កម្ពុជា​ស្នើ​អាមេរិក​ដក​បម្រាម​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ចេញ​ពី​មន្ត្រី​រដ្ឋាភិបាល

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយលោក Antony Blinken រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។ (ហ្វេសប៊ុក៖ ក្រសួងការបរទេសកម្ពុជា)

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានស្នើសហរដ្ឋអាមេរិកឱ្យពិចារណាឡើងវិញក្នុងការដកបម្រាមផ្អាកការផ្ដល់ទិដ្ឋាការ ឬវីសា ​ចេញពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកការដាក់កំហិតនោះជារឿងអយុត្តិធម៌។

ការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ធ្វើឡើងបន្ទាប់ពីជួបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីងខេន (Antony J. Blinken) កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩០​មក កម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ និងពហុបក្ស ដែលត្រូវបានវាយតម្លៃដោយអ្នកសង្កេតការណ៍ក្នុងស្រុកនិងអន្តរជាតិរាប់ពាន់នាក់ ថាមានលក្ខណៈសេរី និងយុត្តិធម៌ រួមទាំងមានគ្រឹះស្ថានប្រព័ន្ធផ្សព្វផ្សាយរាប់រយ​កន្លែង។

ជាមួយគ្នានេះ កម្ពុជាមានបណ្ដាញផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងមានប្រតិបតិ្តការសហជីពសម្រាប់ការពារសិទ្ធិកម្មករ និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសង្គមស៊ីវិលរាប់ពាន់ ដើម្បីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ប្រជាជន។

សេចក្តីប្រកាសព័ត៌មានលើកឡើងថា៖ «ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យសហរដ្ឋអាមេរិកធ្វើការពិចារណាឡើងវិញលើការដាក់កំហិតទិដ្ឋាការដោយអយុត្តិធម៌ ទាក់ទងនឹងបញ្ហាមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ-អាមេរិក ដោយធានាដល់សមភាគីអាមេរិក អំពីកិច្ចសហប្រតិបត្តិការពេញលេញរបស់កម្ពុជាលើដំណើរការនេះ»។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីងខេន ក៏បានលើកឡើងពីការព្រួយបារម្ភរបស់អាមេរិក ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ជាការឆ្លើយតបក្ដីបារម្ភនេះ លោក ប្រាក់ សុខុន អះអាងថា រដ្ឋាភិបាលបានប្ដេជ្ញាចិត្តយ៉ាងពេញលេញចំពោះដំណើរការនយោបាយប្រកបដោយបរិយាបន្ន និងសេរីភាពនៃការបញ្ចញមតិនៅកម្ពុជា។

ក្នុងជំនួបទ្វេភាគី​នោះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាក៏បានបង្ហាញក្ដីសង្ឃឹមថា នឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (GSP) ​ដោយអាមេរិកនឹង​បន្តសុពលភាពជាថ្មីឡើងវិញ ដើម្បីគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជា នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលភាគច្រើនជាស្រ្តី។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានទេ នាថ្ងៃអង្គារនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សហរដ្ឋអាមេរិកអាចនឹងពិចារណា លុះត្រាតែកម្ពុជាបង្ហាញពីឆន្ទៈនិងចេតនាក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

លោកថា៖ «គេចាត់ទុកស្ថានភាពសិទ្ធិមនុស្សនៅមានការដើរថយក្រោយ និងការធ្លាក់ចុះ។ អ៊ីចឹងគេសុំឱ្យមានការពង្រឹង​ និងស្ដារឡើងវិញនូវបញ្ហាសិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ដែលជាលក្ខខណ្ឌរបស់គេ[អាមេរិក]ផងដែរ។ ទិដ្ឋភាព [GSP] នេះ ក៏មានពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សក្នុងហ្នឹងផងដែរ រួមទាំងសិទ្ធិការងារទៀត។ អ៊ីចឹងសុទ្ធតែមានលក្ខខណ្ឌក្នុងហ្នឹងផងដែរ។ អ៊ីចឹងទន្ទឹមនឹងការស្នើសុំរបស់កម្ពុជា វាទាល់តែកម្ពុជាយើងបង្ហាញពីចេតនាក្នុងការកែលម្អទាក់ទងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

ដោយឡែក នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បង្ហាញការគាំទ្រចំពោះការស្នើសុំនេះ ដើម្បីឱ្យមន្ត្រីកម្ពុជាមានសិទ្ធិក្នុងការធ្វើដំណើរដូចមន្ត្រីទូតនៃប្រទេសនានា ប៉ុន្តែកម្ពុជាក៏ត្រូវផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន មុននឹងស្នើទៅសហរដ្ឋអាមេរិកឱ្យលើកលែងការដាក់កំហិតទិដ្ឋាការនោះ។

លោកថា៖ «យើងឃើញអំពី​បញ្ហាជាច្រើនផ្សេងទៀត ដែលសហរដ្ឋអាមេរិកបញ្ជាក់ហើយថា ក្នុងករណីដែលមានការរំលោភបំពាន ឬធ្វើបាប ឬធ្វើទុក្ខបុកម្នេញ​ទៅលើប្រជាពលរដ្ឋស្លូតត្រង់អី ឬមានការរឹតត្បិតផ្នែកសេរីភាព​ ការជួបជុំអី របស់ប្រជាពលរដ្ឋ គឺយើងគួរតែមើលកិច្ចការនេះ ​ជាមុន ដើម្បីដោះស្រាយបញ្ហារបស់យើង។ ហើយបើសិនជាសហរដ្ឋអាមេរិកគាត់មិនលើកលែង​ឬមិនជួសជុល យើងអាចយល់អំពី​ចេតនារបស់អាមេរិក​វាយ៉ាងម៉េចអីអ៊ីចឹង។ ក៏ប៉ុន្តែបើក្នុងករណីដូចអ្វីដែលយើងបានឃើញ ​គឺជារឿងមួយដែលយើងគួរតែពិចារណាដែរចំពោះខ្លួនយើង ហើយការស្នើសុំ»។

លោក សេក សុជាតិ បន្តថា បើសិនកម្ពុជាគោរពសិទ្ធិមនុស្ស បើកលំហសិទ្ធិសេរីភាពជួបជុំ ដោយឈប់ធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សនយោបាយ សកម្មជនសង្គម និង​បរិស្ថាន រួមទាំងបញ្ឈប់ការរំលោភដីធ្លីប្រជាពលរដ្ឋពីសំណាក់អ្នកមានអំណាចជាដើមនោះ កម្ពុជាអាចនឹងទទួលបានការបន្តប្រព័ន្ធអនុគ្រោះពន្ធ (GSP) ពីសហរដ្ឋអាមេរិកវិញ។

សេចក្ដី​ប្រកាស​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ២០១៧ បានសម្រេច​ផ្អាក​ផ្ដល់ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2‍ ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជាដែល​មាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ ព្រមទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​មាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ។

ទិដ្ឋាការ​ប្រភេទ B1 និង B2 នេះ គឺ​ជា​ទិដ្ឋាការ​សម្រាប់​ការ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​គោល​បំណង​ចូលរួម​ប្រជុំ​ការងារ ព្យាបាល​ជំងឺ ឬ​ធ្វើ​ដំណើរ​កម្សាន្ត ជាដើម។

ស្ថានទូត​សហរដ្ឋ​អាមេរិក​​បញ្ជាក់ពេលនោះ​ថា ការ​ដាក់​កំហិត​លើ​ការ​ផ្ដល់​ទិដ្ឋាការ​នេះ គឺ​ធ្វើ​ឡើង​​សំដៅ​ទៅ​លើ​ប្រទេស​ណា​ដែល​បដិសេធ​មិន​ទទួល​យក ឬ​ក៏​ពន្យារពេល​ដោយ​គ្មាន​ហេតុផល​សមរម្យ ​ក្នុង​ការ​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន ​ដែល​សហរដ្ឋ​អាមេរិក​ត្រៀម​បញ្ជូន​ចេញ​ពី​ប្រទេស។ សហរដ្ឋអាមេរិកឱ្យដឹងដែរថា ការដាក់កំហិតនេះធ្វើឡើងរហូតដល់ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំង​នោះ​បាន​យល់ព្រម​ទទួល​យក​ពលរដ្ឋ​របស់​ពួកគេ​វិញ‍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ