គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានសម្រេចដកកីឡាការិនីកម្ពុជា ខាន់ ចេសា (Jessa Khan) ពីការប្រកួតកីឡាជូជីតស៊ូ Ju-Jitsu ដោយសារលើសទម្ងន់២ខាំ ឬ២៤០ក្រាម។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (CAMSOC) បានបញ្ជាក់ថា កីឡាការិនីខ្មែរអាមេរិកកាំងកញ្ញា ខាន់ ចេសា ឆ្លងមិនផុតពីដំណាក់កាលថ្លឹងគីឡូនោះទេ ក្រោយមន្ត្រីរៀបចំការប្រកួតរកឃើញលើសទម្ងន់ជាង ២ខាំ ខណៈទម្ងន់ដែលចុះឈ្មោះប្រកួត ៤៨គីឡូក្រាម។ ក្រោមច្បាប់របស់សហព័ន្ធកីឡាជូជីតស៊ូ Ju-Jitsu អន្តរជាតិ និងច្បាប់បច្ចេកទេសនៃសៀវភៅណែនាំបច្ចេកទេសកីឡា SEA Games មិនអនុញ្ញាតឱ្យនាងចូលរួមក្នុងការប្រកួតនោះទេ។
គណៈកម្មាធិការជាតិអូឡំាពិកកម្ពុជាបានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះដែរ ក៏ប៉ុន្តែត្រូវបានបដិសេធ។
កីឡាការិនីខ្មែរ-អាមេរិកកាំង ខាន់ ចេសា (Jessa Khan) គឺជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន ត្រូវបានចាត់ទុកថា ជាកីឡាករដែលកម្ពុជារំពឹងខ្ពស់ក្នុងការឈ្នះមេដាយមាសស៊ីហ្គេម SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនេះ។
យ៉ាងណាមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡំពិកកម្ពុជា បានស្នើឲ្យជនរួមជាតិមានការយោគយល់ចំពោះព័ត៌មាននេះ ខណៈកញ្ញា ខាន់ ចេសា ក៏មានការខកចិត្តជាខ្លាំងចំពោះលទ្ធផលនេះ៕