ពលរដ្ឋ​ស្នើ​អភិបាល​ខេត្តកំពង់ស្ពឺ​ជួយ​ទប់ស្កាត់​ការកាប់​បំផ្លាញ​ព្រៃសហគមន៍​ឧត្តមស្រែពស់

កំណាត់ឈើចងដាក់លើគោយន្តដែលកាប់នៅជុំវិញព្រៃវត្តមេត្តាធម្មជាតិ ហៅវត្តផ្កាឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៥ ខEឧសភា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជាសហគមន៍បានលើកគ្នាមករកកិច្ចអន្តរាគមន៍ពីអភិបាលខេត្តកំពង់ស្ពឺ ឱ្យជួយទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ពីសំណាក់ក្រុមទាហាន «ង៧០» និង​ពលរដ្ឋមួយចំនួន។

ប្រជាសហគមន៍ឃុំត្រពាំងជោរជាង៣០នាក់ នៅថ្ងៃអង្គារនេះ បាននាំគ្នាយកញត្តិទៅដាក់នៅសាលាខេត្តកំពង់ស្ពឺ ដើម្បីសុំឱ្យអភិបាលខេត្ត លោក វ៉ី សំណាង ជួយការពារព្រៃសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ហើយរក្សាព្រៃទាំង២នេះជាតំបន់ការពារធម្មជាតិ។

ក្នុងញត្តិដាក់ទៅសាលាខេត្តនៅថ្ងៃទី១៧ ខែឧសភានេះ បានឱ្យដឹងថា កាលពីឆ្នាំ២០០៣ ដីព្រៃសហគមន៍ឧត្តមស្រែពស់ មានទំហំ២ ៤៣៣ហិកតា ដោយមានពលរដ្ឋអាស្រ័យផលចំនួន២៥៣គ្រួសារ ហើយនៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១៧ អាជ្ញាធរបានកាត់ឆ្វៀលដីព្រៃសហគមន៍នេះទៅឱ្យក្រុមហ៊ុនឯកជន និងក្រុមគ្រួសារទាហាន«ង៧០» អស់ជាច្រើនហិកតា។

ញត្តិដដែលបន្តថា បច្ចុប្បន្ននេះ ដីព្រៃសហគមន៍នេះនៅសល់ប្រហែល៩០០ហិកតាប៉ុណ្ណោះ និងកំពុងទទួលរង​ការកាប់ទន្ទ្រាននិងដុតបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត។

ប្រភពដដែលឱ្យដឹងថា ព្រៃសហគមន៍ទាំង២នេះជាតំបន់ព្រៃស្រោង ជាជម្រកសត្វព្រៃ​ច្រើនភេទកំពុងរស់នៅ ហើយប្រជាពលរដ្ឋនិងព្រះសង្ឃបានការពារជាង២០ឆ្នាំហើយ។

ក្នុងញត្តិ៖ «សកម្មភាពរបស់ពួកយើងក្នុងការការពារព្រៃសហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ មិនមែនធ្វើដើម្បីយកជាសម្បត្តិផ្ទាល់ខ្លួនឯងឡើយ គឺសំណើសុំទុកជាសម្បត្តិរួម ជាប្រយោជន៍រួមរបស់ប្រទេសជាតិ ហើយក៏អាចចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី»

សមាជិក​សហគម​ន៍​ឧត្ដមស្រែពស់​ លោក ខន សារិទ្ធិ ប្រាប់ វីអូឌី បន្ថែមលើញតិ្តនេះថា ព្រៃសហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ កំពុងរងការកាប់ ឈូសឆាយ និងដឹកឈើចេញរាល់ថ្ងៃពីសំណាក់ទាហាន និងប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងឃុំត្រពាំងជោរ ដោយគ្មានការចុះទប់ស្កាត់ពីអាជ្ញាធរ​ឡើយ។

សមាជិកសហគមន៍រូបនេះបន្តថា ពេលដែលប្រជាសហគមន៍ចុះទប់ស្កាត់បទល្មើសកាប់ព្រៃសហគមន៍នោះ គឺតែងតែងរងការគំរាមកំហែងដោយការបាញ់គំរាមពីសំណាក់ក្រុមទាហានថែមទៀតផង។

លោកបន្ថែមថា៖ «ឥលូវនេះ គេកាប់កាន់តែខ្លាំងជាងមុន។ គោយន្តដឹករាល់ថ្ងៃចេញពីវត្តមិនឈប់ ជិតអស់ព្រៃហើយ នៅព្រៃតិចតួច។ បើគាត់ [អភិបាលខេត្តកំពង់ស្ពឺ] ទប់ស្កាត់មិនទាន់ពេលទេ ព្រៃហ្នឹងអស់ហើយ»។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មិនទាន់អាចឆ្លើយថាមានចំណាត់ការឬវិធានការយ៉ាងណានៅឡើយទេ ដោយថា លោកមិនទាន់ទទួលបានញត្តិសុំអន្តរាគមន៍របស់ពលរដ្ឋនៅឡើយ។ លោកថា នៅពេលពិនិត្យមើលញត្តិពលរដ្ឋរួច លោកនឹងឱ្យមន្ត្រីពាក់ព័ន្ធចុះស្រាវជ្រាវថាត្រូវដោះស្រាយ ឬធ្វើយ៉ាងណា? ប៉ុន្តែលោកស្នើដល់ពលរដ្ឋឱ្យរាយការណ៍ភ្លាមៗទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីឃើញបទល្មើសព្រៃឈើ ជាជាងថតរូបផុសតាមបណ្តាញសង្គម។

លោកបន្ថែមថា៖ «ចាំមើលខ្ញុំពិនិត្យមើលលិខិតរបស់គាត់សិន​ថាតើអង្គហេតុហ្នឹងវាយ៉ាងម៉េច? វាកើតឡើងកន្លែងណា វាយ៉ាងម៉េច? វាត្រូវទាមទារឱ្យយើងដាក់មន្ត្រីពិនិត្យចុះទៅចាប់ឬយ៉ាងណា ទៅរឹបអូសឬដកហូតអីឡើងមកវិញ! អាហ្នឹងចាំខ្ញុំពិនិត្យមើលលិខិតពួកគាត់សិន»

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។

ក្រោយទទួលបានដីសម្បទានសង្គមកិច្ចនេះ ក្រុមទាហានដាក់គ្រឿងចក្រឈូសឆាយ និងប្រើកម្លាំងកម្មករឱ្យចូលទៅកាប់រុករានព្រៃឈើតំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរតវ៉ាប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដែលពួក​គេ​​បាន​ការ​ពារ​ជាង​២០​ឆ្នាំមកហើយ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន ដែលចុះពិនិត្យករណីនេះ ប្រាប់វីអូឌីកាលពីថ្ងៃ​ទី២៤ ខែ​កុម្ភៈ​ ថាការ​កាត់​ដីចេញ​ពី​ដែនជម្រក​សត្វព្រៃភ្នំឱរ៉ាល់​រប​ស់​ក្រសួងបរិស្ថាន ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ព​នៅ​ឃុំត្រពាំង​ជោរ​នោះ គឺ​មាន​ភាពមិន​ប្រក្រតី​ជាច្រើន និងបានធ្វើឱ្យប៉ះពាល់ដល់ដីព្រៃសហគមន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ