ក្រសួង​យុត្តិធម៌​​ថា​ ​តុលាការ​ចោទ​តែ​លោក​ កឹម​ ​សុខា​ ​ខណៈ​រដ្ឋ​បរទេស​មិន​ពាក់​ព័ន្ធ​ឡើយ​

ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ក្នុងជំនួបជាមួយលោក កឹម សុខា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (សាញ់ ប៊ុនហឿន)

ក្រសួងយុត្តិធម៌ បានបញ្ជាក់ជាថ្មីថា តុលាការ​ចោទប្រកាន់តែទៅលើប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា ពីបទ«សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» ប៉ុន្តែមិនបាន​ចោទប្រកាន់រដ្ឋបរទេសណាមួយក្នុងសំណុំរឿងនេះនោះទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបញ្ជាក់ជាថ្មីនៅថ្ងៃអាទិត្យនេះថា កាលពីពេលថ្មីៗនេះ  មេធាវីរបស់លោក កឹម   សុខា ​ បានលើកឡើងដោយព្យាយាមទាញរដ្ឋបរទេស ឱ្យចូលខ្លួននៅក្នុងសំណុំរឿងនេះ ឬនិយាយថា បើមិនចោទប្រកាន់ តុលាការ គួរតែបញ្ចប់នីតិវិធីលោក កឹម សុខា ឱ្យបានឆាប់ជាដើម។ លោកថា ការបកស្រាយបែបនេះ អាចធ្វើឱ្យមានការភាន់ច្រឡំ ចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។

ករណីនេះ លោក ជិន ម៉ាលីន អះអាងថា តុលាការ​ចោទប្រកាន់ចំពោះតែ លោក កឹម សុខា ពី«បទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» ប៉ុន្តែមិនបាន​ចោទប្រកាន់រដ្ឋបរទេសណាមួយក្នុងសំណុំរឿងនេះនោះទេ។

លោកអះអាងលើទំព័រហ្វេសប៊ុកដូច្នេះថា«អ្វីដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងនៅសហរដ្ឋអាមេរិក គឺគ្រាន់តែចង់បញ្ជាក់ឱ្យសាធារណជនបានដឹងច្បាស់ថា កន្លងមកនេះ ទាំងរាជរដ្ឋាភិបាលក្តី ទាំងតុលាការក្តី មិនមែនជាអ្នកដែលភ្ជាប់សហរដ្ឋអាមេរិក ឬចោទប្រកាន់សហរដ្ឋអាមេរិក ឬរដ្ឋបរទេសណាមួយ នៅក្នុងសំណុំរឿងដែលចោទប្រកាន់លើ ឯកឧត្តម កឹម សុខា នោះទេ » ។

លោកបន្តថា«ប៉ុន្តែគឺឯកឧត្តម កឹម សុខា ផ្ទាល់ ដែលជាអ្នកនិយាយភ្ជាប់សហរដ្ឋអាមេរិក និងរដ្ឋបរទេសចូលទៅក្នុងសំណុំរឿងនេះ។ ដូច្នេះ បើរដ្ឋបរទេសណាមិនសុខចិត្តនឹងការ លោក កឹម សុខា ភ្ជាប់ឈ្មោះប្រទេសរបស់ខ្លួនទៅក្នុងសំណុំរឿងនេះ គឺត្រូវធ្វើការតវ៉ាជាមួយ លោក កឹម សុខា ផ្ទាល់»។

កាលពីពេលថ្មីៗនេះ ក្រុមមេធាវីរបស់ លោក កឹម សុខា ស្នើឱ្យតុលាការកោះហៅទូតបរទេសចូលសវនាការ ក្នុងសំណុំរឿង​ត្រូវរ៉ូវជាមួយបរទេសនេះ។ ប៉ុន្តែលោក ជិន ម៉ាលីន ចាត់ទុកទង្វើនេះថា  គ្រាន់តែជាល្បិចរបស់ភាគីជនជាប់ចោទ ទាញរដ្ឋបរទេសចូលក្នុងសំណុំរឿងជាមួយលោក កឹម សុខា ដើម្បីប្រើប្រាស់បរទេសឱ្យជួយគាត់រួចចេញពីសំណុំរឿងព្រហ្មទណ្ឌ ឬពីដំណើរការកាត់ក្តីរបស់តុលាការ       តាមរយៈឱ្យបរទេសប្រើឥទ្ធិពលដាក់សម្ពាធលើកម្ពុជាតែប៉ុណ្ណោះ។

លោក ជិន ម៉ាលីន បន្ថែមថា៖« ជាទិដ្ឋភាពច្បាប់ និង ដូចបានបញ្ជាក់នាពេលកន្លងមក ក្នុងសំណុំរឿងនេះ តុលាការបានចោទប្រកាន់តែទៅឯកឧត្តម កឹម សុខា និងអាចមានពលរដ្ឋខ្មែរដែលជាមេដឹកនាំចលនាបដិវត្តពណ៌មួយចំនួនទៀតប៉ុណ្ណោះ គឺ ពុំមានបានចោទប្រកាន់ទៅលើរដ្ឋបរទេសណាមួយនោះឡើយ ដូចករណីដំណើរការសំណុំរឿងកាត់ក្តីមេដឹកនាំខ្មែរក្រហម នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាកាត់ក្តីមេដឹកនាំខ្មែរក្រហម»។

វីអូឌី មិនអាចសុំការបំភ្លឺពីសហមេធាវីលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី និងលោកមេធាវី ផែង ហេង ​ បានទេនៅរសៀលថ្ងៃអាទិត្យនេះ។

នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មានប្រសាសន៍ថា បើសិនជាសំណុំរឿងលោក កឹម សុខា ដែលពាក់ព័ន្ធបទចោទ​ «សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស » ចង់ផ្តួលរំលំរដ្ឋាភិបាល  គឺមានន័យថា បរទេសក៏ជាប់ពាក់ព័ន្ធជាមួយដែរ  មិនដូចការលើកឡើងរបស់រដ្ឋាភិបាលនោះទេ។ ​

លោក សេក សុជាតិ បន្ថែមថា ជម្លោះរវាងលោក កឹម សុខា និងដើមបណ្តឹងរដ្ឋាភិបាល កើតចេញពីរឿងនយោបាយច្រើនជាង ។ ករណីនេះ លោកជំរុញទៅអ្នកនយោបាយគួរតែចចាគ្នា ដើម្បីបញ្ចប់ជម្លោះ បើមិនដូច្នេះទេ តុលាការមិនហ៊ានកាត់សេចក្តីរឿងនេះឡើយ។

លោកមានប្រសាសន៍ថា«យើងឃើញរឿងនេះពាក់ព័ន្ធរឿងនយោបាយច្រើនជាង ហើយពាក់ព័ន្ធនិងការចោទប្រកាន់ថា សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ហាក់ដូចជាមិនមានទេ.  បើចង់ដោះស្រាយបញ្ហានេះឱ្យបានឆាប់ លុះត្រាតែមានដំណោះស្រាយនយោបាយ បើគ្មានដំណោះស្រាយនយោបាយទេ ខ្ញុំជឿជាក់ថា តុលាការមិនហ៊ានសម្រេចសេចក្តីណាមួយទេ លើរឿងក្តីឯកឧត្តម កឹម សុខា នេះ វាអត់បន្តរហូតរាប់ឆ្នាំទៅមុខទៀត »។

ក្នុងពេលទៅចូលរួមប្រជុំកំពូលពិសេសអាស៊ានអាមេរិក នៅរដ្ឋធានីវ៉ាស៊ិនតោន ថ្លែងទៅកាន់ពលរដ្ឋខ្មែរនៅទីនោះ ​ លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលមិនបានចោទ សហរដ្ឋអាមេរិកជាអ្នកសមគំនិតក្បត់ចង់ផ្ដួលរំលំរដ្ឋាភិបាល ក្នុងរឿងក្ដីរបស់លោក កឹម សុខា ទេ។

បើតាមលោកនាយករដ្ឋមន្រ្តី បញ្ហានេះកើតឡើងចេញពីមាត់ផ្ទាល់របស់ប្រធានគណបក្សជំទាស់ទៅវិញទេ។  ចំណែករដ្ឋាភិបាលមិនបានរួមចំណែកណាមួយដែលចោទអាមេរិកថា មានជាប់ពាក់ព័ន្ធនឹងរឿងក្តីដែលតុលាការកំពុងតែបន្តនីតិវិធីនេះឡើយ។

ការអះអាងរបស់នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌នេះ ហាក់ផ្ទុយពីអ្វីដែលមានក្នុងលិខិត​មេធាវីដើមចោទ តំណាងដោយរដ្ឋាភិបាល ដាក់ចូលទៅតុលាការ ក្នុងដំណាក់កាលនៃនីតិវិធីសួរដេញដោលកាលពីពេលកន្លងមកនេះ។ លិខិតនោះបង្ហាញថា មានប្រទេសចំនួន៩ ត្រូវជាប់ពាក់ព័ន្ធនឹងបទចោទនេះ រួមមាន សហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា តៃវ៉ាន់ សហភាពអឺរ៉ុប (EU) ឥណ្ឌា ឥណ្ឌូនេស៊ី ស៊ែប៊ី និងយូហ្គោស្លាវី។ ទន្ទឹមនឹងនេះ នៅមានមេដឹកនាំប្រទេសចំនួន៥ប្រទេសទៀត ដូចជា អតីតប្រធានាធិបតេយ្យអាមេរិក លោក ដូណាល់ ត្រាំ (Donal J.Trump) លោក ចែម រីកគីសាន់ (James Ricketson) ជាដើម។

បន្ថែមពីលើនេះ នៅក្នុងបទចោទនេះដែរ សហមេធាវីតំណាងដោយរដ្ឋាភិបាលដែលជាដើមចោទ បានភ្ជាប់ឈ្មោះអង្គការសង្គមស៊ីវិលអន្តរជាតិ ចំនួន៨ស្ថាប័ន រួមមាន យូអេសអេអាយឌី (USAID), អ៊ិនឌីអាយ (NDI), អាយអអាយ (IRI), ភីសខប (Peace Corps), ឌីស៊ីអេ (DCA), អាក់ស៊ីល (ACILS), ខនរ៉ាត់ (Konrad) ជាដើម ក៏ស្ថិតនៅក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» នេះដែរ។

យ៉ាងណា សហមេធាវីការពារក្តីលោក កឹម សុខា គឺលោក ផែង ហេង កាលពីថ្ងៃទី១២ ខែឧសភា បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ប្រសិនបើអ្វីដែលលោកនាយករដ្ឋមន្ត្រីអះអាងថា មិនបានចោទសហរដ្ឋអាមេរិកក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះមែន នោះសំណុំរឿងលោក កឹម សុខា មិនពិបាកតុលាការដោះស្រាយឡើយ។ លោកបន្តថា អ្វីដែលលោកសង្ឃឹមនោះ គឺខ្មែរនឹងងាកមករកប្រជាធិបតេយ្យដោយដើរនៅលើផ្លូវត្រូវវិញ ហើយកម្ពុជាមិនបាត់បង់មិត្តភក្តិ ព្រមទាំងមិនបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុប និងGSP របស់អាមេរិក។

លោក កឹម សុខា ត្រូវរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស » ចង់ផ្តួលរំលំរដ្ឋាភិបាល។ គិតចាប់ពីថ្ងៃចាប់ខ្លួន តាំងពីដើមខែកញ្ញា ឆ្នាំ២០១៧ រឿងក្តីមួយនេះបន្តអូសបន្លាយប្រមាណ៤ឆ្នាំមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ