គ.ជ.ប ដាក់​ចេញ​គោលការណ៍​សម្រាប់​គណបក្ស​នយោបាយ​អនុវត្ត​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងអំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ការប្រកាសជំហរគាំទ្រ​នៅពេលនេះពីសំណាក់តំណាងគណបក្សនយោបាយក្រៅរដ្ឋាភិបាល ធ្វើ​​​ឡើង​​​នៅ​​​បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវគោលការណ៍មួយចំនួន ដើម្បីធា​​នា​ដល់ដំណើរការឃោសនាស្វែងរកសំឡេងឆ្នោតរបស់គណបក្សនយោបាយនីមួយៗក្នុងពេល​​​ដ៏​ខ្លី​​ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងតម្លាភាព។

ស្ថាប័នជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ បានដាក់​​ចេញ​​នូវវិ​​​ធាន​​​មួ​​​យ​​​​​ចំនួន ក្នុងន័យថា ដើម្បីជួយសម្រួលដល់គណបក្សនយោបាយសម្រាប់ចុះឃោសនា​​​ស្វែងរក​​សំ​​ឡេង​​​​ឆ្នោ​ត សម្រាប់ការបោះឆ្នោត​​​​​​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ។

លិខិតបន្តថា ការហែក្បួនឃោសនាបោះឆ្នោតក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើស​​រើសក្រុម​​ប្រឹក្សា​ឃុំ-សង្កាត់ ឃោសនាបានយ៉ាងច្រើន២ដង ក្នុងឃុំ-សង្កាត់ដែលគណបក្ស​​នយោបាយ​​មាន​​បញ្ជី​​​បេក្ខជនឈរឈ្មោះបោះឆ្នោត។ បន្ថែមពីលើនេះ ការហែក្បួនឃោសនា គឺអនុវត្តបានតែត្រឹមព្រំ​​ប្រទល់រដ្ឋបាលឃុំ-សង្កាត់ដែលសាម៉ីគណបក្សនយោបាយបាន​​ចុះបញ្ជីបេក្ខជនឈរបោះឆ្នោត​​ប៉ុ​​​ណ្ណោះ​​​។

សេចក្តីអំពាវនាវរបស់ គ.ជ.ប ដដែលឱ្យដឹងទៀតថា ប្រសិនបើគណបក្សនយោបាយត្រូវការ​​ហែ​​ក្បួន​​​ មិន​​ថាយុទ្ធនាការនៅក្នុងដែនដីរដ្ឋបាលឃុំ-សង្កាត់ ឬក្នុងផ្សារទេ គឺត្រូវជូនដំណឹងជាលាយ​​ល​​​ក្ខ​ណ៍​​អក្សរទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ឬស្នើសុំគោលការណ៍ទៅ​​​គណៈ​​គ្រប់​​គ្រង​​ផ្សារ យ៉ាងតិចឱ្យបាន៣ថ្ងៃ មុនថ្ងៃឃោសនា។

បន្ថែម​លើវិធានការនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់​ថា មូលហេតុដែលស្ថាប័នជាតិរៀបចំបោះឆ្នោត​ដាក់ចេញវិធានការ​នេះឡើង គឺ​​​ដើម្បី​ជួយ​​សម្រួលដល់គណបក្សនយោបាយ កុំឱ្យជាន់ថ្ងៃគ្នានៅពេលចុះឃោសនាស្វែងរកសំ​​​ឡេង​​ឆ្នោ​​ត​​​​​​។ បើតាមលោក ហង្ស ពុទ្ធា នេះមិនមែនជាការដាក់បន្ទុកទៅលើគណបក្សនយោបាយទេ ប៉ុន្តែវា​​​ជា​ការជួយសម្រួលបញ្ហាសម្រាប់គណបក្សនយោបាយនីមួយៗទៅវិញ។

លោកបន្តថា៖ «ការដែលឱ្យដាក់ពាក្យ៣ថ្ងៃមុនហ្នឹង គឺដើម្បីសម្រួល ដើម្បីកុំឱ្យជាន់គ្នា ប្រសិនបើ​​គេ​​ដាក់​​​​មុនហើយ ជម្រាបមកថាជាន់គ្នាហើយ សូមជួយកែទីកន្លែងនិងវេលាទៅតាមជាក់ស្តែងទៅ។»

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥នេះ មានគណបក្ស​​នយោបា​​​យ​ចំ​​​នួន១៧គណបក្សចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក្នុងចំណោម​​គណបក្សន​​យោបាយ​​​ចំ​​នួន៤៥គណ​​បក្ស​​​​​​ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។

ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា គិតមកល់ពេលនេះ គណបក្សថ្មី​​ថ្មោង​មួ​​យនេះបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមប្រកួតប្រជែង តាមរយៈយុទ្ធនាកា​​រឃោសនា​​ស្វែ​ង​​​​រកសំឡេងឆ្នោត។ អ្នកនយោបាយចាស់វស្សារូបនេះក៏ឯកភាពដែរ ចំពោះវិធានដែលដាក់​​ចេញ​​ដោ​​យគណៈ​​កម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយអ្វីដែល គ.ជ.ប ​​​កំណត់កាលរិច្ឆេទ​នេះ​​ទៀ​​ត​​​​សោ​​ត វាមិនមែនជាបញ្ហាប្រឈមសម្រាប់គណបក្សនយោបាយទេ។

លោកបន្តថា៖ «កម្ពុជានិយមយើងយល់ឃើញថា វាមិនមែនជាឧបសគ្គអ្វីទេ ពីព្រោះនៅក្នុងគណ​​ប​​ក្ស​​​​នីមួយៗ នៅពេលណាដែលគេរៀបចំផែនការមេ និងផែនការយុទ្ធនាការ​​ គេតែងតែដឹងមុន​​ថាក្នុង​​ឃុំហ្នឹ​​ងទីតាំងណាដែលត្រូវធ្វើ ថ្ងៃណា ពេលណា! ដូច្នេះ ការជូនដំណឹង៣ថ្ងៃមុន មិនមែនជាឧសគ្គ​​សម្រា​ប់យើងទេ បាទ»។

បើតាមលោក យ៉ែម បុញ្ញឫទ្ធិ សម្រាប់គណបក្សកម្ពុជានិយម ការបោះឆ្នោតជ្រើសរើសក្រុម​​ប្រឹក្សា​​ឃុំ​​សង្កាត់នេះ គណបក្សបានដាក់បញ្ជីបេក្ខភាពបានចំនួន៣៨ឃុំសង្កាត់ ក្នុងចំណោមរាជធានីខេត្ត​​ចំ​​​នួន​១០។

មិនខុសគ្នាទេ អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ខឺយ ស៊ីនឿន អះអាងថា គោល​​កា​​រ​​ណ៍​​​ដែល គ.ជ.ប ដាក់ចេញនៅពេលនេះ ជានីតិវិធីដែលគណបក្សទើបតែ​​មានអាយុ​​កាល​​ក្មេង​ខ្ចី​​មួ​​​យ​​​​​​នេះ អាចសម្របខ្លួនបាន។ លោកបន្តថា គណបក្សរបស់លោកបានត្រៀមខ្លួនក្នុងការឡើង​​ប្រ​​កួត​​​រួចហើយ ទាំងកម្មវិធីនយោបាយ និងសម្ភារដែលត្រូវប្រើប្រាស់ក្នុងថ្ងៃ​​ឃោ​​ស​​នា​​ខាងមុខនេះ​​។​​ ប៉ុ​​ន្តែអ្វីដែលលោកមើលឃើញ ហើយចាត់ទុកថាជាបញ្ហាប្រឈមនោះ គឺអាជ្ញាធរនៅថ្នាក់​​ក្រោម​​ជា​​តិមិនដែលខ្វល់ខ្វាយ និងច្រើនតែអនុវត្តបំពានថែមទៀតនោះ គឺបទប្បញ្ញត្តិនិងនីតិវិធីដែល​​​ថ្នាក់​ជា​​តិ​​​ដាក់ចេញ។

លោកបន្តថា៖ «ជាបទពិសោធន៍កន្លងមក នៅពេលឃោសនាបោះឆ្នោតកន្លងមកហ្នឹង ភាគច្រើន​​អា​​ជ្ញា​​​​​ធ​​រមូលដ្ឋានមួយចំនួនមិនបានគោរពទៅតាមច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោត ដោយសា​រ​​​តែ​​អាជ្ញាធរភូមិឃុំអីហ្នឹង គាត់តែងតែរំលោភទៅនឹងភារកិច្ចនិងតួនាទីរបស់គាត់»។

វីអូឌី មិនអាចស្នើសុំការបំភ្លឺជុំវិញបញ្ហានេះពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ​​ នៅ​​ថ្ងៃចន្ទនេះ។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បាន​​​ថ្លែង​​ការ​​ពារថា ប្រ​​សិន​​​​បើតំណាងគណបក្សនយោបាយមានភស្តុតាងជុំវិញការចោទប្រកាន់នេះ គួរ​​រៀ​​ប​​​​​ចំ​​បណ្តឹង ហើ​​យដាក់ទៅអាជ្ញាធរមូលដ្ឋាន និងនគរបាលយុត្តិធម៌ ជាជាងបំប៉ោងសភាពការណ៍ ដើម្បីផល​​​ប្រ​​យោ​ជន៍​ក្នុងហេតុផលនយោបាយណាមួយ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យដឹងថា យុទ្ធនាការឃោ​​ស​​នា​ស្វែងរកសំឡេងឆ្នោតបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ នឹងត្រូវ​​ចាប់​​​​​ផ្តើមនៅថ្ងៃទី២១ ខែឧសភា និងបញ្ចប់ទៅវិញនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ