តំណាងស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ទឹកខ្មៅជ្រលក់ដៃដែលនឹងត្រូវដាក់ឱ្យដំណើរការសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខនេះ គឺមានគុណភាពខ្ពស់និងជឿទុកចិត្តបាន។
សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហ៊ែល សារ៉ាត់ ឱ្យដឹងថា ទឹកខ្មៅជ្រលក់ដៃដែល គ.ជ.ប បញ្ជាទិញពីក្រុមហ៊ុនមួយរបស់ប្រទេសឥណ្ឌានេះ គឺមានសមត្ថភាពខ្ពស់ អាចរក្សាទឹកថ្នាំនៅជាប់នឹងដៃបានយូរ។
ថ្លែងប្រាប់ភាគីពាក់ព័ន្ធនៅក្នុងដំណើការដាក់ឱ្យសាកល្បងធ្វើតេស្តទឹកថ្នាំជ្រលក់ដៃលុបមិនជ្រះ ជាលើកដំបូង នៅទីស្តីការ គ.ជ.ប នៅព្រឹកថ្ងៃទី១៣ ខែឧសភានេះ លោក ហ៊ែល សារ៉ាត់ អះអាងថា ប្រភេទទឹកថ្នាំនេះមិនមែនតែកម្ពុជាទេដែលបានបញ្ជាទិញយកមកប្រើប្រាស់សម្រាប់ការបោះឆ្នោត នៅមានបណ្ដាប្រទេសប្រមាណ៣០ប្រទេសផ្សេងទៀតក៏បានបញ្ជាទិញដូចគ្នាដែរ ព្រោះតែទឹកថ្នាំនេះមានគុណភាពល្អ។

លោកបន្តថា៖ «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅហើយលុបមិនជ្រះរបស់ក្រុមហ៊ុន ម៉ៃសួផែន និង វ៉ានែស្ស អ៊ីលធីឌី នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមានឯកទេសក្នុងការផលិតទឹកខ្មៅនេះ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រាល់ការបោះឆ្នោត ដែលអាចធានាបានពីគុណភាព»។
បើតាមលោក ហ៊ែល សារ៉ាត់ ទឹកថ្នាំជ្រលក់ដៃលុបមិនជ្រះនេះ កម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនចំនួន៥២ ០០០ដប បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥។ ក្រុមហ៊ុនរបស់ឥណ្ឌាដែលកម្ពុជាបានបញ្ជាទិញនេះ គឺជាក្រុមហ៊ុនចាស់ ដែលកម្ពុជាធ្លាប់ទិញយកមកផ្គត់ផ្គង់សម្រាប់ការបោះឆ្នោតកន្លងទៅ។
របាយការណ៍ គ.ជ.ប បង្ហាញថា ទឹកខ្មៅជ្រលក់ដៃដែលលុបមិនជ្រះនេះ ទើបតែបានបញ្ជូនមកដល់កម្ពុជា ហើយការិយាល័យបោះឆ្នោតនីមួយៗនឹងត្រូវទទួលបាន ២ដប សម្រាប់មួយការិយាល័យ។ ក្រៅពីនេះ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត នឹងទទួលបាន៨០០ដប ដើម្បីរក្សាទុកដើម្បីផ្គត់ផ្គង់ ក្នុងករណីដបទឹកខ្មៅនៅតាមការិយាល័យឃុំសង្កាត់រៀបចំការបោះឆ្នោតមានបញ្ហាកើតឡើង។
ចំណែកលេខាធិការសម្រាប់ការិយាល័យកិច្ចការបោះឆ្នោតមកពីគណបក្សភ្លើងទៀន លោក កង ម៉ារាឌី ដែលបានចូលរួមអង្កេតការណ៍នៃការធ្វើតេស្តសាកល្បងទឹកថ្នាំជ្រលក់ដៃមិនជ្រះ យល់ឃើញថា ការសាកល្បងធ្វើតេស្តទឹកថ្នាំនេះ គេគួររៀបចំឱ្យមានដែរនៅតាមការិយាល័យឃុំសង្កាត់រៀបចំការបោះឆ្នោត។ លោកបន្តថា មូលហេតុដែលតំណាងគណបក្សនយោបាយចង់ឱ្យមានបែបនេះ ដើម្បីប្រាកដថា ទឹកថ្នាំដែលបានបញ្ជូនទៅ និងដាក់ឱ្យប្រើប្រាស់នេះ មានគុណភាព និងអាចជឿទុកចិត្តបានពីភាគីពាក់ព័ន្ធ។
លោកបន្តថា៖ «យើងសំណូមពរថា នៅអាណត្តិក្រោយ ការធ្វើតេស្តដូច្នេះ មានការធ្វើតេស្តដែរនៅតាមការិយាល័យនីមួយៗដែរ មុនពេលបើកការិយាល័យ។ មូលហេតុ ខ្ញុំចង់ឱ្យ ទី១ យើងធ្វើតេស្តនៅទីនេះ កុំឱ្យមានបាតុភាពមតិមហាជនគេនិយាយថា ធ្វើតេស្តនៅទីនេះ យកអាល្អមក ដល់ពេលនៅការិយាល័យ មិនបានយកផលិតផលដែលល្អមក»។
ទាក់ទិនករណីទឹកថ្នាំជ្រលក់ដៃលុបលាងមិនជ្រះនេះ ធ្លាប់មានភាពចម្រូងចម្រាសម្តងរួចមកហើយ នៅអំឡុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៣។ សម្ព័ន្ធអង្គការសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការបោះឆ្នោត រកឃើញថា ទឹកខ្មៅជ្រលក់ដៃនេះអាចលុបបានក្នុងរយៈពេលខ្លី។ ប្រតិកម្មនេះកើតឡើងនៅបន្ទាប់ពី គ.ជ.ប ធ្វើសន្និសីទបង្ហាញពីគុណភាពទឹកថ្នាំជ្រលក់ហើយមិនជ្រះ នៅមុនការបោះឆ្នោត។
នាយកប្រតិបត្តិនៃអង្គការនិចហ្វិក លោក សំ គន្ធាមី យល់ស្របទៅលើការបញ្ជាក់ពីគុណភាពរបស់ គ.ជ.ប អំពីទឹកថ្នាំដែលដាក់ឱ្យធ្វើតេស្តសាកល្បងនេះ។ លោកបន្តថា ប្រសិនបើផលិតផលទឹកថ្នាំជ្រលក់ដៃលុបលាងមិនជ្រះនេះ បានឆ្លងកាត់ការពិសោធបែបនេះរួចហើយ នោះនឹងលែងជាមន្ទិលសង្ស័យណាមួយទៀតហើយ។
លោកបន្តថា៖ «អត់ទេ! បើគេធ្វើតេស្តមើលទៅវាមានឃើញគុណភាពខ្ពស់ យើងជឿទុកចិត្តបានហើយ អាហ្នឹងតាមការធ្វើតេស្តសាកល្បង»។
ការបោះឆ្នោតជ្រើសរើសក្រុមក្រុមប្រឹក្សាឃុំសង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។ គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះមានចំនួន១៧គណបក្សនយោបាយ៕












