លោក ហ៊ុន សែន ចាត់​​ទុក​​ជា​​ជោគជ័យ​​ក្រោយ​​រក​​មិន​​ឃើញ​​អ្នក​ឆ្លង​​ជំងឺ​កូវីដ​​រយៈពេល​​៧​​ថ្ងៃ​​ជាប់ៗ​​គ្នា

កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់រចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ រូបភាព(ហ្វេសប៊ុក លោក ហ៊ុន សែន)

​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ជា​ជោគជ័យ​របស់​កម្ពុជា ក្រោយ​រក​មិន​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ រយៈពេល​៧​ថ្ងៃ​ជាប់ៗ​គ្នា គិត​ចាប់​តាំង​ពី​ថ្ងៃទី៧​ ខែឧសភា​មក។

តាមរយៈសារសំឡេងប្រមាណ៥នាទីពីសហរដ្ឋអាមេរិក លោកនាយកដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ការដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ មួយសប្ដាហ៍មកនេះ វាជាជោគជ័យរបស់កម្ពុជា ដោយមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ នាពេលកន្លងមក។

ទន្ទឹមនេះ លោកអំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទោះបីជារយៈពេលមួយសប្ដាហ៍នេះ មិនមានករណីឆ្លងថ្មីក៏ដោយ។

លោកថា៖ «ខ្ញុំនៅតែអំពាវនាវដល់ប្រជាពលរដ្ឋយើង បើទោះបីពេលនេះ មិនមានការឆ្លងក៏ដោយចុះ ក៏ប៉ុន្តែយើងក៏ត្រូវប្រកាន់នូវវិធានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងវិធានការសុខាភិបាលទាំងឡាយដែលបានដាក់ចេញកន្លងទៅ។ ទោះបីកាតព្វកិច្ចពាក់ម៉ាស់មិនត្រូវបានធ្វើតទៅទៀត ក៏ប៉ុន្តែរាជរដ្ឋាភិបាលក៏​នៅតែ​បន្តលើកទឹកចិត្តសម្រាប់ប្រជាជនសម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស់ឬមិនពាក់ម៉ាស់។ ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើង​ចូលរួមជាមួយ​នឹងការទទួលវ៉ាក់សាំង​ដូសជំរុញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

សេចក្ដី​ប្រកាស​ព័ត៌​មានរបស់ក្រសួង​​សុខាភិបាល ​នៅថ្ងៃទី១៤ ខែឧសភានេះ បានប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង​ជំងឺកូវីដ-១៩ថ្មី​នោះទេ ខណៈ​​អ្នក​​​ជា​សះ​ស្បើយ​​ថ្មីមានចំនួន ៣នាក់បន្ថែមទៀត។ រីឯករណីអ្នកស្លាប់ដោយសារជំងឺនេះវិញ ក៏មិនមានដែរ។

​បើតាមក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​សៅរ៍នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ​សរុបចំនួន១៣៦ ២៦២នាក់ ក្នុង​នោះ​ អ្នកជំងឺព្យាបាល​ជា​សះស្បើយ​​ចំនួន១៣៣ ១៨៩នាក់ និងអ្នកស្លាប់មានចំនួន​៣ ០៥៦នាក់។ ​ចំណែកករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថាមានចំនួន​១៤ ៤៥៩នាក់។

កាល​ពីថ្ងៃទី៧ ខែឧសភា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ថ្ងៃនោះថា គឺ​ជា​កំណត់​ត្រាលើក​ដំបូង​នៅ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ ដែល​កម្ពុជា​រក​មិន​ឃើញ​​អ្នក​ឆ្លង​ជំងឺកូវីដ-១៩​។ លោកបានចាត់ទុកថា នេះគឺជាជោគជ័យមួយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ