តុលាការ​ខេត្តកោះកុង​ព្រមាន​ប្រើ​កម្លាំង​នាំ​ខ្លួន​បេក្ខភាព​ចៅ​សង្កាត់​បក្សភ្លើងទៀន​ម្នាក់ បើ​មិន​ចូល​តាម​ដីកា​កោះ

លោក ប៉ាល់ កែប ជាលេខាធិការគណបក្សភ្លើងទៀនប្រចាំខេត្តកោះកុង និងជា​បេក្ខភាពចៅសង្កាត់​ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ (ផ្ដល់ឱ្យ)

តុលាការខេត្តកោះកុងព្រមានបេក្ខភាព​ចៅសង្កាត់​បក្សភ្លើងទៀន​ម្នាក់ ដោយថា ប្រសិនបើនៅតែរឹងទទឹងមិនចូល​ខ្លួនឆ្លើយបំភ្លឺតបតាមដីកាកោះហៅជាលើកទី២នេះទេ តុលាការ​នឹងប្រើកម្លាំងសាធារណៈ ដើម្បីបង្ខំសាម៉ីខ្លួនឱ្យចូលមកបង្ហាញខ្លួននៅចំពោះមុខតុលាការតែម្តង។

ការព្រមាននេះ ក្រោយពេលអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ ​​ចេញដីកាកោះហៅជាលើកទី២ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ​ដោយតម្រូវឱ្យលោក ប៉ាល់ កែប ចូលមកបំភ្លឺនៅតុលាការ ក្នុងឋានៈជាជនសង្ស័យ នៅវេលាម៉ោង២រសៀល នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីសាកសួរ។

ដីកាដដែលថា ការកោះហៅលោក ប៉ាល់ កែប បេក្ខភាព​ចៅសង្កាត់​បក្សភ្លើងទៀន​ និងអ្នកផ្សេងទៀត ឱ្យចូលបំភ្លឺនេះ ក្នុងសំណុំរឿងក្លែងឯកសារធារណៈ ហើយបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងបរិហារកេរ្តិ៍ រួមទាំងការឃោសនាបោះឆ្នោតផ្ទុយពីច្បាប់ ធ្វើឡើងតាមបណ្ដឹងរបស់មេធាវីចំនួន៦រូបដែលតំណាងគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង។

បើតាមដីកាដែលចេញដោយអយ្យការអមសាលាដំបូងខេត្តកោះកុងដដែល ក៏បានព្រមានទៅបេក្ខភាព​ចៅសង្កាត់​បក្សភ្លើងទៀន​ លោក​ ប៉ាល់ កែប ថា បើសិនជានៅតែរឹងទទឹងមិនចូលបង្ហាញខ្លួនទេ តុលាការ​នឹងបញ្ជា​កម្លាំងសាធារណៈ ដើម្បីបង្ខំសាម៉ីខ្លួនតែម្តង។

ដីកាបន្តថា៖ «សាម៉ីខ្លួនត្រូវអញ្ជើញ​តាមដីកាកោះនេះ និងយកលិខិតឬឯកសារផ្សេងៗដែលទាក់ទិននឹងរឿងខាងលើមកជាមួយផង។ ក្នុងករណីរឹងទទឹងមិនបង្ហាញខ្លួន យើងអាច​បញ្ជាកម្លាំងសាធារណៈ ដើម្បីបង្ខំសាម៉ីខ្លួនឱ្យចូលមកបង្ហាញខ្លួន»។

បេក្ខភាព​ចៅសង្កាត់ស្ទឹងវែង មកពីគណ​បក្សភ្លើងទៀន​ លោក​ ប៉ាល់ កែប ចាត់ទុកការចេញដីកាកោះហៅក្នុង១សប្ដាហ៍ ២ដង ដើម្បីឱ្យរូបលោកចូលបំភ្លឺនេះថា ជាការគំរាមកំហែងនិងបំបាក់ស្មារតីទៅសកម្មជនផ្សេងទៀត។ តែយ៉ាងណា នៅថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ រូបលោកមិនបានចូលបំភ្លឺឡើយ ដោយសារ​ជាប់រវល់រៀបចំបណ្ដុះបណ្ដាលភ្នាក់ងារសង្កេតការណ៍ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតក៏ជិតមកដល់។

លោកបន្តថា មេធាវីរបស់លោកបានដាក់លិខិតទៅតុលាការខេត្តកោះកុងកាលព្រឹកមិញហើយ ដើម្បីស្នើសុំពន្យារពេលចូលបំភ្លឺ ប៉ុន្តែតុលាការសម្រេចពន្យារពេលឬអត់នោះ លោកនៅមិនទាន់ដឹងនៅឡើយ។

លោកថា៖ «នៅសល់​៥ថ្ងៃទៀតដល់ថ្ងៃឃោសនាបោះឆ្នោត ហើយនៅសល់១៩ថ្ងៃទៀតដល់ថ្ងៃបោះឆ្នោត។ ​អ៊ីចឹងយើងបារម្ភរឿងហ្នឹងដែរ បើសិនជាកំពុងឃោសនា ហើយគេចាប់ទៅ វាធ្វើឱ្យប៉ះពាល់អារម្មណ៍សហការីយើងច្រើន។ វាជាការគំរាមកំហែងផ្នែកនយោបាយ ជាការបំភិតបំភ័យ​ ព្រោះខ្ញុំបេក្ខជនមេឃុំចៅសង្កាត់ក្នុងហ្នឹង ​ហើយនៅឃុំសង្កាត់ខ្ញុំហ្នឹងមានតែពីរបក្សទេ គឺមានតែបក្សភ្លើងទៀន និងបក្សម្ខាងទៀតទេ។ ហើយបើមកប្ដឹងភាគីម្ខាងទៀតទៅតុលាការ សុទ្ធតែទោសព្រហ្មទណ្ឌ សុទ្ធតែបង្កភាពវឹកវរដល់ប្រទេសខ្មែរទាំងមូល មើលទៅវាអាក្រក់មើលខ្លាំងណាស់»។

យ៉ាងណាក៏ដោយ ការចេញដីកាកោះហៅរបស់តុលាការខេត្តកោះកុងលើកទី២នេះ ធ្វើឡើងបន្ទាប់ពីលោក ប៉ាល់ កែប បានដាក់លិខិតស្នើសុំពន្យារពេលចូលបំភ្លឺតាមដីកាកោះហៅលើកទី១របស់តំណាងអយ្យការ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ទៅពេលក្រោយវិញ។

បើតាមលោក ប៉ាល់ កែប អះអាងថា មូលហេតុដាក់លិខិតសុំពន្យារពេលចូលបំភ្លឺលើកទី១ ដោយសារពេលវេលាដែលត្រូវចូលបំភ្លឺរយៈពេលខ្លីពេក  ខណៈលោករកមេធាវីជួយការពារឱ្យមិនទាន់បានផងដែរ។

តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា លោកបានទទួលលិខិតស្នើសុំពន្យារពេលរបស់មេធាវីការពារក្ដីលោក ប៉ាល់ កែប ហើយ ប៉ុន្តែការសម្រេចបែបណានោះ លោកសុំមិនធ្វើអត្ថាធិប្បាយទេ។

លោកថា​៖ «ពាក់ព័ន្ធនឹងបញ្ហានេះ វាមិនទាន់ដល់ថ្ងៃ​។ អ៊ីចឹងខ្ញុំមិនទាន់អាចនិយាយថា ខ្ញុំនឹងចាត់ការវិធានការយ៉ាងម៉េចទៀត។ ខ្ញុំបានទទួលលិខិតពឹងពាក់មេធាវីរបស់គាត់ហើយ ពាក្យស្នើសុំពន្យារពេល»។

មេធាវីការពារក្ដីឱ្យលោក ប៉ាល់ កែប គឺលោក សំ សុគង់ មានប្រសាសន៍ថា មូលហេតុដែលដាក់ពាក្យស្នើសុំពន្យារពេល ដោយសារលោកទើបទទួលបានការពឹងពាក់ពីកូនក្ដី ហើយម្យ៉ាងទៀតលោកក៏មិនទាន់បានថតចម្លងឯកសារពីតុលាការ ដើម្បីយកមកសិក្សានៅឡើយដែរ។

លោកថា៖ «ក្នុងនីតិវិធី ការដែលដាក់ពាក្យសុំពន្យារពេលមិនកំណត់ចំនួនដងទេ សំខាន់ឱ្យតែមានមូលហេតុត្រឹមត្រូវដែលតុលាការជឿជាក់ ពិតជាមានមូលហេតុភស្តុតាងត្រឹមត្រូវហ្នឹង តុលាការត្រូវតែពន្យារពេលឱ្យ ប៉ុន្មានដងក៏អត់មានការកំណត់របស់ច្បាប់ដែរ។ ការកោះលើកទី២នេះ ដោយសារមេធាវីទើបទទួលបានការពឹងពាក់ ហើយមិនទាន់បានថតចម្លងសំណុំរឿងយកមកសិក្សា ដោយសារដើមបណ្ដឹងដែលប្ដឹងកូនក្ដី គឺមាន៤បទចោទប្រកាន់ វាច្រើន! អ៊ីចឹងត្រូវការពេលវេលា ពិគ្រោះយោបល់ជាមួយកូនក្ដី និងសិក្សាសំណុំរឿងឱ្យបានលម្អិត មុននឹងនាំកូនក្ដីទៅឆ្លើយបំភ្លឺនៅមុខតុលាការ»។

នាយកប្រតិបត្តិ​នៃអង្គការ​និចហ្វិក ​លោក សំ គន្ធាមី មានប្រសាសន៍ថា ​ប្រសិនបើការកោះហៅនោះពាក់ព័ន្ធរឿងបោះឆ្នោត ឬនីតិវិធីនៃ​ការបោះឆ្នោត នោះគឺ​ជាការគំរាមកំហែងផ្នែកនយោបាយ។ ​

លោកថា៖ «បើមេធាវីគេដាក់ពាក្យប្ដឹងអីហ្នឹង អាហ្នឹងវាជារឿងព្រហ្មទណ្ឌទេ វាមិនពាក់ព័ន្ធនឹងរឿងបោះឆ្នោត។ ខ្ញុំអត់គិតអ៊ីចឹង [វាមិនមែនជាការគំរាមកំហែងផ្នែកនយោបាយទេ]។ ព្រោះអីរឿងយើងចែកឱ្យដាច់ដោយឡែកពីគ្នា ​បើសិនជារឿងពាក់ព័ន្ធនឹងបោះឆ្នោតអី បទបញ្ជា​នីតិវិធីអី អាហ្នឹងបានពាក់ព័ន្ធនឹងការគំរាមកំហែង»។

បើតាម​លោកមេធាវី សំ សុគង់ បន្តថា គិតមកដល់ថ្ងៃទី១៦ ខែឧសភានេះ មានសកម្មជន ឬបេក្ខជនគណបក្សភ្លើងទៀនជិត២០រូបហើយដែលជាប់បណ្ដឹងនៅតុលាការ ចាប់តាំងពីមានការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២២មក។ លោកបញ្ជាក់ថា សកម្មជនទាំងនោះត្រូវបានចោទប្រកាន់ពីបទក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែង ញុះញង់ និងនេសាទដោយប្រើឧកបរណ៍ខុសច្បាប់ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ