការប្រើហិង្សាតាមគ្រប់រូបភាពទៅលើកម្មករណាហ្គា គឺជារឿងដែលមិនអាចទទួលយកបាន ដោយសារជាអំពើអមនុស្សធម៌ ផ្ទុយពីច្បាប់ រំលោភសិទ្ធិស្ត្រីនិងសិទ្ធិមនុស្ស ខណៈពួកគេគ្រាន់តែធ្វើកូដកម្មដោយអហិង្សា ស្វែងរកដំណោះស្រាយដោយសន្តិវិធីប៉ុណ្ណោះ។

លោកថា៖ «ហើយឥលូវហ្នឹង បើសិនជាយើងឃើញថា ការអូសទាញម្តងមួយ ហើយមានការប្រើប្រាស់នូវអំពើអសីលធម៌ផ្សេងៗទៅលើស្តី្រ អាហ្នឹងវាជារឿងមួយដែលឃ្លាតកាន់តែឆ្ងាយពីប្រទេសយើងដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ គោលការណ៍នៃការគោរពសិទ្ធិមនុស្ស។ អ៊ីចឹងហើយបញ្ហាទាំងអស់នេះហើយដែលនាំឱ្យគេនៅតែលើកឡើងអំពីការរឹតត្បិតទៅលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ឬក៏សេរីភាពអង្គការសង្គមស៊ីវិល ជាពិសេសគឺសហជីពដែលគាត់នាំកូដករធ្វើកូដកម្មដោយសន្តិវិធីនោះ»។

លោកថា បញ្ហានេះបានអូសបន្លាយពីវិវាទការងាររវាងកម្មករនិងថៅកែ មកជាវិវាទវាងកូដករនិងអាជ្ញាធរទៅវិញ។ យ៉ាងណា លោកថា ការប្រើហិង្សាមិនមែនជាដំណោះស្រាយទេ តែផ្ទុយទៅវិញ វាជាការរំលោភសិទ្ធិ បៀតបៀនស្ត្រីទៅវិញ។

មន្ត្រីសង្គមស៊ីវិលរូបនេះថា បើសកម្មភាពទាំងនេះនៅតែបន្តទៀត នោះរដ្ឋាភិបាលកម្ពុជានឹងរងនូវការរិះគន់កាន់តែខ្លាំងឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ