មន្ត្រី​ចាត់​ទុក​អ្នក​ថា​មាន​ការ​រឹតត្បិត​សកម្មភាព​នយោបាយ​នៅ​រដូវ​បោះឆ្នោត​គ្រាន់​តែ​ជា​ការ​បំផុស​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលចាត់ទុកអ្នកនយោបាយមួយចំនួនដែល​ថាការ​ធ្វើសកម្មភាព​នយោបាយ​នៅ​រដូវ​បោះឆ្នោត​មានបរិយា​កាស​​ចង្អៀត​និងរឹតត្បិតនោះ គ្រាន់តែជាការបំផុសឱ្យមានការចាប់អារម្មណ៍ ដើម្បីត្រៀមដាក់ឱ្យមានការ​ចោទ​ប្រកាន់ ក្នុងហេតុផ​ល​ធ្វើឱ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតតែប៉ុណ្ណោះ។

ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល​ ចុះ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ២០២២ លើកឡើង​ថា​​ កន្លង​មក មាន​អ្នក​នយោបាយ​មួយ​ចំនួនបាន​រំលេច​ឡើង​ពី​សភាព​ការណ៍ និង​បរិយាកាស​ចង្អៀតចង្អល់ ក្នុងការរឹតត្បិតនូវសកម្មភាព សេរីភាពនយោបាយ នៅក្នុងរដូវកាលនៃយុទ្ធនាការបោះឆ្នោត ប៉ុន្តែគេ​កម្រទទួលបាននូវមុខសញ្ញា ទីតាំង ពេលវេលា និងទីកន្លែងកើតហេតុទាំងអស់នោះណាស់។ 

សេចក្ដីថ្លែងការណ៍បន្ត​ថា៖ «នៅក្នុងរដូវកាលនៃយុទ្ធនាការបោះឆ្នោត តែងតែលេចឮនូវការបំផុសឱ្យមានការ​ចាប់អារម្មណ៍ព័ត៌មានពីអ្នកនយោបាយមួយចំនួន ដែល​រំលេចឡើង​ពីសភាព​ការណ៍ និង​បរិយា​កាសចង្អៀត​ចង្អល់ ក្នុងការរឹតត្បិត​នូវ​សកម្ម​ភាព សេរីភាព​នយោបាយ ដែលជាកិច្ចការចូលរួមស្របច្បាប់ក្នុងសកម្មភាពបោះឆ្នោត ក៏ប៉ុន្តែគេកម្រទទួលបាននូវមុខសញ្ញា ទីតាំង ពេលវេលា និងទីកន្លែងកើតហេតុនោះណាស់»។

ប្រភពដដែលថា ការលើកឡើង​ដោយ​មិន​បង្ហាញ​មុខ​សញ្ញា​ច្បាស់​លាស់​នេះ គ្រាន់​តែ​ជា​ការ​បំផុស និងបង្កើត​​ទឡ្ហីករណ៍​នយោបាយ ដើម្បីត្រៀមដាក់ទម្ងន់លើការចោទប្រកាន់ និងវាយតម្លៃជាសកល ក្នុងហេតុផល​ធ្វើឱ្យប៉ះពាល់ទៅលើលទ្ធផលការបោះឆ្នោតតែប៉ុណ្ណោះ។

អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលចាត់ទុកការបង្ហោះផ្សព្វផ្សាយព័ត៌មានក្នុងរដូវនៃការបោះឆ្នោតរបស់គណបក្ស​និង​អ្នក​នយោបាយ​ថា មិន​បាន​តាំង​ខ្លួន​ជា​អ្នក​ចូល​រួម​កិច្ច​កសាង ឬពង្រឹងឥរិយាបថតម្រូវការសង្គមប្រជា​ធិប​តេយ្យសេរីពហុបក្សនោះឡើយ។ 

ពាក់ព័ន្ធរឿងនេះ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សមាជិក​​​សភា​​អឺរ៉ុប​​បាន​ព្រមាន​ពី​​ការ​ផ្ដាច់​​​ប្រ​ព័ន្ធ​​​​អនុ​គ្រោះពន្ធ ប្រសិនបើរកឃើញថា ដំណើរការបោះឆ្នោត​​នាពេល​ខាង​មុខ​ ប្រព្រឹត្តទៅ​​ដោយ​​​គ្មាន​ភាព​​​សេរី ត្រឹម​ត្រូវ និង​​យុត្តិធម៌។ 

កាលពី​​ដើម​​ខែ​សីហា ឆ្នាំ២០២០ អឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ ឬ EBA ២០% លើទំនិញប្រមាណ៤០មុខ ក្នុងនោះ ភាគច្រើន​ជា​សម្លៀកបំពាក់ និង​​​ស្បែ​ក​​​ជើង ដែល​ត្រូវនាំចូលទៅកាន់ទីផ្សារអឺរ៉ុប គឺកម្ពុជាត្រូវបង់លុយប្រមាណ១០០​លាន​ដុល្លារ​​អាមេរិក ជា​​​រៀង​​​រាល់​​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ