កម្ពុជា​បន្ត​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩​នោះ​ឡើយ​

អ្នកសង្ស័យថា បានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ មកធ្វើតេស្តសំណាកនៅមន្ទីរពេទ្យរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ (សូត សុខប្រាថ្នា)

ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាមិនមានករណី​អ្នកឆ្លង​ជំងឺកូវីដ-១៩ ថ្មីនោះឡើយកាលពីម្សិលមិញ ដែលធ្វើឱ្យកម្ពុជាមិនមានអ្នកឆ្លងជំងឺនេះរយៈពេល ៨ថ្ងៃជាប់ៗគ្នាផងដែរ។   ​

ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ-១៩ នោះទេ រយៈពេល ៨ថ្ងៃជាប់ៗគ្នា​ និងមិនមានអ្នកឆ្លងថ្មីនោះដែរ ខណៈអ្នកជំងឺជាសះស្បើយមានចំនួន ២នាក់កាលពីម្សិលមិញ។

តាមរយៈសារសំឡេងប្រមាណ ៥នាទីពីសហរដ្ឋអាមេរិកដែលចែកចាយលើបណ្តាញសង្គមកាលពីម្សិលមិញលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ការដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ មួយសប្ដាហ៍មកនេះ វាជាជោគជ័យរបស់កម្ពុជា ដោយមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ នាពេលកន្លងមក។

យ៉ាងណា លោកស្នើឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

លោកថា«ខ្ញុំនៅតែអំពាវនាវដល់ប្រជាពលរដ្ឋយើង បើទោះបីពេលនេះ មិនមានការឆ្លងក៏ដោយចុះ ក៏ប៉ុន្តែយើងក៏ត្រូវប្រកាន់នូវវិធានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងវិធានការសុខាភិបាលទាំងឡាយដែលបានដាក់ចេញកន្លងទៅ។ ទោះបីកាតព្វកិច្ចពាក់ម៉ាស់មិនត្រូវបានធ្វើតទៅទៀត ក៏ប៉ុន្តែរាជរដ្ឋាភិបាលក៏​នៅតែ​បន្តលើកទឹកចិត្តសម្រាប់ប្រជាជនសម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស់ឬមិនពាក់ម៉ាស់។ ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើង​ចូលរួមជាមួយ​នឹងការទទួលវ៉ាក់សាំង​ដូសជំរុញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

គិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៦ ២៦២នាក់  អ្នកជាសះស្បើយសរុបចំនួន ១៣៣ ១៩៤នាក់  ស្លាប់សរុបចំនួន ៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ