មតិ​ចម្រុះ​ជុំវិញ​ការ​គប់​ស្បែកជើង​ទៅ​លើ​លោក ហ៊ុន សែន ក្នុង​ទឹកដី​អាមេរិក

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ មានប្រសាសន៍ទៅកាន់បងប្អូនខ្មែរអាមេរិកាំង​ និងបងប្អូនខ្មែរមកពីប្រទេសកាណាដា​ នៅមុខសណ្ឋាគារ​ Willard Intercontinental Hotel ទីក្រុងវ៉ាស៊ីនតោន រសៀលថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន / Screenshot)

ក​រណី​​គប់​​ស្បែ​ក​ជើង​ទៅលើលោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​​លើ​ទឹកដី​អាមេរិក​ ជំរុញ​​ឱ្យមានការថ្កោ​ល​ទោ​​ស​ពី​ឥ​ស្សរ​ជន​នយោបាយ​​បក្សកាន់អំណាច ប៉ុន្តែ​មតិផ្សេងទៀតយល់​ថាជារឿងធម្មតាដែលបានកើ​តឡើ​ងញឹក​​ញាប់​ក្នុង​ប្រទេស​ដែល​ប្រកាន់លទ្ធិប្រជាធិបតេយ្យ។

កា​​លពីថ្ងៃ​ទី១​២ ខែ​​ឧស​ភា ឆ្នាំ២​០២​២​​ ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង ​​លោក ​អ៊ុក​ ទូ​ច ​បា​ន​យក​​ស្បែ​​កជើ​ង​របស់​គាត់​គ​ប់សំដៅ​​ទៅ​លើលោកនាយករ​ដ្ឋមន្ត្រី ហ៊ុន សែន ​នៅក្នុ​ងចំ​ណោម​ក្រុម​​អ្នកគាំទ្រ​​របស់​លោក​រាប់​សិប​នាក់ នៅ​ឯរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ខណៈមេដឹកនាំកម្ពុ​ជារូបនេះ​ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេ​រិក​។

​ព្រឹត្តិ​ការណ៍ដ៏កម្រដែលបានកើតឡើងលើមេដឹកនាំកម្ពុជា​នេះ ​ជំរុញ​​ឱ្យ​មា​នប្រតិក​ម្មថ្កោ​លទោសពី​​មន្ត្រីជាន់​ខ្ព​ស់របស់គណបក្សកាន់អំណាចមួយចំនួនថាជាទង្វើមិនអាចលើកលែងទោសបាន។

ប្រ​​ធានគណៈ​កម្មាធិ​កា​រទី៧ ​​នៃ​រ​ដ្ឋស​ភា និ​ងត្រូវជា​​កូន​ប្រុសបង្កើត​របស់​​​នា​​យ​ក​រដ្ឋ​មន្ត្រី​ គឺលោក ​ហ៊ុន ម៉ានី​ បាន​ប​​ង្ហោះសារលើ​​ហ្វេស​ប៊ុក​រប​ស់លោ​ក ដោយ​​ចាត់​ទុក​ទង្វើ​របស់​​​​លោក អ៊ុក ទូច នោះថា ជាការប្រមាថមក​លើថ្នាក់ដឹក​នាំ​ប្រទេស ដែលមិនអា​ចស​ម្រាលទោស​បាន​។

​លោក​ថា៖ «​ទង្វើនេះ ពួកយើងទាំងអស់គ្នាជាសមាជិកគណបក្ស និង​ជាប្រជាជនខ្មែរ ដែលគាំទ្រគណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​បន្ធូរ​បន្ថយ ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ»។

ប្រ​​​តិក​ម្ម​ប្រហាក់ប្រហែល​នេះដែរ ​ចំពោះ​រដ្ឋមន្ត្រីក្រ​សួង​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អ​ធិការកិច្ច​ លោក​ស្រី ម៉ែន សំអន បានថ្កោ​លទោសបុ​រសនោះ​ថា ជាក្រុម​ជ្រុលនិយម និងមិនអាចស​ម្រា​លទោ​សបាន។​

លោកស្រីថា៖ «នាងខ្ញុំមិនគាំទ្រនូវទង្វើរបស់បុគ្គល អ៊ុក ទូច សូមថ្កោលទោសយ៉ាងដាច់អហង្ការនូវទង្វើដ៏ថោកទាប ដែល​ប្រមាថមកលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រ​ជាជនកម្ពុជា […] ទង្វើដ៏ថោកទាបនេះ ប្រជាពលរដ្ឋខ្មែរមិនអាចទទួលយកបាន និ​​ងមិនអាចលើក​លែងឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក សុខ ឥសាន ចាត់ទុកករណីនេះថា ​ជាការប្រមាថថ្នាក់ដឹកនាំដែរ ប៉ុន្តែ​ថា​ គណបក្សប្រជាជនកម្ពុជានឹងមិនប្តឹងទាមទារណាមួយឱ្យចាត់វិធានការលើបុរសនោះទេ ដោយសម្អាងថា មេដឹកនាំប្រជាធិបតេយ្យមួយចំនួនក៏ធ្លាប់ជួបបញ្ហានេះគ្នា។ 

​​លោកថា៖ «​រឿងនេះ វាមិនមែន [កើតឡើង] សម្រាប់​តែ​ប្រមុខ​ដឹក​នាំកម្ពុជា​យើង​ទេ គឺ​នៅបណ្តាប្រទេសជឿន​លឿន ដូច​បារាំង អាល្លឺម៉ង់អី ក៏មានគេ​គប់ពងទាស្អុយដែរ មានអត់ឯណា! អ្នកដែលគេប្រឆាំងហ្នឹង គេចេះតែរកវិធី តែយើ​ង​ជាអ្នកខ្ពង់ខ្ពស់ យើងជាអ្នកមានសីលធម៌ យើងជាអ្នកមានអរិយ​ធម៌​ល្អ យើង​ទៅតបត​ស្អីជាមួយ​មនុស្សតិរច្ឆាននោះ»។

យ៉ាងណា ខ្មែរអាមេរិកកាំង​ លោក អ៊ុក ទូច ដែលបានគប់ស្បែកជើងទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្អាង​ថា​ ទង្វើដែលខ្លួន​​ធ្វើនោះ​​មិន​ខុស​ទេ បើធៀបទៅនឹងកំហុសមេដឹកនាំកម្ពុជាដែល​បាន​កាន់អំណាច​ច្រើន​ឆ្នាំ​មក​នេះ។

លោកថា៖ «ខ្ញុំគ្រាន់តែយកស្បែកជើងគប់ក្បាលគាត់ទេ តែគាត់​បាន​យកគ្រាប់បែកគប់បាតុករ​ងាប់​មិ​ន​ចេះ​​តិច​នៅស្រុក​ខ្មែរ។ អាហ្នឹង​ខ្ញុំមាន​កំហុសដែរអត់? ព្រោះ ហ៊ុន សែន សម្លាប់មនុស្សច្រើនណាស់ សម្លា​​ប់ប្រជា​ធិបតេយ្យ ខ្ញុំទប់អត់បានទេ»។

អតីតតំណាងរាស្ត្រគណបក្សប្រឆាំង​ បច្ចុប្បន្នជា​​អនុប្រធាន​បណ្តោះ​អាសន្នគណបក្ស​កែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ចាត់ទុកព្រឹត្តិការណ៍​នេះថា ជា​រឿងធម្មតាដែលបានកើតឡើង​លើទឹកដីប្រទេសលោកសេរី។ លោក​កត់​សម្គាល់​ថា លើ​ទឹកដី​អាមេរិក​កន្លង​ទៅ ​​ក៏មានអ្នកសារព័ត៌មានគប់ពងមាន់​ដាក់​មុខ​ប្រធា​នាធិ​ប​តី​ដែរ តែ​ពួកគេមិនដាក់​ទោស​ទណ្ឌ​ទេ លើកលែងតែ​ទង្វើ​នោះបង្ក​របួស​ស្នាមឬ​ការប្រើប្រាស់​អាវុធ ទើបត្រូវ​ផ្តន្ទា​ទោស។

លោក អ៊ូ ច័ន្ទរ័ត្ន គិតថា ដើម្បីកុំឱ្យបញ្ហានេះកើតឡើងតទៅទៀត មេដឹកនាំ​​បក្ស​កាន់​អំណាច​គួរ​​មា​ន​ភាពចាស់ទុំ ហើយឱ្យតម្លៃទៅលើមតិភាគតិច។

លោកថា៖ «កាលណាគេមិនសប្បាយចិត្ត គេមានសិទ្ធិជំទាស់អ៊ីចឹងណា៎! គេមានសិទ្ធិបញ្ចេញមតិ ត្រូ​​វ​តែ​គោរពសិទ្ធិរបស់គេ បើទោះបីយើងយកមកអនុវត្តកើតមិនកើត យើងត្រូវតែគោរពសិទ្ធិរបស់គេ»។ 

ប្រ​​ធាន​សមាគ​ម​​ការពារសិទ្ធិ​មនុស្សអាដហុក លោក នី សុខា​ យល់ថា ​មេដឹកនាំនៅ​ប្រទេស​​​​ប្រជាធិប​តេយ្យបាន​​​រង​នូវការ​​តបត​បែប​​នេះ​​ញឹក​ញាប់ តែ​ពួក​គេមិនដាក់ទោសអ្នកដែលផ្ទុះកំហឹងទាំងនោះទេ។ ប៉ុន្តែលោក​ថា អ្នក​ប្រើ​ជម្រើសនេះអាចនឹងរងគ្រោះ​ចំពោះប្រទេស​ដែល​មិន​ឱ្យតម្លៃ​ក្រុមសំឡេងភាគតិច។

លោកផ្តល់​ជាយោបល់​ថា ដើម្បី​បញ្ជ្រាប​បញ្ហា​នេះ អ្នក​នយោបាយ​កម្ពុជាត្រូវ​បើក​លំហសេរីភាព​បញ្ចេ​ញ​មតិ និង​ទទួល​យក​ការ​ទាម​ទារ​រប​ស់​ក្រុម​សំឡេង​ភាគ​តិច​មក​ដោះ​ស្រាយ និង​ឆ្លើយ​តប​ដោយ​វិជ្ជ​មា​ន ជា​​​​​ជាង​ប្រើ​​​​​អំណាច​ទៅ​បិទមាត់សំឡេងភាគតិច ដែលការណ៍នេះ លោកថាមិនអាចទប់កំហឹងសាធា​រណ​​​​ជនបាន​រហូតនោះទេ។ 

លោកថា៖ «ដូច្នេះ​ មេដឹកនាំ​ក្នុង​សង្គម​ប្រជាធិប​តេយ្យហ្នឹងត្រូវ​តែទទួល​យក​នូវ​មតិ​ប្រឆាំង​ទាំង​អស់​ហ្នឹង ដើម្បីធ្វើការពិចារណានិងដោះស្រាយ បញ្ហាដែលមតិប្រឆាំងបានលើកឡើង អាហ្នឹង​ដើម្បីដោះស្រា​យ​បញ្ហា កុំឱ្យមានការខឹងសម្បាពីប្រជាពលរដ្ឋច្រើន»។

អំឡុង​ឆ្នាំ២០១៧ ប្រជាពលរដ្ឋម្នាក់រស់​នៅខេត្តកំពង់ស្ពឺ អ្នកស្រី​ ​សំ សុខា​ ត្រូវបានតុលាការខេត្តនេះផ្តន្ទាទោស​ដាក់​ពន្ធនាគារចំនួន៤ឆ្នាំ ចោទពីបទ ​«​ប្រមាថ»​ ​និង​ ​«ញុះញង់​ឱ្យ​​​មាន​ការ​រើស​អើង»។

​ការផ្តន្ទាទោសស្ត្រីរូបនេះបានធ្វើឡើងក្រោយពីគាត់​បានបង្ហោះរូបភាព​លើបណ្តាញសង្គមពីសកម្មភា​ពយក​​​​ស្បែក​ជើង​គប់​ទៅលើ​ស្លាក​សញ្ញា​គណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​បក្ស​ និងលោក ហេង សំរិន ប្រធានកត្តិ​យស​​បក្ស​ និង​​ជា​ប្រធា​នរ​ដ្ឋ​​សភា ខណៈស្ត្រីរូបនេះបានភៀសខ្លួនទៅរស់នៅប្រទេសថៃ។

ប៉ុន្តែ​ក្រោយមក អាជ្ញាធរកម្ពុជាបានសហការជាមួយអាជ្ញាធរថៃ នាំខ្លួនស្ត្រីរូបនោះមកផ្តន្ទាទោ​ស​នៅ​​ប្រទេស​កម្ពុជា​​វិញ តែ​បច្ចុប្បន្ន​ អ្នក​ស្រី សំ សុខា មាន​សេរីភា​ព​វិញ​ហើយ ក្រោយពីទទួលទោសចប់ ហើយ​ព្រម​បង់​ប្រាក់​ពិន័យ​ចំនួន​១០​​​​​​លា​​ន​​​​​​រៀលតាមការបង្គាប់របស់តុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ